១ កូរិនថូស 12:7-11
១ កូរិនថូស 12:7-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះវិញ្ញាណប្រោសប្រទានឲ្យម្នាក់ៗសម្តែងព្រះអំណោយទាន ដើម្បីជាប្រយោជន៍រួម គឺព្រះអង្គប្រទានឲ្យម្នាក់ចេះនិយាយប្រកបដោយប្រាជ្ញា ហើយព្រះវិញ្ញាណដដែលប្រទានឲ្យម្នាក់ទៀតចេះនិយាយ ដោយយល់គម្រោងការដ៏លាក់កំបាំងរបស់ព្រះជាម្ចាស់។ ព្រះវិញ្ញាណដដែលប្រទានឲ្យម្នាក់ទៀតមានជំនឿ ព្រះវិញ្ញាណដដែលប្រទានឲ្យម្នាក់ទៀតចេះប្រោសមនុស្សឲ្យជាពីជំងឺ ឲ្យម្នាក់ទៀតចេះធ្វើការអស្ចារ្យ ឲ្យម្នាក់ទៀតចេះថ្លែង*ព្រះបន្ទូល ឲ្យម្នាក់ទៀតចេះស្ទង់មើលវិញ្ញាណល្អ ឬអាក្រក់ ឲ្យម្នាក់ទៀតចេះនិយាយភាសាចម្លែកអស្ចារ្យ* ឲ្យម្នាក់ទៀតចេះបកប្រែន័យភាសាទាំងនោះ ប៉ុន្តែ មានព្រះវិញ្ញាណតែមួយដដែល ដែលបំពេញសកម្មភាពទាំងអស់ ហើយប្រទានឲ្យម្នាក់ៗមានព្រះអំណោយទានផ្សេងៗពីគ្នា តាមព្រះហឫទ័យរបស់ព្រះអង្គ។
១ កូរិនថូស 12:7-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះអង្គប្រទានឲ្យម្នាក់ៗមានការសម្ដែងរបស់ព្រះវិញ្ញាណ ដើម្បីជាប្រយោជន៍រួម ដ្បិតទ្រង់ប្រទានឲ្យម្នាក់មានពាក្យសម្ដីប្រកបដោយប្រាជ្ញា តាមរយៈព្រះវិញ្ញាណ ឲ្យម្នាក់ទៀតមានពាក្យសម្ដីប្រកបដោយចំណេះដឹង តាមព្រះវិញ្ញាណដដែល ឲ្យម្នាក់ទៀតមានជំនឿ ដោយសារព្រះវិញ្ញាណដដែល ឲ្យម្នាក់ទៀតមានអំណោយទាននៃការប្រោសឲ្យជា ដោយសារព្រះវិញ្ញាណតែមួយ ឲ្យម្នាក់ទៀតសម្ដែងការអស្ចារ្យ ឲ្យម្នាក់ទៀតថ្លែងទំនាយ ឲ្យម្នាក់ទៀតសង្កេតស្គាល់វិញ្ញាណ ឲ្យម្នាក់ទៀតនិយាយភាសាដទៃផ្សេងៗ ហើយឲ្យម្នាក់ទៀតបកប្រែភាសាដទៃ។ ប៉ុន្ដែ គឺព្រះវិញ្ញាណតែមួយដដែលនោះឯង ដែលធ្វើសកម្មភាពគ្រប់ទាំងអស់ ទាំងចែកឲ្យម្នាក់ៗរៀងៗខ្លួន តាមដែលទ្រង់សព្វព្រះហឫទ័យ។
១ កូរិនថូស 12:7-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ហើយទ្រង់ប្រទានឲ្យព្រះវិញ្ញាណសំដែងមកក្នុងគ្រប់គ្នា ដើម្បីឲ្យបានកើតផល ដ្បិតទ្រង់ប្រទានឲ្យម្នាក់មានពាក្យសំដីនៃប្រាជ្ញាវាងវៃ ដោយសារព្រះវិញ្ញាណ ឲ្យម្នាក់ទៀតមានពាក្យសំដីនៃចំណេះចេះស្ទាត់ តាមព្រះវិញ្ញាណដដែល ហើយឲ្យម្នាក់ផ្សេងទៀតមានសេចក្ដីជំនឿ ដោយនូវព្រះវិញ្ញាណដដែល ឲ្យមួយទៀតបានអស់ទាំងអំណោយទាន នឹងអាចប្រោសឲ្យជា ដោយនូវព្រះវិញ្ញាណដដែល ឲ្យមួយទៀតបានសំដែងការឫទ្ធិបារមី នឹងឲ្យមួយទៀតចេះអធិប្បាយ ឲ្យមួយទៀតសង្កេតស្គាល់អស់ទាំងវិញ្ញាណ ឲ្យមួយទៀតចេះនិយាយភាសាដទៃផ្សេងៗ ហើយឲ្យមួយទៀតចេះបកប្រែភាសាដទៃ តែគឺជាព្រះវិញ្ញាណតែមួយដដែលនោះឯង ដែលធ្វើគ្រប់ការទាំងនោះ ទាំងចែកដល់គ្រប់គ្នាដោយមុខៗផង តាមដែលទ្រង់សព្វព្រះហឫទ័យ។