១ របាក្សត្រ 28:14-21

១ របាក្សត្រ 28:14-21 ពគប

ដាវីឌ​ទ្រង់​ក៏​ប្រគល់​គំរូ​នៃ​ប្រដាប់​ដែល​ត្រូវ​ធ្វើ​ពី​មាស​សំរាប់​ប្រើ​គ្រប់​យ៉ាង ព្រម​ទាំង​ទំងន់​នៃ​ប្រដាប់​និមួយៗ​នោះ នឹង​គំរូ​នៃ​ប្រដាប់ ដែល​ត្រូវ​ធ្វើ​ពី​ប្រាក់​សំរាប់​ប្រើ​គ្រប់​យ៉ាង ព្រម​ទាំង​ទំងន់​នៃ​ប្រដាប់​និមួយៗ​នោះ​ដែរ គឺ​កំណត់​ទំងន់​មាស សំរាប់​ធ្វើ​ជើង​ចង្កៀង​មាស នឹង​តួ​ចង្កៀង​នោះ គឺ​ជា​ទំងន់​ជើង​ចង្កៀង​និមួយៗ នឹង​តួ​ចង្កៀង​និមួយៗ ហើយ​កំណត់​ទំងន់​ប្រាក់ សំរាប់​ធ្វើ​ជើង​ចង្កៀង​ប្រាក់ ទាំង​ជើង នឹង​តួ​ចង្កៀង​នោះ​ផង តាម​របៀប​ប្រើ​ជើង​ចង្កៀង​និមួយៗ​នោះ ហើយ​មាស​សំរាប់​ធ្វើ​តុ​នំបុ័ង​តាំង​ទុក នឹង​ប្រាក់​សំរាប់​អស់​ទាំង​តុ​ធ្វើ​ពី​ប្រាក់​ដែរ ព្រម​ទាំង​សម ចាន‌គោម នឹង​ពែង​ដែល​ធ្វើ​ពី​មាស​សុទ្ធ នឹង​ផ្តិល​មាស តាម​ទំងន់​និមួយៗ ហើយ​ផ្តិល​ប្រាក់​ទាំង​ប៉ុន្មាន​តាម​ទំងន់ នឹង​មាស​សុទ្ធ​សំរាប់​អាសនា​គ្រឿង​ក្រអូប​តាម​ទំងន់​ផង ទ្រង់​ក៏​ប្រគល់​គំរូ ដែល​សំរាប់​ធ្វើ​រទេះ នឹង​ចេរូប៊ីន ដែល​ត្រដាង​ស្លាប​គ្រប​ពី​លើ​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា​ដែរ រួច​ទ្រង់​មាន​បន្ទូល​ថា បណ្តា​បែប​យ៉ាង​ទាំង​នេះ​បាន​កត់​ទុក ដោយ​ព្រះ‌ហស្ត​ព្រះ‌យេហូវ៉ា ឲ្យ​អញ​បាន​យល់​ហើយ គឺ​អស់​ទាំង​របៀប​នៃ​គំរូ​ទាំង​នេះ​ឯង។ ដាវីឌ​ទ្រង់​មាន​បន្ទូល​នឹង​សាឡូម៉ូន​ជា​ព្រះ‌រាជ‌បុត្រា​ថា ចូរ​មាន​កំឡាំង នឹង​ចិត្ត​ក្លាហាន​ឡើង ហើយ​ធ្វើ​សំរេច​ចុះ កុំ​ឲ្យ​ខ្លាច ឬ​រសាយ​ចិត្ត​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ គឺ​ជា​ព្រះ​នៃ​អញ ទ្រង់​គង់​នៅ​ជា​មួយ​នឹង​ឯង ទ្រង់​មិន​ដែល​ខាន​នឹង​ជួយ​ឯង​ឡើយ ក៏​មិន​បោះ‌បង់​ចោល​ឯង​ដែរ ដរាប​ដល់​អស់​ទាំង​ការ ដែល​ធ្វើ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​នេះ​បាន​សំរេច ហើយ​មើល មាន​វេន​ពួក​សង្ឃ នឹង​ពួក​លេវី សំរាប់​គ្រប់​ទាំង​ការ‌ងារ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ​ដែរ ឯ​អស់​អ្នក​ណា​ដែល​ស្ម័គ្រ​ចិត្ត ហើយ​មាន​ថ្វី‌ដៃ​ខាង​ឯ​ការ​អ្វី​ក៏​ដោយ គេ​នឹង​នៅ​ជា​មួយ​នឹង​ឯង ដើម្បី​នឹង​សំរេច​ការ​នេះ ចំណែក​ពួក​ចៅហ្វាយ នឹង​បណ្តាជន​ទាំង​អស់​គ្នា គេ​នឹង​នៅ​ក្នុង​បង្គាប់​ឯង​ដែរ។