១ កូរិនថូស 16:5-18

១ កូរិនថូស 16:5-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​ណា​ខ្ញុំ​បាន​ឆ្លង​កាត់​ស្រុក​ម៉ា‌សេ‌ដូន​ហើយ ខ្ញុំ​នឹង​មក​ជួប​អ្នក​រាល់​គ្នា (ដ្បិត​ខ្ញុំ​ត្រូវ​តែ​ឆ្លង​កាត់​ស្រុក​ម៉ា‌សេ‌ដូន​សិន) ហើយ​ប្រហែល​ជា​ខ្ញុំ​នឹង​ស្នាក់​នៅ​ជាមួយ​អ្នក​រាល់​គ្នា ឬ​អាច​នៅ​ពេញ​មួយ​រដូវ​រងា​ផង ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជូន​ដំណើរ​ខ្ញុំ​បន្ត​ទៅ​កន្លែង​ដែល​ខ្ញុំ​ត្រូវ​ទៅ។ ដ្បិត​ខ្ញុំ​មិន​ចង់​មក​ជួប​អ្នក​រាល់​គ្នា ត្រឹម​តែ​ពេល​ឆ្លង​កាត់​ឥឡូវ​នេះ​ទេ ដ្បិត​ខ្ញុំ​សង្ឃឹម​ថា​នឹង​ស្នាក់​នៅ​ជាមួយ​អ្នក​រាល់​គ្នា​មួយ​រយៈ ប្រសិន‌បើ​ព្រះ‌អម្ចាស់​អនុញ្ញាត​ឲ្យ។ ប៉ុន្តែ ខ្ញុំ​នឹង​ស្នាក់​នៅ​ក្រុង​អេភេ‌សូរ រហូត​ដល់​បុណ្យ​ថ្ងៃ​ទី​ហា​សិប ដ្បិត​មាន​ទ្វារ​យ៉ាង​ធំ​បាន​បើក​ចំហរ សម្រាប់​ឲ្យ​ខ្ញុំ​បំពេញ​ការ​ងារ​យ៉ាង​មាន​ប្រសិទ្ធ‌ភាព ហើយ​ក៏​មាន​អ្នក​ប្រឆាំង​ជា​ច្រើន​ដែរ។ ប្រសិន‌បើ​ធីម៉ូថេ​មក​ដល់ សូម​រាក់​ទាក់​ទទួល កុំ​ឲ្យ​គាត់​ព្រួយ​បារម្ភ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ដ្បិត​គាត់​ក៏​ធ្វើ​ការ​របស់​ព្រះ‌អម្ចាស់​ដូច​ខ្ញុំ​ដែរ ដូច្នេះ កុំ​ឲ្យ​អ្នក​ណា​មើល​ងាយ​គាត់​ឡើយ តែ​ត្រូវ​ជួយ​គាត់​ឲ្យ​បន្ត​ដំណើរ​ដោយ​សុខ‌សាន្ត ដើម្បី​ឲ្យ​គាត់​បាន​មក​ជួប​ខ្ញុំ ដ្បិត​ខ្ញុំ និង​ពួក​បង‌ប្អូន​កំពុង​រង់​ចាំ​គាត់។ រីឯ​លោក​អ័ប៉ុ‌ឡូស ជា​បង‌ប្អូន​យើង ខ្ញុំ​បាន​ដាស់​តឿន​គាត់​យ៉ាង​ខ្លាំង​ឲ្យ​មក​សួរ​សុខ​ទុក្ខ​អ្នក​រាល់​គ្នា ជា​មួយ​ពួក​បង‌ប្អូន​ឯទៀត តែ​គាត់​មិន​ព្រម​មក​ឥឡូវ​នេះ​ទេ គាត់​នឹង​មក នៅ​ពេល​ណា​គាត់​មាន​ឱកាស។ ចូរ​ចាំ​យា​ម ចូរ​ឈរ​ឲ្យ​មាំ‌មួន​ក្នុង​ជំនឿ ចូរ​ប្រព្រឹត្ត​ដោយ​ក្លាហាន ចូរ​មាន​កម្លាំង​ឡើង។ ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​គ្រប់​ការ​ទាំង‌អស់ ដោយ​សេចក្តី​ស្រឡាញ់។ បង‌ប្អូន​អើយ អ្នក​រាល់​គ្នា​ជ្រាប​ហើយ​ថា ក្រុម​គ្រួសារ​របស់​លោក​ស្ទេផា‌ណាស ជា​ផល​ដំបូង​នៅ​ស្រុក​អា​ខៃ ហើយ​គេ​បាន​ដាក់​ខ្លួន​បម្រើ​ដល់​ពួក​បរិសុទ្ធ។ ដូច្នេះ ខ្ញុំ​សូម​ដាស់​តឿន​ឲ្យ​អ្នក​រាល់​គ្នា​ចុះ​ចូល​នឹង​មនុស្ស​បែប​នេះ​ចុះ ព្រម​ទាំង‌អស់​អ្នក​ដែល​ធ្វើ​ការ​នឿ​យ​ហ​ត់ រួម​ជាមួយ​បង‌ប្អូន​ទាំង​នោះ​ផង។ ខ្ញុំ​ត្រេក​អរ​នឹង​ការ​មក​ដល់​របស់​លោក​ស្ទេផា‌ណាស លោក​ភ័រទូ‌ណាតុស និង​លោក​អ័ខៃ‌កុស ព្រោះ​អ្នក​ទាំង​នោះ​បាន​បំពេញ​សេចក្ដី​ដែល​អ្នក​រាល់​គ្នា​ខកខាន ដ្បិត​គេ​បាន​ធ្វើ​ឲ្យ​វិញ្ញាណ​ខ្ញុំ និង​វិញ្ញាណ​អ្នក​រាល់​គ្នា​ធូរ​ស្បើយ។ ដូច្នេះ សូម​រាប់​អាន​មនុស្ស​បែប​នេះ​ចុះ។

១ កូរិនថូស 16:5-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​ណា​ខ្ញុំ​បាន​ឆ្លង​កាត់​ស្រុក​ម៉ាសេ‌ដូន​រួច​ហើយ ខ្ញុំ​នឹង​មក​សួរ​សុខ​ទុក្ខ​បងប្អូន​ដែរ (ដ្បិត​ខ្ញុំ​ត្រូវ​តែ​ឆ្លង​កាត់​ស្រុក​ម៉ាសេ‌ដូន)។ ខ្ញុំ​ប្រហែល​ជា​នឹង​ស្នាក់​នៅ​ជា​មួយ​បងប្អូន ឬ​ត្រូវ​នៅ​ជា​មួយ​បងប្អូន​ក្នុង​រដូវ​រងា​នេះ​ផង ដើម្បី​ឲ្យ​បងប្អូន​ជួយ​ខ្ញុំ​ក្នុង​ការ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។ លើក​នេះ ខ្ញុំ​មិន​ចង់​មក​ជួប​បងប្អូន ដោយ​គ្រាន់​តែ​ឆៀង​ចូល​មួយ‌ភ្លែត​នោះ​ទេ ប្រសិន​បើ​ព្រះ‌អម្ចាស់​អនុញ្ញាត​ឲ្យ ខ្ញុំ​សង្ឃឹម​ថា​នឹង​ស្នាក់​នៅ​ជា​មួយ​បងប្អូន​បាន​យូរ​ក្រែល​បន្តិច។ ប៉ុន្តែ ខ្ញុំ​ត្រូវ​ស្នាក់​នៅ​ក្រុង​អេភេសូ​នេះ​រហូត​ដល់​បុណ្យ​ថ្ងៃ​ទី​ហា‌សិប ដ្បិត​ទ្វារ​បើក​ចំហ យ៉ាង​ធំ សម្រាប់​ឲ្យ​ខ្ញុំ​បំពេញ​កិច្ចការ​នៅ​ទី​នោះ ទោះ​បី​មាន​អ្នក​ប្រឆាំង​ច្រើន​យ៉ាង​ណា​ក៏​ដោយ។ ប្រសិន​បើ​លោក​ធីម៉ូថេ​មក​ដល់ សូម​បងប្អូន​រាក់‌ទាក់​ទទួល​គាត់ កុំ​ឲ្យ​គាត់​ព្រួយ​បារម្ភ​ក្នុង​ចំណោម​បងប្អូន ដ្បិត​គាត់​ធ្វើ​ការ​បម្រើ​ព្រះ‌អម្ចាស់​ដូច​ខ្ញុំ​ដែរ។ ហេតុ​នេះ កុំ​ឲ្យ​មាន​នរណា​ម្នាក់​មើល‌ងាយ​គាត់​ឡើយ តែ​ត្រូវ​ជួយ​ជ្រោម‌ជ្រែង​គាត់ ឲ្យ​បន្ត​ដំណើរ​ទៅ​ដល់​កន្លែង​ខ្ញុំ​ដោយ​សុខ‌សាន្ត​ផង ដ្បិត​ខ្ញុំ និង​បងប្អូន​នៅ​ទី​នោះ​រង់‌ចាំ​គាត់។ រីឯ​លោក​អប៉ូ‌ឡូស​វិញ ខ្ញុំ​បាន​ដាស់‌តឿន​គាត់​ជា​រឿយៗ​ឲ្យ​មក​សួរ​សុខ​ទុក្ខ​បងប្អូន ទាំង​នាំ​បងប្អូន​ឯ​ទៀតៗ​មក​ជា​មួយ​ផង ក៏​ប៉ុន្តែ គាត់​ពុំ​ទាន់​បាន​សម្រេច​ចិត្ត​ថា នឹង​មក​ក្នុង​ពេល​ឆាប់ៗ​នេះ​ទេ គាត់​នឹង​អញ្ជើញ​មក នៅ​ពេល​ណា​ឱកាស​ហុច​ឲ្យ។ ចូរ​បងប្អូន​ប្រុង​ស្មារតី ត្រូវ​កាន់​ជំនឿ​ឲ្យ​បាន​ខ្ជាប់ខ្ជួន ត្រូវ​មាន​ចិត្ត​ក្លាហាន និង​មាន​កម្លាំង​មាំ‌មួន​ឡើង។ ក្នុង​ចំណោម​បងប្អូន ត្រូវ​ធ្វើ​គ្រប់​កិច្ចការ​ទាំង​អស់ ដោយ​សេចក្ដី​ស្រឡាញ់។ បងប្អូន​អើយ ខ្ញុំ​សូម​ផ្ដែ‌ផ្ដាំ​បងប្អូន​អំពី​រឿង​មួយ​ទៀត។ ដូច​បងប្អូន​ជ្រាប​ស្រាប់​ហើយ​ថា នៅ​ស្រុក​អាខៃ​នេះ ក្រុម​គ្រួសារ​របស់​លោក​ស្ទេផា‌ណាស​ជឿ​មុន​គេ ហើយ​ក៏​បាន​ស្ម័គ្រ​ចិត្ត​បម្រើ​ប្រជា‌ជន​ដ៏វិសុទ្ធ។ ដូច្នេះ សូម​បងប្អូន​គោរព​ចុះ​ចូល​នឹង​មនុស្ស​ដ៏​ប្រសើរ​បែប​នេះ​វិញ ព្រម​ទាំង​គោរព​អស់​អ្នក​ដែល​ធ្វើ​ការ​ទាំង​នឿយ‌ហត់ រួម​ជា​មួយ​បងប្អូន​ទាំង​នេះ​ដែរ។ ខ្ញុំ​សប្បាយ​ចិត្ត ដោយ​បាន​លោក​ស្ទេផា‌ណាស លោក​ភ័រទី‌ណាទូស និង​លោក​អខៃ‌គូស​មក​ទី​នេះ។ ខ្ញុំ​នឹក​បងប្អូន​ទាំង​អស់​គ្នា​ខ្លាំង​ណាស់ តែ​អ្នក​ទាំង​បី​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ធូរ​ស្បើយ​ក្នុង​ចិត្ត ព្រោះ​គេ​បាន​សម្រាល​ទុក្ខ​ខ្ញុំ ដូច​គេ​បាន​សម្រាល​ទុក្ខ​បងប្អូន​ដែរ។ ហេតុ​នេះ សូម​បងប្អូន​គោរព​មនុស្ស​ដ៏​ប្រសើរ​បែប​នេះ​ផង។

១ កូរិនថូស 16:5-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​ណា​ខ្ញុំ​បាន​ដើរ​កាត់​ស្រុក​ម៉ាសេដូន​ហើយ នោះ​ខ្ញុំ​នឹង​មក​ឯ​អ្នក​រាល់​គ្នា ដ្បិត​ខ្ញុំ​ត្រូវ​ដើរ​កាត់​ស្រុក​ម៉ាសេដូន​សិន ប្រហែល​ជា​ខ្ញុំ​នឹង​ស្នាក់​នៅ​ជា​១​នឹង​អ្នក​រាល់​គ្នា​បន្តិច ឬ​អស់​១​រដូវ​រងា​ផង​ទេ​ដឹង ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជូន​ដំណើរ​ខ្ញុំ ទៅ​ឯ​ទី​កន្លែង​ណា ដែល​ខ្ញុំ​នឹង​ទៅ​ត​ទៅ​មុន​ទៀត ដ្បិត​ខ្ញុំ​មិន​ចូល​ចិត្ត​មក​សួរ​អ្នក​រាល់​គ្នា​តាម​ផ្លូវ​ឥឡូវ​នេះ​ទេ តែ​ខ្ញុំ​សង្ឃឹម​ថា នឹង​មក​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ជា​យូរ​បន្តិច បើ​សិន​ជា​ព្រះ‌អម្ចាស់​ទ្រង់​អនុញ្ញាត​ឲ្យ ប៉ុន្តែ ខ្ញុំ​នឹង​នៅ​ក្រុង​អេភេសូរ ទាល់​តែ​ដល់​បុណ្យ​ថ្ងៃ​ទី​៥០ ដ្បិត​មាន​ទ្វារ​យ៉ាង​ធំ ហើយ​ស្រួល​បាន​បើក​ចំហ​ឲ្យ​ខ្ញុំ ហើយ​ក៏​មាន​ពួក​ឃាត់‌ឃាំង​ជា​ច្រើន​ដែរ។ បើ​ធីម៉ូថេ​មក​ឯ​អ្នក​រាល់​គ្នា នោះ​ចូរ​ខំ​ទំនុក​បំរុង​ឲ្យ​គាត់​នៅ​ជា​មួយ​ផង កុំ​ឲ្យ​គាត់​ភ័យ​ខ្លាច​អ្វី​ឡើយ ដ្បិត​គាត់​ក៏​ធ្វើ​ការ​របស់​ព្រះ‌អម្ចាស់ ដូច​ជា​ខ្ញុំ​ដែរ កុំ​ឲ្យ​អ្នក​ណា​មើល‌ងាយ​គាត់ ត្រូវ​ជូន​ដំណើរ​គាត់​ទៅ​មុខ ដោយ​សុខ‌សាន្ត ឲ្យ​គាត់​បាន​ទៅ​ដល់​ខ្ញុំ​ផង ដ្បិត​ខ្ញុំ​នឹង​ចាំ​គាត់​ជា​មួយ​នឹង​បង​ប្អូន​ឯ​ទៀត ឯ​អ័ប៉ុឡូស ជា​បង​ប្អូន ខ្ញុំ​បាន​ទូន្មាន​គាត់​ជា​ច្រើន ឲ្យ​បាន​មក​ឯ​អ្នក​រាល់​គ្នា ជា​មួយ​នឹង​ពួក​បង​ប្អូន​នោះ​ដែរ តែ​គាត់​មិន​សុខ​ចិត្ត​នឹង​មក​ឥឡូវ​នេះ​ទេ គឺ​នឹង​មក​ក្នុង​កាល​ដែល​មាន​ឱកាស​ស្រួល ចូរ​ចាំ​យាម ចូរ​ឈរ​ឲ្យ​មាំ‌មួន​ក្នុង​សេចក្ដី​ជំនឿ ចូរ​ប្រព្រឹត្ត​ឲ្យ​ពេញ​ជា​ភាព​បុរស ចូរ​ឲ្យ​មាន​កំឡាំង​ចុះ ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ការ​ទាំង​អស់ ដោយ​សេចក្ដី​ស្រឡាញ់។ បង​ប្អូន​អើយ អ្នក​រាល់​គ្នា​ស្គាល់​ពួក​ផ្ទះ​ស្ទេផាន៉ាស ថា​គេ​ជា​ផល​ដំបូង​ពី​ស្រុក​អាខៃ ហើយ​ថា គេ​បាន​តាំង​ខ្លួន​គេ សំរាប់​នឹង​បំរើ​ពួក​បរិសុទ្ធ ដូច្នេះ ខ្ញុំ​ទូន្មាន​អ្នក​រាល់​គ្នា​ឲ្យ​ចុះ​ចូល​នឹង​មនុស្ស​យ៉ាង​នោះ ហើយ​នឹង​អស់​អ្នក​ដែល​ធ្វើ​ការ​នឿយ‌ហត់​ជា​មួយ​នឹង​យើង​ខ្ញុំ​ផង ខ្ញុំ​អរ​ណាស់ ដែល​ស្ទេផាន៉ាស ភ័រទូ‌ន៉ាតុស នឹង​អ័ខៃកុស បាន​ទៅ​ដល់​ខ្ញុំ​ហើយ ដ្បិត​សេចក្ដី​ណា​ដែល​អ្នក​រាល់​គ្នា​ខាន​ធ្វើ នោះ​គេ​បាន​ធ្វើ​បំពេញ​ឡើង គេ​បាន​លំហើយ​ចិត្ត​ខ្ញុំ នឹង​ចិត្ត​អ្នក​រាល់​គ្នា​ផង ដូច្នេះ ចូរ​រាប់​អាន​មនុស្ស​យ៉ាង​នោះ​ចុះ

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ