១ កូរិនថូស 15:12-20

១ កូរិនថូស 15:12-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ប្រសិន​បើ​យើង​ប្រកាស​ថា ព្រះ‌គ្រិស្ត*​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ហេតុ​អ្វី​បាន​ជា​មាន​អ្នក​ខ្លះ​ក្នុង​ចំណោម​បងប្អូន​បែរ​ជា​ពោល​ថា មនុស្ស​ស្លាប់​មិន​រស់​ឡើង​វិញ​ដូច្នេះ? ប្រសិន​បើ​មនុស្ស​ស្លាប់​មិន​រស់​ឡើង​វិញ​ទេ​នោះ ព្រះ‌គ្រិស្ត​ក៏​មិន​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​ដែរ ហើយ​បើ​ព្រះ‌គ្រិស្ត​មិន​បាន​រស់​ឡើង​វិញ​ទេ សេចក្ដី​ដែល​យើង​ប្រកាស​មុខ​ជា​គ្មាន​ន័យ​អ្វី​សោះ​ឡើយ ហើយ​ជំនឿ​របស់​បងប្អូន​ក៏​គ្មាន​ន័យ​អ្វី​ដែរ។ បើ​ដូច្នេះ បាន​សេចក្ដី​ថា យើង​ជា​បន្ទាល់​ក្លែង‌ក្លាយ​អំពី​ព្រះ‌ជាម្ចាស់ ដោយ​ផ្ដល់​សក្ខីភាព​ខុស​ថា ព្រះអង្គ​បាន​ប្រោស​ព្រះ‌គ្រិស្ត​ឲ្យ​រស់​ឡើង​វិញ។ ប៉ុន្តែ ប្រសិន​បើ​មនុស្ស​ស្លាប់​មិន​រស់​ឡើង​វិញ​ទេ​នោះ ព្រះអង្គ​ក៏​មិន​បាន​ប្រោស​ព្រះ‌គ្រិស្ត​ឲ្យ​រស់​ឡើង​វិញ​ដែរ ដ្បិត​បើ​មនុស្ស​ស្លាប់​មិន​រស់​ឡើង​វិញ​ទេ ព្រះ‌គ្រិស្ត​ក៏​មិន​រស់​ឡើង​វិញ​ដែរ ហើយ​បើ​ព្រះ‌គ្រិស្ត​មិន​បាន​រស់​ឡើង​វិញ​ទេ ជំនឿ​របស់​បងប្អូន​គ្មាន​ន័យ​អ្វី​ទាល់​តែ​សោះ បងប្អូន​នៅ​តែ​ជាប់​បាប​ដដែល។ រីឯ​អស់​អ្នក​ដែល​ស្លាប់​រួម​ជា​មួយ​ព្រះ‌គ្រិស្ត ក៏​ត្រូវ​វិនាស​សាប‌សូន្យ​ទាំង​អស់​គ្នា​ដែរ។ ប្រសិន​បើ​យើង​សង្ឃឹម​ទៅ​លើ​ព្រះ‌គ្រិស្ត សម្រាប់​តែ​ជីវិត​នេះ​ប៉ុណ្ណោះ​ទេ យើង​ជា​អ្នក​វេទនា​ជាង​គេ​បំផុត​ក្នុង​ចំណោម​មនុស្ស​ទាំង​អស់​ហើយ!។ ប៉ុន្តែ ព្រះ‌គ្រិស្ត​ពិត​ជា​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​មែន។ ក្នុង​ចំណោម​មនុស្ស​ស្លាប់ ព្រះអង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​មុន​គេ​បង្អស់ ។

១ កូរិនថូស 15:12-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ប្រសិន‌បើ​យើង​ប្រកាស​ថា ព្រះ‌គ្រីស្ទ​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ ម្តេ​ច​បាន​ជា​អ្នក​រាល់​គ្នា​ខ្លះ​និយាយ​ថា មនុស្ស​ស្លាប់​មិន​រស់​ឡើង​វិញ​ដូច្នេះ? ប្រសិន‌បើ​មនុស្ស​ស្លាប់​មិន​រស់​ឡើង​វិញ​ទេ នោះ​ព្រះ‌គ្រីស្ទ​ក៏​មិន​បាន​រស់​ឡើង​វិញ​ដែរ ហើយ​បើ​ព្រះ‌គ្រីស្ទ​មិន​បាន​រស់​ឡើង​វិញ​ទេ នោះ​ដំណឹង​ដែល​យើង​ប្រកាស ឥ​ត​ប្រយោជន៍​សោះ ហើយ​ជំនឿ​របស់​អ្នក​រាល់​គ្នា ក៏​ឥត​ប្រយោជន៍​ដែរ។ យ៉ាង​នោះ ឈ្មោះ​ថា​យើង​ជា​ស្មរ‌បន្ទាល់​ក្លែង​ក្លាយ​ពី​ព្រះ ព្រោះ​យើង​បាន​ធ្វើ​ប​ន្ទា​ល់​ពី​ព្រះ​ថា ព្រះ‌អង្គ​បាន​ប្រោស​ព្រះ‌គ្រីស្ទ​ឲ្យ​រស់​ឡើង​វិញ តែ​បើ​មនុស្ស​ស្លាប់​មិន​រស់​ឡើង​វិញ​មែន នោះ​ព្រះ‌អង្គ​ក៏​មិន​បាន​ប្រោស​ព្រះ‌គ្រីស្ទ​ឲ្យ​រស់​ឡើង​វិញ​ដែរ។ ដ្បិត​បើ​មនុស្ស​ស្លាប់​មិន​រស់​ឡើង​វិញ​ទេ នោះ​ព្រះ‌គ្រីស្ទ​ក៏​មិន​បាន​រស់​ឡើង​វិញ​ដែរ ហើយ​បើ​ព្រះ‌គ្រីស្ទ​មិន​បាន​រស់​ឡើង​វិញ​មែន នោះ​ជំនឿ​របស់​អ្នក​រាល់​គ្នា ឥ​ត​ប្រយោជន៍​សោះ អ្នក​រាល់​គ្នា​នៅ​ជាប់​ក្នុង​អំពើ​បាប​ដដែល ឯ​អស់​អ្នក​ដែល​បាន​ស្លាប់​ក្នុង​ព្រះ‌គ្រីស្ទ ក៏​បាន​វិនាស​ដែរ។ ប្រសិន‌បើ​យើង​សង្ឃឹម​លើ​ព្រះ‌គ្រីស្ទ​តែ​ក្នុង​ជីវិត​នេះ​ប៉ុណ្ណោះ នោះ​ក្នុង​ចំណោម​មនុស្ស​ទាំង‌អស់ យើង​វេទនា​ជាង​គេ​បំផុត។ ប៉ុន្តែ ព្រះ‌គ្រីស្ទ​ពិត​ជា​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ​មែន ជា​ផល​ដំបូង​ក្នុង​ចំណោម​អស់​អ្នក​ដែល​បាន​ស្លាប់។

១ កូរិនថូស 15:12-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

បើ​សិន​ជា​បាន​ផ្សាយ​ដំណឹង​ល្អ​ពី​ព្រះ‌គ្រីស្ទ​ថា ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ​ហើយ នោះ​ធ្វើ​ដូច​ម្តេច​ឲ្យ​ពួក​អ្នក​រាល់​គ្នា​ខ្លះ និយាយ​បាន ថា​ពួក​ស្លាប់​មិន​រស់​ឡើង​វិញ​ទេ បើ​សិន​ជា​ពួក​ស្លាប់​មិន​រស់​ឡើង​វិញ​មែន នោះ​ព្រះ‌គ្រីស្ទ​ក៏​មិន​បាន​រស់​ឡើង​វិញ​ដែរ ហើយ​បើ​ព្រះ‌គ្រីស្ទ​មិន​បាន​រស់​ឡើង​វិញ នោះ​ដំណឹង​ដែល​យើង​ខ្ញុំ​ផ្សាយ​នេះ ជា​ការ​ឥត​ប្រយោជន៍​ទទេ ហើយ​សេចក្ដី​ជំនឿ​របស់​អ្នក​រាល់​គ្នា ក៏​ឥត​អំពើ​ដែរ ឈ្មោះ​ថា​យើង​ខ្ញុំ​ជា​ស្មរ​បន្ទាល់​ក្លែង‌ក្លាយ​ពី​ព្រះ​វិញ ដ្បិត​យើង​ខ្ញុំ​បាន​ធ្វើ​បន្ទាល់​ពី​ព្រះ​ថា ទ្រង់​បាន​ប្រោស​ឲ្យ​ព្រះ‌គ្រីស្ទ​រស់​ឡើង​វិញ​ហើយ តែ​បើ​ពួក​ស្លាប់​មិន​រស់​ឡើង​វិញ​មែន នោះ​ប្រាកដ​ជា​ទ្រង់​មិន​បាន​ប្រោស​ឲ្យ​ព្រះ‌គ្រីស្ទ​រស់​ឡើង​វិញ​ពិត ដ្បិត​បើ​សិន​ជា​ពួក​ស្លាប់​មិន​រស់​ឡើង​ទេ នោះ​ព្រះ‌គ្រីស្ទ​ក៏​មិន​បាន​រស់​ឡើង​ដែរ ហើយ​បើ​ព្រះ‌គ្រីស្ទ​មិន​បាន​រស់​ឡើង​វិញ​មែន នោះ​សេចក្ដី​ជំនឿ​របស់​អ្នក​រាល់​គ្នា​ក៏​ជា​ការ​ឥត​អំពើ អ្នក​រាល់​គ្នា​នៅ​ក្នុង​អំពើ​បាប​នៅ​ឡើយ ហើយ​អស់​អ្នក​ដែល​បាន​ដេក​លក់​ទៅ​ក្នុង​ព្រះ‌គ្រីស្ទ គេ​បាន​ត្រូវ​វិនាស​ហើយ បើ​សិន​ជា​យើង​មាន​ទី​សង្ឃឹម​ក្នុង​ព្រះ‌គ្រីស្ទ នៅ​តែ​ក្នុង​ជីវិត​នេះ​ប៉ុណ្ណោះ នោះ​យើង​វេទនា លើស​ជាង​មនុស្ស​ទាំង​អស់​ទៅ​ទៀត។ តែ​ឥឡូវ​នេះ ព្រះ‌គ្រីស្ទ​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ​ជា​ពិត ជា​ផល​ដំបូង​ពី​ពួក​អ្នក​ដែល​បាន​ដេក​លក់​ទៅ​ហើយ