១ កូរិន‌ថូស 7:21-40

១ កូរិន‌ថូស 7:21-40 គកស១៦

ពេល​ព្រះ​ត្រាស់​ហៅ តើ​អ្នក​ជា​បាវ​បម្រើ​គេ​ឬ? កុំ​ខ្វល់​ពី​រឿង​នោះ​ឡើយ តែ​បើ​អ្នក​អាច​ដោះ​ខ្លួន​បាន ចូរ​ដោះ​ខ្លួន​ចេញ​ទៅ ដ្បិត​ក្នុង​ព្រះ‌អម្ចាស់ អ្នក​ណា​ដែល​ធ្វើ​ជា​បាវ​បម្រើ​គេ ក្នុង​កាល​ដែល​ព្រះ‌អម្ចាស់​ត្រាស់​ហៅ អ្នក​នោះ​ជា​អ្នក​ជា​របស់​ព្រះ‌អម្ចាស់ ហើយ​អ្នក​ជា​ណា​ដែល​ព្រះ‌អង្គ​ត្រាស់​ហៅ នោះ​ដូច​គ្នា គឺ​អ្នក​នោះ​ជា​បាវ​បម្រើ​របស់​ព្រះ‌គ្រីស្ទ​វិញ។ ព្រះ‌អង្គ​បាន​ចេញ​ថ្លៃ​លោះ​អ្នក​រាល់​គ្នា​ហើយ សូមកុំ​ឲ្យ​ត្រឡប់​ជា​បាវ​បម្រើ​របស់​មនុស្ស​ទៀត​ឡើយ។ បង‌ប្អូន​អើយ អ្នក​រាល់​គ្នា​មាន​សណ្ឋាន​យ៉ាង​ណា ក្នុង​កាល​ដែល​ព្រះ​ត្រាស់​ហៅ នោះ​ត្រូវ​រស់​នៅ​តាម​សណ្ឋាន​នោះ​នៅ​ចំពោះ​ព្រះ​ចុះ។ រីឯ​ស្រ្ដី​ដែល​នៅ​ក្រ​មុំ ខ្ញុំ​ពុំ​បាន​ទ​ទួល​បង្គាប់​ពី​ព្រះ‌អម្ចាស់​ទេ តែ​ខ្ញុំ​ជូន​យោបល់​ក្នុង​នាម​ជា​មនុស្ស​ដែល​គួរ​ឲ្យ​ទុក​ចិត្ត ដោយ​សារ​សេចក្ដី​មេត្តា‌ករុណា​របស់​ព្រះ‌អម្ចាស់។ ខ្ញុំ​យល់​ឃើញ​ថា ដោយ​ព្រោះ​ស្ថាន‌ភាព​តឹង​តែង​សព្វ​ថ្ងៃ​នេះ នោះ​បើ​អ្នក​នៅ​បែប​នេះ ជា​ការ​ប្រសើរ។ តើ​អ្នក​មាន​ប្រពន្ធ​ហើយ​ឬ? កុំ​រក​ផ្លូវ​លែង‌លះ​ឲ្យ​សោះ។ តើ​អ្នក​មិន​ទាន់​មាន​ប្រពន្ធ​ឬ? កុំ​ចង់​រក​ប្រពន្ធ​អី។ ប៉ុន្តែ បើ​អ្នក​រៀប‌ការ មិន​មែន​មានន័យ​ថា​មាន​បាប​ឡើយ ហើយ​បើ​ស្ត្រី​ក្រមុំ​ណា​រៀប‌ការ នាង​ក៏​គ្មាន​បាប​ដែរ តែ​អស់​អ្នក​ដែល​រៀប‌ការ នឹង​ជួប​ទុក្ខ​លំបាក​ក្នុង​ជីវិត​នេះ ព្រោះ​ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ចៀស​ផុត​ពី​ការ​នោះ។ បង‌ប្អូន​អើយ ខ្ញុំ​សូម​ជម្រាប​ថា ពេល​វេលា​កាន់​តែ​កៀក​ណាស់​ហើយ ពី​ពេល​នេះ​ទៅ​មុខ អស់​អ្នក​ដែល​មាន​ប្រពន្ធ ត្រូវ​កាន់​ចិត្ត​ដូច​ជា​គ្មាន​ប្រពន្ធ អស់​អ្នក​ដែល​យំ‌សោក ដូច​ជា​មិន​យំ‌សោក អស់​អ្នក​ដែល​អរ​សប្បាយ ដូច​ជា​មិន​អរ​សប្បាយ អស់​អ្នក​ដែល​ទិញ ដូច​ជា​គ្មាន​អ្វី​សោះ ហើយ​អស់​អ្នក​ដែល​ប្រើ​ប្រាស់​ពិភព​លោក​នេះ ក៏​ដូច​ជា​មិន​បាន​ប្រើ​ដែរ ដ្បិត​ពិភព​លោក​នេះ​កំពុង​តែ​ប្រែប្រួល។ ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ខ្វល់​ខ្វាយ​អ្វី​ឡើយ។ អ្នក​ដែល​គ្មាន​ប្រពន្ធ អ្នក​នោះ​ខ្វល់​ខ្វាយ​នឹង​កិច្ច‌ការ​របស់​ព្រះ‌អម្ចាស់ ធ្វើ​យ៉ាង​ណា​ឲ្យ​បាន​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អម្ចាស់ តែ​អ្នក​ដែល​មាន​ប្រពន្ធ​វិញ គេ​ខ្វល់​ខ្វាយ​នឹង​កិច្ច‌ការ​ក្នុង​លោក​នេះ ធ្វើ​យ៉ាង​ណា​ឲ្យ​បាន​គាប់​ចិត្ត​ប្រពន្ធ ហើយ​ចិត្ត​របស់​អ្នក​នោះ​បែង​ចែក។ ឯ​ស្ត្រី​គ្មាន​ប្តី និង​ស្ត្រី​ក្រ​មុំ នោះ​ខ្វល់​ខ្វាយ​នឹង​កិច្ច‌ការ​របស់​ព្រះ‌អ​ម្ចាស់ ធ្វើ​យ៉ាង​ណា​ឲ្យ​បាន​បរិសុទ្ធ​ទាំង​រូប​កាយ ទាំង​វិញ្ញាណ តែ​ស្ត្រី​ដែល​មាន​ប្តី នាង​ខ្វល់​ខ្វាយ​នឹង​កិច្ច‌ការ​ក្នុង​លោក​នេះ ធ្វើ​យ៉ាង​ណា​ឲ្យ​បាន​គាប់​ចិត្ត​ប្តី។ ខ្ញុំ​និយាយ​ដូច្នេះ​ដើម្បី​ជា​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា មិន​មែន​ដាក់​អន្ទាក់​អ្នក​រាល់​គ្នា​ទេ គឺ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​រស់​នៅ​បាន​ល្អ ហើយ​បម្រើ​ព្រះ‌អម្ចាស់​ដោយ​គ្មាន​ចិត្ត​ប្រទាញ​ប្រទង់។ ប្រសិន‌បើ​អ្នក​ណា​យល់​ថា ខ្លួន​មិន​គួរ​គប្បី​ចំពោះ​គូ‌ដណ្ដឹង ហើយ​បើ​ចិត្ត​គេ​ពុះ​កញ្ជ្រោល​ខ្លាំង នោះ​ធ្វើ​តាម​ចិត្ត​ទៅ​ចុះ ត្រូវ​ឲ្យ​អ្នក​នោះ​រៀប‌ការ​ទៅ គ្មាន​បាប​អ្វី​ទេ។ ប៉ុន្តែ អ្នក​ណា​ដែល​តាំង​ចិត្ត​បាន​យ៉ាង​មាំ​មួន ដោយ​គ្មាន​អ្នក​ណា​បង្ខំ គឺ​អាច​ទប់​ចិត្ត​បាន ហើយ​បាន​តាំង​ចិត្ត​ថា​នឹង​ទុក​នាង​ជា​គូ‌ដណ្ដឹង​របស់​ខ្លួន នោះ​គាត់​ធ្វើ​បាន​ល្អ​ហើយ។ ដូច្នេះ អ្នក​ដែល​រៀប‌ការ​ជាមួយ​គូ‌ដណ្ដឹង​របស់​ខ្លួន ប្រសើរ​ហើយ រីឯ​អ្នក​ដែល​ទ្រាំ​មិន​រៀប‌ការ នោះ​រឹត​តែ​ប្រសើរ​ថែម​ទៀត។ កាល​ប្ដី​នៅ​រស់​នៅ​ឡើយ ប្រពន្ធ​ត្រូវ​នៅ​ជាប់​ក្នុង​ចំណង​របស់​ប្តី តែ​បើ​ប្តី​ស្លាប់ នោះ​នាង​មាន​សេរីភាព​នឹង​រៀប‌ការ​ជាមួយ​អ្នក​ណា​ក៏​បាន តាម​ចិត្ត​របស់​នាង ឲ្យ​តែ​រៀប‌ការ​ក្នុង​ព្រះ‌អម្ចាស់ ។ ប៉ុន្តែ តាម​គំនិត​ខ្ញុំ ខ្ញុំ​យល់​ឃើញ​ថា បើ​នាង​រស់​នៅ​មិន​រៀប‌ការ​បាន នោះ​នាង​នឹង​បាន​សប្បាយ​ជាង ហើយ​ខ្ញុំ​យល់​ថា ខ្ញុំ​ក៏​មាន​ព្រះ‌វិញ្ញាណ​របស់​ព្រះ​ដែរ។