១ កូរិន‌ថូស 11:4-16

១ កូរិន‌ថូស 11:4-16 គកស១៦

បុរស​ណា​ដែល​អធិស្ឋាន ឬ​ថ្លែង​ទំនាយ​ទាំង​មាន​ពាក់​អ្វី​នៅ​លើ​ក្បាល អ្នក​នោះ​បន្ថោក​សិរសា​របស់​ខ្លួន ឯ​ស្ត្រី​ណា​ដែល​អធិស្ឋាន ឬ​ថ្លែង​ទំនាយ​ដោយ​មិន​ទទូរ​ស្បៃ​លើ​ក្បាល ស្រ្ដី​នោះ​បន្ថោក​ក្បាល​របស់​ខ្លួន ដ្បិត​ធ្វើ​ដូច្នោះ​ប្រៀប​ដូច​ជា​នាង​បាន​កោរ​សក់​ដែរ។ ដ្បិត​បើ​ស្ត្រី​ណា​មិន​ព្រម​ទទូរ​ស្បៃ នោះ​នាង​គួរ​តែ​កាត់​សក់​ចេញ​ទៅ តែ​បើ​កាត់​សក់ ឬ​កោរ​សក់​នាំ​ឲ្យ​ស្រ្ដី​អៀន​ខ្មាស នាង​ត្រូវ​តែ​ទទូរ​ស្បៃ។ សម្រាប់​បុរស​វិញ មិន​គួរ​ពាក់​អ្វី​លើ​ក្បាល​ទេ ព្រោះ​ខ្លួន​ជា​រូប​អង្គ និង​ជាសិរី‌ល្អរបស់​ព្រះ តែ​ស្ត្រី​ជាសិរី‌ល្អរបស់​បុរស។ ដ្បិត​ព្រះ​មិន​បាន​បង្កើត​បុរស​ចេញ​ពី​ស្ត្រី​មក​ទេ គឺ​ស្ត្រី​ចេញ​ពី​បុរស ហើយ​ព្រះ​ក៏​មិន​បាន​បង្កើត​បុរស​មក​សម្រាប់​ស្ត្រី​ដែរ គឺ​ស្ត្រី​សម្រាប់​បុរស​វិញ។ ហេតុ​នេះ​បាន​ជា​ស្ត្រី​គួរ​តែ​មាន​សញ្ញា​សម្គាល់​ពី​សិទ្ធិ​អំណាច​នៅ​លើ​ក្បាល​របស់​ខ្លួន ដោយ​ព្រោះ​ពួក​ទេវតា។ ក៏​ប៉ុន្តែ នៅ​ក្នុង​ព្រះ‌អម្ចាស់ ស្រ្ដី​ត្រូវ​ការ​បុរស​ជា​ចាំ​បាច់ ហើយ​បុរស​ក៏​ត្រូវ​ការ​ស្ត្រី​ជា​ចាំ​បាច់​ដែរ ដ្បិត​ដូច​ដែល​ស្ត្រី​ចេញ​មក​ពី​បុរស​យ៉ាង​ណា បុរស​ក៏​កើត​ចេញ​ពី​ស្រ្ដី​យ៉ាង​នោះ​ដែរ តែ​អ្វីៗ​ទាំង‌អស់​មក​ពី​ព្រះ។ ចូរ​ពិចារណា​មើល​ខ្លួន​ឯង​ចុះ​ថា តើ​សម​ឬ​ទេ​ដែល​ស្ត្រី​អធិស្ឋាន​ទៅ​ព្រះ​ដោយ​មិន​ទទូរ​ស្បៃ? តើ​ធម្មជាតិ​មិន​បង្រៀន​អ្នក​រាល់​គ្នា​ទេ​ឬ​ថា បើ​បុរស​ទុក​សក់​វែង នោះ​ជា​ការ​បង្អាប់​ដល់​ខ្លួន តែ​បើ​ស្ត្រី​ទុក​សក់​វែង​វិញ នោះ​ជា​សិរីល្អ​របស់​នាង? ដ្បិត​ព្រះ​ប្រទាន​ឲ្យ​នាង​មាន​សក់​វែង ទុក​ដូច​ជា​ស្បៃ​សម្រាប់​គ្រប​បាំង។ ប៉ុន្តែ បើ​អ្នក​ណា​ចង់​ជជែក​ពី​រឿង​នេះ នោះ​ត្រូវ​ដឹង​ថា យើង​គ្មាន​ទម្លាប់​បែប​នេះ​ទេ ហើយ​ក្រុម​ជំនុំ​របស់​ព្រះ​ក៏​មិន​ដែល​មាន​ដែរ។