ទីតុស 1:1-10

ទីតុស 1:1-10 គខប

ខ្ញុំ ប៉ូល ជា​អ្នក​បម្រើ​របស់​ព្រះ‌ជាម្ចាស់ និង​ជា​សាវ័ក​របស់​ព្រះ‌យេស៊ូ​គ្រិស្ត*។ ព្រះ‌ជាម្ចាស់​ចាត់​ខ្ញុំ​ឲ្យ​នាំ​អស់​អ្នក​ដែល​ព្រះអង្គ​បាន​ជ្រើស​រើស​ឲ្យ​មាន​ជំនឿ និង​ស្គាល់​ច្បាស់​នូវ​សេចក្ដី​ពិត ដែល​ជា​គ្រឹះ​នៃ​ការ​គោរព​ប្រណិ‌ប័តន៍​ព្រះអង្គ។ អ្នក​ទាំង​នោះ​សង្ឃឹម​ថា​នឹង​ទទួល​ជីវិត​អស់‌កល្ប​ជានិច្ច ដែល​ព្រះ‌ជាម្ចាស់​បាន​សន្យា​តាំង​ពី​មុន​កាល​សម័យ​ទាំង​អស់ ព្រះអង្គ​មិន​កុហក​ទេ។ នៅ​ពេល​កំណត់ ព្រះអង្គ​បាន​សម្តែង​ព្រះ‌បន្ទូល​របស់​ព្រះអង្គ ហើយ​ប្រគល់​ព្រះ‌បន្ទូល​នេះ​មក​ឲ្យ​ខ្ញុំ​ប្រកាស តាម​បញ្ជា​របស់​ព្រះ‌ជាម្ចាស់ ជា​ព្រះ‌សង្គ្រោះ​របស់​យើង។ មក​ដល់​ទីតុស​ជា​កូន​ដ៏​ពិត​ប្រាកដ​ខាង​ជំនឿ ដែល​យើង​មាន​រួម​គ្នា។ សូម​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌បិតា និង​ព្រះគ្រិស្ត‌យេស៊ូ​ជា​ព្រះ‌សង្គ្រោះ​នៃ​យើង ប្រទាន​ឲ្យ​អ្នក​បាន​ប្រកប​ដោយ​ព្រះ‌គុណ និង​សេចក្ដី​សុខ‌សាន្ត។ ខ្ញុំ​បាន​ទុក​អ្នក​ឲ្យ​នៅ​កោះ​ក្រែត ដើម្បី​ចាត់​ចែង​កិច្ចការ​ដែល​នៅ​សល់​ឲ្យ​មាន​របៀប​រៀប​រយ និង​តែង‌តាំង​ព្រឹទ្ធា‌ចារ្យ* នៅ​តាម​ក្រុង​នីមួយៗ ដូច​ខ្ញុំ​បាន​ផ្ដាំ​រួច​ហើយ គឺ​ត្រូវ​យក​អ្នក​ណា​ដែល​ឥត​មាន​កំហុស មាន​ភរិយា​តែ​មួយ មាន​កូន​ចៅ​ជា​អ្នក​ជឿ ហើយ​គ្មាន​នរណា​ចោទ​ប្រកាន់​ថា​ជា​កូន​ខិល‌ខូច មិន​ចេះ​ស្ដាប់​បង្គាប់។ ក្នុង​ឋានៈ​ជា​អ្នក​មើល​ខុស​ត្រូវ​លើ​កិច្ចការ​របស់​ព្រះ‌ជាម្ចាស់ អ្នក​អភិបាល​ត្រូវ​តែ​ឥត​កំហុស មិន​ក្រអឺត‌ក្រទម មិន​ឆាប់​ខឹង មិន​ចំណូល​ស្រា មិន​ចេះ​ឈ្លោះ​ប្រកែក ឬ​រក​ប្រាក់​តាម​របៀប​ថោក​ទាប​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ គាត់​ត្រូវ​ចេះ​ទទួល​ភ្ញៀវ ស្រឡាញ់​អំពើ​ល្អ មាន​ចិត្ត​ធ្ងន់ សុចរិត ចិត្ត​បរិសុទ្ធ* ចេះ​ទប់​ចិត្ត ជាប់​ចិត្ត​នឹង​ព្រះ‌បន្ទូល​ជា​គ្រឹះ​នៃ​ជំនឿ ស្រប​តាម​សេចក្ដី​ដែល​គេ​បាន​រៀន ដើម្បី​ឲ្យ​មាន​សមត្ថ‌ភាព​ដាស់‌តឿន​អ្នក​ដទៃ តាម​សេចក្ដី​បង្រៀន​ដ៏​ត្រឹម​ត្រូវ ព្រម​ទាំង​ចេះ​រក​ខុស​ត្រូវ​តប​ត​នឹង​ពួក​អ្នក​ប្រឆាំង​ផង។ មាន​មនុស្ស​ជា​ច្រើន ជា​ពិសេស ក្នុង​ចំណោម​សាសន៍​យូដា ដែល​ជា​អ្នក​ជឿ មាន​ចិត្ត​រឹង‌រូស ព្រោក‌ប្រាជ្ញ​ឥត​បាន​ការ និង​បោក​ប្រាស់​គេ​ទៀត​ផង។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ទីតុស 1:1-10