បទចម្រៀង 5:1-5

បទចម្រៀង 5:1-5 គខប

អូន​ស្រី​សម្លាញ់​ចិត្ត​បង​អើយ បង​ចូល​ក្នុង​សួន​ឧទ្យាន​របស់​បង​ហើយ បង​នឹង​បេះ​ផ្កា​ដែល​មាន​ក្លិន​ក្រអូប​របស់​បង បង​នឹង​បរិភោគ​ទឹក​ឃ្មុំ​របស់​បង បង​នឹង​ផឹក​ស្រា​ទំពាំង‌បាយជូរ និង​ទឹក​ដោះ​គោ​របស់​បង។ មិត្ត​សម្លាញ់​របស់​ខ្ញុំ​អើយ សូម​អញ្ជើញ​ពិសា សូម​សប្បាយ​នឹង​សេចក្ដី​ស្រឡាញ់​នេះ ឲ្យ​បាន​ស្កប់‌ស្កល់​ចុះ។ ខ្ញុំ​បាន​គេង​លក់​ទៅ​ហើយ តែ​ចិត្ត​របស់​ខ្ញុំ​មិន​បាន​លង់‌លក់​ទេ។ ខ្ញុំ​ឮ​ម្ចាស់​ជីវិត​របស់​ខ្ញុំ​គោះ​ទ្វារ ហៅ​ខ្ញុំ​ថា: ប្អូន​ស្រី​សម្លាញ់​ចិត្ត​បង​អើយ ចូរ​បើក​ទ្វារ​ឲ្យ​បង​ផង អូន​ជា​ទី​ស្រឡាញ់​របស់​បង អូន​ល្អ​ឥត​ខ្ចោះ។ ក្បាល​របស់​បង​ទទឹក​ជោក ដោយ​សន្សើម​ដែល​ធ្លាក់​នៅ​ពេល​យប់។ អូន​ដោះ​សម្លៀក‌បំពាក់​ចេញ​ទៅ​ហើយ តើ​ឲ្យ​អូន​ស្លៀក​វិញ​ដូច​ម្ដេច​បាន? អូន​ទើប​នឹង​លាង​ជើង តើ​ឲ្យ​អូន​ប្រឡាក់​ជើង​វិញ​ដូច​ម្ដេច​កើត? ម្ចាស់​ចិត្ត​របស់​ខ្ញុំ​លូក​ដៃ​ចូល​មក​តាម​ប្រហោង​ទ្វារ ធ្វើ​ឲ្យ​ចិត្ត​ខ្ញុំ​រំភើប​ញាប់‌ញ័រ។ ខ្ញុំ​ក៏​ស្ទុះ​ឡើង​ដើម្បី​បើក​ទ្វារ ប្រេង​ក្រអូប​ហូរ​ពី​ដៃ និង​ម្រាម​ដៃ​របស់​ខ្ញុំ ស្រក់​ទៅ​លើ​រនុក​ទ្វារ។