១ កូរិនថូស 11:4-16
១ កូរិនថូស 11:4-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បុរសណាដែលអធិស្ឋាន ឬថ្លែងទំនាយទាំងមានពាក់អ្វីនៅលើក្បាល អ្នកនោះបន្ថោកសិរសារបស់ខ្លួន ឯស្ត្រីណាដែលអធិស្ឋាន ឬថ្លែងទំនាយដោយមិនទទូរស្បៃលើក្បាល ស្រ្ដីនោះបន្ថោកក្បាលរបស់ខ្លួន ដ្បិតធ្វើដូច្នោះប្រៀបដូចជានាងបានកោរសក់ដែរ។ ដ្បិតបើស្ត្រីណាមិនព្រមទទូរស្បៃ នោះនាងគួរតែកាត់សក់ចេញទៅ តែបើកាត់សក់ ឬកោរសក់នាំឲ្យស្រ្ដីអៀនខ្មាស នាងត្រូវតែទទូរស្បៃ។ សម្រាប់បុរសវិញ មិនគួរពាក់អ្វីលើក្បាលទេ ព្រោះខ្លួនជារូបអង្គ និងជាសិរីល្អរបស់ព្រះ តែស្ត្រីជាសិរីល្អរបស់បុរស។ ដ្បិតព្រះមិនបានបង្កើតបុរសចេញពីស្ត្រីមកទេ គឺស្ត្រីចេញពីបុរស ហើយព្រះក៏មិនបានបង្កើតបុរសមកសម្រាប់ស្ត្រីដែរ គឺស្ត្រីសម្រាប់បុរសវិញ។ ហេតុនេះបានជាស្ត្រីគួរតែមានសញ្ញាសម្គាល់ពីសិទ្ធិអំណាចនៅលើក្បាលរបស់ខ្លួន ដោយព្រោះពួកទេវតា។ ក៏ប៉ុន្តែ នៅក្នុងព្រះអម្ចាស់ ស្រ្ដីត្រូវការបុរសជាចាំបាច់ ហើយបុរសក៏ត្រូវការស្ត្រីជាចាំបាច់ដែរ ដ្បិតដូចដែលស្ត្រីចេញមកពីបុរសយ៉ាងណា បុរសក៏កើតចេញពីស្រ្ដីយ៉ាងនោះដែរ តែអ្វីៗទាំងអស់មកពីព្រះ។ ចូរពិចារណាមើលខ្លួនឯងចុះថា តើសមឬទេដែលស្ត្រីអធិស្ឋានទៅព្រះដោយមិនទទូរស្បៃ? តើធម្មជាតិមិនបង្រៀនអ្នករាល់គ្នាទេឬថា បើបុរសទុកសក់វែង នោះជាការបង្អាប់ដល់ខ្លួន តែបើស្ត្រីទុកសក់វែងវិញ នោះជាសិរីល្អរបស់នាង? ដ្បិតព្រះប្រទានឲ្យនាងមានសក់វែង ទុកដូចជាស្បៃសម្រាប់គ្របបាំង។ ប៉ុន្តែ បើអ្នកណាចង់ជជែកពីរឿងនេះ នោះត្រូវដឹងថា យើងគ្មានទម្លាប់បែបនេះទេ ហើយក្រុមជំនុំរបស់ព្រះក៏មិនដែលមានដែរ។
១ កូរិនថូស 11:4-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បុរសណាអធិស្ឋាន* ឬថ្លែងព្រះបន្ទូល ទាំងមានពាក់អ្វីពីលើក្បាល បុរសនោះបន្ថោកព្រះគ្រិស្ត។ ផ្ទុយទៅវិញ ស្ត្រីណាអធិស្ឋាន ឬថ្លែងព្រះបន្ទូល ដោយមិនទទូរស្បៃពីលើក្បាលទេ ស្ត្រីនោះបន្ថោកប្ដីរបស់ខ្លួន ធ្វើយ៉ាងនេះប្រៀបបីដូចជានាងកោរសក់ដែរ។ បើស្ត្រីណាមិនទទូរស្បៃពីលើក្បាលទេ ឲ្យនាងកោរសក់តែម្ដងទៅ! ប៉ុន្តែ បើការកាត់សក់ ឬកោរសក់ នាំឲ្យស្ត្រីៗអាម៉ាស់មុខដូច្នេះ នាងត្រូវតែទទូរស្បៃ។ ប្រុសៗមិនត្រូវទទូរស្បៃពីលើក្បាលឡើយ ព្រោះខ្លួនជាតំណាង ព្រះជាម្ចាស់ និងសម្តែងសិរីរុងរឿងរបស់ព្រះអង្គឲ្យគេឃើញ។ រីឯស្ត្រីវិញ នាងសម្តែងសិរីរុងរឿងរបស់ប្ដីឲ្យគេឃើញ ដ្បិតបុរសដើមដំបូងមិនបានកើតចេញពីស្ត្រីឡើយ គឺស្ត្រីទេតើដែលកើតចេញពីបុរស ហើយព្រះជាម្ចាស់ពុំបានបង្កើតបុរសមកសម្រាប់ស្ត្រីទេ គឺព្រះអង្គបង្កើតស្ត្រីសម្រាប់បុរសវិញ។ ហេតុនេះ ដោយយោគយល់ដល់ពួកទេវតា* ស្ត្រីៗត្រូវតែទទូរស្បៃ ជាសញ្ញាថា នាងស្ថិតនៅក្រោមអំណាចប្ដីរបស់ខ្លួន។ ប៉ុន្តែ ក្នុងការរស់នៅរួមជាមួយព្រះអម្ចាស់ ស្ត្រីត្រូវការបុរសជាចាំបាច់ ហើយបុរសក៏ត្រូវការស្ត្រីជាចាំបាច់ដែរ។ ព្រះជាម្ចាស់បានយកស្ត្រីចេញមកពីបុរសយ៉ាងណា បុរសក៏កើតចេញមកពីស្ត្រីយ៉ាងនោះដែរ ហើយអ្វីៗទាំងអស់សុទ្ធតែកើតមកពីព្រះជាម្ចាស់។ សូមបងប្អូនពិចារណាមើលខ្លួនឯងទៅចុះថា តើស្ត្រីៗអធិស្ឋានទៅកាន់ព្រះជាម្ចាស់ ដោយមិនទទូរស្បៃ សម ឬមិនសម? សូម្បីតែធម្មជាតិក៏បានបង្ហាញឲ្យយើងដឹងដែរថា បើប្រុសៗទុកសក់វែង នោះគឺជាការអាម៉ាស់មុខណាស់ ផ្ទុយទៅវិញ សក់វែងជាសិរីរុងរឿងរបស់ស្ត្រី។ តាមពិត ព្រះជាម្ចាស់ប្រទានឲ្យស្ត្រីៗមានសក់វែង ទុកដូចជាស្បៃនៅលើក្បាលរបស់នាង។ ប្រសិនបើនរណាម្នាក់ចង់ប្រកែកតវ៉ាអំពីរឿងនេះ តោងដឹងថា យើងមិនដែលមានទម្លាប់នេះទេ ហើយក្រុមជំនុំ*របស់ព្រះជាម្ចាស់ក៏មិនដែលមានដែរ។
១ កូរិនថូស 11:4-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
បុរសណាដែលអធិស្ឋាន ឬអធិប្បាយទាំងមានពាក់អ្វីនៅលើក្បាល នោះឈ្មោះថាធ្វើបង្អាប់ដល់សិរសាខ្លួន ឯស្ត្រីណាដែលអធិស្ឋាន ឬអធិប្បាយ ដោយមានក្បាលទទេ នោះឈ្មោះថាធ្វើបង្អាប់ដល់ក្បាលខ្លួនវិញ ដ្បិតដែលធ្វើដូច្នោះ នោះដូចជាបានកោរសក់ចេញដែរ បើស្ត្រីណាមិនពាក់អ្វីនៅលើក្បាល នោះត្រូវកាត់សក់ចេញ តែបើពួកស្រីៗអៀនខ្មាសចំពោះការកាត់ ឬកោរសក់ នោះត្រូវតែមានអ្វីពាក់វិញ ផ្នែកខាងពួកបុរសវិញ នោះមិនត្រូវពាក់អ្វីលើក្បាលទេ ពីព្រោះខ្លួនជាគំរូ ហើយជាសិរីល្អនៃព្រះ តែស្ត្រីជាសិរីល្អដល់បុរសវិញ ដ្បិតបុរសដើមមិនបានកើតចេញពីស្ត្រីមកទេ គឺស្ត្រីបានចេញមកពីបុរសនោះវិញ ព្រះក៏មិនបានបង្កើតបុរសមកសំរាប់ស្ត្រីដែរ គឺស្ត្រីសំរាប់បុរសវិញ ហេតុនោះត្រូវឲ្យពួកស្ត្រីមានទីសំគាល់ពីអំណាចរបស់ប្ដី នៅលើក្បាលខ្លួន ដោយព្រោះពួកទេវតា ប៉ុន្តែ ក្នុងព្រះអម្ចាស់ នោះបុរសមិនមែនជាឥតពឹងអាស្រ័យដល់ស្ត្រីឡើយ ហើយស្ត្រីក៏មិនមែនជាឥតពឹងអាស្រ័យដល់បុរសដែរ ដ្បិតបុរសកើតមកដោយសារស្ត្រី ដូចជាស្ត្រីដើមបានកើតមកពីបុរសនោះដែរ តែគ្រប់របស់ទាំងអស់សំរេចកើតមកអំពីព្រះវិញ ចូរពិចារណាក្នុងខ្លួនអ្នករាល់គ្នាមើល តើគួរគប្បីឲ្យស្ត្រីអធិស្ឋានដល់ព្រះ ដោយឥតមានពាក់អីលើក្បាលឬទេ តើធម្មតាលោកមិនបង្រៀនអ្នករាល់គ្នាទេឬអីថា បើបុរសទុកសក់វែង នោះជាការបង្អាប់ដល់ខ្លួន តែបើស្ត្រីទុកសក់វែង នោះឯងជាសេចក្ដីលំអដល់នាងវិញ ដ្បិតសក់វែងនោះ ទ្រង់បានប្រទានមកនាង ទុកជាប្រដាប់សំរាប់ទទូរ ប៉ុន្តែ បើមានអ្នកណាចង់ជជែកពីសេចក្ដីនេះ នោះយើងរាល់គ្នាគ្មានទំលាប់យ៉ាងនោះទេ ហើយពួកជំនុំនៃព្រះក៏គ្មានដែរ។