សាការី 13

13
ព្រះ‌បន្ទូល​ព្រមាន​ព្យាការី​ក្លែង‌ក្លាយ​មួយ​ចំនួន
1នៅ​ថ្ងៃ​នោះ​នឹង​មាន​ប្រភព​ទឹក​ផុស​ឡើង លាង​ជម្រះ​អំពើ​បាប និង​អំពើ​សៅហ្មង​របស់​ព្រះ‌ញាតិ​វង្ស​ព្រះ‌បាទ​ដាវីឌ និង​ប្រជា‌ជន​នៅ​ក្រុង​យេរូ‌សាឡឹម។
2«នៅ​ថ្ងៃ​នោះ យើង​នឹង​ដក​ព្រះ​ក្លែង‌ក្លាយ​ចេញ​ពី​ស្រុក ហើយ​គ្មាន​នរណា​នឹក​នា​ដល់​ឈ្មោះ​របស់​ព្រះ​ទាំង​នោះ​ទៀត​ឡើយ។ យើង​ក៏​បំបាត់​ព្យាការី​ក្លែង‌ក្លាយ និង​វិញ្ញាណ​មិន​បរិសុទ្ធ​របស់​ពួក​គេ​ឲ្យ​អស់​ពី​ស្រុក​ដែរ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។ 3ប្រសិន​បើ​អ្នក​ណា​ម្នាក់​នៅ​តែ​ទាយ​បន្ត​ទៅ​ទៀត ឪពុក‌ម្ដាយ​ដែល​បង្កើត​អ្នក​នោះ​មក នឹង​ពោល​ថា “កូន​ឯង​មិន​អាច​រស់​ត​ទៅ​ទៀត​ទេ ព្រោះ​កូន​ប្រើ​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់ ដើម្បី​ពោល​ពាក្យ​កុហក!” ពេល​អ្នក​នោះ​ទាយ ឪពុក‌ម្ដាយ​ដែល​បាន​បង្កើត​ខ្លួន​មក នឹង​ចាក់​ទម្លុះ​គេ។ 4នៅ​ថ្ងៃ​នោះ ព្យាការី​ម្នាក់ៗ​នឹង​ត្រូវ​អាម៉ាស់ ព្រោះ​តែ​និមិត្ត‌ហេតុ​ដែល​ខ្លួន​បាន​ឃើញ ហើយ​គេ​នឹង​លែង​ពាក់​អាវ​រោម​សត្វ ដើម្បី​បោក​បញ្ឆោត​អ្នក​ដទៃ​ទៀត​ហើយ។ 5ម្នាក់ៗ​បែរ​ជា​ពោល​ថា “ខ្ញុំ​មិន​មែន​ជា​ព្យាការី​ទេ ខ្ញុំ​ជា​អ្នក​ស្រែ​ចម្ការ ខ្ញុំ​ភ្ជួរ​រាស់​ដី​តាំង​ពី​ក្មេង​មក” ។ 6ប៉ុន្តែ គេ​នឹង​តប​ទៅ​អ្នក​នោះ​វិញ​ថា “តើ​ស្នាម​នៅ​ទ្រូង​របស់​អ្នក​ជា​អ្វី!” គាត់​នឹង​តប​វិញ​ថា “នេះ​ជា​ស្នាម​របួស​ដែល​គេ​ឆូត​សាច់​ខ្ញុំ ក្នុង​វិហារ​របស់​ព្រះ​នានា​ដែល​ស្រឡាញ់​ខ្ញុំ”»។
ដាវ​ប្រហារ​មេ​ដឹក​នាំ
7 «ដាវ​អើយ ចូរ​ភ្ញាក់​ឡើង ប្រហារ​គង្វាល​ដែល​យើង​បាន​តែង‌តាំង។ ចូរ​ប្រហារ​អ្នក​ធ្វើ​ការ​រួម​ជា​មួយ​យើង! - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។ ចូរ​វាយ​សម្លាប់​គង្វាល ហើយ​ចៀម​នៅ​ក្នុង​ហ្វូង​នឹង​ត្រូវ​ខ្ចាត់‌ខ្ចាយ! បន្ទាប់​មក យើង​នឹង​បែរ​ទៅ​វាយ​ចៀម​តូចៗ។ 8ពេល​នោះ នៅ​ក្នុង​ស្រុក​ទាំង​មូល ប្រជា‌ជន​ពីរ​ភាគ​បី​នឹង​វិនាស​បាត់​បង់ តែ​មួយ​ភាគ​បី​នឹង​នៅ​សេស‌សល់ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។ 9យើង​នឹង​យក​មួយ​ភាគ​បី​ដែល​នៅ​សេស‌សល់​នេះ​ទៅ​ដាក់​ក្នុង​ភ្លើង យើង​នឹង​បន្សុទ្ធ​ពួក​គេ​ដូច​បន្សុទ្ធ​ប្រាក់ និង​មាស។ ពួក​គេ​នឹង​អង្វរ​រក​យើង ហើយ​យើង​នឹង​ឆ្លើយ​តប​មក​ពួក​គេ​វិញ។ យើង​នឹង​ពោល​ថា: អ្នក​ទាំង​នេះ​ជា​ប្រជា‌ជន​របស់​យើង ហើយ​គេ​នឹង​ពោល​ថា: ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​ពួក​យើង»។

ទើបបានជ្រើសរើសហើយ៖

សាការី 13: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល