សាការី 12
12
ការរំដោះក្រុងយេរូសាឡឹម
1សេចក្ដីប្រកាស
នេះជាព្រះបន្ទូលដែលព្រះអម្ចាស់
ថ្លែងអំពីស្រុកអ៊ីស្រាអែល។
ព្រះអម្ចាស់ដែលបានលាតសន្ធឹងផ្ទៃមេឃ
ហើយចាក់គ្រឹះផែនដី
ព្រមទាំងផ្ដល់ដង្ហើមជីវិតឲ្យមនុស្សលោក
ទ្រង់មានព្រះបន្ទូលថា៖
2«យើងធ្វើឲ្យក្រុងយេរូសាឡឹមបានដូចជាពែងពេញដោយកំហឹងរបស់យើង ជាពែងបណ្ដាលឲ្យជាតិសាសន៍ទាំងអស់ដែលនៅជុំវិញព្រឺខ្លាច។ ពេលខ្មាំងឡោមព័ទ្ធក្រុងយេរូសាឡឹម ជនជាតិយូដាទាំងមូលក៏ព្រឺខ្លាចដែរ។ 3នៅថ្ងៃនោះ យើងនឹងធ្វើឲ្យក្រុងយេរូសាឡឹមបានដូចជាផ្ទាំងថ្ម ដែលជាតិសាសន៍ទាំងអស់នាំគ្នាលើក។ អស់អ្នកដែលលើកថ្មនេះមុខជាត្រូវរបួសយ៉ាងធ្ងន់។ ប្រជាជាតិទាំងប៉ុន្មាននៅលើផែនដី នឹងលើកគ្នាមកប្រហារក្រុងនេះ។ 4នៅថ្ងៃនោះ យើងនឹងធ្វើឲ្យសេះទាំងប៉ុន្មានរបស់គេជ្រួលច្របល់ ហើយទាហានដែលជិះវាក៏វង្វេងវង្វាន់ដែរ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ប៉ុន្តែ យើងនឹងតាមថែរក្សាកូនចៅយូដា ហើយធ្វើឲ្យសេះទាំងអស់របស់ជាតិសាសន៍នានាមើលអ្វីលែងឃើញ។ 5ពួកមេដឹកនាំរបស់ជនជាតិយូដានឹងគិតគ្នាថា: ប្រជាជននៅក្រុងយេរូសាឡឹមមានកម្លាំង ព្រោះព្រះអម្ចាស់នៃពិភពទាំងមូលជាព្រះរបស់ពួកគេ។ 6នៅថ្ងៃនោះ យើងធ្វើឲ្យពួកមេដឹកនាំរបស់ជនជាតិយូដាបានដូចជាគុកភ្លើងដ៏សន្ធោសន្ធៅ នៅកណ្ដាលព្រៃ ឬដូចភ្លើងចន្លុះឆេះកណ្ដាប់ស្រូវ។ ពួកគេនឹងកម្ទេចជាតិសាសន៍នានាដែលនៅជិតខាង។ រីឯប្រជាជននៅក្រុងយេរូសាឡឹម នឹងរស់នៅក្នុងទីក្រុងរបស់ខ្លួនដដែល»។
7 ព្រះអម្ចាស់នឹងសង្គ្រោះអំបូរនានានៃជនជាតិយូដាជាមុនសិន ដើម្បីកុំឲ្យរាជវង្សរបស់ព្រះបាទដាវីឌ និងប្រជាជននៅក្រុងយេរូសាឡឹមមើលងាយជនជាតិយូដាឯទៀតៗ។ 8នៅថ្ងៃនោះ ព្រះអម្ចាស់នឹងការពារប្រជាជន នៅក្រុងយេរូសាឡឹម។ នៅថ្ងៃនោះក្នុងចំណោមពួកគេ ប្រសិនបើមាននរណាទន់ខ្សោយ ព្រះអង្គនឹងធ្វើឲ្យគេមានកម្លាំងដូចព្រះបាទដាវីឌ ហើយពូជពង្សរបស់ព្រះបាទដាវីឌនឹងប្រៀបដូចជាព្រះ ឬដូចជាទេវតារបស់ព្រះអម្ចាស់ នៅមុខពួកគេ។
ពួកគេកាន់ទុក្ខព្រះអង្គដែលគេបានចាក់ទម្លុះ
9នៅថ្ងៃនោះ យើងនឹងកម្ទេចប្រជាជាតិទាំងប៉ុន្មាន ដែលមកវាយប្រហារក្រុងយេរូសាឡឹម។ 10 យើងនឹងចាក់បង្ហូរវិញ្ញាណមកលើរាជវង្សរបស់ដាវីឌ និងប្រជាជនក្រុងយេរូសាឡឹម ដើម្បីឲ្យពួកគេមានឆន្ទៈល្អ ចេះអធិស្ឋាន។ ពួកគេនឹងសម្លឹងមើលមកយើង ដែលពួកគេបានចាក់ទម្លុះ។ ពួកគេនឹងកាន់ទុក្ខដូចគេកាន់ទុក្ខព្រោះកូនប្រុសតែមួយបាត់បង់ជីវិត។ ពួកគេយំសោកយ៉ាងជូរចត់ ដូចគេយំសោកស្រណោះសពកូនប្រុសច្បង។ 11នៅថ្ងៃនោះ ប្រជាជននៅក្រុងយេរូសាឡឹមនឹងកាន់ទុក្ខយ៉ាងធំ ដូចគេកាន់ទុក្ខព្រះហាដាដ-រីម៉ូននៅវាលមេគីដោ។ 12អ្នកស្រុកទាំងមូលនឹងកាន់ទុក្ខដាច់ឡែកពីគ្នា តាមអំបូររបស់គេរៀងៗខ្លួន គឺព្រះញាតិវង្សរបស់ព្រះបាទដាវីឌ ប្រុសៗកាន់ទុក្ខដោយឡែក ស្រីៗកាន់ទុក្ខដោយឡែក អំបូររបស់លោកណាថាន ប្រុសៗកាន់ទុក្ខដោយឡែក ស្រីៗកាន់ទុក្ខដោយឡែក។ 13អំបូររបស់លោកលេវី ប្រុសៗកាន់ទុក្ខដោយឡែក ស្រីៗកាន់ទុក្ខដោយឡែក អំបូររបស់លោកស៊ីម៉ៃ ប្រុសៗកាន់ទុក្ខដោយឡែក ស្រីៗកាន់ទុក្ខដោយឡែក។ 14រីឯអំបូរឯទៀតៗក៏ដូច្នោះដែរ ប្រុសៗកាន់ទុក្ខដោយឡែក ស្រីៗកាន់ទុក្ខដោយឡែក។
ទើបបានជ្រើសរើសហើយ៖
សាការី 12: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.