១ កូរិនថូស 12:14-26
១ កូរិនថូស 12:14-26 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
រូបកាយមិនមែនមានសរីរាង្គតែមួយទេ គឺមានច្រើន។ បើជើងនិយាយថា «ខ្ញុំមិនមែនដៃ ដូច្នេះ ខ្ញុំមិនមែនជាចំណែករបស់រូបកាយទេ» ក៏ជើងនោះនៅតែជាចំណែករបស់រូបកាយដដែល។ បើត្រចៀកនិយាយថា «ខ្ញុំមិនមែនភ្នែក ដូច្នេះ ខ្ញុំមិនមែនជាចំណែករបស់រូបកាយទេ» ក៏ត្រចៀកនោះនៅតែជាចំណែករបស់រូបកាយដដែល។ ប្រសិនបើរូបកាយទាំងមូលសុទ្ធតែជាភ្នែក ធ្វើម្ដេចនឹងស្ដាប់ឮបាន? ហើយបើរូបកាយទាំងមូលសុទ្ធតែជាត្រចៀក ធ្វើម្ដេចនឹងដឹងក្លិនបាន? តាមពិត ព្រះជាម្ចាស់ប្រទានឲ្យសរីរាង្គនីមួយៗមានមុខងារ ស្របតាមព្រះហឫទ័យរបស់ព្រះអង្គ។ ប្រសិនបើទាំងអស់ជាសរីរាង្គតែមួយ តើរូបកាយនៅឯណា? តាមពិត សរីរាង្គមានច្រើន តែរូបកាយមានតែមួយប៉ុណ្ណោះ។ ភ្នែកពុំអាចនិយាយទៅដៃថា «អញមិនត្រូវការឯង» បានទេ រីឯក្បាលក៏ពុំអាចនិយាយទៅកាន់ជើងថា «អញមិនត្រូវការឯងទាំងពីរ» បានដែរ។ ផ្ទុយទៅវិញ សរីរាង្គណាដែលគេចាត់ទុកថាខ្សោយជាងគេ យើងត្រូវការសរីរាង្គនោះជាចាំបាច់ ហើយសរីរាង្គណាដែលយើងចាត់ទុកថាមិនសូវថ្លៃថ្នូរ យើងគោរពសរីរាង្គនោះខ្លាំងជាងគេទាំងអស់។ សរីរាង្គណាដែលមិនសូវសមរម្យ យើងគោរពយ៉ាងពិសេសទៅវិញ។ រីឯសរីរាង្គណាដែលសមរម្យហើយ សរីរាង្គនោះមិនត្រូវការឲ្យយើងយកចិត្តទុកដាក់ទេ។ ព្រះជាម្ចាស់បានរៀបចំរូបកាយរបស់យើង ដោយប្រទានសេចក្ដីថ្លៃថ្នូរ ដល់សរីរាង្គណាដែលខ្វះខាត ដើម្បីកុំឲ្យមានការបាក់បែកគ្នានៅក្នុងរូបកាយ គឺឲ្យសរីរាង្គយកចិត្តទុកដាក់ជួយគ្នាទៅវិញទៅមក។ ប្រសិនបើមានសរីរាង្គណាមួយឈឺចុកចាប់ សរីរាង្គទាំងអស់ក៏ឈឺចុកចាប់ជាមួយដែរ ប្រសិនបើមានសរីរាង្គណាមួយបានថ្លៃថ្នូរ សរីរាង្គទាំងអស់ក៏អរសប្បាយជាមួយដែរ។
១ កូរិនថូស 12:14-26 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
រូបកាយមិនមែនមានអវយវៈតែមួយទេ គឺមានច្រើន។ បើជើងនិយាយថា «ខ្ញុំមិនមែនជារបស់រូបកាយទេ ព្រោះខ្ញុំមិនមែនជាដៃ» ក៏ជើងនោះនៅតែជាចំណែកមួយរបស់រូបកាយដដែល។ បើត្រចៀកនិយាយថា «ខ្ញុំមិនមែនជារបស់រូបកាយទេ ព្រោះខ្ញុំមិនមែនជាភ្នែក» ក៏ត្រចៀកនោះនៅតែជាចំណែកមួយរបស់រូបកាយដដែល។ បើរូបកាយទាំងមូលសុទ្ធតែជាភ្នែក តើនឹងស្ដាប់នៅត្រង់ណា? បើរូបកាយទាំងមូលសុទ្ធតែជាត្រចៀក តើនឹងដឹងក្លិននៅត្រង់ណា? ប៉ុន្ដែ តាមពិត ព្រះបានដាក់អវយវៈនីមួយៗនៅក្នុងរូបកាយ ឲ្យមានមុខងាររៀងខ្លួន តាមព្រះហឫទ័យរបស់ព្រះអង្គ។ បើទាំងអស់សុទ្ធតែជាអវយវៈតែមួយ តើរូបកាយនៅឯណា? តាមពិត អវយវៈមានច្រើន តែរូបកាយមានតែមួយទេ។ ភ្នែកមិនអាចនិយាយទៅដៃថា «ខ្ញុំមិនត្រូវការឯង» នោះទេ ឯក្បាលក៏មិនអាចនិយាយទៅជើងថា «ខ្ញុំមិនត្រូវការឯង» នោះដែរ។ ផ្ទុយទៅវិញ អវយវៈណានៅក្នុងរូបកាយ ដែលមើលទៅដូចជាខ្សោយជាងគេ នោះយើងត្រូវការជាចាំបាច់ ហើយអវយវៈណាក្នុងរូបកាយ ដែលយើងស្មានថា មិនគួររាប់អានប៉ុន្មាន នោះយើងរាប់អានកាន់តែខ្លាំង ហើយអវយវៈណារបស់យើងដែលមិនល្អមើល នោះយើងកាន់តែគោរពយ៉ាងពិសេសវិញ រីឯអវយវៈណារបស់យើងដែលល្អមើល នោះមិនត្រូវការអ្វីទេ។ ព្រះបានរៀបចំរូបកាយរបស់យើង ដោយប្រទានឲ្យអវយវៈណាដែលខ្វះខាត បានកាន់តែមានតម្លៃវិសេស ដើម្បីកុំឲ្យមានការបាក់បែកនៅក្នុងរូបកាយ គឺឲ្យអវយវៈទាំងប៉ុន្មានបានជួយគាំពារគ្នាទៅវិញទៅមក។ ប្រសិនបើអវយវៈណាមួយឈឺ នោះទាំងអស់ឈឺជាមួយគ្នា បើអវយវៈណាមួយបានតម្កើងឡើង នោះទាំងអស់ក៏រីករាយជាមួយដែរ។
១ កូរិនថូស 12:14-26 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រូបកាយមិនមែនសុទ្ធតែមានអវយវៈតែ១ទេ គឺមានច្រើនវិញ បើសិនជាជើងនឹងនិយាយថា អញមិនមែនជារបស់ផងរូបកាយទេ ពីព្រោះអញមិនមែនជាដៃ នោះតើមិនមែនជារបស់ផងរូបកាយ ដោយហេតុតែប៉ុណ្ណោះឬអី ហើយបើសិនជាត្រចៀកនឹងនិយាយថា អញមិនមែនជារបស់ផងរូបកាយទេ ពីព្រោះអញមិនមែនជាភ្នែក នោះតើមិនមែនជារបស់ផងរូបកាយ ដោយហេតុតែប៉ុណ្ណោះឬអី បើរូបកាយទាំងស្រុងសុទ្ធតែជាភ្នែក នោះតើនឹងស្តាប់នៅត្រង់ណា បើរូបកាយទាំងស្រុង សុទ្ធតែជាត្រចៀក នោះតើនឹងដឹងក្លិននៅត្រង់ណា តែព្រះទ្រង់បានដាក់ចុះនូវអវយវៈនិមួយៗ ក្នុងរូបកាយតាមព្រះហឫទ័យទ្រង់ បើគ្រប់ទាំងអស់សុទ្ធតែជាអវយវៈតែ១ នោះតើរូបកាយនឹងនៅឯណា តែមានអវយវៈជាច្រើនវិញ ប៉ុន្តែរូបកាយតែ១ទេ ហើយភ្នែកពុំអាចនិយាយទៅដៃថា អញមិនត្រូវការនឹងឯងទេ ឬក្បាលនិយាយទៅជើងថា អញមិនត្រូវការនឹងឯងដែរនោះឡើយ ប៉ុន្តែ អស់ទាំងអវយវៈក្នុងរូបកាយ ដែលមើលទៅដូចជាខ្សោយជាងគេ នោះមានប្រយោជន៍ជាជាងវិញ ហើយអវយវៈណាក្នុងរូបកាយ ដែលយើងស្មានថា មិនគួររាប់អានប៉ុន្មាន នោះយើងបានរាប់អានលើសទៅទៀត ឯអវយវៈណារបស់យើង ដែលមិនល្អមើល នោះបានល្អមើលកាន់តែខ្លាំងឡើងទៅទៀត តែអវយវៈណារបស់យើងដែលល្អមើល នោះមិនត្រូវការអ្វីទេ ដូច្នេះ ព្រះទ្រង់បានផ្សំរូបកាយ ព្រមទាំងប្រទានឲ្យអវយវៈណាដែលខ្វះ បានប្រសើរលើសជាងទៅទៀត ដើម្បីមិនឲ្យមានសេចក្ដីបែកខ្ញែកគ្នាក្នុងរូបកាយឡើយ តែឲ្យអវយវៈទាំងប៉ុន្មាន បានជួយគាំពារគ្នាទៅវិញទៅមក ដូច្នេះ បើអវយវៈ១ឈឺ នោះទាំងអស់នឹងឈឺជាមួយគ្នា បើ១បានដំកើងឡើង នោះទាំងអស់នឹងបានរីករាយជាមួយដែរ