១ កូរិនថូស 11:7-12
១ កូរិនថូស 11:7-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប្រុសៗមិនត្រូវទទូរស្បៃពីលើក្បាលឡើយ ព្រោះខ្លួនជាតំណាង ព្រះជាម្ចាស់ និងសម្តែងសិរីរុងរឿងរបស់ព្រះអង្គឲ្យគេឃើញ។ រីឯស្ត្រីវិញ នាងសម្តែងសិរីរុងរឿងរបស់ប្ដីឲ្យគេឃើញ ដ្បិតបុរសដើមដំបូងមិនបានកើតចេញពីស្ត្រីឡើយ គឺស្ត្រីទេតើដែលកើតចេញពីបុរស ហើយព្រះជាម្ចាស់ពុំបានបង្កើតបុរសមកសម្រាប់ស្ត្រីទេ គឺព្រះអង្គបង្កើតស្ត្រីសម្រាប់បុរសវិញ។ ហេតុនេះ ដោយយោគយល់ដល់ពួកទេវតា* ស្ត្រីៗត្រូវតែទទូរស្បៃ ជាសញ្ញាថា នាងស្ថិតនៅក្រោមអំណាចប្ដីរបស់ខ្លួន។ ប៉ុន្តែ ក្នុងការរស់នៅរួមជាមួយព្រះអម្ចាស់ ស្ត្រីត្រូវការបុរសជាចាំបាច់ ហើយបុរសក៏ត្រូវការស្ត្រីជាចាំបាច់ដែរ។ ព្រះជាម្ចាស់បានយកស្ត្រីចេញមកពីបុរសយ៉ាងណា បុរសក៏កើតចេញមកពីស្ត្រីយ៉ាងនោះដែរ ហើយអ្វីៗទាំងអស់សុទ្ធតែកើតមកពីព្រះជាម្ចាស់។
១ កូរិនថូស 11:7-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
សម្រាប់បុរសវិញ មិនគួរពាក់អ្វីលើក្បាលទេ ព្រោះខ្លួនជារូបអង្គ និងជាសិរីល្អរបស់ព្រះ តែស្ត្រីជាសិរីល្អរបស់បុរស។ ដ្បិតព្រះមិនបានបង្កើតបុរសចេញពីស្ត្រីមកទេ គឺស្ត្រីចេញពីបុរស ហើយព្រះក៏មិនបានបង្កើតបុរសមកសម្រាប់ស្ត្រីដែរ គឺស្ត្រីសម្រាប់បុរសវិញ។ ហេតុនេះបានជាស្ត្រីគួរតែមានសញ្ញាសម្គាល់ពីសិទ្ធិអំណាចនៅលើក្បាលរបស់ខ្លួន ដោយព្រោះពួកទេវតា។ ក៏ប៉ុន្តែ នៅក្នុងព្រះអម្ចាស់ ស្រ្ដីត្រូវការបុរសជាចាំបាច់ ហើយបុរសក៏ត្រូវការស្ត្រីជាចាំបាច់ដែរ ដ្បិតដូចដែលស្ត្រីចេញមកពីបុរសយ៉ាងណា បុរសក៏កើតចេញពីស្រ្ដីយ៉ាងនោះដែរ តែអ្វីៗទាំងអស់មកពីព្រះ។
១ កូរិនថូស 11:7-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ផ្នែកខាងពួកបុរសវិញ នោះមិនត្រូវពាក់អ្វីលើក្បាលទេ ពីព្រោះខ្លួនជាគំរូ ហើយជាសិរីល្អនៃព្រះ តែស្ត្រីជាសិរីល្អដល់បុរសវិញ ដ្បិតបុរសដើមមិនបានកើតចេញពីស្ត្រីមកទេ គឺស្ត្រីបានចេញមកពីបុរសនោះវិញ ព្រះក៏មិនបានបង្កើតបុរសមកសំរាប់ស្ត្រីដែរ គឺស្ត្រីសំរាប់បុរសវិញ ហេតុនោះត្រូវឲ្យពួកស្ត្រីមានទីសំគាល់ពីអំណាចរបស់ប្ដី នៅលើក្បាលខ្លួន ដោយព្រោះពួកទេវតា ប៉ុន្តែ ក្នុងព្រះអម្ចាស់ នោះបុរសមិនមែនជាឥតពឹងអាស្រ័យដល់ស្ត្រីឡើយ ហើយស្ត្រីក៏មិនមែនជាឥតពឹងអាស្រ័យដល់បុរសដែរ ដ្បិតបុរសកើតមកដោយសារស្ត្រី ដូចជាស្ត្រីដើមបានកើតមកពីបុរសនោះដែរ តែគ្រប់របស់ទាំងអស់សំរេចកើតមកអំពីព្រះវិញ