១ កូរិនថូស 12:1-27
១ កូរិនថូស 12:1-27 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ចំណែកឯអំណោយទានខាងវិញ្ញាណ បងប្អូនអើយ ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នាល្ងង់ខ្លៅទេ។ អ្នករាល់គ្នាដឹងហើយថា កាលអ្នករាល់គ្នានៅជាសាសន៍ដទៃនៅឡើយ អ្នករាល់គ្នាបានបណ្ដោយខ្លួនឲ្យវង្វេងទៅតាមរូបព្រះដែលមិនចេះនិយាយ។ ហេតុនេះ ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា គ្មានអ្នកណាម្នាក់និយាយដោយព្រះវិញ្ញាណរបស់ព្រះថា «ព្រះយេស៊ូវត្រូវបណ្តាសា» នោះឡើយ ហើយក៏គ្មានអ្នកណាអាចនិយាយថា «ព្រះយេស៊ូវជាព្រះអម្ចាស់» បានដែរ ប្រសិនបើគ្មានព្រះវិញ្ញាណបរិសុទ្ធ។ រីឯអំណោយទានមានផ្សេងៗពីគ្នា តែមានព្រះវិញ្ញាណតែមួយទេ ហើយក៏មានមុខងារផ្សេងៗពីគ្នា តែជាព្រះអម្ចាស់ដដែល។ មានសកម្មភាពផ្សេងៗពីគ្នា តែគឺព្រះដដែលនោះឯងដែលធ្វើសកម្មភាពគ្រប់ទាំងអស់ នៅក្នុងមនុស្សទាំងអស់។ ព្រះអង្គប្រទានឲ្យម្នាក់ៗមានការសម្ដែងរបស់ព្រះវិញ្ញាណ ដើម្បីជាប្រយោជន៍រួម ដ្បិតទ្រង់ប្រទានឲ្យម្នាក់មានពាក្យសម្ដីប្រកបដោយប្រាជ្ញា តាមរយៈព្រះវិញ្ញាណ ឲ្យម្នាក់ទៀតមានពាក្យសម្ដីប្រកបដោយចំណេះដឹង តាមព្រះវិញ្ញាណដដែល ឲ្យម្នាក់ទៀតមានជំនឿ ដោយសារព្រះវិញ្ញាណដដែល ឲ្យម្នាក់ទៀតមានអំណោយទាននៃការប្រោសឲ្យជា ដោយសារព្រះវិញ្ញាណតែមួយ ឲ្យម្នាក់ទៀតសម្ដែងការអស្ចារ្យ ឲ្យម្នាក់ទៀតថ្លែងទំនាយ ឲ្យម្នាក់ទៀតសង្កេតស្គាល់វិញ្ញាណ ឲ្យម្នាក់ទៀតនិយាយភាសាដទៃផ្សេងៗ ហើយឲ្យម្នាក់ទៀតបកប្រែភាសាដទៃ។ ប៉ុន្ដែ គឺព្រះវិញ្ញាណតែមួយដដែលនោះឯង ដែលធ្វើសកម្មភាពគ្រប់ទាំងអស់ ទាំងចែកឲ្យម្នាក់ៗរៀងៗខ្លួន តាមដែលទ្រង់សព្វព្រះហឫទ័យ។ ដ្បិតដូចដែលរូបកាយមួយមានអវយវៈច្រើន ហើយអវយវៈទាំងអស់នៅក្នុងរូបកាយនោះ ទោះមានច្រើនមែន តែរួមគ្នាជារូបកាយតែមួយយ៉ាងណា នោះព្រះគ្រីស្ទក៏ដូច្នោះដែរ។ ដ្បិតយើងទាំងអស់គ្នា ទោះបីជាសាសន៍យូដា ឬសាសន៍ក្រិកក្ដី ជាបាវបម្រើ ឬអ្នកជាក្តី យើងបានទទួលពិធីជ្រមុជចូលទៅក្នុងរូបកាយតែមួយ ដោយសារព្រះវិញ្ញាណតែមួយ ហើយព្រះប្រទានឲ្យយើងគ្រប់គ្នាផឹកពីព្រះវិញ្ញាណតែមួយ។ រូបកាយមិនមែនមានអវយវៈតែមួយទេ គឺមានច្រើន។ បើជើងនិយាយថា «ខ្ញុំមិនមែនជារបស់រូបកាយទេ ព្រោះខ្ញុំមិនមែនជាដៃ» ក៏ជើងនោះនៅតែជាចំណែកមួយរបស់រូបកាយដដែល។ បើត្រចៀកនិយាយថា «ខ្ញុំមិនមែនជារបស់រូបកាយទេ ព្រោះខ្ញុំមិនមែនជាភ្នែក» ក៏ត្រចៀកនោះនៅតែជាចំណែកមួយរបស់រូបកាយដដែល។ បើរូបកាយទាំងមូលសុទ្ធតែជាភ្នែក តើនឹងស្ដាប់នៅត្រង់ណា? បើរូបកាយទាំងមូលសុទ្ធតែជាត្រចៀក តើនឹងដឹងក្លិននៅត្រង់ណា? ប៉ុន្ដែ តាមពិត ព្រះបានដាក់អវយវៈនីមួយៗនៅក្នុងរូបកាយ ឲ្យមានមុខងាររៀងខ្លួន តាមព្រះហឫទ័យរបស់ព្រះអង្គ។ បើទាំងអស់សុទ្ធតែជាអវយវៈតែមួយ តើរូបកាយនៅឯណា? តាមពិត អវយវៈមានច្រើន តែរូបកាយមានតែមួយទេ។ ភ្នែកមិនអាចនិយាយទៅដៃថា «ខ្ញុំមិនត្រូវការឯង» នោះទេ ឯក្បាលក៏មិនអាចនិយាយទៅជើងថា «ខ្ញុំមិនត្រូវការឯង» នោះដែរ។ ផ្ទុយទៅវិញ អវយវៈណានៅក្នុងរូបកាយ ដែលមើលទៅដូចជាខ្សោយជាងគេ នោះយើងត្រូវការជាចាំបាច់ ហើយអវយវៈណាក្នុងរូបកាយ ដែលយើងស្មានថា មិនគួររាប់អានប៉ុន្មាន នោះយើងរាប់អានកាន់តែខ្លាំង ហើយអវយវៈណារបស់យើងដែលមិនល្អមើល នោះយើងកាន់តែគោរពយ៉ាងពិសេសវិញ រីឯអវយវៈណារបស់យើងដែលល្អមើល នោះមិនត្រូវការអ្វីទេ។ ព្រះបានរៀបចំរូបកាយរបស់យើង ដោយប្រទានឲ្យអវយវៈណាដែលខ្វះខាត បានកាន់តែមានតម្លៃវិសេស ដើម្បីកុំឲ្យមានការបាក់បែកនៅក្នុងរូបកាយ គឺឲ្យអវយវៈទាំងប៉ុន្មានបានជួយគាំពារគ្នាទៅវិញទៅមក។ ប្រសិនបើអវយវៈណាមួយឈឺ នោះទាំងអស់ឈឺជាមួយគ្នា បើអវយវៈណាមួយបានតម្កើងឡើង នោះទាំងអស់ក៏រីករាយជាមួយដែរ។ អ្នករាល់គ្នាជារូបកាយរបស់ព្រះគ្រីស្ទ ហើយជាអវយវៈរបស់រូបកាយរៀងៗខ្លួន។
១ កូរិនថូស 12:1-27 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បងប្អូនអើយ ខ្ញុំចង់ឲ្យបងប្អូនជ្រាបយ៉ាងច្បាស់ អំពីព្រះអំណោយទានរបស់ព្រះវិញ្ញាណ។ បងប្អូនជ្រាបស្រាប់ហើយថា កាលបងប្អូនមិនទាន់ស្គាល់ព្រះអង្គនៅឡើយ បងប្អូនបានបណ្ដោយខ្លួនទៅគោរពព្រះក្លែងក្លាយដែលមិនចេះនិយាយ។ ហេតុនេះ ខ្ញុំសូមជម្រាបបងប្អូនឲ្យដឹងថា ប្រសិនបើអ្នកណាម្នាក់មានព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ណែនាំ អ្នកនោះពុំអាចពោលថា «ព្រះយេស៊ូត្រូវបណ្ដាសា» កើតទេ ហើយបើគ្មានព្រះវិញ្ញាណដ៏វិសុទ្ធ*ណែនាំទេនោះ ក៏គ្មាននរណាម្នាក់អាចពោលថា «ព្រះយេស៊ូជាព្រះអម្ចាស់»ដែរ។ មានព្រះអំណោយទានផ្សេងៗពីគ្នា តែមានព្រះវិញ្ញាណតែមួយព្រះអង្គទេ ដែលប្រទានឲ្យ។ មានមុខងារផ្សេងៗពីគ្នា តែយើងបម្រើព្រះអម្ចាស់តែមួយព្រះអង្គដដែល។ មានសកម្មភាពផ្សេងៗពីគ្នា តែមានព្រះជាម្ចាស់តែមួយព្រះអង្គទេ ដែលបំពេញសកម្មភាពទាំងនោះ នៅក្នុងមនុស្សទាំងអស់។ ព្រះវិញ្ញាណប្រោសប្រទានឲ្យម្នាក់ៗសម្តែងព្រះអំណោយទាន ដើម្បីជាប្រយោជន៍រួម គឺព្រះអង្គប្រទានឲ្យម្នាក់ចេះនិយាយប្រកបដោយប្រាជ្ញា ហើយព្រះវិញ្ញាណដដែលប្រទានឲ្យម្នាក់ទៀតចេះនិយាយ ដោយយល់គម្រោងការដ៏លាក់កំបាំងរបស់ព្រះជាម្ចាស់។ ព្រះវិញ្ញាណដដែលប្រទានឲ្យម្នាក់ទៀតមានជំនឿ ព្រះវិញ្ញាណដដែលប្រទានឲ្យម្នាក់ទៀតចេះប្រោសមនុស្សឲ្យជាពីជំងឺ ឲ្យម្នាក់ទៀតចេះធ្វើការអស្ចារ្យ ឲ្យម្នាក់ទៀតចេះថ្លែង*ព្រះបន្ទូល ឲ្យម្នាក់ទៀតចេះស្ទង់មើលវិញ្ញាណល្អ ឬអាក្រក់ ឲ្យម្នាក់ទៀតចេះនិយាយភាសាចម្លែកអស្ចារ្យ* ឲ្យម្នាក់ទៀតចេះបកប្រែន័យភាសាទាំងនោះ ប៉ុន្តែ មានព្រះវិញ្ញាណតែមួយដដែល ដែលបំពេញសកម្មភាពទាំងអស់ ហើយប្រទានឲ្យម្នាក់ៗមានព្រះអំណោយទានផ្សេងៗពីគ្នា តាមព្រះហឫទ័យរបស់ព្រះអង្គ។ ព្រះគ្រិស្ត*ប្រៀបបានទៅនឹងរូបកាយមួយ ដែលចែកចេញជាច្រើនផ្នែក។ ទោះបីមានសរីរាង្គច្រើនយ៉ាងណាក៏ដោយ ក៏សរីរាង្គទាំងអស់ផ្សំគ្នាជារូបកាយតែមួយដែរ។ យើងទាំងអស់គ្នា ទោះបីជាសាសន៍យូដាក្ដី សាសន៍ក្រិកក្ដី អ្នកងារក្ដី អ្នកជាក្ដី ក៏យើងបានទទួលពិធីជ្រមុជ*ក្នុងព្រះវិញ្ញាណតែមួយ ដើម្បីផ្សំគ្នាឡើងជាព្រះកាយតែមួយ ហើយយើងទាំងអស់គ្នាសុទ្ធតែបានទទួលព្រះវិញ្ញាណតែមួយដែរ។ រូបកាយមិនមែនមានសរីរាង្គតែមួយទេ គឺមានច្រើន។ បើជើងនិយាយថា «ខ្ញុំមិនមែនដៃ ដូច្នេះ ខ្ញុំមិនមែនជាចំណែករបស់រូបកាយទេ» ក៏ជើងនោះនៅតែជាចំណែករបស់រូបកាយដដែល។ បើត្រចៀកនិយាយថា «ខ្ញុំមិនមែនភ្នែក ដូច្នេះ ខ្ញុំមិនមែនជាចំណែករបស់រូបកាយទេ» ក៏ត្រចៀកនោះនៅតែជាចំណែករបស់រូបកាយដដែល។ ប្រសិនបើរូបកាយទាំងមូលសុទ្ធតែជាភ្នែក ធ្វើម្ដេចនឹងស្ដាប់ឮបាន? ហើយបើរូបកាយទាំងមូលសុទ្ធតែជាត្រចៀក ធ្វើម្ដេចនឹងដឹងក្លិនបាន? តាមពិត ព្រះជាម្ចាស់ប្រទានឲ្យសរីរាង្គនីមួយៗមានមុខងារ ស្របតាមព្រះហឫទ័យរបស់ព្រះអង្គ។ ប្រសិនបើទាំងអស់ជាសរីរាង្គតែមួយ តើរូបកាយនៅឯណា? តាមពិត សរីរាង្គមានច្រើន តែរូបកាយមានតែមួយប៉ុណ្ណោះ។ ភ្នែកពុំអាចនិយាយទៅដៃថា «អញមិនត្រូវការឯង» បានទេ រីឯក្បាលក៏ពុំអាចនិយាយទៅកាន់ជើងថា «អញមិនត្រូវការឯងទាំងពីរ» បានដែរ។ ផ្ទុយទៅវិញ សរីរាង្គណាដែលគេចាត់ទុកថាខ្សោយជាងគេ យើងត្រូវការសរីរាង្គនោះជាចាំបាច់ ហើយសរីរាង្គណាដែលយើងចាត់ទុកថាមិនសូវថ្លៃថ្នូរ យើងគោរពសរីរាង្គនោះខ្លាំងជាងគេទាំងអស់។ សរីរាង្គណាដែលមិនសូវសមរម្យ យើងគោរពយ៉ាងពិសេសទៅវិញ។ រីឯសរីរាង្គណាដែលសមរម្យហើយ សរីរាង្គនោះមិនត្រូវការឲ្យយើងយកចិត្តទុកដាក់ទេ។ ព្រះជាម្ចាស់បានរៀបចំរូបកាយរបស់យើង ដោយប្រទានសេចក្ដីថ្លៃថ្នូរ ដល់សរីរាង្គណាដែលខ្វះខាត ដើម្បីកុំឲ្យមានការបាក់បែកគ្នានៅក្នុងរូបកាយ គឺឲ្យសរីរាង្គយកចិត្តទុកដាក់ជួយគ្នាទៅវិញទៅមក។ ប្រសិនបើមានសរីរាង្គណាមួយឈឺចុកចាប់ សរីរាង្គទាំងអស់ក៏ឈឺចុកចាប់ជាមួយដែរ ប្រសិនបើមានសរីរាង្គណាមួយបានថ្លៃថ្នូរ សរីរាង្គទាំងអស់ក៏អរសប្បាយជាមួយដែរ។ បងប្អូនជាព្រះកាយរបស់ព្រះគ្រិស្ត ហើយម្នាក់ៗជាសរីរាង្គនៃព្រះកាយនេះ តាមចំណែករៀងៗខ្លួន។
១ កូរិនថូស 12:1-27 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ចំណែកឯអំណោយទានខាងវិញ្ញាណ បងប្អូនអើយ ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នានៅល្ងង់ទេ អ្នករាល់គ្នាដឹងហើយថា ពីដើមអ្នករាល់គ្នាជាសាសន៍ដទៃ ដែលត្រូវបង្វែរទៅឯរូបព្រះគ តាមតែមានសេចក្ដីដឹកនាំទៅនោះ ហេតុនោះបានជាខ្ញុំប្រាប់ឲ្យអ្នករាល់គ្នាដឹងថា មិនដែលមានអ្នកណានិយាយ ដោយនូវព្រះវិញ្ញាណនៃព្រះថា ព្រះយេស៊ូវត្រូវបណ្តាសានោះឡើយ ក៏គ្មានអ្នកណាអាចនឹងថា ព្រះយេស៊ូវទ្រង់ជាព្រះអម្ចាស់ដែរ លើកតែដោយនូវព្រះវិញ្ញាណបរិសុទ្ធប៉ុណ្ណោះ។ រីឯអំណោយទាន នោះមានផ្សេងៗពីគ្នា តែគឺជាព្រះវិញ្ញាណដដែលទេ ហើយក៏មានមុខងារផ្សេងៗពីគ្នា តែគឺជាព្រះអម្ចាស់ដដែលដែរ ព្រមទាំងមានរបៀបធ្វើផ្សេងៗពីគ្នាទៀត តែគឺជាព្រះដដែលនោះឯង ដែលទ្រង់ធ្វើគ្រប់ទាំងអស់ ក្នុងមនុស្សទាំងអស់ ហើយទ្រង់ប្រទានឲ្យព្រះវិញ្ញាណសំដែងមកក្នុងគ្រប់គ្នា ដើម្បីឲ្យបានកើតផល ដ្បិតទ្រង់ប្រទានឲ្យម្នាក់មានពាក្យសំដីនៃប្រាជ្ញាវាងវៃ ដោយសារព្រះវិញ្ញាណ ឲ្យម្នាក់ទៀតមានពាក្យសំដីនៃចំណេះចេះស្ទាត់ តាមព្រះវិញ្ញាណដដែល ហើយឲ្យម្នាក់ផ្សេងទៀតមានសេចក្ដីជំនឿ ដោយនូវព្រះវិញ្ញាណដដែល ឲ្យមួយទៀតបានអស់ទាំងអំណោយទាន នឹងអាចប្រោសឲ្យជា ដោយនូវព្រះវិញ្ញាណដដែល ឲ្យមួយទៀតបានសំដែងការឫទ្ធិបារមី នឹងឲ្យមួយទៀតចេះអធិប្បាយ ឲ្យមួយទៀតសង្កេតស្គាល់អស់ទាំងវិញ្ញាណ ឲ្យមួយទៀតចេះនិយាយភាសាដទៃផ្សេងៗ ហើយឲ្យមួយទៀតចេះបកប្រែភាសាដទៃ តែគឺជាព្រះវិញ្ញាណតែមួយដដែលនោះឯង ដែលធ្វើគ្រប់ការទាំងនោះ ទាំងចែកដល់គ្រប់គ្នាដោយមុខៗផង តាមដែលទ្រង់សព្វព្រះហឫទ័យ។ ដ្បិតដូចជារូបកាយ១មានអវយវៈជាច្រើន តែអវយវៈទាំងនោះ ទោះមានច្រើនក៏ពិត គង់តែរួមគ្នាមកជារូបតែ១ទេ នោះព្រះគ្រីស្ទក៏ដូច្នោះដែរ ដ្បិតយើងទាំងអស់គ្នា ទោះបើជាសាសន៍យូដា ឬសាសន៍ក្រេក បាវបំរើ ឬអ្នកជាក្តី យើងបានទទួលបុណ្យជ្រមុជ ចូលក្នុងរូបកាយតែ១ ដោយសារព្រះវិញ្ញាណតែ១ ហើយគ្រប់គ្នាក៏បានត្រូវផឹកពីព្រះវិញ្ញាណតែ១ដែរ រូបកាយមិនមែនសុទ្ធតែមានអវយវៈតែ១ទេ គឺមានច្រើនវិញ បើសិនជាជើងនឹងនិយាយថា អញមិនមែនជារបស់ផងរូបកាយទេ ពីព្រោះអញមិនមែនជាដៃ នោះតើមិនមែនជារបស់ផងរូបកាយ ដោយហេតុតែប៉ុណ្ណោះឬអី ហើយបើសិនជាត្រចៀកនឹងនិយាយថា អញមិនមែនជារបស់ផងរូបកាយទេ ពីព្រោះអញមិនមែនជាភ្នែក នោះតើមិនមែនជារបស់ផងរូបកាយ ដោយហេតុតែប៉ុណ្ណោះឬអី បើរូបកាយទាំងស្រុងសុទ្ធតែជាភ្នែក នោះតើនឹងស្តាប់នៅត្រង់ណា បើរូបកាយទាំងស្រុង សុទ្ធតែជាត្រចៀក នោះតើនឹងដឹងក្លិននៅត្រង់ណា តែព្រះទ្រង់បានដាក់ចុះនូវអវយវៈនិមួយៗ ក្នុងរូបកាយតាមព្រះហឫទ័យទ្រង់ បើគ្រប់ទាំងអស់សុទ្ធតែជាអវយវៈតែ១ នោះតើរូបកាយនឹងនៅឯណា តែមានអវយវៈជាច្រើនវិញ ប៉ុន្តែរូបកាយតែ១ទេ ហើយភ្នែកពុំអាចនិយាយទៅដៃថា អញមិនត្រូវការនឹងឯងទេ ឬក្បាលនិយាយទៅជើងថា អញមិនត្រូវការនឹងឯងដែរនោះឡើយ ប៉ុន្តែ អស់ទាំងអវយវៈក្នុងរូបកាយ ដែលមើលទៅដូចជាខ្សោយជាងគេ នោះមានប្រយោជន៍ជាជាងវិញ ហើយអវយវៈណាក្នុងរូបកាយ ដែលយើងស្មានថា មិនគួររាប់អានប៉ុន្មាន នោះយើងបានរាប់អានលើសទៅទៀត ឯអវយវៈណារបស់យើង ដែលមិនល្អមើល នោះបានល្អមើលកាន់តែខ្លាំងឡើងទៅទៀត តែអវយវៈណារបស់យើងដែលល្អមើល នោះមិនត្រូវការអ្វីទេ ដូច្នេះ ព្រះទ្រង់បានផ្សំរូបកាយ ព្រមទាំងប្រទានឲ្យអវយវៈណាដែលខ្វះ បានប្រសើរលើសជាងទៅទៀត ដើម្បីមិនឲ្យមានសេចក្ដីបែកខ្ញែកគ្នាក្នុងរូបកាយឡើយ តែឲ្យអវយវៈទាំងប៉ុន្មាន បានជួយគាំពារគ្នាទៅវិញទៅមក ដូច្នេះ បើអវយវៈ១ឈឺ នោះទាំងអស់នឹងឈឺជាមួយគ្នា បើ១បានដំកើងឡើង នោះទាំងអស់នឹងបានរីករាយជាមួយដែរ អ្នករាល់គ្នាជារូបកាយនៃព្រះគ្រីស្ទ ហើយជាអវយវៈរបស់រូបកាយរៀងខ្លួន