១ កូរិន‌ថូស 12:1-27

១ កូរិន‌ថូស 12:1-27 គកស១៦

ចំណែក​ឯ​អំណោយ‌ទាន​ខាង​វិញ្ញាណ បង‌ប្អូន​អើយ ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ល្ងង់​ខ្លៅ​ទេ។ អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា កាល​អ្នក​រាល់​គ្នា​នៅ​ជា​សាសន៍​ដទៃ​នៅ​ឡើយ អ្នក​រាល់​គ្នា​បាន​បណ្ដោយ​ខ្លួន​ឲ្យ​វង្វេង​ទៅ​តាម​រូប​ព្រះ​ដែល​មិន​ចេះ​និយាយ។ ហេតុ​នេះ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា គ្មាន​អ្នក​ណា​ម្នាក់​និយាយ​ដោយ​ព្រះ‌វិញ្ញាណ​របស់​ព្រះ​ថា «ព្រះ‌យេ‌ស៊ូវ​ត្រូវ​បណ្តាសា» នោះ​ឡើយ ហើយក៏​គ្មាន​អ្នក​ណា​អាច​និយាយ​ថា «ព្រះ‌យេ‌ស៊ូវ​ជា​ព្រះ‌អម្ចាស់» បាន​ដែរ ប្រសិន‌បើ​គ្មាន​ព្រះ‌វិញ្ញាណ​បរិសុទ្ធ។ រី​ឯ​អំណោយ‌ទាន​មាន​ផ្សេងៗពី​គ្នា តែ​មាន​ព្រះ‌វិញ្ញាណ​តែ​មួយ​ទេ ហើយក៏​មាន​មុខ‌ងា​រ​ផ្សេងៗពី​គ្នា តែ​ជា​ព្រះ‌អម្ចាស់​ដដែល។ មាន​សកម្មភាព​ផ្សេងៗ​ពី​គ្នា តែ​គឺ​ព្រះ​ដដែល​នោះ​ឯង​ដែល​ធ្វើ​សកម្មភាព​គ្រប់​ទាំង‌អស់ នៅ​ក្នុង​មនុស្ស​ទាំង‌អស់។ ព្រះ‌អង្គ​ប្រទាន​ឲ្យ​ម្នាក់ៗ​មាន​ការ​សម្ដែង​របស់​ព្រះ‌វិញ្ញាណ ដើម្បី​ជា​ប្រយោជន៍​រួម ដ្បិត​ទ្រង់​ប្រទាន​ឲ្យ​ម្នាក់​មាន​ពាក្យ​សម្ដី​ប្រកប​ដោយ​ប្រាជ្ញា តាម​រយៈ​ព្រះ‌វិញ្ញា​ណ ឲ្យ​ម្នាក់​ទៀត​មាន​ពាក្យ​សម្ដី​ប្រកប​ដោយ​ចំណេះ​ដឹង តាម​ព្រះ‌វិញ្ញាណ​ដ​ដែល ឲ្យ​ម្នាក់​ទៀត​មាន​ជំនឿ ដោយ​សារ​ព្រះ‌វិញ្ញាណ​ដ​ដែល ឲ្យ​ម្នាក់​ទៀត​មាន​អំណោយ‌ទាន​នៃ​ការ​ប្រោស​ឲ្យ​ជា ដោយ​សារ​ព្រះ‌វិញ្ញាណ​តែ​មួយ ឲ្យ​ម្នាក់​ទៀត​សម្ដែង​ការ​អស្ចារ្យ ឲ្យ​ម្នាក់​ទៀត​ថ្លែង​ទំនាយ ឲ្យ​ម្នាក់​ទៀត​សង្កេត​ស្គាល់​វិញ្ញាណ ឲ្យ​ម្នាក់​ទៀត​និយាយ​ភាសា​ដទៃ​ផ្សេងៗ ហើយ​ឲ្យ​ម្នាក់​ទៀត​បក​ប្រែ​ភាសា​ដទៃ។ ប៉ុន្ដែ គឺ​ព្រះ‌វិញ្ញាណ​តែ​មួយ​ដដែល​នោះ​ឯង ដែល​ធ្វើ​សកម្មភាព​គ្រប់​ទាំង‌អស់ ទាំង​ចែក​ឲ្យ​ម្នាក់ៗ​រៀងៗខ្លួន តាម​ដែល​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ។ ដ្បិត​ដូច​ដែល​រូប​កាយ​មួយ​មាន​អវ‌យវៈ​ច្រើន ហើយ​អវ‌យវៈ​ទាំង‌អស់​នៅ​ក្នុង​រូប​កាយ​នោះ ទោះ​មាន​ច្រើន​មែន តែ​រួម​គ្នា​ជា​រូប​កាយ​តែ​មួយ​យ៉ាង​ណា នោះ​ព្រះ‌គ្រីស្ទ​ក៏​ដូច្នោះ​ដែរ។ ដ្បិត​យើង​ទាំង‌អស់​គ្នា ទោះ​បី​ជា​សាសន៍​យូដា ឬ​សាសន៍​ក្រិក​ក្ដី ជា​បាវ​បម្រើ ឬ​អ្នក​ជា​ក្តី យើង​បាន​ទទួល​ពិធី​ជ្រមុជ​ចូល​ទៅ​ក្នុង​រូប‌កាយ​តែ​មួយ ដោយ​សារ​ព្រះ‌វិញ្ញាណ​តែ​មួយ ហើយ​ព្រះ​ប្រទាន​ឲ្យ​យើង​គ្រប់​គ្នា​ផឹក​ពី​ព្រះ‌វិញ្ញាណ​តែមួយ។ រូប‌កាយ​មិន​មែន​មាន​អវ‌យវៈ​តែ​មួយ​ទេ គឺ​មាន​ច្រើន។ បើ​ជើង​និយាយ​ថា «ខ្ញុំ​មិន​មែន​ជា​របស់​រូប‌កាយ​ទេ ព្រោះ​ខ្ញុំ​មិន​មែន​ជា​ដៃ» ក៏​ជើង​នោះ​នៅ​តែ​ជា​ចំណែក​មួយ​របស់​រូប‌កាយ​ដដែល។ បើ​ត្រចៀក​និយាយ​ថា «ខ្ញុំ​មិន​មែន​ជា​របស់​រូប‌កាយ​ទេ ព្រោះ​ខ្ញុំ​មិន​មែន​ជា​ភ្នែក» ក៏​ត្រចៀក​នោះ​នៅ​តែ​ជា​ចំណែក​មួយ​របស់​រូប‌កាយ​ដដែល។ បើ​រូប‌កាយ​ទាំង​មូល​សុទ្ធ​តែ​ជា​ភ្នែក តើ​នឹង​ស្ដាប់​នៅ​ត្រង់​ណា? បើ​រូប‌កាយ​ទាំង​មូល​សុទ្ធ​តែ​ជា​ត្រចៀក តើ​នឹង​ដឹង​ក្លិ​ន​នៅ​ត្រង់​ណា? ប៉ុន្ដែ តាម​ពិត ព្រះ​បាន​ដាក់​អវ‌យវៈ​នីមួយៗ​នៅ​ក្នុង​រូប‌កាយ ឲ្យ​មាន​មុខ​ងារ​រៀង​ខ្លួន តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ។ បើ​ទាំង‌អស់​សុទ្ធ​តែ​ជា​អវ‌យវៈ​តែ​មួយ តើ​រូប‌កាយ​នៅ​ឯ​ណា? តាម​ពិត អវយវៈ​មាន​ច្រើន តែ​រូប‌កាយ​មាន​តែ​មួយ​ទេ។ ភ្នែក​មិន​អាច​និយាយ​ទៅ​ដៃ​ថា «ខ្ញុំ​មិន​ត្រូវ​ការ​ឯង» នោះ​ទេ ឯ​ក្បាល​ក៏​មិន​អាច​និយាយ​ទៅ​ជើង​ថា «ខ្ញុំ​មិន​ត្រូវ​ការ​ឯង» នោះ​ដែរ។ ផ្ទុយ​ទៅ​វិញ អវយវៈ​ណា​នៅ​ក្នុង​រូប‌កាយ ដែល​មើល​ទៅ​ដូច​ជា​ខ្សោយ​ជាង​គេ នោះ​យើង​ត្រូវ​ការ​ជា​ចាំ​បាច់ ហើយ​អវ‌យវៈ​ណា​ក្នុង​រូប‌កាយ ដែល​យើង​ស្មាន​ថា មិន​គួរ​រាប់​អាន​ប៉ុន្មាន នោះ​យើង​រាប់​អាន​កាន់​តែ​ខ្លាំង ហើយ​អវ‌យវៈ​ណា​របស់​យើង​ដែល​មិន​ល្អ​មើល នោះ​យើង​កាន់​តែ​គោរព​យ៉ាង​ពិសេស​វិញ រីឯ​អវ‌យវៈ​ណា​របស់​យើង​ដែល​ល្អ​មើល នោះ​មិន​ត្រូវ​ការ​អ្វី​ទេ។ ព្រះ​បាន​រៀប​ចំ​រូប‌កាយ​របស់​យើង ដោយ​ប្រទាន​ឲ្យ​អវ‌យវៈ​ណា​ដែល​ខ្វះ​ខាត បាន​កាន់​តែ​មាន​តម្លៃ​វិសេស ដើម្បី​កុំ​ឲ្យ​មាន​ការ​បាក់​បែក​នៅ​ក្នុង​រូប‌កាយ គឺ​ឲ្យ​អវ‌យវៈ​ទាំង​ប៉ុន្មាន​បាន​ជួយ​គាំ‌ពារ​គ្នា​ទៅ​វិញ​ទៅ​មក។ ប្រសិន‌បើ​អវ‌យវៈ​ណា​មួយ​ឈឺ នោះ​ទាំង‌អស់​ឈឺ​ជាមួយ​គ្នា បើ​អវយវៈ​ណា​មួយ​បាន​តម្កើង​ឡើង នោះ​ទាំង‌អស់​ក៏​រីក‌រាយ​ជាមួយ​ដែរ។ អ្នក​រាល់​គ្នា​ជា​រូប‌កាយ​របស់​ព្រះ‌គ្រីស្ទ ហើយ​ជា​អវ‌យវៈ​របស់​រូប‌កាយ​រៀងៗ​ខ្លួន។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ១ កូរិន‌ថូស 12:1-27