១ កូរិនថូស 13:1-13

១ កូរិនថូស 13:1-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ទោះ​បើ​ខ្ញុំ​ចេះ​និយាយ​ភាសា​របស់​មនុស្ស​លោក និង​ភាសា​របស់​ទេវតា​ក៏​ដោយ តែ​គ្មាន​សេចក្តី​ស្រឡាញ់ នោះ​ខ្ញុំ​ប្រៀប​ដូច​ជា​ល​ង្ហិ​ន​ដែល​ឮ​ខ្ទ​រ ឬ​ដូច​ជា​ឈឹ​ង​ដែល​ឮ​ទ្រ​ហឹ​ង​ប៉ុណ្ណោះ។ បើ​ខ្ញុំ​មាន​អំណោយ‌ទាន​ថ្លែង​ទំនាយ ហើយ​ស្គាល់​អស់​ទាំង​អាថ៌‌កំបាំង និង​ចំណេះ​គ្រប់​យ៉ាង ហើយ​បើ​ខ្ញុំ​មាន​គ្រប់​ទាំង​ជំនឿ ល្ម​ម​នឹង​រើ​ភ្នំ​ចេញ​បាន តែ​គ្មាន​សេចក្តី​ស្រឡាញ់ នោះ​ខ្ញុំ​គ្មាន​ប្រយោជន៍​សោះ។ បើ​ខ្ញុំ​ចែក​អស់​ទាំង​ទ្រព្យ‌សម្ប​ត្តិ​របស់​ខ្ញុំ ហើយ​បើ​ខ្ញុំ​ប្រ​គល់​រូប‌កាយ​ខ្ញុំ​ទៅ​ឲ្យ​គេ​ដុ​ត តែ​គ្មាន​សេចក្តី​ស្រឡាញ់ នោះ​ក៏​គ្មាន​ប្រយោជន៍​អ្វី​ដល់​ខ្ញុំ​ដែរ។ សេចក្តី​ស្រឡាញ់​តែង​អត់‌ធ្មត់ ហើយក៏​ស​ប្បុរស សេចក្តី​ស្រឡាញ់​មិន​ចេះ​ឈ្នា‌នីស មិន​ចេះ​អួត​ខ្លួន មិន​វាយ​ឫក​ខ្ពស់ ក៏​មិន​ប្រព្រឹត្ត​បែប​មិន​គួរ​សម។ សេចក្ដី​ស្រឡាញ់​មិន​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន មិន​រហ័ស​ខឹង មិន​ប្រកាន់​ទោស។ សេចក្ដី​ស្រឡាញ់​មិន​អរ​សប្បាយ​នឹង​អំពើ​ទុច្ចរិត គឺ​អរ​សប្បាយ​តែ​នឹង​សេចក្តី​ពិត​វិញ។ សេចក្ដី​ស្រឡាញ់​គ្រប​បាំង​ទាំង‌អស់ ជឿ​ទាំង‌អស់ សង្ឃឹម​ទាំង‌អស់ ហើយ​ទ្រាំទ្រ​ទាំង‌អស់។ សេចក្ដី​ស្រឡាញ់​មិន​សាប​សូន្យ​ឡើយ តែ​ការ​ថ្លែង​ទំនាយ​នោះ​នឹង​ត្រូវ​ផុត​ទៅ ការ​និយាយ​ភាសា​ដទៃ​នឹង​ត្រូវ​ចប់ ហើយ​ចំណេះ​ដឹង​ក៏​នឹង​ត្រូវ​សាប​សូន្យ​ទៅ​ដែរ។ ដ្បិត​យើង​ដឹង​ត្រឹម​តែ​មួយ​ផ្នែក​ប៉ុណ្ណោះ ហើយ​យើង​ក៏​ថ្លែង​ទំនាយ​បាន​ត្រឹម​តែ​មួយ​ផ្នែក​ដែរ តែ​នៅ​ពេល​សេចក្ដី​គ្រប់​លក្ខណ៍​មក​ដល់ នោះ​សេចក្ដី​មិន​ពេញ​ខ្នាត​នឹង​បាត់​ទៅ។ កាល​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​ធ្លាប់​និយាយ​ដូច​កូន​ក្មេង ធ្លាប់​មាន​គំនិត​ដូច​កូន​ក្មេង ហើយ​ធ្លាប់​ពិចារណា​ដូច​កូន​ក្មេង លុះ​ពេល​ខ្ញុំ​ធំ​ពេញ​វ័យ ខ្ញុំ​បាន​លះ​បង់​អ្វីៗ​ដែល​ជា​លក្ខណៈ​របស់​កូន​ក្មេង​ចោល។ ដ្បិត​ឥឡូវ​នេះ យើង​មើល​ឃើញ​បែប​ស្រអាប់ ដូច​ជា​មើល​ក្នុង​កញ្ចក់ តែ​នៅ​ពេល​នោះ យើង​នឹង​ឃើញ​មុខ​ទល់​នឹង​មុខ។ ឥឡូវ​នេះ ខ្ញុំ​ស្គាល់​ត្រឹម​តែ​មួយ​ផ្នែក​ប៉ុណ្ណោះ តែ​នៅ​ពេល​នោះ ខ្ញុំ​នឹង​ស្គាល់​យ៉ាង​ច្បាស់ ដូច​ព្រះ‌អង្គ​ស្គាល់​ខ្ញុំ​យ៉ាង​ច្បាស់​ដែរ។ ឥឡូវ​នេះ នៅ​មាន​ជំនឿ សេចក្ដី​សង្ឃឹម និង​សេចក្តី​ស្រឡាញ់ ទាំង​បី​មុខ​នេះ តែ​សេចក្តី​ដែល​វិសេស​ជាង​គេ គឺ​សេចក្តី​ស្រឡាញ់។

១ កូរិនថូស 13:1-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ទោះ​បី​ខ្ញុំ​ចេះ​និយាយ​ភាសា​របស់​មនុស្ស​លោក និង​ភាសា​របស់​ទេវតា​ក្ដី បើ​សិន​ជា​ខ្ញុំ​គ្មាន​សេចក្ដី​ស្រឡាញ់​ទេ ខ្ញុំ​ប្រៀប​ដូច​ជា​សំឡេង​គង​ដែល​លាន់​ឮ​ឡើង ឬ​ដូច​ជា​ស្គរ​ដែល​ឮ​រំពង​ឡើង​តែ​ប៉ុណ្ណោះ។ ទោះ​បី​ខ្ញុំ​ទទួល​ព្រះ‌អំណោយ​ទាន​ខាង​ថ្លែង​ព្រះ‌បន្ទូល និង​ស្គាល់​គម្រោង‌ការ​ដ៏​លាក់​កំបាំង​ទាំង​អស់ ព្រម​ទាំង​មាន​ចំណេះ​គ្រប់​យ៉ាង ហើយ​ទោះ​បី​ខ្ញុំ​មាន​ជំនឿ​មាំ រហូត​ដល់​ធ្វើ​ឲ្យ​ភ្នំ​រើ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត​បាន​ក្ដី តែ​បើ​សិន​ជា​ខ្ញុំ​គ្មាន​សេចក្ដី​ស្រឡាញ់​ទេ​នោះ ខ្ញុំ​ជា​មនុស្ស​ឥត​បាន​ការ​អ្វី​ទាំង​អស់។ ទោះ​បី​ខ្ញុំ​យក​ទ្រព្យ‌សម្បត្តិ​របស់​ខ្ញុំ​ទាំង​ប៉ុន្មាន​ទៅ​ចែក​ទាន​ក្ដី ទោះ​បី​ខ្ញុំ​សុខ​ចិត្ត​ឲ្យ​គេ​យក​រូប​កាយ​ខ្ញុំ​ទៅ​ដុត​ទាំង​រស់​ក្ដី តែ​បើ​សិន​ជា​ខ្ញុំ​គ្មាន​សេចក្ដី​ស្រឡាញ់​ទេ​នោះ​ក៏​គ្មាន​ប្រយោជន៍​អ្វី​ដល់​ខ្ញុំ​ដែរ។ អ្នក​មាន​ចិត្ត​ស្រឡាញ់ តែងតែ​អត់‌ធ្មត់ ជួយ​ធុរៈ​គេ ហើយ​មិន​ចេះ​ឈ្នានីស​គេ​ទេ។ អ្នក​មាន​ចិត្ត​ស្រឡាញ់ មិន​វាយ‌ឫក​ខ្ពស់ មិន​អួត‌បំប៉ោង​ឡើយ។ អ្នក​មាន​ចិត្ត​ស្រឡាញ់ មិន​ប្រព្រឹត្ត​អំពើ​ថោក​ទាប មិន​ស្វែង​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន មិន​មួម៉ៅ មិន​ចង​គំនុំ មិន​អប‌អរ​នឹង​អំពើ​ទុច្ចរិត​ទេ តែ​រីក‌រាយ​នឹង​សេចក្ដី​ពិត​វិញ។ អ្នក​មាន​ចិត្ត​ស្រឡាញ់ អត់​ឱន​ឲ្យ​ទាំង​អស់ ជឿ​ទាំង​អស់ សង្ឃឹម​ទាំង​អស់ ហើយ​ទ្រាំ‌ទ្រ​ទាំង​អស់។ សេចក្ដី​ស្រឡាញ់​មិន​សាប‌សូន្យ​សោះ​ឡើយ តែ​ការ​ថ្លែង*​ព្រះ‌បន្ទូល​មុខ​ជា​ត្រូវ​អស់​ខ្លឹម‌សារ ការ​និយាយ​ភាសា​ចម្លែក​អស្ចារ្យ*​នឹង​ត្រូវ​ចប់ រីឯ​ចំណេះ​ក៏​នឹង​អស់​ខ្លឹម‌សារ​ទៅ​ដែរ។ សព្វ​ថ្ងៃ​នេះ យើង​ចេះ​ដឹង​ត្រឹម​តែ​មួយ​ផ្នែក​ប៉ុណ្ណោះ ហើយ​យើង​ក៏​ថ្លែង​ព្រះ‌បន្ទូល​បាន​ត្រឹម​តែ​មួយ​ផ្នែក​ប៉ុណ្ណោះ​ដែរ។ លុះ​ដល់​ពេល​យើង​ដឹង​សព្វ​គ្រប់​ហើយ អ្វីៗ​ដែល​យើង​ស្គាល់​តែ​មួយ​ផ្នែក​នឹង​អស់​ខ្លឹម‌សារ។ កាល​ពី​ក្មេង ខ្ញុំ​និយាយ​ស្ដី​ដូច​កូន​ក្មេង ខ្ញុំ​មាន​គំនិត​ដូច​ជា​កូន​ក្មេង ហើយ​ខ្ញុំ​រិះគិត​ដូច​កូន​ក្មេង​ដែរ។ លុះ​ខ្ញុំ​ពេញ​វ័យ ខ្ញុំ​បាន​បោះ​បង់​អ្វីៗ​ទាំង​អស់ ដែល​ជា​លក្ខណៈ​របស់​កូន​ក្មេង​ចោល។ សព្វ​ថ្ងៃ​នេះ​យើង​ស្គាល់​ព្រះ‌ជាម្ចាស់​មិន​ច្បាស់​ទេ គឺ​ស្គាល់​ព្រាលៗ​ដូច​ជា​មើល​ក្នុង​កញ្ចក់ នៅ​ពេល​ខាង​មុខ ទើប​យើង​ឃើញ​ព្រះអង្គ​ទល់​មុខ​គ្នា។ សព្វ​ថ្ងៃ ខ្ញុំ​ស្គាល់​ព្រះអង្គ​បាន​ត្រឹម​តែ​មួយ​ផ្នែក​ប៉ុណ្ណោះ ពេល​ខាង​មុខ​ទើប​ខ្ញុំ​ស្គាល់​ព្រះអង្គ​ច្បាស់ ដូច​ព្រះអង្គ​ស្គាល់​ខ្ញុំ​យ៉ាង​ច្បាស់​ដែរ។ ឥឡូវ​នេះ មាន​សេចក្ដី​បី​យ៉ាង គឺ ជំនឿ សេចក្ដី​សង្ឃឹម សេចក្ដី​ស្រឡាញ់។ ប៉ុន្តែ សេចក្ដី​ស្រឡាញ់​វិសេស​ជាង​គេ​បំផុត។

១ កូរិនថូស 13:1-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ទោះ​បើ​ខ្ញុំ​ចេះ​និយាយ ជា​ភាសា​របស់​មនុស្ស​ជាតិ​ទាំង​ប៉ុន្មាន នឹង​ភាសា​របស់​ពួក​ទេវតា​ផង តែ​គ្មាន​សេចក្ដី​ស្រឡាញ់ នោះ​ខ្ញុំ​បាន​ត្រឡប់​ដូច​ជា​លង្ហិន​ដែល​ឮ​ខ្ទរ ឬ​ដូច​ជា​ឈឹង ដែល​ឮ​ទ្រហឹង​ប៉ុណ្ណោះ បើ​ខ្ញុំ​ចេះ​អធិប្បាយ ហើយ​ស្គាល់​អស់​ទាំង​សេចក្ដី​អាថ៌‌កំបាំង នឹង​គ្រប់​ទាំង​ចំណេះ​វិជ្ជា ហើយ​បើ​ខ្ញុំ​មាន​គ្រប់​ទាំង​សេចក្ដី​ជំនឿ​ល្មម​នឹង​ឲ្យ​ភ្នំ​រើ​ចេញ​បាន តែ​គ្មាន​សេចក្ដី​ស្រឡាញ់ នោះ​ខ្ញុំ​មិន​ជា​អ្វី​ទេ បើ​ខ្ញុំ​ចែក​អស់​ទាំង​ទ្រព្យ​សម្បត្តិ​ខ្ញុំ​ជា​អាហារ​ដល់​គេ ហើយ​បើ​ខ្ញុំ​ប្រគល់​រូប‌កាយ​ខ្ញុំ​ទៅ​ឲ្យ​គេ​ដុត តែ​គ្មាន​សេចក្ដី​ស្រឡាញ់ នោះ​គ្មាន​ប្រយោជន៍​ដល់​ខ្ញុំ​សោះ ឯ​សេចក្ដី​ស្រឡាញ់​តែង‌តែ​អត់‌ធ្មត់ ហើយ​ក៏​សប្បុរស សេចក្ដី​ស្រឡាញ់​មិន​ចេះ​ឈ្នានីស មិន​ចេះ​អួត​ខ្លួន ក៏​មិន​ដែល​មាន​ចិត្ត​ធំ​ផង មិន​ដែល​ប្រព្រឹត្ត​បែប​មិន​គួរ​សម មិន​ដែល​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន មិន​រហ័ស​ខឹង មិន​ប្រកាន់​ទោស មិន​ដែល​អរ​សប្បាយ​ចំពោះ​សេចក្ដី​ទុច្ចរិត​ឡើយ គឺ​អរ​សប្បាយ​តែ​នឹង​សេចក្ដី​ស្មោះ‌ត្រង់​វិញ ក៏​គ្រប​បាំង​ទាំង​អស់ ជឿ​ទាំង​អស់ សង្ឃឹម​ទាំង​អស់ ហើយ​ទ្រាំ‌ទ្រ​ទាំង​អស់ រីឯ​ការ​អធិប្បាយ នោះ​នឹង​ត្រូវ​បាត់​ទៅ ការ​និយាយ​ភាសា​ដទៃ​នឹង​ត្រូវ​ឈប់ ហើយ​ចំណេះ​ក៏​ត្រូវ​សាប‌សូន្យ​ទៅ​ដែរ តែ​ឯ​សេចក្ដី​ស្រឡាញ់​មិន​ដែល​ផុត​ឡើយ ដ្បិត​យើង​ចេះ​មិន​ទាន់​សព្វ​គ្រប់ ហើយ​យើង​អធិប្បាយ​ក៏​មិន​ទាន់​បាន​ពេញ​ខ្នាត​ផង តែ​កាល​ណា​សេចក្ដី​គ្រប់​លក្ខណ៍​បាន​ចូល​មក នោះ​សេចក្ដី​ដែល​មិន​ពេញ​ខ្នាត​នឹង​បាត់​ទៅ កាល​ដែល​ខ្ញុំ​នៅ​ក្មេង​នៅ​ឡើយ នោះ​ខ្ញុំ​បាន​និយាយ​ដូច​ជា​កូន​ក្មេង ក៏​មាន​គំនិត​ដូច​ជា​កូន​ក្មេង ហើយ​បាន​ពិចារណា ដូច​ជា​កូន​ក្មេង​ដែរ លុះ​កាល​ខ្ញុំ​ធំ​ហើយ នោះ​ខ្ញុំ​បាន​លះ​ចោល​ការ​របស់​កូន​ក្មេង​ចេញ​ទៅ ដ្បិត​ឥឡូវ​នេះ យើង​មើល​ឃើញ​បែប​ស្រអាប់ ដូច​ជា​ដោយ‌សារ​កញ្ចក់ តែ​នៅ​វេលា​នោះ នឹង​ឃើញ​មុខ​ទល់​នឹង​មុខ ឥឡូវ​នេះ ខ្ញុំ​ស្គាល់​មិន​ទាន់​អស់ តែ​នៅ​វេលា​នោះ ខ្ញុំ​នឹង​ស្គាល់​វិញ ដូច​ជា​ព្រះ‌ទ្រង់​ស្គាល់​ខ្ញុំ​ដែរ ឥឡូវ​នេះ នៅ​មាន​សេចក្ដី​ជំនឿ សេចក្ដី​សង្ឃឹម នឹង​សេចក្ដី​ស្រឡាញ់ ទាំង​៣​មុខ​នេះ តែ​សេចក្ដី​ដែល​វិសេស​ជាង​គេ គឺ​ជា​សេចក្ដី​ស្រឡាញ់។

១ កូរិនថូស 13:1-13

១ កូរិនថូស 13:1-13 គខប១ កូរិនថូស 13:1-13 គខប១ កូរិនថូស 13:1-13 គខប១ កូរិនថូស 13:1-13 គខប