១ កូរិនថូស 14:26-40

១ កូរិនថូស 14:26-40 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដូច្នេះ បង‌ប្អូន​អើយ តើ​ត្រូវ​ធ្វើ​ដូច‌ម្តេច? ពេល​អ្នក​រាល់​គ្នា​មក​ជួប​ប្រជុំ​គ្នា គ្រប់​គ្នា​មាន​ទំនុក​តម្កើង មាន​សេចក្តី​បង្រៀន មាន​ការ​បើក​សម្ដែង មាន​ភាសា​ដទៃ មាន​ការ​បក​ប្រែ។ ចូរ​ធ្វើ​គ្រប់​ការ​ទាំង‌អស់​សម្រាប់​ស្អាង​ចិត្ត​ចុះ។ បើ​មាន​អ្នក​ណា​និយាយ​ភាសា​ដទៃ ត្រូវ​និយាយ​តែ​ពីរ ឬ​បី​នាក់​យ៉ាង​ច្រើន ហើយ​ម្នាក់​ម្ត​ងៗ រួច​ត្រូវ​មាន​ម្នាក់​បក​ប្រែ​ផង។ តែ​បើ​គ្មាន​អ្នក​ណា​បក​ប្រែ​ទេ ត្រូវ​ឲ្យ​គេ​នៅ​ស្ងៀម​ក្នុង​ក្រុម​ជំនុំ​ចុះ ហើយ​និយាយ​ទៅ​កាន់​ព្រះ​តែ​ក្នុង​ចិត្ត​ទៅ។ ឯ​អ្នក​ដែល​ថ្លែង​ទំនាយ ចូរ​ឲ្យ​ពីរ ឬ​បី​នាក់​និយាយ ហើយ​ឲ្យ​អ្នក​ឯទៀតៗ​ពិចារណា​មើល។ បើ​មាន​អ្នក​ណា​ម្នាក់​ទៀត​អង្គុយ​នៅ​ទី​នោះ បាន​ទទួល​ការ​បើក​សម្ដែង​ដែរ ត្រូវ​ឲ្យ​អ្នក​មុន​នៅ​ស្ងៀម​សិន។ ដ្បិត​អ្នក​រាល់​គ្នា​ទាំង‌អស់ អាច​ថ្លែង​ទំនាយ​បាន​ម្នាក់​ម្ត​ងៗ ដើម្បី​ឲ្យ​គ្រប់​គ្នា​បាន​រៀ​ន ហើយ​ឲ្យ​គ្រប់​គ្នា​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត ឯ​វិញ្ញាណ​របស់​ពួក​អ្នក​ដែល​ថ្លែង​ទំនាយ គឺ​ស្ថិត​នៅ​ក្រោម​អំណាច​របស់​អ្នក​ថ្លែង​ទំនាយ​នោះ​ឯង ដ្បិត​ព្រះ​មិន​មែន​ជា​ព្រះ​ដែល​ឥត​សណ្ដាប់​ទេ គឺ​ជា​ព្រះ​នៃ​សេចក្តី​សុខ‌សាន្ត​វិញ។ ដូច​នៅ​ក្នុង​ក្រុម​ជំនុំ​ទាំង​អស់​របស់​ពួក​បរិសុទ្ធ​ដែរ ស្ត្រីៗ​ត្រូវ​ស្ងាត់​ស្ងៀម​នៅ​ក្នុង​ក្រុម​ជំនុំ ដ្បិត​មិន​អនុញ្ញាត​ឲ្យ​និយាយ​ឡើយ គឺ​នាង​ត្រូវ​ចុះ​ចូល ដូច​មាន​ក្រឹត្យ‌វិន័យ​ចែង​ទុក​មក​ស្រាប់។ ប្រសិន‌បើ​មាន​អ្វី​មួយ​ដែល​នាង​ចង់​ដឹង ត្រូវ​សួរ​ប្តី​នៅ​ឯ​ផ្ទះ​ចុះ ដ្បិត​ដែល​ស្រ្ដីៗ​និយាយ​នៅ​ក្នុង​ក្រុម​ជំនុំ នោះ​គួរ​ខ្មាស​ហើយ។ តើ​ព្រះ‌បន្ទូល​បាន​ចេញ​ពី​អ្នក​រាល់​គ្នា​មក​ឬ? ឬ​មួយ​មាន​តែ​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ​ដែល​ទទួល​បាន? ប្រសិន‌បើ​អ្នក​ណា​ម្នាក់​ស្មាន​ថា ខ្លួន​ជា​អ្នក​ថ្លែង​ទំនាយ ឬ​ថា ខ្លួន​ជា​អ្នក​មាន​អំណោយ‌ទាន​ខាង​វិញ្ញាណ ត្រូវ​ឲ្យ​អ្នក​នោះ​ទទួល​ស្គាល់​ថា សេចក្តី​ដែល​ខ្ញុំ​សរ‌សេរ​មក​អ្នក​រាល់​គ្នា​នេះ ជា​ព្រះឱវាទ​របស់​ព្រះ‌អម្ចាស់។ បើ​អ្នក​ណា​មិន​ទទួល​ស្គាល់​សេចក្ដី​នេះ​ទេ ត្រូវ​ឲ្យ​អ្នក​នោះ​គ្មាន​ការ​ទទួល​ស្គាល់​ទៅ​ចុះ។ ដូច្នេះ បង‌ប្អូន​អើយ ចូរ​សង្វាត​ឲ្យ​បាន​ថ្លែង​ទំនាយ ហើយ​មិន​ត្រូវ​ហាម​ឃាត់​មិន​ឲ្យ​និយាយ​ភាសា​ដទៃ​ឡើយ តែ​ត្រូវ​ធ្វើ​ការ​ទាំង‌អស់​ដោយ​សមរម្យ ហើយ​ដោយ​មាន​សណ្ដាប់​ធ្នាប់​ចុះ។

១ កូរិនថូស 14:26-40 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បងប្អូន​អើយ ដូច្នេះ តើ​ត្រូវ​ធ្វើ​ដូច​ម្ដេច? ពេល​បងប្អូន​រួម​ប្រជុំ​គ្នា ប្រសិន​បើ​ម្នាក់​ច្រៀង​បទ​លើក​តម្កើង​ព្រះ‌ជាម្ចាស់ ម្នាក់​បង្រៀន ម្នាក់​ពន្យល់​សេចក្ដី​ដែល​ព្រះ‌ជាម្ចាស់​សម្តែង​ប្រាប់ ម្នាក់​និយាយ​ភាសា​ចម្លែក​អស្ចារ្យ* ម្នាក់​ទៀត​បក​ប្រែ ត្រូវ​ធ្វើ​ការ​ទាំង​អស់​នេះ ដើម្បី​កសាង​ក្រុម‌ជំនុំ។ បើ​បងប្អូន​និយាយ​ភាសា​ចម្លែក​អស្ចារ្យ ត្រូវ​ឲ្យ​ពីរ ឬ​បី​នាក់​យ៉ាង​ច្រើន​និយាយ ហើយ​និយាយ​ម្នាក់​ម្ដងៗ ដោយ​មាន​អ្នក​បក​ប្រែ​ផង​ដែរ។ ប្រសិន​បើ​គ្មាន​អ្នក​បក​ប្រែ​ទេ​នោះ បងប្អូន​ត្រូវ​នៅ​ស្ងៀម កុំ​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​ក្នុង​ក្រុម‌ជំនុំ​ឡើយ ចូរ​និយាយ​តែ​ក្នុង​ចិត្ត និង​និយាយ​ទៅ​កាន់​ព្រះ‌ជាម្ចាស់​បាន​ហើយ។ រីឯ​ការ​ថ្លែង​ព្រះ‌បន្ទូល​វិញ ត្រូវ​ឲ្យ​ពីរ ឬ​បី​នាក់​ថ្លែង ហើយ​អ្នក​ឯ​ទៀតៗ​ត្រូវ​ពិចារណា​មើល។ បើ​មាន​នរណា​ម្នាក់​ដែល​អង្គុយ​ក្នុង​អង្គ​ប្រជុំ​នោះ បាន​ទទួល​គំនិត​អ្វី​មួយ​ពី​ព្រះ‌ជាម្ចាស់ ត្រូវ​ឲ្យ​អ្នក​កំពុង​និយាយ​ផ្អាក​សិន ដ្បិត​បងប្អូន​ទាំង​អស់​គ្នា​អាច​ថ្លែង​ព្រះ‌បន្ទូល​ម្នាក់​ម្ដងៗ ដើម្បី​បាន​ទទួល​ការ​អប់រំ និង​ទទួល​ការ​លើក​ទឹក​ចិត្ត​គ្រប់ៗ​គ្នា។ ព្រះ‌អំណោយ​ទាន​ខាង​ការ​ថ្លែង​ព្រះ‌បន្ទូល ស្ថិត​នៅ​ក្រោម​អំណាច​របស់​អ្នក​ថ្លែង​ព្រះ‌បន្ទូល ដ្បិត​ព្រះ‌ជាម្ចាស់​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​ការ​ខ្វះ​សណ្ដាប់‌ធ្នាប់​ទេ គឺ​ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​នឹង​សេចក្ដី​សុខ‌សាន្ត។ សូម​ឲ្យ​ស្ត្រីៗ​នៅ​ស្ងៀម​ក្នុង​អង្គ​ប្រជុំ ដូច​មាន​ទម្លាប់​នៅ​ក្នុង​ក្រុម‌ជំនុំ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌ជាម្ចាស់។ នាង​គ្មាន​សិទ្ធិ​និយាយ​អ្វី​ក្នុង​ពេល​ប្រជុំ​ទេ គឺ​ត្រូវ​នៅ​ស្ងៀម ស្ដាប់​គេ ដូច​មាន​ចែង​ទុក​មក​ក្នុង​ក្រឹត្យ‌វិន័យ​ស្រាប់។ ប្រសិន​បើ​នាង​ចង់​ដឹង​រឿង​អ្វី​មួយ ត្រូវ​សួរ​ប្ដី​នាង​ឯ​ផ្ទះ​ទៅ ព្រោះ​ស្ត្រីៗ​និយាយ​ក្នុង​ក្រុម‌ជំនុំ​មិន​សមរម្យ​ទេ។ តើ​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់​ចេញ​មក​ពី​ចំណោម​បងប្អូន​ឬ? ឬ​មួយ​មាន​តែ​បងប្អូន​ប៉ុណ្ណោះ​ទេ​ដែល​បាន​ទទួល​ព្រះ‌បន្ទូល? ប្រសិន​បើ​នរណា​ម្នាក់​នឹក​ស្មាន​ថា ខ្លួន​ជា​អ្នក​ថ្លែង​ព្រះ‌បន្ទូល ឬ​ស្មាន​ថា ខ្លួន​ជា​អ្នក​ទទួល​អំណោយ​ទាន​ពី​ព្រះ‌វិញ្ញាណ ត្រូវ​ឲ្យ​អ្នក​នោះ​ទទួល​ស្គាល់​ថា សេចក្ដី​ដែល​ខ្ញុំ​សរសេរ​ជូន​មក​បងប្អូន​នេះ ក៏​ជា​បទ‌បញ្ជា​របស់​ព្រះ‌អម្ចាស់​ដែរ ហើយ​ប្រសិន​បើ​មាន​អ្នក​ណា​ម្នាក់​មិន​ព្រម​ទទួល​ស្គាល់​បទ‌បញ្ជា​នេះ​ទេ ព្រះ‌ជាម្ចាស់​ក៏​មិន​ទទួល​ស្គាល់​អ្នក​នោះ​ដែរ។ ហេតុ​នេះ បងប្អូន​អើយ ចូរ​ប្រាថ្នា​ចង់​ថ្លែង​ព្រះ‌បន្ទូល ហើយ​មិន​ត្រូវ​ហាម​ឃាត់​គេ​មិន​ឲ្យ​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​ឡើយ ត្រូវ​ធ្វើ​ការ​ទាំង​អស់​នេះ ដោយ​សមរម្យ និង​ដោយ​មាន​សណ្ដាប់‌ធ្នាប់។

១ កូរិនថូស 14:26-40 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច្នេះ ធ្វើ​ដូច​ម្តេច បង​ប្អូន​អើយ កាល​ណា​អ្នក​រាល់​គ្នា​ប្រជុំ នោះ​គ្រប់​គ្នា​មាន​ទំនុក‌ដំកើង មាន​សេចក្ដី​បង្រៀន មាន​សេចក្ដី​បើក​សំដែង មាន​និយាយ​ភាសា​ដទៃ មាន​សេចក្ដី​បក​ប្រែ​ដែរ ត្រូវ​ឲ្យ​ធ្វើ​ការ​ទាំង​អស់ សំរាប់​នឹង​ស្អាង​ចិត្ត​ឡើង បើ​មាន​អ្នក​ណា​និយាយ​ជា​ភាសា​ដទៃ នោះ​និយាយ​បាន​តែ​២​ឬ​៣​នាក់​យ៉ាង​ច្រើន ហើយ​ម្នាក់​ម្តងៗ​ផង រួច​ត្រូវ​មាន​អ្នក​១​ជា​អ្នក​បក​ប្រែ បើ​គ្មាន​អ្នក​ណា​សំរាប់​បក​ប្រែ​ទេ នោះ​ត្រូវ​ឲ្យ​គេ​នៅ​ស្ងៀម​ក្នុង​ពួក​ជំនុំ​ចុះ ហើយ​ទូល​ដល់​ព្រះ​ដោយ​ខ្លួន​ឯង​វិញ ឯ​អ្នក​ដែល​អធិប្បាយ នោះ​ទុក​ឲ្យ​២​ឬ​៣​នាក់​សំដែង​ទៅ ហើយ​ឲ្យ​អ្នក​ឯ​ទៀត​គិត​ពិចារណា​ចុះ បើ​មាន​អ្នក​ណា​ទៀត​អង្គុយ​នៅ​ទី​នោះ ដែល​ក៏​មាន​សេចក្ដី​សំរាប់​នឹង​បើក​សំដែង​ដែរ នោះ​ត្រូវ​ឲ្យ​អ្នក​មុន​ផ្អាក​នៅ​ស្ងៀម​សិន ដ្បិត​អ្នក​រាល់​គ្នា​មាន​ច្បាប់​នឹង​អធិប្បាយ​បាន​ទាំង​អស់​គ្នា តែ​ត្រូវ​សំដែង​ម្នាក់​ម្តងៗ ដើម្បី​ឲ្យ​គ្រប់​គ្នា​បាន​រៀន​តាម ហើយ​ឲ្យ​គ្រប់​គ្នា​បាន​សេចក្ដី​ទូន្មាន​ដែរ ឯ​វិញ្ញាណ​នៃ​ពួក​អ្នក​ដែល​អធិប្បាយ នោះ​នៅ​ក្រោម​អំណាច​អ្នក​នោះ​ឯង ដ្បិត​ព្រះ‌ទ្រង់​មិន​មែន​ជា​ព្រះ​នៃ​សេចក្ដី​វឹកវរ​ទេ គឺ​ទ្រង់​ជា​ព្រះ​នៃ​សេចក្ដី​សុខ‌សាន្ត​វិញ ដូច​ក្នុង​អស់​ទាំង​ពួក​ជំនុំ​របស់​ពួក​បរិសុទ្ធ​ដែរ។ នៅ​ក្នុង​ពួក​ជំនុំ ត្រូវ​ឲ្យ​ពួក​ស្រីៗ​នៅ​ស្ងៀម ដ្បិត​គ្មាន​ច្បាប់​ឲ្យ​និយាយ​ឡើយ ត្រូវ​ឲ្យ​គេ​ប្រតិ‌បត្តិ​តាម​វិញ ដូច​ជា​ក្រិត្យ‌វិន័យ​ក៏​សំដែង​ដែរ បើ​គេ​ចង់​រៀន​អ្វី នោះ​ត្រូវ​តែ​សួរ​ប្ដី​នៅ​ឯ​ផ្ទះ​ចុះ ដ្បិត​ដែល​ពួក​ស្រីៗ​និយាយ​នៅ​ក្នុង​ពួក​ជំនុំ នោះ​គួរ​ខ្មាស​ហើយ។ ចុះ​ដូច​ម្តេច តើ​ព្រះ‌បន្ទូល​បាន​ចេញ​ពី​ពួក​អ្នក​រាល់​គ្នា​មក ឬ​បាន​មក​ត្រឹម​តែ​អ្នក​រាល់​គ្នា​តែ​ប៉ុណ្ណោះ បើ​អ្នក​ណា​ស្មាន​ថា ខ្លួន​ចេះ​អធិប្បាយ ឬ​ថា ខ្លួន​ជា​មនុស្ស​ប្រកប​ដោយ​ព្រះ‌វិញ្ញាណ នោះ​ត្រូវ​តែ​យល់​ព្រម​ថា សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​សរសេរ​ផ្ញើ​មក​អ្នក​រាល់​គ្នា​នេះ សុទ្ធ​តែ​ជា​បញ្ញត្ត​ផង​ព្រះ‌អម្ចាស់​ទាំង​អស់ បើ​អ្នក​ណា​មិន​យល់​ទេ នោះ​ឲ្យ​គេ​នៅ​តែ​មិន​យល់​ទៅ​ចុះ ដូច្នេះ បង​ប្អូន​អើយ ចូរ​សង្វាត​ឲ្យ​បាន​ចេះ​អធិប្បាយ ហើយ​កុំ​ឲ្យ​ឃាត់​មិន​ឲ្យ​និយាយ​ភាសា​ដទៃ​នោះ​ឡើយ ត្រូវ​តែ​ធ្វើ​ការ​ទាំង​អស់​តាម​បែប​គួរ​សម ហើយ​ដោយ​លំដាប់‌លំដោយ​ផង។