១ កូរិន‌ថូស 15:36-58

១ កូរិន‌ថូស 15:36-58 គកស១៦

មនុស្ស​ល្ងង់​អើយ! គ្រាប់​ពូជ​ដែល​អ្នក​សាប​ព្រោះ បើ​វា​មិន​ស្លាប់​ទេ នោះ​វា​ក៏​មិន​រស់​ឡើង​វិញ​ដែរ។ គ្រាប់​ពូជ​ដែល​អ្នក​សាប​ព្រោះ​នោះ មិន​មែន​ដូច​ជា​ដើម​ដែល​ត្រូវ​ដុះ​ឡើង​នោះ​ទេ គឺ​ជា​គ្រាប់​សុទ្ធ‌សាធ ដូច​ជា​គ្រាប់​ស្រូ​វ ឬ​គ្រាប់​អ្វី​ផ្សេង​ទៀត​ដែរ។ ប៉ុន្តែ ព្រះ​ប្រទាន​ឲ្យ​ពូជ​នោះ​មាន​រូប​រាង តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ ហើយ​ឲ្យ​ពូជ​នីមួយៗ មាន​រូប​រាង​តាម​ប្រភេទ​របស់​វា។ គ្រប់​ទាំង​សាច់​ក៏​មិន​ដូច​គ្នា​ដែរ គឺ​មាន​សាច់​ម្យ៉ាង​សម្រាប់​មនុស្ស សាច់​ម្យ៉ាង​សម្រាប់​សត្វ​ចតុបាទ សាច់​ម្យ៉ាង​សម្រាប់​សត្វ​ស្លាប និង​សាច់​ម្យ៉ាង​សម្រាប់​ត្រី។ មាន​រូប‌កាយ​នៅ​ស្ថាន‌សួគ៌ និង​រូប‌កាយ​នៅ​ផែនដី តែ​សិរី‌ល្អរបស់​រូប‌កាយ​នៅ​ស្ថាន‌សួគ៌ ផ្សេង​ពី​រូប‌កាយ​នៅ​ផែនដី។ ព្រះ‌អា​ទិ​ត្យ​មាន​សិរីល្អ​ម៉្យាង ព្រះ‌ចន្ទ​មាន​សិរីល្អ​ម៉្យាង ផ្កា​យក៏​មាន​សិរីល្អ​ម៉្យាង ហើយ​សូម្បី​តែ​ផ្កា​យក៏​មាន​សិរីល្អ​ផ្សេង​គ្នា​ដែរ។ ចំណែក​ឯ​មនុស្ស​ស្លាប់​ដែល​រស់​ឡើង​វិញ ក៏​ដូច្នោះ​ដែរ រូប​កាយ​ដែល​បាន​កប់​ទៅ ជា​រូប‌កាយ​ពុក​រលួយ តែ​រូប​កាយ​ដែល​រស់​ឡើង​វិញ ជា​រូប‌កាយ​មិន​ចេះ​ពុក​រលួយ។ រូប​កាយ​ដែល​បាន​កប់​ទៅ ជា​រូប​កាយ​អាប់​ឱន តែ​រូប​កាយ​ដែល​រស់​ឡើង​វិញ ជា​រូប​កាយ​ប្រកប​ដោយ​សិរីល្អ។ រូប​កាយ​ដែល​បាន​កប់​ទៅ ជា​រូប​កាយ​ទន់​ខ្សោយ តែ​រូប​កាយ​ដែល​រស់​ឡើង​វិញ ជា​រូប​កាយ​ប្រកប​ដោយ​ចេស្តា។ រូប​កាយ​ដែល​បាន​កប់​ទៅ ជា​រូប‌កាយ​ខាង​សាច់​ឈាម តែ​រូប​កាយ​ដែល​រស់​ឡើង​វិញ ជា​រូប‌កាយ​ខាង​វិញ្ញាណ ហើយ​បើ​មាន​រូប‌កាយ​ខាង​សាច់​ឈាម នោះ​រូប‌កាយ​ខាង​វិញ្ញាណ​ក៏​មាន​ដែរ។ ហេតុ​នេះ​ហើយ​បាន​ជា​មាន​សេចក្តី​ចែង​ទុក​មក​ថា «លោក​អ័ដាម​ដែល​ជា​មនុស្ស​មុន​ដំបូង បាន​ត្រឡប់​ជា​មាន​ព្រលឹង​រស់​ឡើង» តែ​លោក​អ័ដាម​ចុង​ក្រោយ​បង្អស់ ត្រឡប់​ជា​វិញ្ញាណ​ដែល​ផ្ដល់​ជីវិត។ ប៉ុន្តែ មិន​មែន​រូប​កាយ​ខាង​វិញ្ញាណ​ទេ​ដែល​កើត​មុន គឺ​រូប​កាយ​ខាង​សាច់​ឈាម​វិញ បន្ទាប់​មក ទើប​រូប​កាយ​ខាង​វិញ្ញាណ​មក​តាម​ក្រោយ។ មនុស្ស​ទីមួយកើត​ចេញ​ពី​ដី​មក គឺ​ធ្វើ​ពី​ធូលី​ដី រីឯ​មនុស្ស​ទីពីរ​វិញ មក​ពី​ស្ថាន‌សួគ៌។ មនុស្ស​ម្នាក់​ដែល​កើត​ពី​ធូលី​ដី​មក​ជា​យ៉ាង​ណា នោះ​អស់​អ្នក​ដែល​កើត​ពី​ធូលី​ដី​ក៏​យ៉ាង​នោះ​ដែរ ហើយ​មនុស្ស​ម្នាក់​ដែល​មក​ពី​ស្ថាន‌សួគ៌​ជា​យ៉ាង​ណា អស់​អ្នក​ដែល​កើត​ពី​ស្ថាន‌សួគ៌​ក៏​យ៉ាង​នោះ​ដែរ។ យើង​មាន​រូប​រាង​ដូច​មនុស្ស​ដែល​ធ្វើ​ពី​ធូលី​មក​យ៉ាង​ណា នោះ​យើង​ក៏​នឹង​មាន​រូប​រាង​ដូច​មនុស្ស​ដែល​មក​ពី​ស្ថាន‌សួគ៌​យ៉ាង​នោះ​ដែរ។ បង‌ប្អូន​អើយ សេចក្តី​ដែល​ខ្ញុំ​ចង់​និយាយ​នេះ គឺ​ថា សាច់​ឈាម​មិន​អាច​គ្រង​ព្រះរាជ្យ​របស់​ព្រះ​ទុក​ជា​មត៌ក​បាន​ឡើយ ហើយ​សេចក្តី​ពុក​រលួយ ក៏​មិន​អាច​គ្រង​សេចក្តី​ដែល​មិន​ចេះ​ពុក​រលួយ​បាន​ដែរ។ មើល៍ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ពី​អាថ៌‌កំបាំង គឺ​ថា យើង​ទាំង‌អស់​គ្នា​នឹង​មិន​ដេក​លក់​ទេ តែ​យើង​ទាំង‌អស់​គ្នា​នឹង​ត្រូវ​ផ្លាស់​ប្រែ ក្នុង​រយៈ​ពេល​ដ៏​ខ្លី គឺ​មួយ​ប៉ប្រិច​ភ្នែក​ប៉ុណ្ណោះ នៅ​ពេល​ឮ​សំឡេង​ត្រែ​ចុង​ក្រោយ។ ដ្បិត​សំឡេង​ត្រែ​នឹង​បន្លឺ​ឡើង ហើយ​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ មិន​ពុក​រលួយ​ទៀត​ឡើយ រួច​យើង​នឹង​ត្រូវ​ផ្លាស់​ប្រែ។ ដ្បិត​រូប‌កាយ​ដែល​ពុក​រលួយ​នេះ ត្រូវ​តែ​ពាក់​សេចក្តី​មិន​ពុក​រលួយ ហើយ​រូប‌កាយ​ដែល​តែង​តែ​ស្លាប់​នេះ ត្រូវ​តែ​ពាក់​សេចក្តី​មិន​ចេះ​ស្លាប់​វិញ។ នៅ​ពេល​រូប‌កាយ​ពុក​រលួយ​នេះ ពាក់​សេចក្តី​មិន​ពុក​រលួយ ហើយ​រូប‌កាយ​ដែល​តែង​តែ​ស្លាប់​នេះ ពាក់​សេចក្តី​មិន​ចេះ​ស្លាប់ នោះ​សេចក្ដី​ដែល​បាន​ចែង​ទុក​មក​នឹង​បាន​សម្រេច គឺ​ថា៖ «ជ័យ​ជម្នះ​បាន​លេប​សេចក្តី​ស្លាប់​បាត់​ហើយ» «ឱ​សេចក្តី​ស្លាប់​អើយ តើ​ជ័យ‌ជម្នះ​របស់​ឯង​នៅ​ឯ​ណា? ឱ​សេចក្តី​ស្លាប់​អើយ តើ​ទ្រនិច​របស់​ឯង​នៅ​ឯ​ណា?» រី​ឯ​ទ្រនិច​នៃ​សេចក្តី​ស្លាប់ គឺ​អំពើ​បាប ហើយ​អំណាច​របស់​បាប គឺ​ក្រឹត្យ‌វិន័យ តែ​អរ​ព្រះ‌គុណ​ដល់​ព្រះ ដែល​ទ្រង់​ប្រទាន​ឲ្យ​យើង​មាន​ជ័យ​ជម្នះ តាម​រយៈ​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​របស់​យើង។ ដូច្នេះ បង‌ប្អូន​ស្ងួន‌ភ្ងា​អើយ ចូរ​ឈរ​ឲ្យ​មាំ​មួន កុំ​រង្គើ ទាំង​ធ្វើ​ការ​ព្រះ‌អម្ចាស់​ឲ្យ​បរិបូរ​ជានិច្ច ដោយ​ដឹង​ថា កិច្ច‌ការ​ដែល​អ្នក​រាល់​គ្នា​ខំ​ប្រឹង​ធ្វើ​ក្នុង​ព្រះ‌អម្ចាស់ នោះ​មិន​ឥត​ប្រយោជន៍​ឡើយ។