១ របាក្សត្រ 28:14-21
១ របាក្សត្រ 28:14-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះបាទដាវីឌក៏ប្រគល់គំរូនៃប្រដាប់ដែលត្រូវធ្វើពីមាសសម្រាប់ប្រើគ្រប់យ៉ាង ព្រមទាំងទម្ងន់នៃប្រដាប់នីមួយៗនោះ និងគំរូនៃប្រដាប់ ដែលត្រូវធ្វើពីប្រាក់សម្រាប់ប្រើគ្រប់យ៉ាង ព្រមទាំងទម្ងន់នៃប្រដាប់នីមួយៗនោះដែរ គឺកំណត់ទម្ងន់មាស សម្រាប់ធ្វើជើងចង្កៀងមាស និងតួចង្កៀងនោះ គឺជាទម្ងន់ជើងចង្កៀងនីមួយៗ និងតួចង្កៀងនីមួយៗ ហើយកំណត់ទម្ងន់ប្រាក់ សម្រាប់ធ្វើជើងចង្កៀងប្រាក់ ទាំងជើង និងតួចង្កៀងនោះផង តាមរបៀបប្រើជើងចង្កៀងនីមួយៗនោះ ហើយមាសសម្រាប់ធ្វើតុនំបុ័ងតាំងទុក និងប្រាក់សម្រាប់អស់ទាំងតុធ្វើពីប្រាក់ដែរ ព្រមទាំងសម ចានគោម និងពែងដែលធ្វើពីមាសសុទ្ធ និងផ្តិលមាស តាមទម្ងន់នីមួយៗ ហើយផ្តិលប្រាក់ទាំងប៉ុន្មានតាមទម្ងន់ និងមាសសុទ្ធសម្រាប់អាសនាគ្រឿងក្រអូបតាមទម្ងន់ផង ទ្រង់ក៏ប្រគល់គំរូ ដែលសម្រាប់ធ្វើរទេះ និងចេរូប៊ីម ដែលត្រដាងស្លាបគ្របពីលើហិបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ាដែរ។ ព្រះបាទដាវីឌមានរាជឱង្ការថា៖ «ទាំងនេះ គឺបានកត់ត្រាទុកដោយព្រះហស្តព្រះយេហូវ៉ា ឲ្យយើងបានយល់ហើយ គឺអស់ទាំងរបៀបនៃគំរូទាំងនេះ»។ ព្រះបាទដាវីឌមានរាជឱង្ការទៅសាឡូម៉ូនជាបុត្រាថា៖ «ចូរមានកម្លាំង និងចិត្តក្លាហានឡើង ហើយធ្វើសម្រេចចុះ កុំខ្លាច ឬរសាយចិត្តឡើយ ដ្បិតព្រះយេហូវ៉ាដ៏ជាព្រះ គឺជាព្រះនៃយើង ព្រះអង្គគង់នៅជាមួយឯង ព្រះអង្គមិនដែលខាននឹងជួយឯងឡើយ ក៏មិនបោះបង់ចោលឯងដែរ ដរាបដល់ធ្វើព្រះវិហាររបស់ព្រះយេហូវ៉ានេះបានសម្រេច។ មានវេនពួកសង្ឃ និងពួកលេវី សម្រាប់គ្រប់ទាំងការងារក្នុងព្រះដំណាក់នៃព្រះដែរ ឯអស់អ្នកណាដែលស្ម័គ្រចិត្ត ហើយមានថ្វីដៃខាងការអ្វីក៏ដោយ គេនៅជាមួយឯង ដើម្បីនឹងសម្រេចការនេះ។ ចំណែកពួកចៅហ្វាយ និងប្រជាជនទាំងអស់គ្នានឹងនៅក្នុងបង្គាប់ឯងដែរ»។
១ របាក្សត្រ 28:14-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ស្ដេចក៏បានប្រាប់អំពីទម្ងន់ដែលត្រូវការ ដើម្បីធ្វើគ្រឿងបរិក្ខារទាំងអស់ពីមាស និងប្រាក់ សម្រាប់ការប្រើប្រាស់គ្រប់បែបយ៉ាង ព្រមទាំងទម្ងន់របស់ជើងចង្កៀងមាស និងចង្កៀងមាស ទម្ងន់របស់ជើងចង្កៀងប្រាក់ និងចង្កៀងប្រាក់ ស្របតាមការប្រើប្រាស់របស់ចង្កៀងនីមួយៗ ទម្ងន់មាសរបស់តុនីមួយៗ ដែលត្រូវប្រើសម្រាប់ដាក់នំបុ័ងថ្វាយព្រះអម្ចាស់ ព្រមទាំងទម្ងន់របស់តុដែលធ្វើពីប្រាក់ ទម្ងន់របស់សម ផើងសម្រាប់ប្រោះឈាម ថូសម្រាប់ពិធីច្រួចស្រាធ្វើពីមាសសុទ្ធ ព្រមទាំងទម្ងន់របស់ពែងមាស និងទម្ងន់របស់ពែងប្រាក់នីមួយៗ ទម្ងន់របស់អាសនៈធ្វើពីមាសសុទ្ធសម្រាប់ថ្វាយគ្រឿងក្រអូប និងគំរូរបស់រទេះ រូបចេរូប៊ីនធ្វើពីមាស ដែលត្រដាងស្លាបលើហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់។ ព្រះបាទដាវីឌមានរាជឱង្ការថា៖ «របស់ទាំងនេះមានកត់ត្រាទុកក្នុងឯកសារ ដែលបិតាបានទទួលពីព្រះអម្ចាស់។ ក្នុងឯកសារនេះ មានពន្យល់យ៉ាងលំអិតអំពីរបៀបធ្វើ តាមគំរូ»។ ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់សម្ដេចសាឡូម៉ូនជាបុត្រថា៖ «ចូរមានកម្លាំង និងចិត្តក្លាហាន ហើយបំពេញការងារឲ្យបានសម្រេច! កុំភ័យខ្លាច ឬតក់ស្លុតឲ្យសោះ ដ្បិតព្រះអម្ចាស់ជាព្រះរបស់បិតានឹងគង់ជាមួយបុត្រ រហូតដល់ការងារសាងសង់ព្រះដំណាក់របស់ព្រះអម្ចាស់បានសម្រេចចប់សព្វគ្រប់ ព្រះអង្គមិនបោះបង់ចោលបុត្រឲ្យនៅតែឯងឡើយ។ ពួកបូជាចារ្យ និងពួកលេវី បានត្រូវបែងចែកជាក្រុមៗ សម្រាប់បម្រើការងារទាំងប៉ុន្មាន ក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ ហើយក៏មានមនុស្សស្ម័គ្រចិត្ត និងមានថ្វីដៃនៅជាមួយបុត្រ ដើម្បីជួយសម្រេចការងារនេះ។ រីឯពួកមេដឹកនាំ និងប្រជាជនទាំងមូល ក៏ស្ថិតនៅក្រោមបញ្ជារបស់បុត្រដែរ»។
១ របាក្សត្រ 28:14-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដាវីឌទ្រង់ក៏ប្រគល់គំរូនៃប្រដាប់ដែលត្រូវធ្វើពីមាសសំរាប់ប្រើគ្រប់យ៉ាង ព្រមទាំងទំងន់នៃប្រដាប់និមួយៗនោះ នឹងគំរូនៃប្រដាប់ ដែលត្រូវធ្វើពីប្រាក់សំរាប់ប្រើគ្រប់យ៉ាង ព្រមទាំងទំងន់នៃប្រដាប់និមួយៗនោះដែរ គឺកំណត់ទំងន់មាស សំរាប់ធ្វើជើងចង្កៀងមាស នឹងតួចង្កៀងនោះ គឺជាទំងន់ជើងចង្កៀងនិមួយៗ នឹងតួចង្កៀងនិមួយៗ ហើយកំណត់ទំងន់ប្រាក់ សំរាប់ធ្វើជើងចង្កៀងប្រាក់ ទាំងជើង នឹងតួចង្កៀងនោះផង តាមរបៀបប្រើជើងចង្កៀងនិមួយៗនោះ ហើយមាសសំរាប់ធ្វើតុនំបុ័ងតាំងទុក នឹងប្រាក់សំរាប់អស់ទាំងតុធ្វើពីប្រាក់ដែរ ព្រមទាំងសម ចានគោម នឹងពែងដែលធ្វើពីមាសសុទ្ធ នឹងផ្តិលមាស តាមទំងន់និមួយៗ ហើយផ្តិលប្រាក់ទាំងប៉ុន្មានតាមទំងន់ នឹងមាសសុទ្ធសំរាប់អាសនាគ្រឿងក្រអូបតាមទំងន់ផង ទ្រង់ក៏ប្រគល់គំរូ ដែលសំរាប់ធ្វើរទេះ នឹងចេរូប៊ីន ដែលត្រដាងស្លាបគ្របពីលើហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ាដែរ រួចទ្រង់មានបន្ទូលថា បណ្តាបែបយ៉ាងទាំងនេះបានកត់ទុក ដោយព្រះហស្តព្រះយេហូវ៉ា ឲ្យអញបានយល់ហើយ គឺអស់ទាំងរបៀបនៃគំរូទាំងនេះឯង។ ដាវីឌទ្រង់មានបន្ទូលនឹងសាឡូម៉ូនជាព្រះរាជបុត្រាថា ចូរមានកំឡាំង នឹងចិត្តក្លាហានឡើង ហើយធ្វើសំរេចចុះ កុំឲ្យខ្លាច ឬរសាយចិត្តឡើយ ដ្បិតព្រះយេហូវ៉ាដ៏ជាព្រះ គឺជាព្រះនៃអញ ទ្រង់គង់នៅជាមួយនឹងឯង ទ្រង់មិនដែលខាននឹងជួយឯងឡើយ ក៏មិនបោះបង់ចោលឯងដែរ ដរាបដល់អស់ទាំងការ ដែលធ្វើព្រះវិហារនៃព្រះយេហូវ៉ានេះបានសំរេច ហើយមើល មានវេនពួកសង្ឃ នឹងពួកលេវី សំរាប់គ្រប់ទាំងការងារក្នុងព្រះវិហារនៃព្រះដែរ ឯអស់អ្នកណាដែលស្ម័គ្រចិត្ត ហើយមានថ្វីដៃខាងឯការអ្វីក៏ដោយ គេនឹងនៅជាមួយនឹងឯង ដើម្បីនឹងសំរេចការនេះ ចំណែកពួកចៅហ្វាយ នឹងបណ្តាជនទាំងអស់គ្នា គេនឹងនៅក្នុងបង្គាប់ឯងដែរ។