បងប្អូនអើយ ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នាមិនដឹងនោះទេថា បុព្វបុរសរបស់យើងបាននៅក្រោមពពកទាំងអស់គ្នា ហើយគ្រប់គ្នាបានដើរឆ្លងសមុទ្រ គ្រប់គ្នាបានទទួលពិធីជ្រមុជរួមជាមួយលោកម៉ូសេ នៅក្នុងពពក និងនៅក្នុងសមុទ្រ គ្រប់គ្នាបានបរិភោគអាហារខាងវិញ្ញាណតែមួយ ហើយគ្រប់គ្នាបានផឹកទឹកខាងវិញ្ញាណតែមួយដូចគ្នា ដ្បិតពួកលោកបានផឹកពីថ្មដាខាងវិញ្ញាណដែលតាមជាប់ជាមួយគេ ហើយថ្មដានោះ គឺព្រះគ្រីស្ទ។ ប៉ុន្តែ ព្រះមិនគាប់ព្រះហឫទ័យចំពោះពួកលោកភាគច្រើន ហើយពួកលោកបានដួលស្លាប់រាត់រាយនៅទីរហោស្ថាន។ ហេតុការណ៍ទាំងនោះបានកើតឡើងជាគំរូដល់យើង ដើម្បីកុំឲ្យយើងប្រាថ្នាចង់បានសេចក្តីអាក្រក់ ដូចជាពួកលោក។ កុំថ្វាយបង្គំរូបព្រះ ដូចជាពួកលោកខ្លះឲ្យសោះ ដូចមានសេចក្តីចែងទុកមកថា៖ «ប្រជាជនបានអង្គុយស៊ីផឹក រួចក្រោកឡើងលេងសប្បាយ» យើងមិនត្រូវបណ្ដោយខ្លួនឲ្យមានអំពើសហាយស្មន់ ដូចបុព្វបុរសខ្លះបានប្រព្រឹត្ត ហើយមានពីរម៉ឺនបីពាន់នាក់ ត្រូវវិនាសតែក្នុងរយៈពេលមួយថ្ងៃ។ យើងមិនត្រូវល្បងលព្រះគ្រីស្ទ ដូចពួកលោកខ្លះបានល្បងល ហើយត្រូវវិនាសដោយពស់ចឹក ក៏មិនត្រូវរអ៊ូរទាំ ដូចពួកលោកខ្លះបានរអ៊ូរទាំ ហើយត្រូវវិនាសដោយមេបំផ្លាញនោះឡើយ។ ហេតុការណ៍ទាំងនោះបានកើតឡើងដល់ពួកលោកទុកជាគំរូ ហើយបានចែងទុកសម្រាប់ទូន្មានយើង ដែលយើងរស់នៅគ្រាចុងក្រោយបង្អស់នេះ។ ដូច្នេះ បើអ្នកណាស្មានថាខ្លួនឈរមាំហើយ នោះត្រូវប្រយ័ត្នក្រែងលោដួល គ្មានសេចក្តីល្បួងណាកើតដល់អ្នករាល់គ្នា ក្រៅពីសេចក្តីល្បួងដែលមនុស្សលោកតែងជួបប្រទះនោះឡើយ។ ព្រះទ្រង់ស្មោះត្រង់ ទ្រង់មិនបណ្ដោយឲ្យអ្នករាល់គ្នាត្រូវល្បួង ហួសកម្លាំងអ្នករាល់គ្នាឡើយ គឺនៅវេលាណាដែលត្រូវល្បួង នោះទ្រង់ក៏រៀបផ្លូវឲ្យចៀសរួច ដើម្បីឲ្យអ្នករាល់គ្នាអាចទ្រាំទ្របាន។ ហេតុនេះ បងប្អូនស្ងួនភ្ងារបស់ខ្ញុំអើយ ចូររត់ពីការថ្វាយបង្គំរូបព្រះចេញ ខ្ញុំនិយាយនេះ ដូចជានិយាយទៅកាន់អ្នកមានប្រាជ្ញា ចូរពិចារណាពីសេចក្តីដែលខ្ញុំនិយាយនេះដោយខ្លួនឯងចុះ។ ពែងនៃព្រះពរ ដែលយើងអរព្រះគុណ តើមិនមែនជាចំណែកនៅក្នុងលោហិតរបស់ព្រះគ្រីស្ទទេឬ? ហើយនំបុ័ងដែលយើងកាច់ តើមិនមែនជាចំណែកនៅក្នុងព្រះកាយរបស់ព្រះគ្រីស្ទទេឬ? ព្រោះមាននំបុ័ងតែមួយប៉ុណ្ណោះ ហើយយើងដែលមានគ្នាច្រើន គឺជារូបកាយតែមួយ ដ្បិតយើងទាំងអស់គ្នាទទួលទានពីដុំនំបុ័ងតែមួយនោះឯង។ ចូរពិចារណាពីប្រជាជនអ៊ីស្រាអែលចុះ អស់អ្នកដែលបរិភោគសាច់ដែលគេបានថ្វាយជាយញ្ញបូជាទាំងនោះ តើមិនមានចំណែកនៅក្នុងអាសនាទេឬ? តើខ្ញុំនិយាយនេះមានន័យដូចម្ដេច? តើចំណីអាហារដែលគេបានសែនដល់រូបព្រះជាអ្វី ឬរូបព្រះជាអ្វី? មិនមែនជាអ្វីទេ! ខ្ញុំចង់និយាយថា អ្វីដែលសាសន៍ដទៃថ្វាយ គេថ្វាយដល់អារក្ស មិនមែនថ្វាយដល់ព្រះទេ។ ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នាក្លាយជាគូកនរបស់អារក្សឡើយ។ អ្នករាល់គ្នាមិនអាចផឹកពីពែងរបស់ព្រះអម្ចាស់ផង ហើយផឹកពីពែងរបស់អារក្សផងបានទេ។ អ្នករាល់គ្នាក៏មិនអាចរួមតុជាមួយព្រះអម្ចាស់ផង ហើយរួមតុជាមួយអារក្សផងបានដែរ។ ឬមួយយើងចង់ឲ្យព្រះអម្ចាស់ប្រចណ្ឌ? តើយើងខ្លាំងពូកែជាងព្រះអង្គឬ?
អាន ១ កូរិនថូស 10
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ កូរិនថូស 10:1-22
22 ថ្ងៃ
"តើគ្រីស្ទានគួររស់នៅដោយរបៀបណា?" គឺជាប្រធានបទដែលត្រូវបានលើកឡើងនៅក្នុងសំបុត្រទីមួយទៅកាន់ពួកកូរិនថូស ដោយផ្តល់ការថែទាំជាក់ស្តែង និងការកែតម្រូវចំពោះបញ្ហាដែលគ្រីស្ទានវ័យក្មេងប្រឈមមុខ។ ការធ្វើដំណើរប្រចាំថ្ងៃតាមរយៈ កូរិនថូសទី 1 នៅពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសចេញពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ