១ កូរិនថូស 3:4-13
១ កូរិនថូស 3:4-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលមានម្នាក់និយាយថា «ខ្ញុំជាកូនចៅរបស់លោកប៉ូល!» និងម្នាក់ទៀតថា «ខ្ញុំជាកូនចៅរបស់លោកអប៉ូឡូស!» នោះសឲ្យឃើញថា បងប្អូននៅតែមានរបៀបរស់នៅ ដូចមនុស្សធម្មតា ពិតមែន! តើលោកអប៉ូឡូសមានឋានៈអ្វី? រីឯប៉ូលមានឋានៈអ្វីដែរ? អ្នកទាំងពីរគ្រាន់តែជាអ្នកបម្រើ ដែលណែនាំបងប្អូនឲ្យមានជំនឿប៉ុណ្ណោះ គឺម្នាក់ៗបំពេញតែកិច្ចការដែលព្រះអម្ចាស់ប្រទានឲ្យធ្វើ។ ខ្ញុំជាអ្នកដាំ ហើយលោកអប៉ូឡូសជាអ្នកស្រោចទឹក ប៉ុន្តែ ព្រះជាម្ចាស់ទេតើដែលធ្វើឲ្យដុះ។ ដូច្នេះ អ្នកដាំ និងអ្នកស្រោចទឹកមិនសំខាន់អ្វីឡើយ គឺព្រះជាម្ចាស់ដែលធ្វើឲ្យដុះឯណោះទើបសំខាន់។ អ្នកដាំ និងអ្នកស្រោចទឹកមិនខុសគ្នាទេ ម្នាក់ៗនឹងទទួលរង្វាន់តាមទម្ងន់កិច្ចការដែលខ្លួនបានធ្វើ ដ្បិតយើងខ្ញុំជាអ្នកធ្វើការរួមជាមួយព្រះជាម្ចាស់ បងប្អូនជាស្រែរបស់ព្រះជាម្ចាស់ ហើយក៏ជាដំណាក់ដែលព្រះអង្គបានសង់ដែរ។ ខ្ញុំបានចាក់គ្រឹះ ដូចជាមេជាងមួយរូបដ៏ជំនាញ តាមព្រះគុណដែលព្រះជាម្ចាស់ប្រោសប្រទានឲ្យខ្ញុំ ហើយមានម្នាក់ទៀតមកសង់ពីលើ។ ប៉ុន្តែ ម្នាក់ៗត្រូវប្រយ័ត្នអំពីរបៀបដែលខ្លួនសង់ពីលើ ដ្បិតគ្មាននរណាអាចចាក់គ្រឹះមួយផ្សេងទៀត ក្រៅពីគ្រឹះដែលបានចាក់រួចមកហើយនោះទេ ពោលគឺព្រះយេស៊ូគ្រិស្ត*។ ប្រសិនបើអ្នកណាយកមាស ប្រាក់ ពេជ្រ ឈើ ចំបើង ឬស្បូវ មកសង់ពីលើគ្រឹះនេះ នៅថ្ងៃព្រះជាម្ចាស់យាងមកវិនិច្ឆ័យទោស លទ្ធផលនៃស្នាដៃដែលម្នាក់ៗបានធ្វើ នឹងលេចចេញមក ព្រោះថ្ងៃនោះនឹងមកដល់ដូចភ្លើង ហើយភ្លើងនឹងល្បងលមើលស្នាដៃដែលម្នាក់ៗបានធ្វើ។
១ កូរិនថូស 3:4-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដ្បិតកាលម្នាក់និយាយថា «ខ្ញុំជារបស់លោកប៉ុល» ហើយម្នាក់ទៀតថា «ខ្ញុំជារបស់លោកអ័រប៉ុឡូស» នោះតើអ្នករាល់គ្នាមិនមែនប្រព្រឹត្ត ដូចមនុស្សខាងសាច់ឈាមទេឬ? ចុះតើលោកអ័ប៉ុឡូសជាអ្វី? ហើយប៉ុលជាអ្វី? គឺគ្រាន់តែជាអ្នកបម្រើដែលនាំឲ្យអ្នករាល់គ្នាជឿ តាមតែកិច្ចការដែលម្នាក់ៗបានទទួលពីព្រះអម្ចាស់មកប៉ុណ្ណោះ។ ខ្ញុំបានដាំ លោកអ័ប៉ុឡូសជាអ្នកស្រោចទឹក តែព្រះបានធ្វើឲ្យដុះ។ ដូច្នេះ អ្នកដាំ និងអ្នកដែលស្រោចទឹក មិនមែនជាអ្វីទេ គឺមានតែព្រះដែលធ្វើឲ្យដុះប៉ុណ្ណោះទើបសំខាន់។ អ្នកដែលដាំ និងអ្នកដែលស្រោចទឹក មានគោលដៅតែមួយដូចគ្នា ហើយម្នាក់ៗនឹងទទួលរង្វាន់តាមការដែលខ្លួនបានធ្វើ។ ដ្បិតយើងជាអ្នករួមការងារជាមួយព្រះ ឯអ្នករាល់គ្នាជាស្រែរបស់ព្រះ ហើយជាអាគារដែលព្រះបានសង់។ ខ្ញុំបានចាក់គ្រឹះ ដូចជាមេជាងផ្ទះដ៏ជំនាញ តាមព្រះគុណដែលព្រះបានប្រទានមកខ្ញុំ ហើយមានម្នាក់ទៀតសង់ពីលើ។ ប៉ុន្តែ ម្នាក់ៗត្រូវប្រយ័ត្នពីរបៀបដែលខ្លួនសង់ពីលើគ្រឹះនោះ។ ដ្បិតគ្មានអ្នកណាអាចចាក់គ្រឹះណាផ្សេងទៀត ក្រៅពីគ្រឹះដែលបានចាក់រួចមកហើយនោះឡើយ ហើយគ្រឹះនោះគឺព្រះយេស៊ូវគ្រីស្ទ។ ប្រសិនបើអ្នកណាយកមាស ប្រាក់ ត្បូង ឈើ ស្បូវ ឬស្លឹក មកសង់លើគ្រឹះនេះ នោះកិច្ចការដែលម្នាក់ៗធ្វើ នឹងលេចមកឲ្យឃើញ ដ្បិតថ្ងៃនោះនឹងបង្ហាញពីការនោះ ព្រោះការនោះនឹងសម្ដែងឲ្យដឹងដោយសារភ្លើង ហើយភ្លើងនោះនឹងល្បងមើលពីប្រភេទនៃកិច្ចការដែលម្នាក់ៗបានធ្វើ។
១ កូរិនថូស 3:4-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គឺកាលដែលម្នាក់ប្រកាន់ថា ខ្លួនជាសិស្សរបស់ប៉ុល ហើយម្នាក់ទៀតថា ខ្លួនជារបស់អ័ប៉ុឡូស នោះតើមិនមែននៅខាងសាច់ឈាមទេឬអី ដូច្នេះ តើប៉ុលជាអ្វី ឬអ័ប៉ុឡូសជាអ្វី គឺគ្រាន់តែជាអ្នកបំរើដែលនាំឲ្យអ្នករាល់គ្នាជឿ តាមដែលព្រះអម្ចាស់បានប្រទានមកគ្រប់គ្នាតែប៉ុណ្ណោះទេតើ ខ្ញុំបានសាបព្រោះ អ័ប៉ុឡូសជាអ្នកស្រោច តែដែលបានដុះឡើង នោះគឺព្រះបានធ្វើវិញ ហេតុនោះបានជាអ្នកដែលសាបព្រោះ នឹងអ្នកដែលស្រោច នោះមិនមែនជាអ្វីទេ ស្រេចហើយនឹងព្រះដែលធ្វើឲ្យដុះវិញទេតើ ឯអ្នកដែលសាបព្រោះ នឹងអ្នកដែលស្រោច នោះដូចគ្នាទេ ហើយក្នុងអ្នកនិមួយៗ នោះនឹងបានរង្វាន់តាមការដែលខ្លួនធ្វើ ដ្បិតយើងរាល់គ្នាជាអ្នកធ្វើការជាមួយនឹងព្រះ ឯអ្នករាល់គ្នាជាស្រែដែលព្រះទ្រង់ភ្ជួរ ហើយជាផ្ទះដែលព្រះទ្រង់ធ្វើ។ ខ្ញុំបានដាំជើងជញ្ជាំង ដូចជាមេជាងផ្ទះដ៏ចំណាន តាមព្រះគុណដែលព្រះបានប្រទានមកខ្ញុំ មានម្នាក់ទៀតជាអ្នកសង់ពីលើ ប៉ុន្តែត្រូវឲ្យមនុស្សប្រយ័តរៀងខ្លួន អំពីបែបណាដែលសង់ពីលើជើងនោះ ដ្បិតគ្មានអ្នកណាអាចនឹងដាំជើងជញ្ជាំងណាផ្សេងទៀត ក្រៅពីជើងដែលបានដាំរួចហើយនោះបានទេ គឺជាព្រះយេស៊ូវគ្រីស្ទ បើអ្នកណាយកមាស ប្រាក់ ត្បូង ឈើ ស្បូវ ឬស្លឹក ដើម្បីនឹងធ្វើពីលើជើងជញ្ជាំងនេះ នោះការដែលអ្នករាល់គ្នាធ្វើ នឹងលេចមកឲ្យឃើញ ដ្បិតថ្ងៃនោះនឹងបង្ហាញពីការនោះយ៉ាងច្បាស់លាស់ ព្រោះការនោះនឹងសំដែងចេញមកដោយសារភ្លើង ហើយភ្លើងនឹងសាកមើលការដែលនិមួយៗធ្វើ ឲ្យដឹងជាយ៉ាងណា