បទចម្រៀង 1:5-8

បទចម្រៀង 1:5-8 គខប

ស្ត្រីៗ​នៅ​ក្រុង​យេរូ‌សាឡឹម​អើយ ខ្ញុំ​មាន​សម្បុរ​ខ្មៅ​មែន តែ​ខ្ញុំ​មាន​រូប​ឆោម​ល្អ​ណាស់ គឺ​ល្អ​ដូច​ពន្លា​នៅ​ស្រុក​កេដារ និង​ដូច​កម្រាល​ព្រំ​របស់​ព្រះ‌បាទ​សាឡូម៉ូន។ កុំ​មើល‌ងាយ​ខ្ញុំ ដោយ​ឃើញ​ខ្ញុំ​ខ្មៅ​ឡើយ ខ្ញុំ​ខ្មៅ​ដូច្នេះ ព្រោះ​ត្រូវ​ពន្លឺ​ថ្ងៃ។ បង​ប្រុស​របស់​ខ្ញុំ​នាំ​គ្នា​ខឹង​នឹង​ខ្ញុំ ហើយ​បង្ខំ​ខ្ញុំ​ឲ្យ​យាម​ចម្ការ​ទំពាំង‌បាយជូរ តែ​ខ្ញុំ​ពុំ​បាន​យាម​ចម្ការ​ទំពាំង‌បាយជូរ របស់​ខ្ញុំ​ផ្ទាល់​ទេ។ ម្ចាស់​ចិត្ត​របស់​អូន​អើយ សូម​ប្រាប់​អូន​មក​ថា តើ​បង​ឃ្វាល​ហ្វូង​ចៀម​របស់​បង​នៅ​ទី​ណា នៅ​ពេល​ថ្ងៃ​ត្រង់ តើ​បង​ឲ្យ​ហ្វូង​ចៀម សម្រាក​នៅ​កន្លែង​ណា? សូម​កុំ​ទុក​ឲ្យ​អូន​ដើរ​រក​បង នៅ​ក្បែរ​ហ្វូង​ចៀម​មិត្ត‌ភក្ដិ​របស់​បង​ឡើយ! ស្ត្រី​ដែល​មាន​រូប​ឆោម​ល្អ​ដាច់​គេ​អើយ ប្រសិន​បើ​នាង​មិន​ដឹង​ទេ ចូរ​ដើរ​តាម​ដាន​របស់​ហ្វូង​ចៀម ហើយ​ឃ្វាល​ពពែ​របស់​នាង នៅ​ក្បែរ​ខ្ទម​របស់​ពួក​គង្វាល​ចុះ!