សាការី 9:1-17

សាការី 9:1-17 គខប

សេចក្ដី​ប្រកាស។ នេះ​ជា​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​ថ្លែង​អំពី​ស្រុក​ហាដ្រាក់។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​អ្នក​ក្រុង​ដាម៉ាស ដ្បិត​មនុស្ស​លោក​ទាំង‌ឡាយ​ក៏​ជា​កម្មសិទ្ធិ​របស់ ព្រះ‌អម្ចាស់​ដូច​កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​ដែរ ។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់ អ្នក​ក្រុង​ហា‌ម៉ាត់ ដែល​នៅ​ក្បែរ​ក្រុង​ដាម៉ាស ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​អ្នក​ក្រុង​ទីរ៉ុស និង​អ្នក​ក្រុង​ស៊ីដូន ដែល​សម្បូណ៌​ដោយ​អ្នក​ប្រាជ្ញ​ដ៏​ជំនាញ។ ក្រុង​ទីរ៉ុស​បាន​សង់​កំពែង​មួយ​ដ៏​រឹង‌មាំ ក្រុង​នេះ​ប្រមូល​បាន​ប្រាក់​ច្រើន ដូច​ធូលី​ដី ហើយ​មាន​មាស​ច្រើន ដូច​ភក់​ដែល​គេ​ដើរ ជាន់​នៅ​តាម​ផ្លូវ។ ប៉ុន្តែ ព្រះ‌អម្ចាស់​នឹង​យក​ចេញ​ពី​ពួក​គេ​ទាំង​អស់ ព្រះអង្គ​នឹង​រុញ​កំពែង​ក្រុង​របស់​គេ ទម្លាក់​ទៅ​ក្នុង​សមុទ្រ ក្រុង​នេះ​នឹង​ត្រូវ​រលាយ ដោយ‌សារ​ភ្លើង។ ពេល​ឃើញ​ហេតុ‌ការណ៍​នេះ ក្រុង​អាស្កា‌ឡូន​នឹង​ភ័យ​តក់‌ស្លុត ក្រុង​កាសា​នឹង​ឈឺ​ចុក​ចាប់​យ៉ាង​ខ្លាំង ក្រុង​អេក្រូន​បាត់​បង់​សេចក្ដី​សង្ឃឹម​អស់​រលីង។ ក្រុង​កាសា​នឹង​លែង​មាន​ស្ដេច ក្រុង​អាស្កា‌ឡូន​នឹង​លែង​មាន​មនុស្ស​រស់​នៅ។ ពូជ​សាសន៍​នានា​នឹង​រស់​នៅ​ចម្រុះ​គ្នា ក្នុង​ក្រុង​អាស្តូឌ យើង​នឹង​បំបាត់​អំនួត​របស់​ពួក​ភីលីស្ទីន។ យើង​នឹង​យក​សាច់​ដែល​មាន​ជាប់​ឈាម ចេញ​ពី​មាត់​របស់​គេ។ គឺ​សាច់​ដែល​គេ​សែន​ដល់​ព្រះ​ដ៏​គួរ​ស្អប់​ខ្ពើម ប្រជា‌ជន​ភីលីស្ទីន​ដែល​នៅ​សេស‌សល់ នឹង​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​យើង ពួក​គេ​នឹង​ធ្វើ​ជា​មេ​ដឹក​នាំ ដូច​កុល‌សម្ព័ន្ធ​យូដា​ដែរ។ ប្រជា‌ជន​នៅ​ក្រុង​អេក្រូន នឹង​ចូល​រួម​ជា​មួយ​ប្រជា‌រាស្ត្រ​របស់​យើង ដូច​អ្នក​ក្រុង​យេបូស ​ដែរ។ យើង​នឹង​ការពារ​ដំណាក់​របស់​យើង​មិន​ឲ្យ កង‌ទ័ព​សត្រូវ​ចេញ​ចូល​វាយ​លុក​បាន​ឡើយ ហើយ​យើង​ក៏​មិន​ឲ្យ​នរណា​សង្កត់‌សង្កិន ប្រជា‌រាស្ដ្រ​របស់​យើង​ទៀត​ដែរ ដ្បិត​ឥឡូវ​នេះ យើង​មើល​ថែ‌រក្សា​ពួក​គេ។ ប្រជា‌ជន​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​មាន​អំណរ​រីក‌រាយ​ដ៏​ខ្លាំង​ឡើង ប្រជា‌ជន​ក្រុង​យេរូ‌សាឡឹម​អើយ ចូរ​ស្រែក​ហ៊ោ​យ៉ាង​សប្បាយ មើល​ហ្ន៎ ព្រះ‌មហា‌ក្សត្រ​របស់​អ្នក យាង​មក​រក​អ្នក​ហើយ ព្រះអង្គ​សុចរិត ព្រះអង្គ​នាំ​ការ​សង្គ្រោះ​មក ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​ស្លូត‌បូត ព្រះអង្គ​គង់​នៅ​លើ​ខ្នង​លា គឺ​ព្រះអង្គ​គង់​នៅ​លើ​ខ្នង​កូន​លា។ ព្រះអង្គ​នឹង​យក​រទេះ​ចម្បាំង​ចេញ​ពី​ស្រុក​អេប្រាអ៊ីម យក​ទ័ព​សេះ​ចេញ​ពី​ក្រុង​យេរូ‌សាឡឹម ព្រះអង្គ​កាច់​បំបាក់​ធ្នូ​ដែល​គេ​ប្រើ​ធ្វើ​សង្គ្រាម។ ព្រះអង្គ​នឹង​ប្រកាស​ប្រាប់​ប្រជា‌ជាតិ​នានា អំពី​សន្តិ‌ភាព។ ព្រះអង្គ​នឹង​គ្រប់‌គ្រង​ពី​សមុទ្រ​ម្ខាង ទៅ​សមុទ្រ​ម្ខាង​ទៀត ហើយ​ចាប់​ពី​ទន្លេ​អឺប្រាត​រហូត​ដល់ ទី​ដាច់​ស្រយាល​នៃ​ផែនដី។ ចំណែក​ឯ​អ្នក​វិញ ដោយ​យល់​ដល់​លោហិត​នៃ សម្ពន្ធ‌មេត្រី​ដែល​យើង​បាន​ចង​ជា​មួយ​អ្នក យើង​នឹង​ដោះ​លែង​ប្រជា‌ជន​របស់​អ្នក ដែល​ជាប់​ទោស ឲ្យ​រួច​ពី​រណ្ដៅ​ដែល​គ្មាន​ទឹក។ អ្នក​ទោស​ដែល​ពោរ‌ពេញ​ទៅ​ដោយ សេចក្ដី​សង្ឃឹម​អើយ ចូរ​នាំ​គ្នា​វិល​ត្រឡប់​ទៅ​កាន់​ក្រុង​ដែល មាន​កំពែង​ដ៏​រឹង‌មាំ​វិញ​ចុះ! ថ្ងៃ​នេះ យើង​ប្រកាស​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ខាត​បង់ យើង​នឹង​សង​អ្នក​រាល់​គ្នា​វិញ​មួយ​ជា​ពីរ។ យើង​នឹង​យក​យូដា​ធ្វើ​ជា​ធ្នូ​របស់​យើង យើង​នឹង​យក​អេប្រាអ៊ីម​ធ្វើ​ជា​ព្រួញ ក្រុង​ស៊ីយ៉ូន​អើយ យើង​នឹង​ចាត់​កូន​ចៅ​របស់​អ្នក ឲ្យ​ទៅ​ប្រហារ​កូន​ចៅ​ពួក​យ៉ាវ៉ន យើង​នឹង​ប្រើ​អ្នក ដូច​ដាវ​របស់​វីរ‌បុរស!។ ព្រះ‌អម្ចាស់​នឹង​លេច​មក ស្ថិត​នៅ​ពី​លើ​ពួក​គេ ព្រួញ​របស់​ព្រះអង្គ​ប្រៀប​បាន​នឹង​ផ្លេក​បន្ទោរ ព្រះ‌ជា‌អម្ចាស់​នឹង​ផ្លុំ​ស្នែង ព្រះអង្គ​យាង​ទៅ​មុខ​ក្នុង​ព្យុះ​សង្ឃរា ដែល​បក់​មក​ពី​ទិស​ខាង​ត្បូង។ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​នឹង​ការពារ​ពួក​គេ ពួក​គេ​បំផ្លាញ និង​កិន​កម្ទេច​ខ្មាំង​សត្រូវ​ដែល ប្រើ​ដង្ហក់​បាញ់​គ្រាប់​គ្រួស​មក​លើ​ពួក​គេ។ ពួក​គេ​បង្ហូរ​ឈាម​សត្រូវ​ឲ្យ​ហូរ ដូច​ស្រា​ទំពាំង‌បាយជូរ ឬ​ដូច​ឈាម​សត្វ​ដែល​គេ​សម្លាប់​ធ្វើ​យញ្ញ‌បូជា ហូរ​ពេញ​ចាន នៅ​ជ្រុង​អាសនៈ។ នៅ​ថ្ងៃ​នោះ ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​ពួក​គេ នឹង​សង្គ្រោះ​ពួក​គេ ដូច​គង្វាល​សង្គ្រោះ​ហ្វូង​ចៀម​របស់​ខ្លួន។ ពួក​គេ​នឹង​ភ្លឺ​ចិញ្ចែង‌ចិញ្ចាច​លើ​ទឹក​ដី​របស់​ខ្លួន ដូច​ត្បូង​ពេជ្រ​ភ្លឺ​ចាំង​ពី​មកុដ។ នៅ​គ្រា​នោះ ពួក​គេ​នឹង​មាន​សុភមង្គល ហើយ​សម្ផស្ស​ដ៏​ល្អ​បំផុត ស្រូវ និង​ស្រា​ទំពាំង‌បាយជូរ​ថ្មី នឹង​ផ្ដល់​ឲ្យ យុវជន​យុវ‌នារី​មាន​កម្លាំង​កំហែង​មាំ‌មួន។