បងប្អូនអើយ ដូច្នេះ តើត្រូវធ្វើដូចម្ដេច? ពេលបងប្អូនរួមប្រជុំគ្នា ប្រសិនបើម្នាក់ច្រៀងបទលើកតម្កើងព្រះជាម្ចាស់ ម្នាក់បង្រៀន ម្នាក់ពន្យល់សេចក្ដីដែលព្រះជាម្ចាស់សម្តែងប្រាប់ ម្នាក់និយាយភាសាចម្លែកអស្ចារ្យ* ម្នាក់ទៀតបកប្រែ ត្រូវធ្វើការទាំងអស់នេះ ដើម្បីកសាងក្រុមជំនុំ។ បើបងប្អូននិយាយភាសាចម្លែកអស្ចារ្យ ត្រូវឲ្យពីរ ឬបីនាក់យ៉ាងច្រើននិយាយ ហើយនិយាយម្នាក់ម្ដងៗ ដោយមានអ្នកបកប្រែផងដែរ។ ប្រសិនបើគ្មានអ្នកបកប្រែទេនោះ បងប្អូនត្រូវនៅស្ងៀម កុំនិយាយភាសាចម្លែកអស្ចារ្យក្នុងក្រុមជំនុំឡើយ ចូរនិយាយតែក្នុងចិត្ត និងនិយាយទៅកាន់ព្រះជាម្ចាស់បានហើយ។ រីឯការថ្លែងព្រះបន្ទូលវិញ ត្រូវឲ្យពីរ ឬបីនាក់ថ្លែង ហើយអ្នកឯទៀតៗត្រូវពិចារណាមើល។ បើមាននរណាម្នាក់ដែលអង្គុយក្នុងអង្គប្រជុំនោះ បានទទួលគំនិតអ្វីមួយពីព្រះជាម្ចាស់ ត្រូវឲ្យអ្នកកំពុងនិយាយផ្អាកសិន ដ្បិតបងប្អូនទាំងអស់គ្នាអាចថ្លែងព្រះបន្ទូលម្នាក់ម្ដងៗ ដើម្បីបានទទួលការអប់រំ និងទទួលការលើកទឹកចិត្តគ្រប់ៗគ្នា។ ព្រះអំណោយទានខាងការថ្លែងព្រះបន្ទូល ស្ថិតនៅក្រោមអំណាចរបស់អ្នកថ្លែងព្រះបន្ទូល ដ្បិតព្រះជាម្ចាស់មិនសព្វព្រះហឫទ័យនឹងការខ្វះសណ្ដាប់ធ្នាប់ទេ គឺព្រះអង្គសព្វព្រះហឫទ័យនឹងសេចក្ដីសុខសាន្ត។ សូមឲ្យស្ត្រីៗនៅស្ងៀមក្នុងអង្គប្រជុំ ដូចមានទម្លាប់នៅក្នុងក្រុមជំនុំទាំងប៉ុន្មានរបស់ព្រះជាម្ចាស់។ នាងគ្មានសិទ្ធិនិយាយអ្វីក្នុងពេលប្រជុំទេ គឺត្រូវនៅស្ងៀម ស្ដាប់គេ ដូចមានចែងទុកមកក្នុងក្រឹត្យវិន័យស្រាប់។ ប្រសិនបើនាងចង់ដឹងរឿងអ្វីមួយ ត្រូវសួរប្ដីនាងឯផ្ទះទៅ ព្រោះស្ត្រីៗនិយាយក្នុងក្រុមជំនុំមិនសមរម្យទេ។ តើព្រះបន្ទូលរបស់ព្រះជាម្ចាស់ចេញមកពីចំណោមបងប្អូនឬ? ឬមួយមានតែបងប្អូនប៉ុណ្ណោះទេដែលបានទទួលព្រះបន្ទូល? ប្រសិនបើនរណាម្នាក់នឹកស្មានថា ខ្លួនជាអ្នកថ្លែងព្រះបន្ទូល ឬស្មានថា ខ្លួនជាអ្នកទទួលអំណោយទានពីព្រះវិញ្ញាណ ត្រូវឲ្យអ្នកនោះទទួលស្គាល់ថា សេចក្ដីដែលខ្ញុំសរសេរជូនមកបងប្អូននេះ ក៏ជាបទបញ្ជារបស់ព្រះអម្ចាស់ដែរ ហើយប្រសិនបើមានអ្នកណាម្នាក់មិនព្រមទទួលស្គាល់បទបញ្ជានេះទេ ព្រះជាម្ចាស់ក៏មិនទទួលស្គាល់អ្នកនោះដែរ។ ហេតុនេះ បងប្អូនអើយ ចូរប្រាថ្នាចង់ថ្លែងព្រះបន្ទូល ហើយមិនត្រូវហាមឃាត់គេមិនឲ្យនិយាយភាសាចម្លែកអស្ចារ្យឡើយ ត្រូវធ្វើការទាំងអស់នេះ ដោយសមរម្យ និងដោយមានសណ្ដាប់ធ្នាប់។
អាន ១ កូរិនថូស 14
ស្ដាប់នូវ ១ កូរិនថូស 14
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ កូរិនថូស 14:26-40
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ