ទីតុស 1

1
សេចក្ដី​ផ្ដើម
1ខ្ញុំ ប៉ូល ជា​អ្នក​បម្រើ​របស់​ព្រះ‌ជាម្ចាស់ និង​ជា​សាវ័ក​របស់​ព្រះ‌យេស៊ូ​គ្រិស្ត*។ ព្រះ‌ជាម្ចាស់​ចាត់​ខ្ញុំ​ឲ្យ​នាំ​អស់​អ្នក​ដែល​ព្រះអង្គ​បាន​ជ្រើស​រើស​ឲ្យ​មាន​ជំនឿ និង​ស្គាល់​ច្បាស់​នូវ​សេចក្ដី​ពិត ដែល​ជា​គ្រឹះ​នៃ​ការ​គោរព​ប្រណិ‌ប័តន៍​ព្រះអង្គ។ 2អ្នក​ទាំង​នោះ​សង្ឃឹម​ថា​នឹង​ទទួល​ជីវិត​អស់‌កល្ប​ជានិច្ច ដែល​ព្រះ‌ជាម្ចាស់​បាន​សន្យា​តាំង​ពី​មុន​កាល​សម័យ​ទាំង​អស់ ព្រះអង្គ​មិន​កុហក​ទេ។ 3នៅ​ពេល​កំណត់ ព្រះអង្គ​បាន​សម្តែង​ព្រះ‌បន្ទូល​របស់​ព្រះអង្គ ហើយ​ប្រគល់​ព្រះ‌បន្ទូល​នេះ​មក​ឲ្យ​ខ្ញុំ​ប្រកាស តាម​បញ្ជា​របស់​ព្រះ‌ជាម្ចាស់ ជា​ព្រះ‌សង្គ្រោះ​របស់​យើង។
4 មក​ដល់​ទីតុស​ជា​កូន​ដ៏​ពិត​ប្រាកដ​ខាង​ជំនឿ ដែល​យើង​មាន​រួម​គ្នា។
សូម​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌បិតា និង​ព្រះគ្រិស្ត‌យេស៊ូ​ជា​ព្រះ‌សង្គ្រោះ​នៃ​យើង ប្រទាន​ឲ្យ​អ្នក​បាន​ប្រកប​ដោយ​ព្រះ‌គុណ និង​សេចក្ដី​សុខ‌សាន្ត។
កិច្ចការ​ដែល​លោក​ទីតុស​ត្រូវ​បំពេញ​នៅ​កោះ​ក្រែត
5ខ្ញុំ​បាន​ទុក​អ្នក​ឲ្យ​នៅ​កោះ​ក្រែត ដើម្បី​ចាត់​ចែង​កិច្ចការ​ដែល​នៅ​សល់​ឲ្យ​មាន​របៀប​រៀប​រយ និង​តែង‌តាំង​ព្រឹទ្ធា‌ចារ្យ* នៅ​តាម​ក្រុង​នីមួយៗ ដូច​ខ្ញុំ​បាន​ផ្ដាំ​រួច​ហើយ 6 គឺ​ត្រូវ​យក​អ្នក​ណា​ដែល​ឥត​មាន​កំហុស មាន​ភរិយា​តែ​មួយ មាន​កូន​ចៅ​ជា​អ្នក​ជឿ ហើយ​គ្មាន​នរណា​ចោទ​ប្រកាន់​ថា​ជា​កូន​ខិល‌ខូច មិន​ចេះ​ស្ដាប់​បង្គាប់។ 7ក្នុង​ឋានៈ​ជា​អ្នក​មើល​ខុស​ត្រូវ​លើ​កិច្ចការ​របស់​ព្រះ‌ជាម្ចាស់ អ្នក​អភិបាល​ត្រូវ​តែ​ឥត​កំហុស មិន​ក្រអឺត‌ក្រទម មិន​ឆាប់​ខឹង មិន​ចំណូល​ស្រា មិន​ចេះ​ឈ្លោះ​ប្រកែក ឬ​រក​ប្រាក់​តាម​របៀប​ថោក​ទាប​នោះ​ឡើយ។ 8ផ្ទុយ​ទៅ​វិញ គាត់​ត្រូវ​ចេះ​ទទួល​ភ្ញៀវ ស្រឡាញ់​អំពើ​ល្អ មាន​ចិត្ត​ធ្ងន់ សុចរិត ចិត្ត​បរិសុទ្ធ* ចេះ​ទប់​ចិត្ត 9ជាប់​ចិត្ត​នឹង​ព្រះ‌បន្ទូល​ជា​គ្រឹះ​នៃ​ជំនឿ ស្រប​តាម​សេចក្ដី​ដែល​គេ​បាន​រៀន ដើម្បី​ឲ្យ​មាន​សមត្ថ‌ភាព​ដាស់‌តឿន​អ្នក​ដទៃ តាម​សេចក្ដី​បង្រៀន​ដ៏​ត្រឹម​ត្រូវ ព្រម​ទាំង​ចេះ​រក​ខុស​ត្រូវ​តប​ត​នឹង​ពួក​អ្នក​ប្រឆាំង​ផង។
10មាន​មនុស្ស​ជា​ច្រើន ជា​ពិសេស ក្នុង​ចំណោម​សាសន៍​យូដា ដែល​ជា​អ្នក​ជឿ មាន​ចិត្ត​រឹង‌រូស ព្រោក‌ប្រាជ្ញ​ឥត​បាន​ការ និង​បោក​ប្រាស់​គេ​ទៀត​ផង។ 11ត្រូវ​បំបិទ​មាត់​អ្នក​ទាំង​នោះ ដ្បិត​ពួក​គេ​បាន​ធ្វើ​ឲ្យ​កើត​វឹក‌វរ​ក្នុង​ក្រុម​គ្រួសារ​ជា​ច្រើន ដោយ​បង្រៀន​អំពី​សេចក្ដី​ដែល​មិន​ត្រូវ​បង្រៀន ដើម្បី​បោក​យក​ប្រាក់​យ៉ាង​ថោក​ទាប។ 12មាន​ម្នាក់​ក្នុង​ចំណោម​ពួក​គេ ដែល​ជា​ព្យាការី*​របស់​គេ​ផ្ទាល់ ពោល​ថា: «អ្នក​ស្រុក​ក្រែត​សុទ្ធ​តែ​ជា​មេ​កុហក ជា​សត្វ​តិរច្ឆាន​ដ៏​សាហាវ និង​ជា​មេ​កម្ជិល ដែល​គិត​តែ​ពី​ស៊ី​ផឹក!»។ 13ពាក្យ​នេះ​ពិត​ណាស់! ដូច្នេះ ត្រូវ​ស្ដី​បន្ទោស​គេ​យ៉ាង​តឹង‌រ៉ឹង ដើម្បី​ឲ្យ​គេ​មាន​ជំនឿ​ត្រឹម​ត្រូវ 14កុំ​ឲ្យ​ជាប់​ចិត្ត​នឹង​រឿង​ព្រេង​របស់​សាសន៍​យូដា និង​ជាប់​ចិត្ត​ទៅ​លើ​បទ‌បញ្ជា​ផ្សេងៗ​របស់​ពួក​អ្នក ដែល​បាន​ងាក​ចេញ​ពី​សេចក្ដី​ពិត​បាន​តែង​នោះ​ឡើយ។ 15ចំពោះ​អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​បរិសុទ្ធ រីឯ​អ្នក​ដែល​មាន​ចិត្ត​សៅ‌ហ្មង និង​មិន​ជឿ អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​មិន​បរិសុទ្ធ ព្រោះ​ប្រាជ្ញា និង​មន‌សិការ​របស់​គេ​សុទ្ធ​តែ​សៅ‌ហ្មង។ 16គេ​ប្រកាស​ថា​ខ្លួន​ស្គាល់​ព្រះ‌ជាម្ចាស់​ហើយ ប៉ុន្តែ តាម​អំពើ​ដែល​គេ​ប្រព្រឹត្ត គេ​បែរ​ជា​បដិសេធ​មិន​ទទួល​ស្គាល់​ព្រះអង្គ​ទៅ​វិញ។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​មនុស្ស​គួរ​ឲ្យ​ស្អប់​ខ្ពើម ជា​មនុស្ស​រឹង​ទទឹង ហើយ​ពុំ​អាច​ប្រព្រឹត្ត​អំពើ​ល្អ​ឡើយ។

ទើបបានជ្រើសរើសហើយ៖

ទីតុស 1: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល