១ របាក្សត្រ 9:1-37

១ របាក្សត្រ 9:1-37 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

គេ​បាន​ជំរឿន​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល តាម​ក្រុម​គ្រួសារ​របស់​គេ ហើយ​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្ដេច​ស្រុក​អ៊ីស្រា‌អែល។ ប្រជា‌ជន​យូដា​ត្រូវ​ខ្មាំង​កៀរ​ទៅ​ជា​ឈ្លើយ នៅ​ស្រុក​បាប៊ី‌ឡូន ព្រោះ​តែ​ពួក​គេ​មិន​ស្មោះ​ត្រង់​នឹង​ព្រះ‌ជាម្ចាស់។ អស់​អ្នក​ដែល​បាន​វិល​មក​វិញ​មុន​គេ​បង្អស់ ហើយ​កាន់​កាប់​ទឹក​ដី​ជា​កម្មសិទ្ធិ​របស់​ខ្លួន​នៅ​តាម​ក្រុង​នានា នោះ​គឺ​ប្រជា‌ជន​អ៊ីស្រា‌អែល​ធម្មតា ពួក​បូជា‌ចារ្យ ពួក​លេវី និង​ពួក​នេធី‌និម។ កូន​ចៅ​យូដា កូន​ចៅ​បេន‌យ៉ាមីន កូន​ចៅ​អេប្រាអ៊ីម និង​ម៉ាណា‌សេ​ខ្លះ នាំ​គ្នា​តាំង​ទី​លំ‌នៅ​នៅ​ក្រុង​យេរូ‌សាឡឹម។ ក្នុង​កុល‌សម្ព័ន្ធ​យូដា​មាន​លោក​អ៊ូថាយ ជា​កូន​របស់​លោក​អាំមី‌ហ៊ូដ ជា​ចៅ​របស់​លោក​អុមរី ជា​ចៅ‌ទួត​របស់​លោក​អ៊ីមរី និង​ជា​ចៅ‌លួត​របស់​លោក​បានី ក្នុង​អំបូរ​ពេរេស។ ក្នុង​អំបូរ​ស៊ីឡូរ​មាន​លោក​អសា‌យ៉ា ជា​រៀម‌ច្បង​គេ និង​កូន​ចៅ​របស់​គាត់។ ក្នុង​អំបូរ​សេ‌រ៉ាស​មាន​លោក​យេអួល និង​បងប្អូន​របស់​គាត់។ សរុប​ទាំង​អស់​មាន ៦៩០​នាក់។ ក្នុង​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន​មាន​លោក​សាលូវ ជា​កូន​របស់​លោក​មស៊ូ‌ឡាម ជា​ចៅ​របស់​លោក​ហូដា‌វា និង​ជា​ចៅ‌ទួត​របស់​លោក​ហាសេ‌នួ។ លោក​យីប‌នេ‌យ៉ា​ជា​កូន​របស់​លោក​យេរ៉ូ‌ហាំ។ លោក​អេឡា​ជា​កូន​របស់​លោក​អ៊ូស៊ី ហើយ​លោក​អ៊ូស៊ី​ត្រូវ​ជា​កូន​របស់​លោក​មីករី ជា​ចៅ​របស់​លោក​មស៊ូ‌ឡាម ជា​ចៅ‌ទួត​របស់​លោក​សេផា‌ធា ជា​ចៅ‌លួត​របស់​លោក​រេហួល និង​ជា​ចៅ​លា​របស់​លោក​យីប‌នីយ៉ា។ អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​មេ​ដឹក​នាំ​លើ​ក្រុម​គ្រួសារ​របស់​គេ​រៀងៗ​ខ្លួន។ បងប្អូន​របស់​ពួក​គេ​ទាំង​អស់ រាប់​តាម​តំណ​វង្ស​ត្រកូល​របស់​ពួក​គេ​មាន​ចំនួន ៩៥៦​នាក់។ ក្នុង​ក្រុម​បូជា‌ចារ្យ​មាន​លោក​យេដា‌យ៉ា លោក​យេហូ‌យ៉ារីប លោក​យ៉ាគីន លោក​អសា‌រា ជា​កូន​របស់​លោក​ហ៊ីល‌គីយ៉ា ជា​ចៅ​របស់​លោក​មស៊ូ‌ឡាម ជា​ចៅ‌ទួត​របស់​លោក​សាដុក ជា​ចៅ‌លួត​របស់​លោក​មេរ៉ា‌យ៉ូត ជា​ចៅ​លា​របស់​លោក​អហ៊ី‌ទូប ជា​អ្នក​គ្រប់‌គ្រង​លើ​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់។ លោក​អដា‌យ៉ា​ជា​កូន​របស់​លោក​យេរ៉ូ‌ហាំ ជា​ចៅ​របស់​លោក​ផាស‌ហ៊ើរ ជា​ចៅ‌ទួត​របស់​លោក​ម៉ាល់‌គា។ លោក​ម៉ាសាយ ជា​កូន​របស់​លោក​អឌី‌អែល ជា​ចៅ​របស់​លោក​យ៉ាសេ‌រ៉ា ជា​ចៅ‌ទួត​របស់​លោក​មស៊ូ‌ឡាម ជា​ចៅ‌លួត​របស់​លោក​មេស៊ី‌លេមីត ជា​ចៅ​លា​របស់​លោក​អ៊ីម‌មើរ ព្រម​ទាំង​បងប្អូន​របស់​ពួក​គេ ដែល​សុទ្ធ​តែ​ជា​មេ​ដឹក​នាំ​លើ​ក្រុម​គ្រួសារ​របស់​ខ្លួន មាន​ចំនួន​ទាំង​អស់​១ ៧៦០​នាក់។ អ្នក​ទាំង​នោះ​ជា​មនុស្ស​ប៉ិន‌ប្រសប់​បំពេញ​ការ‌ងារ​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់។ ក្រុម​លេវី​មាន​សេម៉ាយ៉ា ជា​កូន​ហាស៊ូប ជា​ចៅ​របស់​លោក​អាស‌រីកាំ ជា​ចៅ‌ទួត​របស់​លោក​ហាសាប‌យ៉ា ក្នុង​អំបូរ​ម៉្រារី។ លោក​បាក‌បាការ លោក​ហេរេស លោក​កាឡាល លោក​ម៉ាថា‌នា ជា​កូន​របស់​លោក​មីកា ជា​ចៅ​របស់​លោក​ស៊ីក‌គ្រី ជា​ចៅ‌ទួត​របស់​លោក​អេសាភ។ លោក​អូបា‌ឌា ជា​កូន​របស់​លោក​សេម៉ាយ៉ា ជា​ចៅ​របស់​លោក​កាឡាល ជា​ចៅ‌ទួត​របស់​លោក​យេឌូ‌ថិន។ លោក​បេរេ‌គា ជា​កូន​របស់​លោក​អេសា ជា​ចៅ​របស់​លោក​អែល‌កាណា ដែល​រស់​នៅ​តាម​ភូមិ​របស់​ពួក​នថូ‌ផា។ ក្រុម​ឆ្មាំ​ទ្វារ លោក​សាលូម លោក​អក‌គូប លោក​ថាល‌ម៉ូន លោក​អហ៊ី‌ម៉ាន និង​បងប្អូន​របស់​គេ។ លោក​សាលូម​ជា​មេ​ដឹក​នាំ។ មក​ទល់​នឹង​ពេល​នោះ ពួក​គេ​តែងតែ​យាម​នៅ​ខ្លោង​ទ្វារ​ហ្លួង នៅ​ប៉ែក​ខាង​កើត។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​ពួក​ឆ្មាំ​ទ្វារ​នៃ​ជំរំ​កូន​ចៅ​លេវី។ លោក​សាលូម​ជា​កូន​របស់​លោក​កូរ៉ា ជា​ចៅ​របស់​លោក​អេបៀ‌យ៉ាសាប់ ជា​ចៅ‌ទួត​របស់​លោក​កូរេ ព្រម​ទាំង​បងប្អូន​រួម​ត្រកូល​របស់​គាត់ គឺ​ពូជ‌ពង្ស​កូរ៉ា មាន​ភារ‌កិច្ច​ជា​អ្នក​យាម​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់។ បុព្វបុរស​របស់​ពួក​គេ​ក៏​ធ្លាប់​ធ្វើ​ជា​អ្នក​យាម​នៅ​ច្រក​ចូល​ពន្លា​របស់​ព្រះ‌អម្ចាស់​ដែរ ដោយ​មាន​លោក​ភីនេ‌ហាស ជា​កូន​របស់​លោក​អេ‌ឡា‌សារ ធ្វើ​ជា​អ្នក​ដឹក​នាំ។ ព្រះ‌អម្ចាស់​បាន​គង់​ជា​មួយ​លោក។ លោក​សាកា‌រី​ជា​កូន​របស់​លោក​មសេ‌លេមា ជា​ឆ្មាំ​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់។ អស់​អ្នក​ដែល​គេ​ជ្រើស​រើស​ឲ្យ​ធ្វើ​ជា​ឆ្មាំ​ទ្វារ ហើយ​ជំរឿន​តាម​ភូមិ​របស់​ពួក​គេ មាន​ចំនួន​ទាំង​អស់​២១២​នាក់។ ព្រះ‌បាទ​ដាវីឌ និង​លោក​សាំយូ‌អែល​ជា​គ្រូ​ទាយ បាន​តែង‌តាំង​ពួក​គេ​ឲ្យ​បំពេញ​មុខងារ​នេះ។ ដូច្នេះ ពួក​គេ និង​កូន​ចៅ​របស់​ពួក​គេ ក៏​បំពេញ​មុខងារ​ជា​ឆ្មាំ​ទ្វារ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ គឺ​មាត់​ទ្វារ​ពន្លា​ជួប​ព្រះអង្គ។ មាន​ពួក​ឆ្មាំ​ទ្វារ​នៅ​ទិស​ទាំង​បួន គឺ​ខាង​កើត ខាង​លិច ខាង​ជើង និង​ខាង​ត្បូង។ រីឯ​បងប្អូន​របស់​ពួក​គេ​ដែល​រស់​នៅ​តាម​ភូមិ​នានា ត្រូវ​ចូល​មក​ជួយ​ការ‌ងារ​របស់​ពួក​គេ​យូរៗ​ម្ដង ក្នុង​អំឡុង​ពេល​ប្រាំ‌ពីរ​ថ្ងៃ។ ពួក​លេវី​ទាំង​បួន​នាក់ ដែល​ជា​មេ​លើ​ពួក​ឆ្មាំ​ទ្វារ នៅ​បំពេញ​ការ‌ងារ​របស់​ខ្លួន​ជាប់​រហូត។ លើស​ពី​នោះ ពួក​គេ​ក៏​មើល​ខុស​ត្រូវ​លើ​បន្ទប់​ផ្សេងៗ និង​ទ្រព្យ​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់​ដែរ។ ពេល​យប់ ពួក​គេ​ស្នាក់​នៅ​ជុំ‌វិញ​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ ដ្បិត​ពួក​គេ​មាន​ភារ‌កិច្ច​យាម​ព្រះ‌ដំណាក់ និង​បើក​ទ្វារ​រៀង​រាល់​ព្រឹក។ ពួក​លេវី​ខ្លះ​មាន​ភារ‌កិច្ច​ថែ‌រក្សា​គ្រឿង​បរិក្ខារ សម្រាប់​ប្រើ‌ប្រាស់​ក្នុង​ព្រះ‌ដំណាក់ គឺ​ពួក​គេ​ត្រូវ​រាប់​នៅ​ពេល​យក​ចេញ​មក​ប្រើ ហើយ​ពេល​យក​ទៅ​ទុក​វិញ ក៏​ត្រូវ​រាប់​ដែរ។ អ្នក​ខ្លះ​ទទួល​ភារ‌កិច្ច​ថែ‌រក្សា​គ្រឿង​បរិក្ខារ​ឯ​ទៀតៗ និង​គ្រឿង​សម្ភារៈ​នៅ​ក្នុង​ទីសក្ការៈ ព្រម​ទាំង​ម្សៅ​ម៉ដ្ត ស្រា​ទំពាំង‌បាយជូរ ប្រេង គ្រឿង​ក្រអូប និង​ប្រេង​ក្រអូប​ផ្សេងៗ​ផង។ ពួក​បូជា‌ចារ្យ​ខ្លះ​ទទួល​បន្ទុក​ផ្នែក​ខាង​ផ្សំ​ប្រេង​ក្រអូប។ លោក​ម៉ាធិ‌ធា​ជា​ពួក​លេវី ហើយ​ជា​កូន​ច្បង​របស់​លោក​សាលូម ក្នុង​ពូជ‌ពង្ស​របស់​លោក​កូរេ មាន​ភារ‌កិច្ច​ធ្វើ​នំ​ដែល​ចម្អិន​ដោយ​ប្រើ​ពុម្ព។ រីឯ​បងប្អូន​របស់​ពួក​គេ​ពី​អំបូរ​កេ‌ហាត់ មាន​ភារ‌កិច្ច​ចាត់​ចែង​មើល​នំបុ័ង ដែល​ត្រូវ​រៀប​ថ្វាយ​ព្រះ‌អម្ចាស់ រៀង​រាល់​ថ្ងៃ​សប្ប័ទ*។ ពួក​អ្នក​ចម្រៀង ដែល​សុទ្ធ​តែ​ជា​មេ​ដឹក​នាំ​ក្រុម​គ្រួសារ​លេវី អាស្រ័យ​នៅ​តាម​បន្ទប់​នានា ក្នុង​ព្រះ‌ដំណាក់។ ពួក​គេ​មិន​ធ្វើ​ការ​អ្វី​ផ្សេង​ទៀត​ឡើយ ដ្បិត​ពួក​គេ​ត្រូវ​បំពេញ​មុខងារ​របស់​ខ្លួន​ទាំង​ថ្ងៃ ទាំង​យប់។ នេះ​ហើយ​ជា​មេ​ដឹក​នាំ​របស់​ក្រុម​គ្រួសារ​នៃ​កុល‌សម្ព័ន្ធ​លេវី តាម​តំណ​វង្ស​ត្រកូល​របស់​ពួក​គេ។ អ្នក​ទាំង​នោះ​រស់​នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម។ រីឯ​លោក​យេហ៊ី‌អែល ជា​អ្នក​សង់​ក្រុង​គីបៀន រស់​នៅ​ក្នុង​ក្រុង​នោះ។ ប្រពន្ធ​របស់​គាត់​ឈ្មោះ ម៉ាកា។ កូន​របស់​គាត់​មាន​អាប់ដូន ជា​កូន​ច្បង បន្ទាប់​មក ស៊ើរ គីស បាល នើរ ណាដាប កេដោរ អហ៊ី‌យ៉ូ សាកា‌រី និង​មីក‌ឡូត។

១ របាក្សត្រ 9:1-37 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

គេ​បាន​រាប់​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់ តាម​ពង្សាវ‌តារ​របស់​គេ ហើយ​បាន​កត់​ទុក​ក្នុង​បញ្ជី​របស់​ពួក​ស្តេច​សាសន៍​អ៊ីស្រា‌អែល។ បន្ទាប់​មក ពួក​យូដា​ត្រូវ​នាំ​ទៅ​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ី‌ឡូន ដោយ​ព្រោះ​អំពើ​រំលង​របស់​គេ។ រីឯ​ពួក​ដែល​បាន​នៅ​ក្នុង​ទី​ក្រុង​ទាំង​ប៉ុន្មាន ដែល​ជា​កេរ‌អាករ​របស់​គេ​មុន​បង្អស់ នោះ​គឺ​ពួក​អ៊ីស្រា‌អែល ពួក​សង្ឃ ពួក​លេវី និង​ពួក​នេធី‌និម។ កូន​ចៅ​យូដា កូន​ចៅ​បេនយ៉ាមីន កូន​ចៅ​អេប្រាអិម និង​កូន​ចៅ​ម៉ាណា‌សេ គេ​សុទ្ធ​តែ​នៅ​ក្រុង​យេរូ‌សាឡិម។ ក្នុង​ពួក​កូន​របស់​ពេរេស​ជា​កូន​យូដា មាន​អ៊ូថាយ ជា​កូន​អាំមី‌ហ៊ូត ដែល​ជា​កូន​អំរី អំរី​ជា​កូន​អ៊ីមរី អ៊ីមរី​ជា​កូន​បានី។ ក្នុង​ពួក​ស៊ីឡូរ មាន​អ័សា‌យ៉ា ជា​កូន​ច្បង និង​កូន​ចៅ​គាត់​ទាំង​អស់។ ក្នុង​ពួក​កូន​សេរ៉ាស នោះ​មាន​យេអួល និង​ពួក​បង‌ប្អូន​គាត់ ទាំង​អស់​មាន​ប្រាំមួយ​រយ​កៅសិប​នាក់។ ក្នុង​ពួក​កូន​ចៅ​បេនយ៉ាមីន នោះ​មាន​សាលូវ ជា​កូន​មស៊ូ‌ឡាម ជា​កូន​ហូដា‌វា ជា​កូន​ហាសេ‌នួរ ព្រម​ទាំង​យីបនេ‌យ៉ា ជា​កូន​យេរ៉ូ‌ហាំ និង​អេឡា ជា​កូន​អ៊ូស៊ី ដែល​ជា​កូន​មីករី មីករី​ជា​កូន​មស៊ូ‌ឡាម មស៊ូឡាម​ជា​កូន​សេផា‌ធា សេផាធា​ជា​កូន​រេហួល រេហួល​ជា​កូន​យីបនី‌យ៉ា និង​ពួក​បង‌ប្អូន​គេ តាម​ពូជ​តំណ​គេ​រៀង​ខ្លួន ទាំង​អស់​មាន​ប្រាំបួន​រយ​ហាសិប​ប្រាំមួយ​នាក់ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ តាម​ជំនួរ​វង្ស​ឪពុក​គេ​រៀង​ខ្លួន។ ក្នុង​ពួក​សង្ឃ នោះ​មាន​យេដា‌យ៉ា យេហូ‌យ៉ារីប យ៉ាគិន អ័សារា​ជា​កូន​របស់​ហ៊ីល‌គីយ៉ា ដែល​ជា​កូន​របស់​មស៊ូ‌ឡាម មស៊ូឡាម​ជា​កូន​សាដុក សាដុក​ជា​កូន​មេរ៉ា‌យ៉ូត មេរ៉ាយ៉ូត​ជា​កូន​អ័ហ៊ី‌ទូប ដែល​ជា​អ្នក​ត្រួត‌ត្រា​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ ព្រម​ទាំង​អ័ដាយ៉ា​ជា​កូន​យេរ៉ូ‌ហាំ ដែល​ជា​កូន​ផាស‌ហ៊ើរ ផាសហ៊ើរ​ជា​កូន​ម៉ាលគា ហើយ​មាន​ម្អាសាយ​ជា​កូន​អ័ឌី‌អែល ដែល​ជា​កូន​យ៉ាសេ‌រ៉ា យ៉ាសេរ៉ា​ជា​កូន​មស៊ូ‌ឡាម មស៊ូឡាម​ជា​កូន​មស៊ីលេ‌មីត មស៊ីលេមីត​ជា​កូន​អ៊ីមមើរ និង​បង‌ប្អូន​គេ ដែល​សុទ្ធ​តែ​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ ទាំង​អស់​មាន​មួយ​ពាន់​ប្រាំពីរ​រយ​ហុកសិប​នាក់ ជា​ពួក​មនុស្ស​ស្ទាត់​ណាស់ ក្នុង​ការ‌ងារ​ខាង​ព្រះ‌ដំណាក់​របស់​ព្រះ។ ក្នុង​ពួក​លេវី មាន​សេម៉ា‌យ៉ា ជា​កូន​ហាស៊ូប ដែល​ជា​កូន​អាស‌រីកាម អាសរីកាម​ជា​កូន​ហា‌សាប‌យ៉ា ក្នុង​ពួក​កូន​ចៅ​ម្រ៉ារី ព្រម​ទាំង​បាកបា‌ការ ហេរេស កាឡាល និង​ម៉ាថានា ជា​កូន​មីកា ដែល​ជា​កូន​ស៊ីកគ្រី ស៊ីកគ្រី​ជា​កូន​អេសាភ ហើយ​អូបា‌ឌា​ជា​កូន​សេម៉ា‌យ៉ា ដែល​ជា​កូន​កាឡាល កាឡាល​ជា​កូន​យេឌូថិន ហើយ​មាន​បេរេ‌គា​ជា​កូន​អេសា ដែល​ជា​កូន​អែល​កាណា នៅ​ភូមិ​ទាំង​ប៉ុន្មាន​នៃ​ពួក​នថូ‌ផា។ ក្នុង​ពួក​អ្នក​ឆ្មាំ​ទ្វារ មាន​សាលូម អ័កគូប ថាលម៉ូន អ័ហ៊ី‌ម៉ាន និង​បង‌ប្អូន​គេ សាលូម​ជា​មេ​ដឹក​នាំ។ ពី​ដើម​មក អ្នក​ទាំង​នោះ​តែង​តែ​ចាំ​ទ្វារ​ស្តេច ជា​ទ្វារ​ទិស​ខាង​កើត ពួក​អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​ពួក​ឆ្មាំ​ទ្វារ ក្នុង​ពួក​កូន​ចៅ​លេវី។ សាលូម​ជា​កូន​កូរេ ដែល​ជា​កូន​អេបៀ‌សាប់ អេបៀសាប់​ជា​កូន​កូរេ និង​ពួក​បង‌ប្អូន​ដែល​ជា​ជំនួរ​វង្ស​ឪពុក​គាត់ គឺ​ជា​ពួក​កូរេ គេ​ត្រួត‌ត្រា​លើការ‌ងារ​នៃ​ពួក​ឆ្មាំ​ទ្វារ​ត្រសាល។ ឯ​បុព្វ‌បុរស​គេ​បាន​ត្រួត‌ត្រា​លើ​ត្រសាល​នៃ​ព្រះ‌យេហូវ៉ា គឺ​ជា​ពួក​ឆ្មាំ​ទ្វារ​ដែរ។ ភីនេ‌ហាស ជា​កូន​អេលា‌សារ គាត់​ជា​អ្នក​ត្រួត‌ត្រា​លើ​គេ ព្រះ‌យេហូវ៉ា​បាន​គង់​ជា‌មួយ​គាត់។ ឯ​សាការី ជា​កូន​មសេ‌លេមា គាត់​ជា​អ្នក​ឆ្មាំ​ទ្វារ​ត្រសាល​ជំនុំ។ អស់​អ្នក​ទាំង​នេះ ដែល​បាន​ជ្រើស​រើស​ឲ្យ​ធ្វើ​ជា​អ្នក​ឆ្មាំ​ទ្វារ ទាំង​អស់​មាន​ពីរ​រយ​ដប់ពីរ​នាក់ បាន​រាប់​តាម​ពង្សាវ‌តារ នៅ​ក្នុង​ភូមិ​គេ​ទាំង​ប៉ុន្មាន ជា​ពួក​អ្នក​ដែល​ដាវីឌ និង​សាំយូ‌អែល ជា​អ្នក​មើល​ឆុត បាន​តាំង​ឡើង ឲ្យ​ធ្វើ​ការ‌ងារ​នោះ។ ដូច្នេះ ពួកគេ និង​ពួក​កូន​ចៅ​គេ មាន​អំណាច​ត្រួត‌ត្រា​លើ​ទ្វារ​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា គឺ​ជា​ត្រសាល​នៃ​រោង​ឧបោ‌សថ តាម​លំដាប់​វេន។ មាន​ពួក​ឆ្មាំ​ទ្វារ នៅ​គ្រប់​ទាំង​បួន​ទិស គឺ​ខាង​កើត ខាង​លិច ខាង​ជើង និង​ខាង​ត្បូង ហើយ​ពួក​បង‌ប្អូន​គេ ដែល​នៅ​ភូមិ​គេ​រៀង​ខ្លួន ក៏​ត្រូវ​ចូល​មក​នៅ​ជា‌មួយ​ម្តងៗ​អស់​ប្រាំពីរ​ថ្ងៃ ដ្បិត​ពួក​លេវី​ទាំង​បួន​នាក់ ដែល​ជា​មេ​ពួក​ឆ្មាំ​ទ្វារ គេ​ជាប់​ធ្វើ​ការ‌ងារ​របស់​គេ និង​ត្រួត​លើ​បន្ទប់ ហើយ​លើ​របស់​ថ្លៃ​វិសេស​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ។ គេ​មាន​ទី​អាស្រ័យ​នៅ​ជុំ‌វិញ​ព្រះ‌ដំណាក់​របស់​ព្រះ ដ្បិត​ការ‌ងារ​បើក​ទ្វារ​រាល់​ព្រឹក នោះ​ស្រេច​នៅ​លើ​គេ។ មាន​ពួក​គេ​ខ្លះ ជា​អ្នក​ថែ​រក្សា​ភាជនៈ​ដែល​សម្រាប់​ការ‌ងារ ដ្បិត​កាល​ណា​គេ​យក​គ្រឿង​ទាំង​នោះ​ចេញ​ចូល នោះ​ក៏​ត្រូវ​រាប់​គ្រប់​វេលា។ មាន​ខ្លះ​ទៀត​បាន​តាំង​ឡើង​ឲ្យ​ត្រួត​មើល​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន និង​ភាជនៈ​របស់​ទី​បរិសុទ្ធ ព្រម​ទាំង​ម្សៅ​យ៉ាង​ម៉ដ្ត ស្រា​ទំពាំង‌បាយ‌ជូរ ប្រេង កំញាន និង​គ្រឿង​ក្រអូប​ផង។ មាន​អ្នក​ខ្លះ​ជា​កូន​របស់​ពួក​សង្ឃ ធ្វើ​ជា​អ្នក​ផ្សំ​គ្រឿង​ក្រអូប។ ឯ​ម៉ាធិ‌ធា ជា​ពួក​លេវី​ម្នាក់ ដែល​ជា​កូន​ច្បង​របស់​សាលូម​ក្នុង​ពួក​កូរេ គាត់​មាន​ការ‌ងារ​ត្រួត​មើល​នំ​ទាំង​ប៉ុន្មាន ដែល​ចម្អិន​ក្នុង​ជើង​ក្រាន ហើយ​បង‌ប្អូន​គេ​ខ្លះ ដែល​ជា​ពួក​កេហាត់​ដូច​គ្នា ក៏​ត្រួត​មើល​ការ​ធ្វើ​នំបុ័ង​តាំង​ទុក​រាល់​តែ​ថ្ងៃ​ឈប់​សម្រាក។ ឯ​ពួក​អ្នក​ចម្រៀង ដែល​សុទ្ធ​តែ​ជា​កំពូល​លើ​វង្ស​របស់​ពួក​ឪពុក​ក្នុង​ពួក​លេវី គេ​អាស្រ័យ​នៅ​ក្នុង​បន្ទប់​ទាំង​ប៉ុន្មាន ហើយ​ទំនេរ​ពី​ការ​ឯ​ទៀត ដ្បិត​គេ​ធ្វើ​ការ‌ងារ​របស់​គេ​ទាំង​យប់​ទាំង​ថ្ងៃ។ នេះ​ជា​ពួក​អ្នក​ដែល​ជា​កំពូល​លើ​វង្ស​នៃ​ពួក​ឪពុក​ក្នុង​ពួក​លេវី តាម​ពង្សាវ‌តារ​គេ គឺ​ជា​មេ​ទាំង​អស់ ហើយ​គេ​អាស្រ័យ​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម។ ឯ​យេហ៊ី‌អែល ជា​អ្នក​តាំង​ក្រុង​គីបៀន រស់​នៅ​ក្នុង​ទី​ក្រុង​នោះ ប្រពន្ធ​គាត់​ឈ្មោះ​ម្អាកា។ កូន​ច្បង គឺ​អាបដូន បន្ទាប់​មក ស៊ើរ គីស បាល នើរ ណាដាប កេដោរ អ័ហ៊ីយ៉ូរ សាការី និង​មីកឡូត

១ របាក្សត្រ 9:1-37 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

គឺ​យ៉ាង​នោះ​ដែល​បាន​រាប់​សាសន៍​អ៊ីស្រាអែល​ទាំង​អស់ តាម​ពង្សាវតារ​របស់​គេ ហើយ​បាន​កត់​ទុក​ក្នុង​បញ្ជី​របស់​ពួក​ស្តេច​សាសន៍​អ៊ីស្រាអែល រួច​មក ពួក​យូដា​ត្រូវ​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ​ដល់​ស្រុក​បាប៊ីឡូន ដោយ​ព្រោះ​អំពើ​រំលង​របស់​គេ។ រីឯ​ពួក​ដែល​បាន​នៅ​ក្នុង​ទី​ក្រុង​ទាំង​ប៉ុន្មាន ដែល​ជា​កេរ្តិ៍‌អាករ​របស់​គេ​មុន​បង្អស់ នោះ​គឺ​ពួក​អ៊ីស្រាអែល ពួក​សង្ឃ ពួក​លេវី នឹង​ពួក​នេធីនិម ឯ​ពួក​កូន​ចៅ​យូដា ពួក​កូន​ចៅ​បេន‌យ៉ាមីន ពួក​កូន​ចៅ​អេប្រា‌អិម នឹង​ម៉ាន៉ាសេ គេ​សុទ្ធ​តែ​នៅ​ក្រុង​យេរូ‌សាឡិម ក្នុង​ពួក​កូន​របស់​ពេរេស ជា​កូន​យូដា នោះ​មាន​អ៊ូថាយ ជា​កូន​អាំមីហ៊ូត ដែល​ជា​កូន​អំរីៗ ជា​កូន​អ៊ីមរីៗ ជា​កូន​បានី ហើយ​ក្នុង​ពួក​ស៊ីឡូរ នោះ​មាន​អ័សាយ៉ា ជា​កូន​ច្បង នឹង​កូន​ចៅ​គាត់​ទាំង​អស់ ក្នុង​ពួក​កូន​សេរ៉ាស នោះ​មាន​យេអួល នឹង​ពួក​បង​ប្អូន​គាត់ រួម​ទាំង​អស់​មាន​៦៩០​នាក់ ក្នុង​ពួក​កូន​ចៅ​បេន‌យ៉ាមីន នោះ​មាន​សាលូវ ជា​កូន​មស៊ូឡាម ជា​កូន​ហូដាវា ជា​កូន​ហាសេនួរ ព្រម​ទាំង​យីប‌នេយ៉ា ជា​កូន​យេរ៉ូហាំ នឹង​អេឡា ជា​កូន​អ៊ូស៊ី ដែល​ជា​កូន​មីករីៗ​ជា​កូន​មស៊ូឡាមៗ ជា​កូន​សេផាធាៗ ជា​កូន​រេហួលៗ​ជា​កូន​យីប‌នីយ៉ា នឹង​ពួក​បង​ប្អូន​គេ តាម​ពូជ​ដំណ​គេ​រៀង​ខ្លួន​ទាំង​អស់​មាន​៩៥៦​នាក់ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ តាម​ជំនួរ​វង្ស​ឪពុក​គេ​រៀង​ខ្លួន។ ក្នុង​ពួក​សង្ឃ នោះ​មាន​យេដាយ៉ា យេហូ‌យ៉ារីប យ៉ាគិន អ័សារា ជា​កូន​ហ៊ីល‌គីយ៉ា ដែល​ជា​កូន​របស់​មស៊ូឡាមៗ ជា​កូន​សាដុកៗ ជា​កូន​មេរ៉ាយ៉ូតៗ ជា​កូន​អ័ហ៊ី‌ទូប ដែល​ជា​អ្នក​ត្រួត‌ត្រា​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ ព្រម​ទាំង​អ័ដាយ៉ា ជា​កូន​យេរ៉ូហាំ ដែល​ជា​កូន​ផាសហ៊ើរៗ ជា​កូន​ម៉ាលគា ហើយ​មាន​ម្អាសាយ ជា​កូន​អ័ឌីអែល ដែល​ជា​កូន​យ៉ាសេរ៉ាៗ​ជា​កូន​មស៊ូឡាមៗ​ជា​កូន​មស៊ី‌លេ‌មីតៗ​ជា​កូន​អ៊ីមមើរ ហើយ​នឹង​បង​ប្អូន​គេ ដែល​សុទ្ធ​តែ​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ ទាំង​អស់​មាន​១៧៦០​នាក់ ជា​ពួក​មនុស្ស​ស្ទាត់​ណាស់ ក្នុង​ការ‌ងារ​ខាង​ព្រះ‌វិហារ​នៃ​ព្រះ។ ក្នុង​ពួក​លេវី នោះ​មាន​សេម៉ាយ៉ា ជា​កូន​ហាស៊ូប ដែល​ជា​កូន​អាស‌រី‌កាមៗជា​កូន​ហាសាបយ៉ា ក្នុង​ពួក​កូន​ចៅ​ម្រ៉ារី ព្រម​ទាំង​បាក‌បាការ ហេរេស កាឡាល នឹង​ម៉ាថានា ជា​កូន​មីកា ដែល​ជា​កូន​ស៊ីកគ្រីៗជា​កូន​អេសាភ ហើយ​អូបាឌា ជា​កូន​សេម៉ាយ៉ា ដែល​ជា​កូន​កាឡាលៗជា​កូន​យេឌូថិន ហើយ​មាន​បេរេគា ជា​កូន​អេសា ដែល​ជា​កូន​អែល‌កាណា នៅ​ភូមិ​ទាំង​ប៉ុន្មាន​នៃ​ពួក​នថូផា។ ក្នុង​ពួក​អ្នក​ឆ្មាំ​ទ្វារ នោះ​មាន​សាលូម អ័កគូប ថាលម៉ូន អ័ហ៊ីម៉ាន នឹង​បង​ប្អូន​គេ ឯ​សាលូម​នេះ គាត់​ជា​មេ​គេ ពី​ដើម​រៀង​មក អ្នក​ទាំង​នោះ​តែង‌តែ​ចាំ​ទ្វារ​ស្តេច ជា​ទ្វារ​ទិស​ខាង​កើត ពួក​អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​ពួក​ឆ្មាំ​ទ្វារ ក្នុង​ពួក​កូន​ចៅ​លេវី ឯ​សាលូម ជា​កូន​កូរ៉ា ដែល​ជា​កូន​អេបៀ‌សាប់ៗ​ជា​កូន​កូរេ នឹង​ពួក​បង​ប្អូន​ដែល​ជា​ជំនួរ​វង្ស​ឪពុក​គាត់ គឺ​ជា​ពួក​កូរេ គេ​ត្រួត‌ត្រា​លើ​ការ‌ងារ​របស់​ពួក​ឆ្មាំ​ទ្វារ​នៃ​ត្រសាល ឯ​ពួក​ឰយុកោ​គេ​ក៏​បាន​ត្រួត‌ត្រា​លើ​ត្រសាល​នៃ​ព្រះ‌យេហូវ៉ា គឺ​ជា​ពួក​ឆ្មាំ​ទ្វារ​ដែរ ហើយ​ពី​ដើម​ភីនេ‌ហាស ជា​កូន​អេលាសារ គាត់​ជា​អ្នក​ត្រួត‌ត្រា​លើ​គេ ព្រះ‌យេហូវ៉ា​ទ្រង់​បាន​គង់​ជា​មួយ​នឹង​គាត់ ឯ​សាការី ជា​កូន​មសេ‌លេមា គាត់​ជា​អ្នក​ឆ្មាំ​ទ្វារ​នៃ​ត្រសាល​ជំនុំ អស់​ពួក​អ្នក​ទាំង​នេះ ដែល​បាន​រើស ឲ្យ​ធ្វើ​ជា​អ្នក​ឆ្មាំ​ទ្វារ ទាំង​អស់​មាន​២១២​នាក់ បាន​រាប់​គេ​តាម​ពង្សាវតារ នៅ​ក្នុង​ភូមិ​គេ​ទាំង​ប៉ុន្មាន ជា​ពួក​អ្នក​ដែល​ដាវីឌ នឹង​សាំយូ‌អែល ជា​អ្នក​មើល‌ឆុត បាន​តាំង​ឡើង ឲ្យ​ធ្វើ​ការ‌ងារ​នោះ ដូច្នេះ គេនឹង​ពួក​កូន​ចៅ​គេ មាន​អំណាច​ត្រួត‌ត្រា​លើ​ទ្វារ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា គឺ​ជា​ត្រសាល​នៃ​រោង​ឧបោសថ តាម​លំដាប់​វេន មាន​ពួក​ឆ្មាំ​ទ្វារ នៅ​គ្រប់​ទាំង​៤​ទិស គឺ​ខាង​កើត ខាង​លិច ខាង​ជើង នឹង​ខាង​ត្បូង ឯ​ពួក​បង​ប្អូន​គេ ដែល​នៅ​ឯ​ភូមិ​គេ​រៀង​ខ្លួន ក៏​ត្រូវ​ចូល​មក​នៅ​ជា​មួយ​ម្តងៗ​អស់​៧​ថ្ងៃ ដ្បិត​ពួក​លេវី​ទាំង​៤​នាក់ ដែល​ជា​មេ​ពួក​ឆ្មាំ​ទ្វារ គេ​ជាប់​ធ្វើ​ការ‌ងារ​គេ ហើយ​ក៏​ត្រួត​លើ​បន្ទប់ នឹង​លើ​របស់​ថ្លៃ​វិសេស​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ គេ​មាន​ទី​អាស្រ័យ​នៅ​ជុំវិញ​ព្រះ‌វិហារ​នៃ​ព្រះ ដ្បិត​ការ‌ងារ​បើក​ទ្វារ​រាល់​ព្រឹក នោះ​ស្រេច​នៅ​លើ​គេ។ មាន​ពួក​គេ​ខ្លះ ជា​អ្នក​ថែ​រក្សា​ភាជនៈ ដែល​សំរាប់​ការ‌ងារ ដ្បិត​កាល​ណា​គេ​យក​គ្រឿង​ទាំង​នោះ​ចេញ​ចូល នោះ​ក៏​ត្រូវ​រាប់​គ្រប់​វេលា មាន​ខ្លះ​ទៀត​បាន​តាំង​ឡើង ឲ្យ​ត្រួត​មើលគ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន នឹង​ភាជនៈ​របស់​ទី​បរិសុទ្ធ ព្រម​ទាំង​ម្សៅ​យ៉ាង​ម៉ដ្ត ស្រា​ទំពាំង‌បាយ‌ជូរ នឹង​ប្រេង កំញាន ហើយ​នឹង​គ្រឿង​ក្រអូប​ផង មាន​អ្នក​ខ្លះ​ជា​កូន​របស់​ពួក​សង្ឃ ធ្វើ​ជា​អ្នក​ផ្សំ​គ្រឿង​ក្រអូប ឯ​ម៉ាធិធា ជា​ពួក​លេវី​ម្នាក់ ដែល​ជា​កូន​ច្បង​របស់​សាលូម​ក្នុង​ពួក​កូរេ គាត់​មាន​ការ‌ងារ​ត្រួត​មើល​នំ​ទាំង​ប៉ុន្មាន ដែល​ចំអិន​ក្នុង​ជើង‌ក្រាន ហើយ​បង​ប្អូន​គេ​ខ្លះ ដែល​ជា​ពួក​កេហាត់​ដូច​គ្នា ក៏​ត្រួត​មើល​ការ​ធ្វើ​នំបុ័ង​តាំង​ទុក​រាល់​តែ​ថ្ងៃ​ឈប់​សំរាក។ ឯ​ពួក​អ្នក​ចំរៀង ដែល​សុទ្ធ​តែ​ជា​កំពូល​លើ​វង្ស​របស់​ពួក​ឪពុក​ក្នុង​ពួក​លេវី គេ​អាស្រ័យ​នៅ​ក្នុង​បន្ទប់​ទាំង​ប៉ុន្មាន ហើយ​ក៏​ទំនេរ​ពី​ការ​ឯ​ទៀត ដ្បិត​គេ​ធ្វើ​ការ‌ងារ​របស់​គេ​ទាំង​យប់​ទាំង​ថ្ងៃ នេះ​ជា​ពួក​អ្នក​ដែល​ជា​កំពូល លើ​វង្ស​នៃ​ពួក​ឪពុក​ក្នុង​ពួក​លេវី តាម​ពង្សាវតារ​គេ គឺ​ជា​មេ​ទាំង​អស់ ហើយ​គេ​អាស្រ័យ​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម។ ឯ​យេហ៊ី‌អែល ជា​អ្នក​តាំង​ក្រុង​គីបៀន ក៏​នៅ​ក្នុង​ទី​ក្រុង​នោះ​ឯង ប្រពន្ធ​គាត់​ឈ្មោះ​ម្អាកា ឯ​កូន​ច្បង គឺ​អាបដូន រួច​ស៊ើរ គីស បាល នើរ ណាដាប កេដោរ អ័ហ៊ីយ៉ូរ សាការី នឹង​មីកឡូត