សាការី 7
7
ពិធីតមអាហារ
1នៅឆ្នាំទីបួននៃរជ្ជកាលព្រះចៅដារីយូស ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកសាការី នៅថ្ងៃទីបួនក្នុងខែទីប្រាំបួន ត្រូវនឹងខែមិគសិរ។ 2ពេលនោះ ប្រជាជននៅក្រុងបេត-អែលបានចាត់លោកសារេស៊ើរ និងលោករេគេម-មែឡេក ព្រមទាំងមនុស្សមួយក្រុម#៧.២ ដើមឃ្លាក្នុងព្រះគម្ពីរភាសាហេប្រឺ មិនសូវច្បាស់។ យើងអាចបកប្រែម្យ៉ាងទៀតថា លោកបេតអែល-សារេស៊ើរ ជាមន្ត្រីជាន់ខ្ពស់របស់ព្រះចៅអធិរាជ និងសហការីរបស់លោក បានចាត់មនុស្សមួយក្រុមឲ្យទៅទូល…។ ឲ្យទៅទូលសូមការប្រណីសន្ដោសពីព្រះអម្ចាស់ 3ហើយសួរពួកបូជាចារ្យដែលបម្រើការងារនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់នៃពិភពទាំងមូល និងសួរពួកព្យាការីថា៖ «តើយើងខ្ញុំត្រូវតែកាន់ទុក្ខ និងតមអាហារ នៅខែទីប្រាំ ដូចយើងខ្ញុំធ្លាប់ធ្វើតាំងពីយូរយារណាស់មកហើយឬ?»។
4 ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលមកខ្ញុំដូចតទៅ៖ 5«ចូរប្រាប់ប្រជាជនទាំងមូលនៅក្នុងស្រុក ព្រមទាំងពួកបូជាចារ្យថា: តាំងពីចិតសិបឆ្នាំកន្លងមកនេះ ពេលអ្នករាល់គ្នាតមអាហារ និងកាន់ទុក្ខ នៅខែទីប្រាំ និងខែទីប្រាំពីរនោះ តើអ្នករាល់គ្នាពិតជាតមអាហារ ដើម្បីផ្គាប់ចិត្តយើងមែនឬ? 6ពេលអ្នករាល់គ្នាបរិភោគអាហារ ពេលអ្នករាល់គ្នាសេពសុរានោះ គឺដើម្បីផ្គាប់ចិត្តរបស់ខ្លួនឯងតែប៉ុណ្ណោះ។ 7ពីដើម កាលក្រុងយេរូសាឡឹម និងស្រុកភូមិដែលនៅជុំវិញ មានមនុស្សរស់នៅយ៉ាងសុខដុមរមនា ហើយតំបន់ណេកិប និងតំបន់វាលទំនាបមានមនុស្សរស់នៅ ពួកព្យាការីជំនាន់ដើមក៏ធ្លាប់ព្រមានពួកគេបែបនេះ ក្នុងព្រះនាមព្រះអម្ចាស់ដែរ»។
8 ព្រះអម្ចាស់មានព្រះបន្ទូលមកលោកសាការីដូចតទៅ៖ 9ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា: «ចូរវិនិច្ឆ័យដោយយុត្តិធម៌ ចូរមានចិត្តមេត្តាករុណា និងអាណិតអាសូរគ្នាទៅវិញទៅមក។ 10មិនត្រូវសង្កត់សង្កិនស្ត្រីមេម៉ាយ ក្មេងកំព្រា ជនបរទេសដែលរស់នៅជាមួយអ្នករាល់គ្នា និងជនទុគ៌ត ហើយកុំមានចិត្តប្រព្រឹត្តអំពើអាក្រក់ ចំពោះគ្នាទៅវិញទៅមកឡើយ!»។ 11«ប៉ុន្តែ ពួកគេមិនព្រមយកចិត្តទុកដាក់ស្ដាប់ទេ ពួកគេមានចិត្តរឹងរូស ខ្ទប់ត្រចៀកធ្វើមិនដឹងមិនឮ។ 12ពួកគេតាំងចិត្តរឹងដូចដុំថ្ម#៧.១២ ពាក្យដើម «ដុំពេជ្រ»។ ពួកគេមិនព្រមស្ដាប់តាមក្រឹត្យវិន័យ និងព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល ថ្លែងតាមរយៈព្យាការីនៅជំនាន់មុន ដោយព្រះវិញ្ញាណរបស់ព្រះអង្គឡើយ។ ហេតុនេះហើយបានជាព្រះអម្ចាស់នៃពិភពទាំងមូល ទ្រង់ព្រះពិរោធយ៉ាងខ្លាំងទាស់នឹងពួកគេ។ 13ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា “ពេលយើងហៅរកពួកគេ ពួកគេពុំព្រមស្ដាប់យើងទេ ហេតុនេះពេលពួកគេហៅរកយើង យើងក៏ពុំព្រមស្ដាប់ពួកគេដែរ។ 14យើងបានធ្វើឲ្យពួកគេខ្ចាត់ព្រាត់ រសាត់ទៅរស់នៅក្នុងចំណោមប្រជាជាតិទាំងប៉ុន្មាន ដែលពួកគេពុំធ្លាប់ស្គាល់។ ក្រោយពួកគេចេញផុតទៅ ទឹកដីរបស់ពួកគេក្លាយទៅជាទីស្មសាន គ្មាននរណាដើរកាត់ គ្មាននរណារស់នៅ។ ស្រុកដ៏សម្បូណ៌សប្បាយបានក្លាយទៅជាទីស្មសាន”»។
ទើបបានជ្រើសរើសហើយ៖
សាការី 7: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.