១ របាក្សត្រ 11:10-25
១ របាក្សត្រ 11:10-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នេះជាបញ្ជីរាយនាមនាយទាហានដ៏អង់អាចរបស់ព្រះបាទដាវីឌ គឺអស់អ្នកដែលបានជួយជ្រោមជ្រែងឲ្យស្ដេចទទួលរាជសម្បត្តិលើស្រុកអ៊ីស្រាអែលទាំងមូល ហើយឲ្យស្ដេចបានសោយរាជ្យ ស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ស្ដីអំពីជនជាតិអ៊ីស្រាអែល។ ពួកទាហានដ៏អង់អាចរបស់ព្រះបាទដាវីឌ មានរាយនាមតាមចំនួនរបស់ពួកគេដូចតទៅ: លោកយ៉ាសុបៀមជាកូនរបស់លោកហាក់មុនី លោកជាប្រមុខលើមេបញ្ជាការសាមសិបនាក់។ គឺលោកហើយដែលបានប្រើលំពែង សម្លាប់ខ្មាំងអស់បីរយនាក់ ក្នុងពេលតែមួយ។ បន្ទាប់មក មានលោកអេឡាសារ ជាកូនរបស់លោកដូដូរ ជាពូជពង្សរបស់លោកអហូអា។ លោកជានាយទាហានម្នាក់ក្នុងចំណោមនាយទាហានដ៏អង់អាចទាំងបី។ លោកបាននៅជាប់ជាមួយព្រះបាទដាវីឌ នៅផាស់ដាំមីម ក្នុងគ្រាដែលជនជាតិភីលីស្ទីនលើកទ័ពមកច្បាំង។ នៅទីនោះ មានដីស្រែមួយកន្លែង ពេញដោយស្រូវ ហើយកងទ័ពអ៊ីស្រាអែលបានបាក់ទ័ពរត់នៅមុខជនជាតិភីលីស្ទីន។ ពេលនោះ លោកអេឡាសារ និងទាហានរបស់លោក ឈរនៅកណ្ដាលចម្ការនោះ ហើយវាយប្រហារជនជាតិភីលីស្ទីន ដណ្ដើមយកបានចម្ការនោះមកវិញ។ ព្រះអម្ចាស់ប្រោសប្រទានជ័យជម្នះដ៏ធំធេង។ ថ្ងៃមួយ នាយទាហានបីរូបក្នុងចំណោមនាយទាហានទាំងសាមសិបនាក់ បាននាំគ្នាចូលគាល់ព្រះបាទដាវីឌ ក្នុងល្អាងភ្នំអាឌូឡាម នៅពេលដែលទាហានភីលីស្ទីនបោះទ័ពនៅជ្រលងភ្នំរេផែម។ ពេលនោះ ព្រះបាទដាវីឌគង់នៅក្នុងជម្រកដ៏រឹងមាំមួយ។ កងទ័ពភីលីស្ទីនមួយក្រុមក៏ឈរជើងនៅភូមិបេថ្លេហិមដែរ។ ព្រះបាទដាវីឌស្រេកទឹក ស្ដេចក៏មានរាជឱង្ការថា៖ «តើនរណាអាចដងទឹកពីអណ្ដូងនៅមាត់ទ្វារភូមិបេថ្លេហិម យកមកឲ្យយើងបាន?»។ នាយទាហានទាំងបីរូបនាំគ្នាសម្រុកចូលទៅក្នុងទីតាំងទ័ពពួកភីលីស្ទីន ហើយដងទឹកពីអណ្ដូងនៅមាត់ទ្វារភូមិបេថ្លេហិម យកមកថ្វាយព្រះបាទដាវីឌ ប៉ុន្តែ ព្រះបាទដាវីឌមិនព្រមសោយទេ ស្ដេចយកទឹកនោះទៅច្រួចលើដីថ្វាយព្រះអម្ចាស់។ ស្ដេចមានរាជឱង្ការថា៖ «ព្រះជាម្ចាស់អើយ ទូលបង្គំគ្មានសិទ្ធិទទួលទានទឹកនេះទេ ព្រោះទឹកនេះដូចជាឈាមរបស់ទាហាន ដែលបានប្រថុយជីវិតទៅដងយកមកដែរ!»។ ដូច្នេះ ស្ដេចបដិសេធមិនព្រមសោយទឹកនោះទេ ព្រោះពួកទាហានបានប្រថុយជីវិតទៅដងយកមក។ នេះហើយជាស្នាដៃដែលទាហានដ៏ខ្លាំងពូកែទាំងបីរូបបានប្រព្រឹត្ត។ លោកអប៊ីសាយជាប្អូនរបស់លោកយ៉ូអាប់ និងជាប្រមុខលើមេទ័ពបីរូប។ លោកបានប្រើលំពែងសម្លាប់ខ្មាំងសត្រូវអស់បីរយនាក់។ លោកមានឈ្មោះល្បីជាងគេ ក្នុងចំណោមមេទ័ពទាំងបីរូប។ លោកទទួលកិត្តិយសច្រើនជាងគេ ក្នុងចំណោមមេទ័ពទាំងបី។ លោកមាននាទីជាប្រមុខលើក្រុមមេទ័ពទាំងបី ប៉ុន្តែ លោកពុំអាចប្រៀបស្មើនឹងក្រុមមេទ័ពបីរូបទៀតឡើយ។ លោកបេណាយ៉ា ជាអ្នកស្រុកកាបសៀល ជាកូនរបស់លោកយេហូយ៉ាដា និងជាចៅរបស់ទាហានដ៏អង់អាចមួយរូប។ លោកបានបញ្ចេញស្នាដៃថ្មីយ៉ាងច្រើន។ គឺលោកហើយដែលបានវាយពួកអរាលពីរនាក់នៅស្រុកម៉ូអាប់ ព្រមទាំងចុះទៅក្នុងរណ្ដៅ ដើម្បីសម្លាប់សត្វសិង្ហមួយ នៅថ្ងៃដែលមានទឹកកកធ្លាក់។ លោកក៏បានសម្លាប់ជនជាតិអេស៊ីបម្នាក់ ដែលមានកម្ពស់ប្រាំហត្ថ និងប្រដាប់ដោយលំពែងមួយយ៉ាងធំ ដូចជាឈើកីតម្បាញ។ លោកទៅប្រយុទ្ធនឹងគេ ដោយមានតែដំបងមួយប៉ុណ្ណោះ លោកដណ្ដើមយកលំពែងពីដៃអ្នកនេះបាន ហើយចាក់សម្លាប់នឹងលំពែងនោះទៅ។ នេះហើយជាស្នាដៃរបស់លោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដា ដែលធ្វើឲ្យលោកមានកេរ្តិ៍ឈ្មោះល្បី ក្នុងក្រុមមេទ័ពទាំងបីរូប។ ក្នុងចំណោមមេបញ្ជាការទាំងសាមសិបនាក់ លោកទទួលកិត្តិយសច្រើនជាងគេ ប៉ុន្តែ លោកពុំអាចប្រៀបស្មើនឹងក្រុមមេទ័ពបីរូបឡើយ។ ព្រះបាទដាវីឌបានតែងតាំងលោកជាមេបញ្ជាការកងអង្គរក្ស។
១ របាក្សត្រ 11:10-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
រីឯពួកប្រធានក្នុងពួកខ្លាំងពូកែរបស់ព្រះបាទដាវីឌ ដែលកាន់ខាងទ្រង់ ជាមួយពួកអ៊ីស្រាអែលទាំងអស់ ដើម្បីនឹងតាំងនគរឡើង តាមព្រះបន្ទូលរបស់ព្រះយេហូវ៉ា ពីដំណើរសាសន៍អ៊ីស្រាអែល នេះជាឈ្មោះរបស់ពួកអ្នកខ្លាំងពូកែរបស់ព្រះបាទដាវីឌ គឺយ៉ាសុបៀម ជាកូនរបស់ពួកហាក់ម៉ូនីម្នាក់ លោកជាមេលើអ្នកទាំងបី ហើយបានពួយលំពែង សម្លាប់មនុស្សបីរយនាក់ក្នុងពេលតែមួយ។ អ្នកបន្ទាប់ មានកូនដូដូរ ឈ្មោះអេលាសារ ជាពួកអ័ហូអា ដែលជាម្នាក់ក្នុងពួកមនុស្សខ្លាំងពូកែទាំងបីនាក់។ លោកបាននៅជាមួយព្រះបាទដាវីឌ នៅត្រង់ផាស់-ដាំមីម ក្នុងពេលដែលពួកភីលីស្ទីនបានប្រមូលគ្នាមកច្បាំង នៅកន្លែងដែលមានស្រែស្រូវឱក ហើយពួកទ័ពបានរត់ពីពួកភីលីស្ទីន។ ប៉ុន្តែ លោកអេលាសារ និងព្រះបាទដាវីឌបានឈរនៅកណ្ដាលស្រែ ហើយបានការពារ ព្រមទាំងសម្លាប់ពួកភីលីស្ទីនអស់ ព្រះយេហូវ៉ាបានជួយសង្គ្រោះគេ ដោយជ័យជម្នះយ៉ាងធំ។ មានបីនាក់ក្នុងចំណោមប្រធានទាំងសាមសិបនាក់នោះ គេបានទៅគាល់ព្រះបាទដាវីឌត្រង់ថ្មដា ក្នុងរអាងអាឌូឡាម នៅគ្រានោះ ពួកភីលីស្ទីនបានបោះទ័ពនៅច្រកភ្នំរេផែម។ ព្រះបាទដាវីឌបានគង់នៅក្នុងទីមាំមួន ហើយពួកភីលីស្ទីនមានទ័ពកងរក្សាស្រុកមួយក្រុងនៅភូមិបេថ្លេហិម។ ព្រះបាទដាវីឌបាននឹកកន្លេងក្នុងព្រះហឫទ័យ ហើយមានរាជឱង្ការថា៖ «អូ គួរមានអ្នកណាម្នាក់ដកទឹកអណ្តូង ដែលនៅមាត់ទ្វារភូមិបេថ្លេហិមមកឲ្យយើងផឹក!» បន្ទាប់មក អ្នកទាំងបីនោះបានបំបែកពួកទ័ពភីលីស្ទីន កាត់ចូលទៅដងទឹកពីអណ្តូងនៅមាត់ទ្វារភូមិបេថ្លេហិមនោះ យកទឹកមកថ្វាយព្រះបាទដាវីឌ តែទ្រង់មិនព្រមសោយទេ គឺទ្រង់ចាក់ច្រួចថ្វាយព្រះយេហូវ៉ាវិញ ដោយមានព្រះបន្ទូលថា៖ «ឱព្រះយេហូវ៉ាអើយ សូមឃាត់ទូលបង្គំ កុំឲ្យទូលបង្គំធ្វើឡើយ តើគួរឲ្យទូលបង្គំផឹកឈាមរបស់មនុស្ស ដែលទៅទាំងប្រថុយជីវិតដូច្នេះឬ?» ហេតុនោះហើយបានជាទ្រង់មិនព្រមសោយទឹកនោះ។ នេះហើយជាស្នាដៃរបស់អ្នកខ្លាំងពូកែទាំងបីនាក់បានធ្វើ។ ឯអ័ប៊ីសាយ ប្អូនយ៉ូអាប់ កូនសេរូយ៉ា លោកជាមេលើអ្នកទាំងសាមសិប ព្រោះលោកបានពួយលំពែងសម្លាប់មនុស្សបីរយនាក់ ហើយល្បីឈ្មោះក្នុងពួកបីនាក់នោះ។ លោកមានកេរ្តិ៍ឈ្មោះជាងគេ ក្នុងចំណោមអ្នកទាំងសាមសិប ហើយបានក្លាយជាមេបញ្ជាការលើពួកគេ តែលោកមិនស្មើនឹងអ្នកទាំងបីនោះឡើយ។ ឯបេណាយ៉ា កូនយេហូយ៉ាដា លោកជាអ្នកខ្លាំងពូកែម្នាក់ នៅក្រុងកាបសៀល លោកជាអ្នកដែលបានធ្វើការយ៉ាងពូកែ លោកបានសម្លាប់កូនប្រុសពីរនាក់របស់ អ័រាល នៅស្រុកម៉ូអាប់។ លោកក៏បានចុះទៅក្នុងរណ្តៅ ហើយសម្លាប់សត្វសិង្ហមួយនៅថ្ងៃមានធ្លាក់ព្រឹល។ លោកបានសម្លាប់សាសន៍អេស៊ីព្ទម្នាក់ ជាមនុស្សធំសម្បើម កម្ពស់ប្រាំហត្ថ សាសន៍អេស៊ីព្ទនោះកាន់លំពែងមួយប៉ុនផ្សំតម្បាញ តែលោកចុះទៅប្រយុទ្ធ កាន់តែដំបងប៉ុណ្ណោះ ក៏កន្ត្រាក់យកលំពែងពីដៃរបស់មនុស្សសាសន៍អេស៊ីព្ទនោះ រួចចាក់សម្លាប់ដោយលំពែងរបស់អ្នកនោះទៅ។ នេះហើយជាស្នាដៃដែលបេណាយ៉ា ជាកូនយេហូយ៉ាដាបានធ្វើ ហើយមានឈ្មោះល្បីនៅក្នុងចំណោមពួកខ្លាំងពូកែទាំងបីនាក់នោះ។ លោកមានកេរ្តិ៍ឈ្មោះក្នុងចំណោមអ្នកទាំងសាមសិបរូប តែលោកមិនស្មើនឹងអ្នកទាំងបីរូបនោះឡើយ ហើយព្រះបាទដាវីឌបានតាំងលោកឲ្យត្រួតលើពួកកងអង្គរក្ស។
១ របាក្សត្រ 11:10-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯពួកប្រធាន ក្នុងពួកខ្លាំងពូកែរបស់ដាវីឌ ដែលកាន់ខ្ជាប់ខាងទ្រង់ ជាមួយនឹងពួកអ៊ីស្រាអែលទាំងអស់ ដើម្បីនឹងតាំងនគរឡើង តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ពីដំណើរសាសន៍អ៊ីស្រាអែល ឯពួកអ្នកខ្លាំងពូកែរបស់ដាវីឌ នោះបានរាប់ដូចជាមានឈ្មោះខាងក្រោមនេះស្រាប់ គឺយ៉ាសុបៀម ជាកូនរបស់ពួកហាក់ម៉ូនីម្នាក់ លោកជាមេលើពួក៣០នាក់ ហើយបានពួយលំពែង សំឡាប់មនុស្ស៣០០នាក់តែ១គ្រា បន្ទាប់នោះ មានកូនដូដូរ ឈ្មោះអេលាសារ ជាពួកអ័ហូអា ដែលជាម្នាក់ក្នុងពួកមនុស្សខ្លាំងពូកែទាំង៣នាក់ លោកបាននៅជាមួយនឹងដាវីឌនៅត្រង់ផាស់-ដាំមីម ក្នុងកាលដែលពួកភីលីស្ទីនបានមូលគ្នាមកច្បាំង នៅកន្លែងដែលមានស្រែស្រូវឱក ហើយពួកទ័ពបានរត់ ពីមុខពួកភីលីស្ទីនទៅ តែពួកនោះ គេឈរនៅកណ្តាលស្រែនោះ ហើយបានការពារ ព្រមទាំងសំឡាប់ពួកភីលីស្ទីនបង់ ព្រះយេហូវ៉ាទ្រង់បានជួយសង្គ្រោះគេ ដោយជ័យជំនះយ៉ាងធំ ក៏មាន៣នាក់ក្នុងពួកប្រធានទាំង៣០នាក់នោះ គេបានចុះទៅឯដាវីឌត្រង់ថ្មដា ក្នុងរអាងអាឌូឡាម នៅគ្រានោះ ពួកភីលីស្ទីនបានបោះទ័ពនៅច្រកភ្នំរេផែម ហើយដាវីឌទ្រង់គង់នៅក្នុងទីមាំមួន ឯពួកភីលីស្ទីន គេមានទ័ព១កងរក្សាស្រុក នៅឯក្រុងបេថ្លេហិម ចំណែកដាវីឌ ទ្រង់នឹកកន្លេងក្នុងព្រះទ័យ ហើយមានបន្ទូលថា ឱបើសិនជាមានអ្នកណាយកទឹកពីអណ្តូង ដែលនៅមាត់ទ្វារក្រុងបេថ្លេហិមមក ឲ្យអញផឹកទៅអេះ រួចអ្នកទាំង៣នោះក៏បំបែកពួកទ័ពភីលីស្ទីន កាត់ចូលទៅដងទឹកពីអណ្តូងនៅមាត់ទ្វារក្រុងបេថ្លេហិមនោះ នាំយកមកថ្វាយដល់ដាវីឌ តែទ្រង់មិនព្រមសោយទេ គឺទ្រង់ចាក់ច្រួចថ្វាយព្រះយេហូវ៉ាវិញ ដោយបន្ទូលថា សូមឲ្យព្រះនៃទូលបង្គំឃាត់មិនឲ្យទូលបង្គំធ្វើដូច្នោះឡើយ តើទូលបង្គំនឹងផឹកឈាមរបស់មនុស្សទាំងនេះ ដែលបានប្រថុយជីវិតយ៉ាងនេះឬអី ដ្បិតគេបានយកទឹកនេះមក ដោយប្រថុយជីវិតរបស់គេពិត ហេតុនោះបានជាទ្រង់មិនព្រមសោយឡើយ គឺការយ៉ាងនោះឯង ដែលមនុស្សខ្លាំងពូកែទាំង៣នាក់នោះបានធ្វើ ឯអ័ប៊ីសាយ ប្អូនយ៉ូអាប់ ជាកូនសេរូយ៉ា លោកជាមេលើអ្នកទាំង៣នាក់នោះ ពីព្រោះលោកបានពួយលំពែងសំឡាប់មនុស្ស៣០០នាក់ ហើយមានល្បីឈ្មោះក្នុងពួក៣នាក់នោះ ក្នុងពួក៣នាក់នោះ គេរាប់អានលោកជាជាង២នាក់ឯទៀត ហើយក៏តាំងឡើងធ្វើជាមេលើគេ ប៉ុន្តែលោកមិនដល់ពួក៣នាក់ខាងដើមនោះទេ។ ឯបេណាយ៉ា ជាកូនយេហូយ៉ាដា ដែលជាកូនរបស់អ្នកខ្លាំងពូកែម្នាក់ នៅក្រុងកាបសៀល លោកជាអ្នកដែលបានធ្វើការយ៉ាងពូកែ លោកបានសំឡាប់កូនទាំង២របស់អ័រាល ជាសាសន៍ម៉ូអាប់ ហើយក៏ចុះទៅក្នុងរណ្តៅសំឡាប់សត្វសិង្ហ១ នៅថ្ងៃមានហិមៈ ក៏សំឡាប់សាសន៍អេស៊ីព្ទម្នាក់ ជាមនុស្សធំសំបើមកំពស់៥ហត្ថ សាសន៍អេស៊ីព្ទនោះកាន់លំពែង១ប៉ុនផ្សំដំបាញ តែលោកចុះទៅឯវា កាន់តែដំបងទេ ក៏កន្ត្រាក់យកលំពែងពីដៃរបស់មនុស្សសាសន៍អេស៊ីព្ទនោះ រួចចាក់សំឡាប់ដោយលំពែងរបស់វាទៅ គឺការយ៉ាងនោះដែលបេណាយ៉ាជាកូនយេហូយ៉ាដាបានធ្វើ ហើយមានល្បីឈ្មោះនៅក្នុងពួកខ្លាំងពូកែទាំង៣នាក់នោះ គេបានរាប់អានលោកជាជាងពួក៣០នាក់នោះ តែលោកមិនដល់ពួក៣នាក់ខាងដើមទេ ដាវីឌទ្រង់ក៏តាំងលោកឲ្យត្រួតលើពួកទាហានរក្សាអង្គ។