១ កូរិនថូស 10:1-22

១ កូរិនថូស 10:1-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បង‌ប្អូន​អើយ ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​រាល់​គ្នា​មិន​ដឹង​នោះ​ទេ​ថា បុព្វ‌បុរស​របស់​យើង​បាន​នៅ​ក្រោម​ព​ពក​ទាំង‌អស់​គ្នា ហើយ​គ្រប់​គ្នា​បាន​ដើរ​ឆ្លង​សមុ​ទ្រ គ្រប់​គ្នា​បាន​ទទួល​ពិធី​ជ្រមុជ​រួម​ជាមួយ​លោក​ម៉ូសេ នៅ​ក្នុង​ពពក និង​នៅ​ក្នុង​សមុ​ទ្រ គ្រប់​គ្នា​បាន​បរិ‌ភោគ​អា​ហារ​ខាង​វិញ្ញាណ​តែ​មួយ ហើយ​គ្រប់​គ្នា​បាន​ផឹក​ទឹក​ខាង​វិញ្ញាណ​តែ​មួយ​ដូច​គ្នា ដ្បិត​ពួក​លោក​បាន​ផឹក​ពី​ថ្ម​ដា​ខាង​វិញ្ញាណ​ដែល​តាម​ជាប់​ជាមួយ​គេ ហើយ​ថ្ម​ដា​នោះ គឺ​ព្រះ‌គ្រីស្ទ។ ប៉ុន្តែ ព្រះ​មិន​គាប់​ព្រះ‌ហឫ‌ទ័យ​ចំពោះ​ពួក​លោក​ភាគ​ច្រើន ហើយ​ពួក​លោក​បាន​ដួល​ស្លាប់​រាត់​រាយ​នៅ​ទី​រហោ‌ស្ថាន។ ហេតុ‌ការណ៍​ទាំង​នោះ​បាន​កើត​ឡើង​ជា​គំរូ​ដល់​យើង ដើម្បី​កុំ​ឲ្យ​យើង​ប្រាថ្នា​ចង់​បាន​សេចក្តី​អាក្រក់ ដូច​ជា​ពួក​លោក។ កុំ​ថ្វាយ‌បង្គំ​រូប​ព្រះ ដូច​ជា​ពួក​លោក​ខ្លះ​ឲ្យ​សោះ ដូច​មាន​សេចក្តី​ចែង​ទុក​មក​ថា៖ «ប្រជា‌ជន​បាន​អង្គុយ​ស៊ី​ផឹក រួច​ក្រោក​ឡើង​លេង​សប្បាយ» យើង​មិន​ត្រូវ​បណ្ដោយ​ខ្លួន​ឲ្យ​មាន​អំពើ​សហាយ​ស្មន់ ដូច​បុព្វ‌បុរស​ខ្លះ​បាន​ប្រព្រឹត្ត ហើយ​មាន​ពីរ​ម៉ឺន​បី​ពាន់​នាក់ ត្រូវ​វិនាស​តែ​ក្នុង​រយៈ​ពេល​មួយ​ថ្ងៃ។ យើង​មិន​ត្រូវ​ល្បង‌ល​ព្រះ‌គ្រីស្ទ ដូច​ពួក​លោក​ខ្លះ​បាន​ល្បង‌ល ហើយ​ត្រូវ​វិនាស​ដោយ​ពស់​ចឹក ក៏​មិន​ត្រូវ​រអ៊ូរទាំ ដូច​ពួក​លោក​ខ្លះ​បាន​រអ៊ូរទាំ ហើយ​ត្រូវ​វិនាស​ដោយ​មេ​បំផ្លាញ​នោះ​ឡើយ។ ហេតុ‌កា​រណ៍​ទាំង​នោះ​បាន​កើត​ឡើង​ដល់​ពួក​លោក​ទុក​ជា​គំរូ ហើយ​បាន​ចែង​ទុក​សម្រាប់​ទូន្មាន​យើង ដែល​យើង​រស់​នៅ​គ្រា​ចុង​ក្រោយ​បង្អស់​នេះ។ ដូច្នេះ បើ​អ្នក​ណា​ស្មាន​ថា​ខ្លួន​ឈរ​មាំ​ហើយ នោះ​ត្រូវ​ប្រយ័ត្ន​ក្រែង​លោ​ដួល គ្មាន​សេចក្តី​ល្បួង​ណា​កើត​ដល់​អ្នក​រាល់​គ្នា ក្រៅ​ពី​សេចក្តី​ល្បួង​ដែល​មនុស្ស​លោក​តែង​ជួប​ប្រទះ​នោះ​ឡើយ។ ព្រះ‌ទ្រង់​ស្មោះ‌ត្រង់ ទ្រង់​មិន​បណ្ដោយ​ឲ្យ​អ្នក​រាល់​គ្នា​ត្រូវ​ល្បួង ហួស​កម្លាំង​អ្នក​រាល់​គ្នា​ឡើយ គឺ​នៅ​វេលា​ណា​ដែល​ត្រូវ​ល្បួង នោះ​ទ្រង់​ក៏​រៀប​ផ្លូវ​ឲ្យ​ចៀស​រួច ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​ទ្រាំទ្រ​បាន។ ហេតុ​នេះ បង‌ប្អូន​ស្ងួន‌ភ្ងា​របស់​ខ្ញុំ​អើយ ចូរ​រត់​ពី​ការ​ថ្វាយ‌បង្គំ​រូប​ព្រះ​ចេញ ខ្ញុំ​និយាយ​នេះ ដូច​ជា​និយាយ​ទៅ​កាន់​អ្នក​មាន​ប្រាជ្ញា ចូរ​ពិចារណា​ពី​សេចក្តី​ដែល​ខ្ញុំ​និយាយ​នេះ​ដោយ​ខ្លួន​ឯង​ចុះ។ ពែង​នៃ​ព្រះ​ព​រ ដែល​យើង​អរ​ព្រះ​គុណ តើ​មិន​មែន​ជា​ចំណែក​នៅ​ក្នុង​លោ​ហិត​របស់​ព្រះ‌គ្រីស្ទ​ទេ​ឬ? ហើយ​នំបុ័ង​ដែល​យើង​កា​ច់ តើ​មិន​មែន​ជា​ចំណែក​នៅ​ក្នុង​ព្រះកាយ​របស់​ព្រះ‌គ្រីស្ទ​ទេ​ឬ? ព្រោះ​មាន​នំបុ័ង​តែ​មួយ​ប៉ុណ្ណោះ ហើយ​យើង​ដែល​មាន​គ្នា​ច្រើន គឺ​ជា​រូប‌កាយ​តែ​មួយ ដ្បិត​យើង​ទាំង‌អស់​គ្នា​ទទួ​ល​ទា​ន​ពី​ដុំ​នំបុ័ង​តែ​មួយ​នោះ​ឯង។ ចូរ​ពិចារណា​ពី​ប្រជា‌ជន​អ៊ីស្រា‌អែល​ចុះ អស់​អ្នក​ដែល​បរិ‌ភោគ​សាច់​ដែល​គេ​បាន​ថ្វាយ​ជា​យ​ញ្ញ‌បូ​ជា​ទាំង​នោះ តើ​មិន​មាន​ចំណែក​នៅ​ក្នុង​អាសនា​ទេ​ឬ? តើ​ខ្ញុំ​និយាយ​នេះ​មាន​ន័យ​ដូច​ម្ដេច? តើ​ចំណី​អាហារ​ដែល​គេ​បាន​សែន​ដល់​រូប​ព្រះ​ជា​អ្វី ឬ​រូប​ព្រះ​ជា​អ្វី? មិន​មែន​ជា​អ្វី​ទេ! ខ្ញុំ​ចង់​និយាយ​ថា អ្វី​ដែល​សាសន៍​ដទៃ​ថ្វាយ គេ​ថ្វាយ​ដល់​អារក្ស មិន​មែន​ថ្វាយ​ដល់​ព្រះ​ទេ។ ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ក្លាយ​ជា​គូកន​របស់​អារក្ស​ឡើយ។ អ្នក​រាល់​គ្នា​មិន​អាច​ផឹក​ពី​ពែង​របស់​ព្រះ‌អម្ចាស់​ផង ហើយ​ផឹក​ពី​ពែង​របស់​អារក្ស​ផង​បាន​ទេ។ អ្នក​រាល់​គ្នា​ក៏​មិន​អាច​រួម​តុ​ជាមួយ​ព្រះ‌អម្ចាស់​ផង ហើយ​រួម​តុ​ជាមួយ​អារក្ស​ផង​បាន​ដែរ។ ឬ​មួយ​យើង​ចង់​ឲ្យ​ព្រះ‌អម្ចាស់​ប្រចណ្ឌ? តើ​យើង​ខ្លាំង​ពូកែ​ជាង​ព្រះ‌អង្គ​ឬ?

១ កូរិនថូស 10:1-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បងប្អូន​អើយ ខ្ញុំ​ចង់​ឲ្យ​បងប្អូន​ជ្រាប​ថា បុព្វបុរស*​របស់​យើង​សុទ្ធ​តែ​បាន​ដើរ​ក្រោម​ពពក* និង​បាន​ដើរ​ឆ្លង​សមុទ្រ​ទាំង​អស់​គ្នា។ ពួក​លោក​បាន​ទទួល​ពិធី​ជ្រមុជ​ក្នុង​ពពក និង​ក្នុង​សមុទ្រ រួម​ជា​មួយ​លោក​ម៉ូសេ។ បុព្វបុរស​ទាំង​នោះ​បាន​បរិភោគ​អាហារ​ដែល​មក​ពី​ព្រះ‌វិញ្ញាណ និង​បាន​ពិសា​ទឹក​ដែល​មក​ពី​ព្រះ‌វិញ្ញាណ​ដូច​គ្នា​ទាំង​អស់ ដ្បិត​ពួក​លោក​បាន​ពិសា​ទឹក​ហូរ​ចេញ​ពី​ថ្ម‌ដា​ដែល​មក​ពី​ព្រះ‌វិញ្ញាណ ជា​ថ្ម‌ដា​ដែល​រួម​ដំណើរ​ជា​មួយ​ពួក​លោក ថ្ម​នេះ​គឺ​ព្រះ‌គ្រិស្ត។ ប៉ុន្តែ មាន​បុព្វបុរស​មួយ​ចំនួន​ធំ​ស្លាប់​នៅ​វាល​រហោ‌ស្ថាន ព្រោះ​ពួក​លោក​មិន​បាន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់​ទេ។ ហេតុ‌ការណ៍​ទាំង​នោះ​ជា​មេរៀន​សម្រាប់​យើង ដើម្បី​កុំ​ឲ្យ​យើង​មាន​ចិត្ត​ប៉ង‌ប្រាថ្នា​អាក្រក់​ដូច​បុព្វបុរស​ឡើយ។ សូម​កុំ​ថ្វាយ‌បង្គំ​ព្រះ‌ក្លែង‌ក្លាយ​ដូច​បុព្វបុរស​ខ្លះ​ឲ្យ​សោះ ដ្បិត​មាន​ចែង​ទុក​មក​ថា «ប្រជា‌ជន​អង្គុយ​បរិភោគ​បាយ​ទឹក បន្ទាប់​មក គេ​នាំ​គ្នា​ក្រោក​ឡើង​រាំ​សប្បាយ» ។ យើង​មិន​ត្រូវ​បណ្ដោយ​ខ្លួន​ឲ្យ​ប្រាស​ចាក​សីលធម៌​ដូច​បុព្វបុរស​ខ្លះ ដែល​ជា​ហេតុ​នាំ​ឲ្យ​គេ​ស្លាប់​អស់​ពីរ​ម៉ឺន​បី​ពាន់​នាក់ ក្នុង​រយៈ​ពេល​តែ​មួយ​ថ្ងៃ។ យើង​មិន​ត្រូវ​ល្បង‌ល​មើល​ឫទ្ធិ‌បារមី​របស់​ព្រះ‌អម្ចាស់ ដូច​បុព្វបុរស​ខ្លះ​បាន​ល្បង ហើយ​ត្រូវ​ស្លាប់ ដោយ​ពស់​ចឹក​នោះ​ឲ្យ​សោះ។ សូម​កុំ​រអ៊ូ‌រទាំ​ដូច​បុព្វបុរស​ខ្លះ​ដែល​បាន​រអ៊ូ‌រទាំ ហើយ​ត្រូវ​មច្ចុរាជ​ប្រហារ​ជីវិត​នោះ​ឡើយ។ ហេតុ‌ការណ៍​ទាំង​នេះ​កើត​មាន​ដល់​ពួក​លោក​ទុក​ជា​មេរៀន ហើយ​មាន​ចែង​ទុក​ក្នុង​គម្ពីរ ដើម្បី​ទូន្មាន​ពួក​យើង​ដែល​រស់​នៅ​ជំនាន់​ចុង​ក្រោយ​បង្អស់​នេះ។ ដូច្នេះ បើ​អ្នក​ណា​នឹក​ស្មាន​ថា​ខ្លួន​មាន​ជំហរ​មាំ‌មួន អ្នក​នោះ​ត្រូវ​ប្រយ័ត្ន ក្រែង​លោ​ជំពប់​ដួល​ទៅ​វិញ។ គ្មាន​ការ​ល្បួង​ណា​មួយ​កើត​មាន​ដល់​បងប្អូន ក្រៅ​ពី​ការ​ល្បួង​ដែល​មនុស្ស​លោក​តែង​ជួប​ប្រទះ​នោះ​ឡើយ។ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌ហឫទ័យ​ស្មោះ​ត្រង់ ព្រះអង្គ​មិន​បណ្ដោយ​ឲ្យ​មារ*​ល្បួង​បងប្អូន​ហួស​ពី​កម្លាំង​បងប្អូន​ទេ ប៉ុន្តែ នៅ​ពេល​បងប្អូន​ជួប​ការ​ល្បួង ព្រះអង្គ​នឹង​ប្រទាន​មធ្យោ‌បាយ​ឲ្យ​បងប្អូន​ចេញ​រួច និង​ឲ្យ​បងប្អូន​អាច​ទ្រាំ‌ទ្រ​បាន។ ហេតុ​នេះ បងប្អូន​ជា​ទី​ស្រឡាញ់​អើយ មិន​ត្រូវ​ថ្វាយ‌បង្គំ​ព្រះ‌ក្លែង‌ក្លាយ​ឡើយ។ ខ្ញុំ​និយាយ​ជា​មួយ​បងប្អូន ដូច​ជា​និយាយ​ទៅ​កាន់​អ្នក​មាន​ប្រាជ្ញា​ដែរ សូម​បងប្អូន​ពិចារណា​សេចក្ដី​ដែល​ខ្ញុំ​និយាយ​នេះ​ដោយ​ខ្លួន​ឯង​ផ្ទាល់​ទៅ។ ពេល​យើង​លើក​ពែង​នៃ​ព្រះ‌ពរ​ឡើង ដើម្បី​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ មាន​ន័យ​ថា យើង​ចូល​រួម​ជា​មួយ​ព្រះ‌លោហិត​របស់​ព្រះ‌គ្រិស្ត រីឯ​ពេល​ដែល​យើង​កាច់​នំប៉័ង​ក៏​មាន​ន័យ​ថា យើង​ចូល​រួម​ជា​មួយ​ព្រះ‌កាយ​របស់​ព្រះ‌គ្រិស្ត​ដែរ។ មាន​នំប៉័ង​តែ​មួយ​ប៉ុណ្ណោះ ទោះ​បី​យើង​មាន​គ្នា​ច្រើន​ក្ដី ក៏​យើង​រួម​គ្នា​មក​ជា​រូប​កាយ​តែ​មួយ​ដែរ ព្រោះ​យើង​ទាំង​អស់​គ្នា​បាន​ទទួល​ចំណែក​ពី​នំប៉័ង​តែ​មួយ។ សូម​រិះគិត​អំពី​ជន‌ជាតិ​អ៊ីស្រា‌អែលមើល៍ អស់​អ្នក​បរិភោគ​សាច់​សត្វ​ដែល​គេ​ថ្វាយ​ជា​យញ្ញ‌បូជា ក៏​បាន​ចូល​រួម*​ជា​មួយ​នឹង​ព្រះ‌ជាម្ចាស់ ដោយ‌សារ​សាច់​ដែល​គេ​បាន​ថ្វាយ​នោះ​ដែរ។ ខ្ញុំ​និយាយ​នេះ​មាន​ន័យ​ដូច​ម្ដេច? តើ​សាច់​ដែល​គេ​សែន​ទៅ​ព្រះ‌ក្លែង‌ក្លាយ​មាន​សារ‌សំខាន់​អ្វី ហើយ​ព្រះ‌ក្លែង‌ក្លាយ​មាន​សារ‌សំខាន់​អ្វី​ដែរ? ទេ! គ្មាន​សារ‌សំខាន់​អ្វី​ទាំង​អស់! ផ្ទុយ​ទៅ​វិញ អ្វីៗ​ដែល​គេ​សែន​នោះ គេ​សែន​អារក្ស គឺ​មិន​មែន​ថ្វាយ​ព្រះ‌ជាម្ចាស់​ទេ។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​មិន​ចង់​ឲ្យ​បងប្អូន​ចូល​រួម​រស់​ជា​មួយ​ពួក​អារក្ស​ទាល់​តែ​សោះ។ បងប្អូន​មិន​អាច​លើក​ពែង​របស់​ព្រះ‌អម្ចាស់​ពិសា​ផង ហើយ​លើក​ពែង​របស់​ពួក​អារក្ស​ពិសា​ផង​ទេ។ បងប្អូន​ក៏​មិន​អាច​រួម​តុ​ជា​មួយ​ព្រះ‌អម្ចាស់​ផង ហើយ​រួម​តុ​ជា​មួយ​ពួក​អារក្ស​ផង​ដែរ។ ឬ​មួយ​ក៏​យើង​ចង់​ឲ្យ​ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​ច្រណែន? តើ​យើង​ខ្លាំង​ពូកែ​ជាង​ព្រះអង្គ​ឬ?

១ កូរិនថូស 10:1-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

បង​ប្អូន​អើយ ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ល្ងង់ ពី​ដំណើរ​ពួក​ឰយុកោ​យើង​ទេ ថា​គេ​បាន​នៅ​ក្រោម​ពពក​ទាំង​អស់​គ្នា ហើយ​គ្រប់​គ្នា​បាន​ដើរ​កាត់​សមុទ្រ គ្រប់​គ្នា​បាន​ទទួល​បុណ្យ​ជ្រមុជ​ក្នុង​ពពក ហើយ​ក្នុង​សមុទ្រ​នោះ ឲ្យ​បាន​តាម​លោក​ម៉ូសេ គ្រប់​គ្នា​បាន​បរិភោគ​ចំណី​អាហារ​ដដែល​ខាង​ព្រលឹង​វិញ្ញាណ ហើយ​គ្រប់​គ្នា​បាន​ផឹក​ទឹក​ដដែល​ខាង​ព្រលឹង​វិញ្ញាណ​ដែរ ដ្បិត​បាន​ផឹក​ពី​ថ្មដា​ខាង​ព្រលឹង‌វិញ្ញាណ​ដែល​តាម​គេ ឯ​ថ្មដា​នោះ គឺ​ជា​ព្រះ‌គ្រីស្ទ ប៉ុន្តែ ព្រះ‌ទ្រង់​មិន​ពេញ​ព្រះ‌ហឫទ័យ​នឹង​គេ​ជា​ច្រើន​គ្នា​ទេ ដ្បិត​គេ​ត្រូវ​ដួល​ស្លាប់​រាត់‌រាយ នៅ​ក្នុង​ទី​រហោ‌ស្ថាន ការ​ទាំង​នោះ​បាន​ត្រឡប់​ជា​គំរូ​ដល់​យើង ប្រយោជន៍​កុំ​ឲ្យ​យើង​ប្រាថ្នា​ចង់​បាន​សេចក្ដី​អាក្រក់ ដូច​ជា​គេ​ឡើយ ឬ​ថ្វាយ‌បង្គំ​រូប​ព្រះ ដូច​ជា​ពួក​គេ​ខ្លះ​បាន​ថ្វាយ​ដែរ ដូច​មាន​សេចក្ដី​ចែង​ទុក​មក​ថា «បណ្តាជន​បាន​អង្គុយ​ស៊ី​ផឹក រួច​ក្រោក​ឡើង​លេង​សប្បាយ» ឬ​ប្រព្រឹត្ត​សេចក្ដី​កំផិត ដូច​ជា​ពួក​គេ​ខ្លះ​បាន​ប្រព្រឹត្ត ហើយ​មាន​២​ម៉ឺន​៣​ពាន់​នាក់ បាន​ត្រូវ​វិនាស​ក្នុង​១​ថ្ងៃ​នោះ​ឯង ឬ​ល្បង​ព្រះ‌គ្រីស្ទ ដូច​ជា​ពួក​គេ​ខ្លះ​បាន​ល្បង​ទ្រង់ ហើយ​ត្រូវ​វិនាស​ទៅ ដោយ​ពស់​ចឹក ក៏​កុំ​ឲ្យ​ត្អូញ‌ត្អែរ ដូច​ជា​ពួក​គេ​ខ្លះ​បាន​ត្អូញ‌ត្អែរ ហើយ​ត្រូវ​វិនាស​ដោយ​មេ​បំផ្លាញ​នោះ​ឡើយ រីឯ​ការ​ទាំង​នោះ​បាន​កើត​មក​ដល់​គេ​ទុក​ជា​គំរូ ហើយ​បាន​កត់​ទុក សំរាប់​ជា​សេចក្ដី​ទូន្មាន​ប្រដៅ ដល់​យើង​រាល់​គ្នា ដែល​យើង​នៅ​គ្រា​ចុង​បំផុត​នៃ​អស់​ទាំង​កល្ប បាន​ជា​អ្នក​ណា​ដែល​ស្មាន​ថា​ខ្លួន​ឈរ នោះ​ត្រូវ​ប្រយ័ត ក្រែង​លោ​ដួល ដ្បិត​គ្មាន​សេចក្ដី​ល្បួង​ណា​កើត​ដល់​អ្នក​រាល់​គ្នា ក្រៅ​ពី​សេចក្ដី​ល្បួង ដែល​ត្រូវ​ខាង​មនុស្ស​លោក​ទេ រីឯ​ព្រះ‌ទ្រង់​ក៏​ស្មោះ‌ត្រង់​ដែរ ទ្រង់​មិន​ឲ្យ​កើត​មាន​សេចក្ដី​ល្បួង​ហួស​កំឡាំង​អ្នក​រាល់​គ្នា​ឡើយ គឺ​នៅ​វេលា​ណា​ដែល​ត្រូវ​ល្បួង នោះ​ទ្រង់​ក៏​រៀប​ផ្លូវ​ឲ្យ​ចៀស​រួច ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​នឹង​ទ្រាំ​បាន។ ហេតុ​នោះ ឱ​ពួក​ស្ងួន‌ភ្ងា​ខ្ញុំ​អើយ ចូរ​រត់​ពី​ការ​ថ្វាយ‌បង្គំ​រូប​ព្រះ​ចេញ ខ្ញុំ​និយាយ​នេះ ដូច​ជា​និយាយ​នឹង​មនុស្ស​មាន​ប្រាជ្ញា ចូរ​ពិចារណា​ពី​សេចក្ដី​ដែល​ខ្ញុំ​ថា​នេះ​ចុះ ឯ​ពែង​ដ៏​មាន​ពរ ដែល​យើង​សូម​ពរ​ឲ្យ តើ​មិន​មែន​ជា​សេចក្ដី​ប្រកប​នឹង​លោហិត​របស់​ព្រះ‌គ្រីស្ទ​ទេ​ឬ​អី ហើយ​នំបុ័ង​ដែល​យើង​កាច់​នោះ តើ​មិន​មែន​ជា​សេចក្ដី​ប្រកប​នឹង​រូប​អង្គ​នៃ​ព្រះ‌គ្រីស្ទ​ទេ​ឬ​អី ដ្បិត​ដែល​មាន​នំបុ័ង​តែ​១​ដុំ​នោះ​យ៉ាង​ណា ចំណែក​ពួក​យើង​ដែល​មាន​គ្នា​ច្រើន ក៏​ជា​រូប‌កាយ​តែ​១​យ៉ាង​នោះ​ដែរ ពី​ព្រោះ​យើង​ទាំង​អស់​គ្នា​ទទួល​ទាន​ពី​ដុំ​នំបុ័ង​តែ​មួយ​នោះ​ឯង ចូរ​ពិចារណា​ពី​សាសន៍​អ៊ីស្រាអែល​ខាង​សាច់​ឈាម​ចុះ ឯ​ពួក​អ្នក​ដែល​បរិភោគ​យញ្ញ‌បូជា​ទាំង​នោះ តើ​មិន​មាន​សេចក្ដី​ប្រកប​នឹង​អាសនា​ទេ​ឬ​អី ដែល​ខ្ញុំ​និយាយ​ដូច្នេះ តើ​មាន​ន័យ​ថា រូប​ព្រះ​ជា​អ្វី​ឬ​ទេ ឬ​ដង្វាយ​ថ្វាយ​ដល់​រូប​ព្រះ​ជា​អ្វី​ឬ​ទេ មិន​មែន​ជា​អ្វី​ទេ ឯ​របស់​ដែល​សាសន៍​ដទៃ​បូជា​ថ្វាយ នោះ​មិន​មែន​ថ្វាយ​ដល់​ព្រះ​ទេ គឺ​ថ្វាយ​ដល់​អារក្ស​វិញ​ទេ​តើ ហើយ​ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​រាល់​គ្នា មាន​សេចក្ដី​ប្រកប​នឹង​អារក្ស​ឡើយ អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ផឹក​ពី​ពែង​នៃ​ព្រះ‌អម្ចាស់ នឹង​ពី​ពែង​របស់​អារក្ស​ផង​បាន​ទេ ក៏​ពុំ​អាច​នឹង​បរិភោគ​នៅ​តុ​ព្រះ‌អម្ចាស់ នឹង​តុ​របស់​អារក្ស​ផង​បាន​ដែរ ឬ​តើ​យើង​ចង់​បណ្តាល​ឲ្យ​ព្រះ‌អម្ចាស់​ទ្រង់​ប្រចណ្ឌ​ឬ​អី តើ​យើង​ខ្លាំង​ពូកែ​ជាង​ទ្រង់​ឬ។