១ កូរិនថូស 15:36-58
១ កូរិនថូស 15:36-58 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មនុស្សល្ងង់អើយ! គ្រាប់ពូជដែលអ្នកសាបព្រោះ បើវាមិនស្លាប់ទេ នោះវាក៏មិនរស់ឡើងវិញដែរ។ គ្រាប់ពូជដែលអ្នកសាបព្រោះនោះ មិនមែនដូចជាដើមដែលត្រូវដុះឡើងនោះទេ គឺជាគ្រាប់សុទ្ធសាធ ដូចជាគ្រាប់ស្រូវ ឬគ្រាប់អ្វីផ្សេងទៀតដែរ។ ប៉ុន្តែ ព្រះប្រទានឲ្យពូជនោះមានរូបរាង តាមព្រះហឫទ័យរបស់ព្រះអង្គ ហើយឲ្យពូជនីមួយៗ មានរូបរាងតាមប្រភេទរបស់វា។ គ្រប់ទាំងសាច់ក៏មិនដូចគ្នាដែរ គឺមានសាច់ម្យ៉ាងសម្រាប់មនុស្ស សាច់ម្យ៉ាងសម្រាប់សត្វចតុបាទ សាច់ម្យ៉ាងសម្រាប់សត្វស្លាប និងសាច់ម្យ៉ាងសម្រាប់ត្រី។ មានរូបកាយនៅស្ថានសួគ៌ និងរូបកាយនៅផែនដី តែសិរីល្អរបស់រូបកាយនៅស្ថានសួគ៌ ផ្សេងពីរូបកាយនៅផែនដី។ ព្រះអាទិត្យមានសិរីល្អម៉្យាង ព្រះចន្ទមានសិរីល្អម៉្យាង ផ្កាយក៏មានសិរីល្អម៉្យាង ហើយសូម្បីតែផ្កាយក៏មានសិរីល្អផ្សេងគ្នាដែរ។ ចំណែកឯមនុស្សស្លាប់ដែលរស់ឡើងវិញ ក៏ដូច្នោះដែរ រូបកាយដែលបានកប់ទៅ ជារូបកាយពុករលួយ តែរូបកាយដែលរស់ឡើងវិញ ជារូបកាយមិនចេះពុករលួយ។ រូបកាយដែលបានកប់ទៅ ជារូបកាយអាប់ឱន តែរូបកាយដែលរស់ឡើងវិញ ជារូបកាយប្រកបដោយសិរីល្អ។ រូបកាយដែលបានកប់ទៅ ជារូបកាយទន់ខ្សោយ តែរូបកាយដែលរស់ឡើងវិញ ជារូបកាយប្រកបដោយចេស្តា។ រូបកាយដែលបានកប់ទៅ ជារូបកាយខាងសាច់ឈាម តែរូបកាយដែលរស់ឡើងវិញ ជារូបកាយខាងវិញ្ញាណ ហើយបើមានរូបកាយខាងសាច់ឈាម នោះរូបកាយខាងវិញ្ញាណក៏មានដែរ។ ហេតុនេះហើយបានជាមានសេចក្តីចែងទុកមកថា «លោកអ័ដាមដែលជាមនុស្សមុនដំបូង បានត្រឡប់ជាមានព្រលឹងរស់ឡើង» តែលោកអ័ដាមចុងក្រោយបង្អស់ ត្រឡប់ជាវិញ្ញាណដែលផ្ដល់ជីវិត។ ប៉ុន្តែ មិនមែនរូបកាយខាងវិញ្ញាណទេដែលកើតមុន គឺរូបកាយខាងសាច់ឈាមវិញ បន្ទាប់មក ទើបរូបកាយខាងវិញ្ញាណមកតាមក្រោយ។ មនុស្សទីមួយកើតចេញពីដីមក គឺធ្វើពីធូលីដី រីឯមនុស្សទីពីរវិញ មកពីស្ថានសួគ៌។ មនុស្សម្នាក់ដែលកើតពីធូលីដីមកជាយ៉ាងណា នោះអស់អ្នកដែលកើតពីធូលីដីក៏យ៉ាងនោះដែរ ហើយមនុស្សម្នាក់ដែលមកពីស្ថានសួគ៌ជាយ៉ាងណា អស់អ្នកដែលកើតពីស្ថានសួគ៌ក៏យ៉ាងនោះដែរ។ យើងមានរូបរាងដូចមនុស្សដែលធ្វើពីធូលីមកយ៉ាងណា នោះយើងក៏នឹងមានរូបរាងដូចមនុស្សដែលមកពីស្ថានសួគ៌យ៉ាងនោះដែរ។ បងប្អូនអើយ សេចក្តីដែលខ្ញុំចង់និយាយនេះ គឺថា សាច់ឈាមមិនអាចគ្រងព្រះរាជ្យរបស់ព្រះទុកជាមត៌កបានឡើយ ហើយសេចក្តីពុករលួយ ក៏មិនអាចគ្រងសេចក្តីដែលមិនចេះពុករលួយបានដែរ។ មើល៍ ខ្ញុំប្រាប់អ្នករាល់គ្នាពីអាថ៌កំបាំង គឺថា យើងទាំងអស់គ្នានឹងមិនដេកលក់ទេ តែយើងទាំងអស់គ្នានឹងត្រូវផ្លាស់ប្រែ ក្នុងរយៈពេលដ៏ខ្លី គឺមួយប៉ប្រិចភ្នែកប៉ុណ្ណោះ នៅពេលឮសំឡេងត្រែចុងក្រោយ។ ដ្បិតសំឡេងត្រែនឹងបន្លឺឡើង ហើយមនុស្សស្លាប់នឹងរស់ឡើងវិញ មិនពុករលួយទៀតឡើយ រួចយើងនឹងត្រូវផ្លាស់ប្រែ។ ដ្បិតរូបកាយដែលពុករលួយនេះ ត្រូវតែពាក់សេចក្តីមិនពុករលួយ ហើយរូបកាយដែលតែងតែស្លាប់នេះ ត្រូវតែពាក់សេចក្តីមិនចេះស្លាប់វិញ។ នៅពេលរូបកាយពុករលួយនេះ ពាក់សេចក្តីមិនពុករលួយ ហើយរូបកាយដែលតែងតែស្លាប់នេះ ពាក់សេចក្តីមិនចេះស្លាប់ នោះសេចក្ដីដែលបានចែងទុកមកនឹងបានសម្រេច គឺថា៖ «ជ័យជម្នះបានលេបសេចក្តីស្លាប់បាត់ហើយ» «ឱសេចក្តីស្លាប់អើយ តើជ័យជម្នះរបស់ឯងនៅឯណា? ឱសេចក្តីស្លាប់អើយ តើទ្រនិចរបស់ឯងនៅឯណា?» រីឯទ្រនិចនៃសេចក្តីស្លាប់ គឺអំពើបាប ហើយអំណាចរបស់បាប គឺក្រឹត្យវិន័យ តែអរព្រះគុណដល់ព្រះ ដែលទ្រង់ប្រទានឲ្យយើងមានជ័យជម្នះ តាមរយៈព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើង។ ដូច្នេះ បងប្អូនស្ងួនភ្ងាអើយ ចូរឈរឲ្យមាំមួន កុំរង្គើ ទាំងធ្វើការព្រះអម្ចាស់ឲ្យបរិបូរជានិច្ច ដោយដឹងថា កិច្ចការដែលអ្នករាល់គ្នាខំប្រឹងធ្វើក្នុងព្រះអម្ចាស់ នោះមិនឥតប្រយោជន៍ឡើយ។
១ កូរិនថូស 15:36-58 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មនុស្សឆោតល្ងង់អើយ! គ្រាប់ពូជដែលអ្នកសាបព្រោះទៅ វាមានជីវិតបាន លុះត្រាតែវាងាប់សិន។ គ្រាប់ពូជដែលអ្នកសាបព្រោះទៅនោះ មិនមែនមានរូបរាងដូចដើមដែលនឹងដុះនោះឡើយ គឺគ្រាន់តែជាគ្រាប់មួយ ដូចជាគ្រាប់ស្រូវ ឬគ្រាប់អ្វីមួយផ្សេងទៀតប៉ុណ្ណោះ ប៉ុន្តែ ព្រះជាម្ចាស់ប្រទានឲ្យគ្រាប់នោះមានរូបរាង ស្របតាមព្រះហឫទ័យរបស់ព្រះអង្គ ហើយព្រះអង្គប្រទានឲ្យគ្រាប់ពូជនីមួយៗដុះឡើង មានរូបរាងរបស់វាផ្ទាល់។ រីឯសត្វលោកទាំងអស់ក៏មានសាច់ផ្សេងៗពីគ្នាដែរ គឺមនុស្សមានសាច់ម្យ៉ាង សត្វចតុប្បាទមានសាច់ម្យ៉ាង សត្វស្លាបមានសាច់ម្យ៉ាង ហើយត្រីមានសាច់ម្យ៉ាង។ រូបកាយនៅស្ថានសួគ៌ និងរូបកាយនៅលើផែនដីក៏ខុសពីគ្នាដែរ។ រូបកាយនៅស្ថានសួគ៌មានពន្លឺរស្មីរុងរឿង ជាងរូបកាយនៅលើផែនដី។ ពន្លឺថ្ងៃ ភ្លឺខុសពីពន្លឺលោកខែ និងពន្លឺផ្កាយ ហើយសូម្បីតែផ្កាយក៏មានពន្លឺប្លែកៗពីគ្នា។ ចំណែកមនុស្សស្លាប់ ដែលរស់ឡើងវិញ ក៏ដូច្នោះដែរ រូបកាយដែលគេកប់ក្នុងដីតែងតែរលួយ រីឯរូបកាយដែលរស់ឡើងវិញ មិនចេះរលួយទេ។ រូបកាយដែលគេកប់ក្នុងដី ជារូបកាយដ៏ថោកទាប រីឯរូបកាយដែលរស់ឡើងវិញ ជារូបកាយប្រកបដោយសិរីរុងរឿង រូបកាយដែលគេកប់ក្នុងដី ជារូបកាយដ៏ទន់ខ្សោយ រីឯរូបកាយដែលរស់ឡើងវិញ ជារូបកាយប្រកបដោយឫទ្ធានុភាព។ រូបកាយដែលគេកប់ក្នុងដី ជារូបកាយធម្មជាតិ រីឯរូបកាយដែលរស់ឡើងវិញ ជារូបកាយប្រកបដោយព្រះវិញ្ញាណ។ ប្រសិនបើមានរូបកាយធម្មជាតិមែន រូបកាយប្រកបដោយវិញ្ញាណក៏មានដែរ។ ហេតុនេះហើយបានជាមានចែងទុកមកថា «មនុស្សទីមួយ គឺលោកអដាំបានទទួលជីវិត» ។ រីឯលោកអដាំចុងក្រោយបង្អស់ បានទៅជាព្រះវិញ្ញាណដែលផ្ដល់ជីវិត។ មិនមែនរូបកាយប្រកបដោយព្រះវិញ្ញាណទេដែលកើតមុន គឺរូបកាយធម្មជាតិវិញឯណោះទេតើដែលបានកើតមុន ទើបរូបកាយប្រកបដោយព្រះវិញ្ញាណ កើតមកតាមក្រោយ។ មនុស្សទីមួយកើតចេញពីដីមក មានលក្ខណៈជាដី។ រីឯមនុស្សទីពីរវិញ កើតមកពីស្ថានបរមសុខ*។ អស់អ្នកដែលកើតពីដីក៏មានលក្ខណៈដូចអ្វីៗនៅលើដីនេះ ហើយអស់អ្នកដែលកើតពីស្ថានបរមសុខ ក៏មានលក្ខណៈដូចព្រះអង្គ ដែលនៅស្ថានបរមសុខដែរ។ យើងមានទ្រង់ទ្រាយដូចមនុស្សដែលមានលក្ខណៈជាដីយ៉ាងណា យើងក៏នឹងមានទ្រង់ទ្រាយដូចព្រះអង្គ ដែលគង់នៅស្ថានបរមសុខយ៉ាងនោះដែរ។ បងប្អូនអើយ ខ្ញុំចង់និយាយថា រូបកាយដែលធ្វើពីសាច់ពីឈាមពុំអាចទទួលព្រះរាជ្យ*របស់ព្រះជាម្ចាស់ទុកជាមត៌កឡើយ ហើយអ្វីៗដែលតែងតែរលួយ ក៏ពុំអាចទទួលអ្វីដែលមិនចេះរលួយនោះដែរ។ ខ្ញុំសូមជម្រាបបងប្អូនអំពីគម្រោងការដ៏លាក់កំបាំងមួយ គឺថា យើងមិនស្លាប់ទាំងអស់គ្នាទេ ប៉ុន្តែ យើងនឹងត្រូវប្រែទ្រង់ទ្រាយទាំងអស់គ្នា ក្នុងរយៈពេលដ៏ខ្លី គឺតែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ។ នៅពេលឮសំឡេងត្រែចុងក្រោយ (ដ្បិតនឹងមានសំឡេងត្រែបន្លឺឡើង) មនុស្សស្លាប់នឹងរស់ឡើងវិញ ទាំងមានរូបកាយដែលមិនចេះរលួយ រីឯយើង យើងនឹងត្រូវប្រែទ្រង់ទ្រាយដែរ ព្រោះរូបកាយដែលតែងតែរលួយនេះ ត្រូវតែទទួលយកភាពដែលមិនចេះរលួយ ហើយរូបកាយដែលតែងតែស្លាប់នេះ ត្រូវទទួលយកភាពអមតៈ។ នៅពេលរូបកាយដែលតែងតែរលួយនេះ បានទទួលភាពមិនចេះរលួយ ហើយនៅពេលរូបកាយដែលតែងតែស្លាប់នេះ បានទទួលភាពអមតៈហើយនោះ ព្រះបន្ទូលដែលមានចែងទុកក្នុងគម្ពីរនឹងបានសម្រេចគឺថា: «ជ័យជម្នះបានបំបាត់មច្ចុរាជចោលហើយ! មច្ចុរាជអើយ តើទ្រនិចរបស់ឯងនៅឯណា? មច្ចុរាជអើយ តើអំណាចប្រហារជីវិតរបស់ឯង នៅឯណា?» ។ ទ្រនិចនៃសេចក្ដីស្លាប់នោះមកពីអំពើបាប រីឯអំណាចនៃអំពើបាបមកពីក្រឹត្យវិន័យ* ។ សូមអរព្រះគុណព្រះជាម្ចាស់ ព្រោះព្រះអង្គប្រទានឲ្យយើងមានជ័យជម្នះ ដោយសារព្រះអម្ចាស់យេស៊ូគ្រិស្ត*។ ហេតុនេះ បងប្អូនជាទីស្រឡាញ់អើយ ចូរមានចិត្តរឹងប៉ឹងមាំមួនឡើង។ ចូរខំប្រឹងធ្វើកិច្ចការរបស់ព្រះអម្ចាស់ឲ្យបានចម្រើនឡើងជានិច្ច ដោយដឹងថា កិច្ចការដែលបងប្អូនធ្វើរួមជាមួយព្រះអម្ចាស់ទាំងនឿយហត់នោះ មិនមែនឥតប្រយោជន៍ឡើយ។
១ កូរិនថូស 15:36-58 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱមនុស្សកំឡៅអើយ គ្រាប់ពូជដែលអ្នកព្រោះទៅ បើមិនងាប់ នោះមិនពន្លកដុះឡើងទេ ហើយគ្រាប់ដែលអ្នកព្រោះនោះ មិនមែនដូចជាដើមដែលពន្លកឡើងនោះដែរ គឺជាគ្រាប់សុទ្ធ ដូចជាគ្រាប់ស្រូវ ឬពូជណាទៀតក្តី តែព្រះទ្រង់ប្រទានឲ្យមានដើមទីទៃពីគ្នារៀងរាល់ពូជ តាមព្រះហឫទ័យទ្រង់ គ្រប់ទាំងសាច់ក៏មិនដូចគ្នាដែរ គឺមាន១របស់មនុស្ស ១របស់សត្វ ១របស់ត្រី ហើយ១របស់សត្វហើរ ក៏មានរូបកាយសំរាប់ស្ថានសួគ៌ ហើយមានរូបកាយសំរាប់ផែនដីដែរ តែសិរីរបស់រូបកាយនៅស្ថានសួគ៌ នឹងរបស់រូបកាយនៅផែនដីនោះទីទៃពីគ្នា ឯព្រះអាទិត្យ នោះមានរស្មីម្យ៉ាងទៅ ព្រះចន្ទក៏មានរស្មីម្យ៉ាងទៅ ហើយផ្កាយក៏មានរស្មីម្យ៉ាងទៅ សូម្បីតែផ្កាយទាំងប៉ុន្មានសោត ក៏មានរស្មីខុសពីគ្នាដែរ សេចក្ដីដែលមនុស្សស្លាប់បានរស់ឡើងវិញ នោះក៏បែបដូច្នោះដែរ គេបានកប់ទៅ ជារូបកាយ ដែលពុករលួយ តែរស់ឡើងវិញ ជារូបកាយមិនចេះពុករលួយឡើយ បានកប់ទៅ ទាំងមានសេចក្ដីអាប់ឱន តែរស់ឡើងវិញ ទាំងមានសិរីល្អ បានកប់ទៅ ទាំងមានសេចក្ដីកំសោយ តែរស់ឡើងវិញ ទាំងមានព្រះចេស្តា បានកប់ទៅ ជារូបកាយ ខាងសាច់ឈាម តែរស់ឡើង ជារូបកាយខាងវិញ្ញាណវិញ បើមានរូបកាយ ខាងសាច់ឈាម នោះក៏មានរូបកាយ ខាងវិញ្ញាណដែរ ដូចជាសេចក្ដីដែលចែងទុក ពីលោកអ័ដាម ដែលជាមនុស្សមុនដំបូងថា «បានត្រឡប់ជាមានព្រលឹងរស់» តែលោកអ័ដាមក្រោយបង្អស់ ជាវិញ្ញាណដ៏ប្រោសឲ្យរស់វិញ ឯវិញ្ញាណមិនមែនកើតមុនទេ គឺជារូបសាច់ទេតើ រួចទើបមានវិញ្ញាណជាខាងក្រោយ មនុស្សមុនដំបូងកើតមកពីដី គឺធ្វើមកពីធូលីដី តែមនុស្សទី២ ជាព្រះអម្ចាស់ដែលចេញមកពីស្ថានសួគ៌វិញ ឯមនុស្សដែលកើតពីធូលីដីមកជាយ៉ាងណា នោះអស់អ្នកដែលកើតពីធូលីដី ក៏យ៉ាងនោះដែរ ហើយព្រះអម្ចាស់ ដែលយាងមកពីស្ថានសួគ៌ ជាយ៉ាងណា ពួកស្ថានសួគ៌ក៏យ៉ាងនោះដែរ យើងក៏នឹងមានរូបរាងរបស់ព្រះអម្ចាស់ពីស្ថានសួគ៌ ដូចជាយើងមានរូបរាងរបស់មនុស្ស ដែលធ្វើពីធូលីមកដែរ បងប្អូនអើយ សេចក្ដីដែលខ្ញុំចង់និយាយនេះ គឺថា សាច់ឈាមពុំអាចនឹងគ្រងនគរព្រះជាមរដកបានឡើយ ហើយសេចក្ដីពុករលួយក៏ពុំអាចនឹងគ្រងសេចក្ដី ដែលមិនចេះពុករលួយបានដែរ។ នែ ខ្ញុំប្រាប់អ្នករាល់គ្នាពីសេចក្ដីអាថ៌កំបាំង គឺថាយើងទាំងអស់គ្នានឹងមិនដេកលក់ទៅទេ តែទាំងអស់គ្នានឹងបានផ្លាស់ប្រែទៅក្នុង១រំពេចវិញ គឺក្នុង១ប៉ប្រិចភ្នែកប៉ុណ្ណោះ ក្នុងកាលដែលឮសូរត្រែក្រោយបង្អស់ ដ្បិតត្រែនឹងឮឡើងមែន នោះពួកស្លាប់នឹងរស់ឡើងវិញ មិនពុករលួយទៀតឡើយ រួចយើងរាល់គ្នានឹងបានផ្លាស់ប្រែទៅ ដ្បិតត្រូវតែរូបកាយដ៏ពុករលួយនេះ បានប្រដាប់ដោយសេចក្ដីមិនពុករលួយវិញ ហើយរូបកាយដែលរមែងស្លាប់នេះ ត្រូវតែបានប្រដាប់ដោយសេចក្ដីមិនចេះស្លាប់វិញដែរ កាលណារូបកាយពុករលួយនេះ បានប្រដាប់ដោយសេចក្ដីមិនពុករលួយ ហើយរូបកាយដែលតែងតែស្លាប់នេះ បានប្រដាប់ដោយសេចក្ដីមិនចេះស្លាប់វិញ នោះទើបនឹងបានសំរេចតាមពាក្យ ដែលចែងទុកមកថា «សេចក្ដីជ័យជំនះបានលេបសេចក្ដីស្លាប់បាត់ហើយ» «ឱសេចក្ដីស្លាប់អើយ ទ្រនិចឯងនៅឯណា សេចក្ដីស្លាប់អើយ ជ័យជំនះរបស់ឯងនៅឯណា» រីឯទ្រនិចនៃសេចក្ដីស្លាប់ គឺជាអំពើបាប ហើយអំណាចរបស់បាប គឺជាក្រិត្យវិន័យ តែអរព្រះគុណដល់ព្រះអង្គ ពីព្រោះទ្រង់ប្រទានឲ្យយើងរាល់គ្នាមានជ័យជំនះ ដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង បានជាបងប្អូនស្ងួនភ្ងាអើយ ចូរកាន់យ៉ាងខ្ជាប់ខ្ជួន ដោយឥតរង្គើ ទាំងធ្វើការព្រះអម្ចាស់ ឲ្យបរិបូរជាដរាបចុះ ដោយដឹងថា ការដែលអ្នករាល់គ្នាខំប្រឹងធ្វើក្នុងព្រះអម្ចាស់ នោះមិនមែនឥតប្រយោជន៍ទេ។