១ កូរិនថូស 3:4-13

១ កូរិនថូស 3:4-13 គខប

ពេល​មាន​ម្នាក់​និយាយ​ថា «ខ្ញុំ​ជា​កូន​ចៅ​របស់​លោក​ប៉ូល!» និង​ម្នាក់​ទៀត​ថា «ខ្ញុំ​ជា​កូន​ចៅ​របស់​លោក​អប៉ូ‌ឡូស!» នោះ​ស​ឲ្យ​ឃើញ​ថា បងប្អូន​នៅ​តែ​មាន​របៀប​រស់​នៅ ដូច​មនុស្ស​ធម្មតា ពិត​មែន! តើ​លោក​អប៉ូ‌ឡូស​មាន​ឋានៈ​អ្វី? រីឯ​ប៉ូល​មាន​ឋានៈ​អ្វី​ដែរ? អ្នក​ទាំង​ពីរ​គ្រាន់​តែ​ជា​អ្នក​បម្រើ ដែល​ណែ‌នាំ​បងប្អូន​ឲ្យ​មាន​ជំនឿ​ប៉ុណ្ណោះ គឺ​ម្នាក់ៗ​បំពេញ​តែ​កិច្ចការ​ដែល​ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ​ធ្វើ។ ខ្ញុំ​ជា​អ្នក​ដាំ ហើយ​លោក​អប៉ូ‌ឡូស​ជា​អ្នក​ស្រោច​ទឹក ប៉ុន្តែ ព្រះ‌ជាម្ចាស់​ទេ​តើ​ដែល​ធ្វើ​ឲ្យ​ដុះ។ ដូច្នេះ អ្នក​ដាំ និង​អ្នក​ស្រោច​ទឹក​មិន​សំខាន់​អ្វី​ឡើយ គឺ​ព្រះ‌ជាម្ចាស់​ដែល​ធ្វើ​ឲ្យ​ដុះ​ឯ‌ណោះ​ទើប​សំខាន់។ អ្នក​ដាំ និង​អ្នក​ស្រោច​ទឹក​មិន​ខុស​គ្នា​ទេ ម្នាក់ៗ​នឹង​ទទួល​រង្វាន់​តាម​ទម្ងន់​កិច្ចការ​ដែល​ខ្លួន​បាន​ធ្វើ ដ្បិត​យើង​ខ្ញុំ​ជា​អ្នក​ធ្វើ​ការ​រួម​ជា​មួយ​ព្រះ‌ជាម្ចាស់ បងប្អូន​ជា​ស្រែ​របស់​ព្រះ‌ជាម្ចាស់ ហើយ​ក៏​ជា​ដំណាក់​ដែល​ព្រះអង្គ​បាន​សង់​ដែរ។ ខ្ញុំ​បាន​ចាក់​គ្រឹះ ដូច​ជា​មេ​ជាង​មួយ​រូប​ដ៏​ជំនាញ តាម​ព្រះ‌គុណ​ដែល​ព្រះ‌ជាម្ចាស់​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ ហើយ​មាន​ម្នាក់​ទៀត​មក​សង់​ពី​លើ។ ប៉ុន្តែ ម្នាក់ៗ​ត្រូវ​ប្រយ័ត្ន​អំពី​របៀប​ដែល​ខ្លួន​សង់​ពី​លើ ដ្បិត​គ្មាន​នរណា​អាច​ចាក់​គ្រឹះ​មួយ​ផ្សេង​ទៀត ក្រៅ​ពី​គ្រឹះ​ដែល​បាន​ចាក់​រួច​មក​ហើយ​នោះ​ទេ ពោល​គឺ​ព្រះ‌យេស៊ូ​គ្រិស្ត*។ ប្រសិន​បើ​អ្នក​ណា​យក​មាស ប្រាក់ ពេជ្រ ឈើ ចំបើង ឬ​ស្បូវ មក​សង់​ពី​លើ​គ្រឹះ​នេះ នៅ​ថ្ងៃ​ព្រះ‌ជាម្ចាស់​យាង​មក​វិនិច្ឆ័យ​ទោស លទ្ធ‌ផល​នៃ​ស្នា​ដៃ​ដែល​ម្នាក់ៗ​បាន​ធ្វើ នឹង​លេច​ចេញ​មក ព្រោះ​ថ្ងៃ​នោះ​នឹង​មក​ដល់​ដូច​ភ្លើង ហើយ​ភ្លើង​នឹង​ល្បង‌ល​មើល​ស្នា​ដៃ​ដែល​ម្នាក់ៗ​បាន​ធ្វើ។