ទីតុស 1:1-10
ទីតុស 1:1-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ខ្ញុំ ប៉ូល ជាអ្នកបម្រើរបស់ព្រះជាម្ចាស់ និងជាសាវ័ករបស់ព្រះយេស៊ូគ្រិស្ត*។ ព្រះជាម្ចាស់ចាត់ខ្ញុំឲ្យនាំអស់អ្នកដែលព្រះអង្គបានជ្រើសរើសឲ្យមានជំនឿ និងស្គាល់ច្បាស់នូវសេចក្ដីពិត ដែលជាគ្រឹះនៃការគោរពប្រណិប័តន៍ព្រះអង្គ។ អ្នកទាំងនោះសង្ឃឹមថានឹងទទួលជីវិតអស់កល្បជានិច្ច ដែលព្រះជាម្ចាស់បានសន្យាតាំងពីមុនកាលសម័យទាំងអស់ ព្រះអង្គមិនកុហកទេ។ នៅពេលកំណត់ ព្រះអង្គបានសម្តែងព្រះបន្ទូលរបស់ព្រះអង្គ ហើយប្រគល់ព្រះបន្ទូលនេះមកឲ្យខ្ញុំប្រកាស តាមបញ្ជារបស់ព្រះជាម្ចាស់ ជាព្រះសង្គ្រោះរបស់យើង។ មកដល់ទីតុសជាកូនដ៏ពិតប្រាកដខាងជំនឿ ដែលយើងមានរួមគ្នា។ សូមព្រះជាម្ចាស់ជាព្រះបិតា និងព្រះគ្រិស្តយេស៊ូជាព្រះសង្គ្រោះនៃយើង ប្រទានឲ្យអ្នកបានប្រកបដោយព្រះគុណ និងសេចក្ដីសុខសាន្ត។ ខ្ញុំបានទុកអ្នកឲ្យនៅកោះក្រែត ដើម្បីចាត់ចែងកិច្ចការដែលនៅសល់ឲ្យមានរបៀបរៀបរយ និងតែងតាំងព្រឹទ្ធាចារ្យ* នៅតាមក្រុងនីមួយៗ ដូចខ្ញុំបានផ្ដាំរួចហើយ គឺត្រូវយកអ្នកណាដែលឥតមានកំហុស មានភរិយាតែមួយ មានកូនចៅជាអ្នកជឿ ហើយគ្មាននរណាចោទប្រកាន់ថាជាកូនខិលខូច មិនចេះស្ដាប់បង្គាប់។ ក្នុងឋានៈជាអ្នកមើលខុសត្រូវលើកិច្ចការរបស់ព្រះជាម្ចាស់ អ្នកអភិបាលត្រូវតែឥតកំហុស មិនក្រអឺតក្រទម មិនឆាប់ខឹង មិនចំណូលស្រា មិនចេះឈ្លោះប្រកែក ឬរកប្រាក់តាមរបៀបថោកទាបនោះឡើយ។ ផ្ទុយទៅវិញ គាត់ត្រូវចេះទទួលភ្ញៀវ ស្រឡាញ់អំពើល្អ មានចិត្តធ្ងន់ សុចរិត ចិត្តបរិសុទ្ធ* ចេះទប់ចិត្ត ជាប់ចិត្តនឹងព្រះបន្ទូលជាគ្រឹះនៃជំនឿ ស្របតាមសេចក្ដីដែលគេបានរៀន ដើម្បីឲ្យមានសមត្ថភាពដាស់តឿនអ្នកដទៃ តាមសេចក្ដីបង្រៀនដ៏ត្រឹមត្រូវ ព្រមទាំងចេះរកខុសត្រូវតបតនឹងពួកអ្នកប្រឆាំងផង។ មានមនុស្សជាច្រើន ជាពិសេស ក្នុងចំណោមសាសន៍យូដា ដែលជាអ្នកជឿ មានចិត្តរឹងរូស ព្រោកប្រាជ្ញឥតបានការ និងបោកប្រាស់គេទៀតផង។
ទីតុស 1:1-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប៉ុល ជាអ្នកបម្រើរបស់ព្រះ និងជាសាវករបស់ព្រះយេស៊ូវគ្រីស្ទ ដោយយល់ដល់ជំនឿនៃពួករើសតាំងរបស់ព្រះ និងការស្គាល់សេចក្ដីពិត ដែលត្រូវនឹងសេចក្ដីគោរពប្រតិបត្តិដល់ព្រះ ដោយសង្ឃឹមដល់ជីវិតអស់កល្បជានិច្ច ដែលព្រះដ៏មិនចេះភូត ទ្រង់បានសន្យាតាំងពីមុនអស់ទាំងកល្ប លុះនៅពេលកំណត់ ព្រះអង្គបានសម្តែងឲ្យស្គាល់ព្រះបន្ទូលរបស់ព្រះអង្គ ដោយការប្រកាសប្រាប់ដែលផ្ញើទុកនឹងខ្ញុំ តាមបញ្ជារបស់ព្រះ ជាព្រះសង្គ្រោះរបស់យើង។ មកដល់ទីតុស ជាកូនពិតក្នុងជំនឿ ដែលយើងមានជាមួយគ្នា សូមឲ្យអ្នកបានប្រកបដោយព្រះគុណ និងសេចក្ដីសុខសាន្ត មកពីព្រះ ជាព្រះវរបិតា និងពីព្រះយេស៊ូវគ្រីស្ទ ជាព្រះសង្គ្រោះនៃយើង។ ខ្ញុំបានទុកឲ្យអ្នកនៅកោះក្រេត ដើម្បីរៀបចំកិច្ចការដែលនៅសល់ ឲ្យមានរបៀបរៀបរយ និងតាំងឲ្យមានពួកចាស់ទុំនៅគ្រប់ទាំងទីក្រុង គឺជាអ្នកដែលរកកន្លែងបន្ទោសមិនបាន មានប្រពន្ធតែមួយ មានកូនចៅជាអ្នកជឿ ឥតមានអ្នកណាចោទប្រកាន់ថាជាមនុស្សខិលខូច ហើយរឹងចចេស។ ដ្បិតក្នុងឋានៈជាអ្នកមើលខុសត្រូវរបស់ព្រះ អ្នកអភិបាល ត្រូវតែជាមនុស្សដែលរកកន្លែងបន្ទោសមិនបាន មិនត្រូវមានចិត្តមានះ ឆាប់ខឹង ចំណូលស្រា ច្រឡោត ឬស៊ីសំណូកឡើយ គឺអ្នកនោះត្រូវមានចិត្តចៅរ៉ៅ ស្រឡាញ់អំពើល្អ មានចិត្តធ្ងន់ ហើយសុចរិត បរិសុទ្ធ ចេះគ្រប់គ្រងចិត្ត។ អ្នកនោះត្រូវកាន់ខ្ជាប់តាមព្រះបន្ទូលដ៏ពិត ដូចជាបានបង្រៀនមកយើងហើយ ដើម្បីឲ្យមានសមត្ថភាពដាស់តឿនគេ ដោយសេចក្ដីបង្រៀនដ៏ត្រឹមត្រូវ ហើយឲ្យចេះបន្ទោសដល់អស់អ្នកដែលទាស់ទទឹង។ ដ្បិតមានមនុស្សជាច្រើន គឺក្នុងចំណោមពួកអ្នកកាត់ស្បែក ដែលមានចិត្តរឹងរូស ជាពួកអ្នកដែលពោលពាក្យឥតប្រយោជន៍ ហើយបោកប្រាស់គេ
ទីតុស 1:1-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
សំបុត្រប៉ុលខ្ញុំ ជាបាវបំរើនៃព្រះ ហើយជាសាវករបស់ព្រះយេស៊ូវគ្រីស្ទ សំរាប់ជាសេចក្ដីជំនឿដល់ពួករើសតាំងនៃព្រះ នឹងសេចក្ដីចេះដឹងខាងឯសេចក្ដីពិត ដែលត្រូវនឹងសេចក្ដីគោរពប្រតិបត្តិដល់ព្រះ ដោយសេចក្ដីសង្ឃឹមដល់ជីវិតដ៏នៅអស់កល្បជានិច្ច ដែលព្រះដ៏មិនចេះភូត ទ្រង់បានសន្យាមុនអស់ទាំងកល្ប តែនៅពេលកំណត់ នោះទើបបានសំដែងចេញឲ្យស្គាល់ព្រះបន្ទូលទ្រង់ ដោយការប្រកាសប្រាប់ដែលផ្ញើទុកនឹងខ្ញុំ តាមបង្គាប់របស់ព្រះដ៏ជាព្រះអង្គសង្គ្រោះនៃយើង ខ្ញុំផ្ញើមកអ្នកទីតុស ជាកូនពិតតាមសេចក្ដីជំនឿ ដែលយើងកាន់ជាមួយគ្នា សូមឲ្យអ្នកបានប្រកបដោយព្រះគុណ នឹងសេចក្ដីសុខសាន្ត មកអំពីព្រះដ៏ជាព្រះវរបិតា ហើយអំពីព្រះយេស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះនៃយើងរាល់គ្នា។ ខ្ញុំបានទុកឲ្យអ្នកនៅកោះក្រេត ដើម្បីនឹងរៀបចំការដែលនៅខ្វះ ឲ្យស្រួលបួលឡើង ហើយនឹងតាំងឲ្យមានពួកចាស់ទុំនៅគ្រប់ទាំងទីក្រុង គឺបើមានអ្នកណាដែលរកចាប់ទោសមិនបាន ដែលមានប្រពន្ធតែ១ ហើយមានកូនចៅជឿដែរ ឥតមានអ្នកណាចោទប្រកាន់ ថាជាមនុស្សខូចអាក្រក់ ឬរឹងចចេសអ្វីឡើយ នោះត្រូវតាំងគេចុះ ដូចជាខ្ញុំបានបង្គាប់អ្នកហើយ ដ្បិតគួរឲ្យអ្នកដែលត្រួតត្រាបានឥតសៅហ្មង ដូចជាអ្នកជំនួយរបស់ព្រះដែរ មិនត្រូវមានចិត្តមានះ ឆាប់ខឹង ចំណូលស្រា ច្រឡោត ឬស៊ីសំណូកឡើយ ត្រូវមានចិត្តចៅរ៉ៅ ស្រឡាញ់ការល្អ មានចិត្តធ្ងន់ធ្ងរ ហើយសុចរិត បរិសុទ្ធ ដឹងខ្នាតវិញ ព្រមទាំងកាន់ខ្ជាប់តាមព្រះបន្ទូលដ៏ពិត ដូចជាបានបង្រៀនមកយើងហើយ ដើម្បីឲ្យអាចនឹងកំសាន្តចិត្តគេ ដោយសេចក្ដីបង្រៀនដ៏ត្រឹមត្រូវ ហើយឲ្យបានផ្ចាញ់ដល់ពួកអ្នកដែលស្រដីទទឹង ដ្បិតមានមនុស្សជាច្រើន គឺក្នុងពួកអ្នកកាត់ស្បែកជាដើម ដែលរឹងរូស ជាពួកអ្នកដែលពោលពាក្យឥតប្រយោជន៍ ហើយបង្ខូចគំនិតមនុស្ស