១ កូរិនថូស 6:12-20
១ កូរិនថូស 6:12-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
អ្នកខ្លះពោលថា៖ «ខ្ញុំមានច្បាប់នឹងធ្វើការទាំងអស់បាន» ប៉ុន្តែ មិនមែនការទាំងអស់សុទ្ធតែមានប្រយោជន៍នោះទេ។ «ខ្ញុំមានច្បាប់នឹងធ្វើការទាំងអស់បាន» ប៉ុន្តែ ខ្ញុំមិនឲ្យអ្វីមួយធ្វើចៅហ្វាយលើខ្ញុំឡើយ។ អ្នកខ្លះទៀតពោលថា៖ «អាហារសម្រាប់ចម្អែតក្រពះ ហើយក្រពះសម្រាប់ទទួលអាហារ» តែព្រះនឹងបំផ្លាញទាំងពីរនេះចោល។ រូបកាយមិនមែនសម្រាប់ប្រព្រឹត្តអំពើសហាយស្មន់ទេ គឺសម្រាប់ព្រះអម្ចាស់វិញ ហើយព្រះអម្ចាស់ក៏សម្រាប់រូបកាយដែរ។ ព្រះដែលបានប្រោសព្រះអម្ចាស់ឲ្យរស់ឡើងវិញ ទ្រង់ក៏នឹងប្រោសយើងឲ្យរស់ឡើងវិញ ដោយសារព្រះចេស្តារបស់ព្រះអង្គដែរ។ តើអ្នករាល់គ្នាមិនដឹងថា រូបកាយរបស់អ្នករាល់គ្នាជាអវយវៈរបស់ព្រះគ្រីស្ទទេឬ? ដូច្នេះ តើគប្បីឲ្យខ្ញុំយកអវយវៈរបស់ព្រះគ្រីស្ទ ទៅធ្វើជាអវយវៈរបស់ស្ត្រីពេស្យាឬ? ទេ មិនបានជាដាច់ខាត! តើអ្នករាល់គ្នាមិនដឹងថា អ្នកណាដែលរួមរ័កជាមួយស្ត្រីពេស្យា អ្នកនោះជារូបកាយតែមួយជាមួយនាងទេឬ? ដ្បិតមានសេចក្ដីចែងទុកមកថា៖ «អ្នកទាំងពីរនឹងត្រឡប់ជាសាច់តែមួយ» រីឯអ្នកដែលរួមរស់ជាមួយព្រះអម្ចាស់វិញ នោះក៏ជាវិញ្ញាណតែមួយជាមួយព្រះអង្គដែរ។ ចូររត់ចេញពីអំពើសហាយស្មន់ទៅ! រាល់អំពើបាបដែលមនុស្សប្រព្រឹត្ត នោះនៅខាងក្រៅរូបកាយទេ តែអ្នកដែលប្រព្រឹត្តសហាយស្មន់ អ្នកនោះធ្វើបាបទាស់នឹងរូបកាយរបស់ខ្លួនហើយ។ តើអ្នករាល់គ្នាមិនដឹងថា រូបកាយរបស់អ្នករាល់គ្នា ជាព្រះវិហាររបស់ព្រះវិញ្ញាណបរិសុទ្ធនៅក្នុងអ្នករាល់គ្នា ដែលអ្នករាល់គ្នាបានទទួលមកពីព្រះទេឬ? អ្នករាល់គ្នាមិនមែនជារបស់ខ្លួនឯងទៀតទេ ដ្បិតព្រះបានចេញថ្លៃលោះអ្នករាល់គ្នាហើយ ដូច្នេះ ចូរលើកតម្កើងព្រះ នៅក្នុងរូបកាយរបស់អ្នករាល់គ្នាចុះ។
១ កូរិនថូស 6:12-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ខ្ញុំមានសិទ្ធិនឹងធ្វើអ្វីៗទាំងអស់បាន ក៏ប៉ុន្តែ ការទាំងនោះមិនមែនសុទ្ធតែមានប្រយោជន៍ដល់ខ្ញុំទេ។ ខ្ញុំមានសិទ្ធិនឹងធ្វើអ្វីៗទាំងអស់បាន តែខ្ញុំមិនបណ្ដោយឲ្យអ្វីមួយធ្វើជាចៅហ្វាយលើខ្ញុំឡើយ។ អ្នកខ្លះពោលថា «ចំណីអាហារសម្រាប់ចម្អែតក្រពះ ហើយក្រពះសម្រាប់ទទួលចំណីអាហារ»។ ប៉ុន្តែ ព្រះជាម្ចាស់នឹងរំលាយ ទាំងចំណីអាហារ ទាំងក្រពះចោល។ រីឯរូបកាយវិញ ពុំមែនសម្រាប់ប្រព្រឹត្តអំពើប្រាសចាកសីលធម៌ទេ គឺសម្រាប់ថ្វាយទៅព្រះអម្ចាស់ ហើយព្រះអង្គក៏ជាម្ចាស់លើរូបកាយដែរ។ ព្រះជាម្ចាស់ដែលបានប្រោសព្រះយេស៊ូជាអម្ចាស់ ឲ្យមានព្រះជន្មរស់ឡើងវិញ ព្រះអង្គក៏នឹងប្រោសយើងឲ្យមានជីវិតរស់ឡើងវិញ ដោយសារឫទ្ធានុភាពរបស់ព្រះអង្គដែរ។ បងប្អូនមិនជ្រាបទេឬថា រូបកាយរបស់បងប្អូនជាសរីរាង្គនៃព្រះកាយព្រះគ្រិស្ត? ដូច្នេះ តើគប្បីឲ្យខ្ញុំយកសរីរាង្គព្រះគ្រិស្តទៅធ្វើជាសរីរាង្គរបស់ស្ត្រីពេស្យាឬ? ទេ មិនបានជាដាច់ខាត! តើបងប្អូនមិនជ្រាបទេឬថា អ្នកណារួមរ័កជាមួយស្ត្រីពេស្យា អ្នកនោះក៏រួមជារូបកាយតែមួយរបស់នាងដែរ ដ្បិតមានសេចក្ដីថ្លែងទុកក្នុងគម្ពីរថា «អ្នកទាំងពីរនឹងទៅជារូបកាយតែមួយ» ។ រីឯអ្នកដែលរួមរស់ជាមួយព្រះអម្ចាស់ ក៏មានវិញ្ញាណតែមួយរួមជាមួយព្រះអង្គដែរ។ ចូរគេចឲ្យផុតពីអំពើប្រាសចាកសីលធម៌។ អំពើបាបឯទៀតៗដែលមនុស្សប្រព្រឹត្ត ជាអំពើបាបមិនធ្វើឲ្យរូបកាយសៅហ្មងទេ។ ប៉ុន្តែ អ្នកណាប្រព្រឹត្តអំពើប្រាសចាកសីលធម៌ អ្នកនោះប្រព្រឹត្តអំពើបាប ដែលនាំឲ្យសៅហ្មងដល់រូបកាយរបស់ខ្លួន។ បងប្អូនមិនជ្រាបទេឬថា រូបកាយរបស់បងប្អូនជាព្រះវិហាររបស់ព្រះវិញ្ញាណដ៏វិសុទ្ធដែលគង់នៅក្នុងបងប្អូន ជាព្រះវិញ្ញាណដែលបងប្អូនបានទទួលពីព្រះជាម្ចាស់។ បងប្អូនមិនមែនជាម្ចាស់លើខ្លួនឯងទៀតទេ ដ្បិតព្រះអង្គបានបង់ថ្លៃយ៉ាងច្រើនលើសលុប ដើម្បីលោះបងប្អូន។ ហេតុនេះ ចូរប្រើរូបកាយរបស់បងប្អូន ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ។
១ កូរិនថូស 6:12-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ខ្ញុំមានច្បាប់នឹងធ្វើគ្រប់ការទាំងអស់បាន ប៉ុន្តែមិនមែនការទាំងនោះមានប្រយោជន៍ទាំងអស់ទេ ខ្ញុំមានច្បាប់នឹងធ្វើគ្រប់ទាំងអស់បានមែន ប៉ុន្តែខ្ញុំមិនព្រមចុះចូលក្នុងអំណាចនៃការណាមួយនោះសោះ ឯចំណីអាហារ នោះសំរាប់ក្រពះ ហើយក្រពះក៏សំរាប់ចំណីអាហារដែរ តែព្រះទ្រង់នឹងឲ្យទាំង២យ៉ាងសាបសូន្យទៅ ឯរូបកាយ មិនមែនសំរាប់ការកំផិតទេ គឺសំរាប់តែព្រះអម្ចាស់វិញ ហើយព្រះអម្ចាស់ក៏សំរាប់រូបកាយដែរ ព្រះទ្រង់បានទាំងប្រោសឲ្យព្រះអម្ចាស់រស់ឡើងវិញ ហើយនឹងប្រោសឲ្យយើងរាល់គ្នារស់ឡើងដែរ ដោយសារព្រះចេស្តានៃទ្រង់ តែមិនដឹងថា រូបកាយអ្នករាល់គ្នា ជាអវយវៈរបស់ព្រះគ្រីស្ទទេឬអី ដូច្នេះ តើខ្ញុំនឹងយកអវយវៈរបស់ព្រះគ្រីស្ទ ឲ្យទៅធ្វើជាអវយវៈរបស់ស្រីសំផឹងវិញឬ ទេ មិនត្រូវឡើយ ចុះតើអ្នករាល់គ្នាមិនដឹងទេឬអីថា អ្នកណាដែលទៅសេពសម្ភពនឹងស្រីសំផឹង នោះជារូបសាច់តែ១ផងគ្នា ដ្បិតព្រះទ្រង់មានបន្ទូលថា «អ្នកទាំង២នឹងទៅជាសាច់តែ១» ឯអ្នកដែលនៅជាប់នឹងព្រះអម្ចាស់ នោះក៏ជាវិញ្ញាណតែ១នឹងទ្រង់ដែរ ចូររត់ពីការសហាយស្មន់ចេញ គ្រប់ទាំងអំពើបាបណាដែលមនុស្សប្រព្រឹត្ត នោះនៅខាងក្រៅរូបកាយទេ តែអ្នកណាដែលសហាយស្មន់គ្នា នោះឈ្មោះថាធ្វើបាបដល់រូបកាយខ្លួនឯងផង តើមិនដឹងទេឬអីថា រូបកាយអ្នករាល់គ្នាជាវិហារនៃព្រះវិញ្ញាណបរិសុទ្ធ ដែលអ្នករាល់គ្នាបានទទួលមកពីព្រះ ហើយអ្នករាល់គ្នាមិនមែនជារបស់ផងខ្លួនទេ ដ្បិតព្រះទ្រង់បានចេញថ្លៃលោះអ្នករាល់គ្នាហើយ ដូច្នេះ ចូរដំកើងព្រះនៅក្នុងរូបកាយ ហើយក្នុងវិញ្ញាណនៃអ្នករាល់គ្នា ដែលជារបស់ផងទ្រង់ចុះ។