នាងរស់ 4
4
ពិធីមង្គលការនាងរស់ និងលោកបូអូស
1លោកបូអូសចេញទៅអង្គុយនៅមាត់ទ្វារក្រុង។ ពេលនោះ បុរសដែលជាប់សាច់ញាតិជិតបំផុតរបស់លោកអេលីម៉ាឡេក គឺបុរសដែលលោកបូអូសប្រាប់នាងរស់កាលពីមុន បានដើរកាត់កន្លែងនោះ។ លោកបូអូសពោលទៅកាន់បុរសនោះថា៖ «សូមបងអញ្ជើញមកអង្គុយទីនេះសិន»។ បុរសនោះក៏អង្គុយចុះ។ 2លោកបូអូសបានអញ្ជើញចាស់ទុំដប់នាក់ពីក្នុងភូមិមក ហើយសុំឲ្យគេអង្គុយជាមួយដែរ។ 3លោកមានប្រសាសន៍ទៅកាន់សាច់ញាតិនោះដូចតទៅ៖ «បងជ្រាបស្រាប់ហើយថា បងស្រីណាអូមីបានវិលត្រឡប់មកពីស្រុកម៉ូអាប់វិញ ហើយគាត់ចង់លក់ដីស្រែ ដែលជាកម្មសិទ្ធិរបស់បងអេលីម៉ាឡេក។ 4ខ្ញុំបានគិតថាគួរតែជម្រាបបង ហើយសូមឲ្យបងទិញដីស្រែនោះ ដោយមានចាស់ទុំ និងបងប្អូនឯទៀតៗ ដែលនៅទីនេះជួយដឹងឮផង។ ប្រសិនបើបងចង់ទិញ សូមទិញចុះ! តែបើបងមិនទិញទេ សូមប្រាប់ឲ្យខ្ញុំដឹងផង ដ្បិតនៅទីនេះ មានតែបងទេដែលមានសិទ្ធិទិញ ហើយបន្ទាប់ពីបង គឺរូបខ្ញុំ»។ បុរសនោះពោលថា៖ «ខ្ញុំចង់ទិញ!»។ 5លោកបូអូសក៏មានប្រសាសន៍ថា៖ «បើបងទិញដីស្រែរបស់បងស្រីណាអូមី បងក៏ត្រូវយកនាងរស់ ជាសាសន៍ម៉ូអាប់ ធ្វើជាភរិយាដែរ ដើម្បីឲ្យដីនៅតែជាកម្មសិទ្ធិរបស់បងប្អូនយើងដែលស្លាប់ទៅហើយនោះដដែល»។ 6បុរសនោះឆ្លើយវិញថា៖ «បើដូច្នេះ ខ្ញុំមិនអាចទិញបានទេ ព្រោះខ្ញុំមិនចង់ខាតប្រយោជន៍ និងបាត់កេរអាករផ្ទាល់របស់ខ្ញុំឡើយ សូមលោកប្អូនទិញយកចុះ! ខ្ញុំពុំអាចទិញបានទេ!»។
7 កាលពីដើមនៅស្រុកអ៊ីស្រាអែល ពេលអ្នកស្រុកទិញទ្រព្យសម្បត្តិ ឬផ្ទេរកម្មសិទ្ធិអ្វីមួយ ពួកគេមានទម្លាប់ដោះស្បែកជើង ហុចទៅឲ្យម្នាក់ទៀត ទុកជាសញ្ញាបញ្ជាក់ថា គេបានព្រមព្រៀងគ្នាហើយ។ 8ហេតុនេះហើយបានជានៅពេលបុរសនោះពោលទៅកាន់លោកបូអូសថា៖ «សូមលោកប្អូនទិញយកចុះ!» គាត់ក៏បានដោះស្បែកជើងជូនលោកបូអូសដែរ។ 9លោកបូអូសមានប្រសាសន៍ទៅពួកចាស់ទុំ និងប្រជាជនទាំងមូលថា៖ «ថ្ងៃនេះ សូមអស់លោកជួយធ្វើជាសាក្សីឲ្យខ្ញុំផង ខ្ញុំបានទិញអ្វីៗទាំងអស់ដែលជាកម្មសិទ្ធិរបស់បងអេលីម៉ាឡេក ព្រមទាំងអ្វីៗដែលជាកម្មសិទ្ធិរបស់គីលីយ៉ូន និងម៉ាឡូន ពីបងស្រីណាអូមីហើយ។ 10 ខ្ញុំក៏សូមយកនាងរស់ ជាសាសន៍ម៉ូអាប់ ដែលត្រូវជាភរិយារបស់ម៉ាឡូន មកធ្វើជាប្រពន្ធខ្ញុំផងដែរ ដើម្បីឲ្យកេរមត៌ករបស់គាត់នៅតែជាកម្មសិទ្ធិរបស់គាត់ដដែល ហើយខ្ញុំនឹងបន្តពូជពង្សឲ្យគាត់ ដើម្បីរក្សាឈ្មោះគាត់ឲ្យនៅគង់វង្ស ក្នុងចំណោមអ្នកស្រុកអ្នកភូមិ និងនៅទ្វារក្រុងនេះតទៅទៀត។ ថ្ងៃនេះ អស់លោកជាសាក្សីដឹងឮស្រាប់ហើយ»។
11 ពួកចាស់ទុំ និងប្រជាជនទាំងមូលនៅមាត់ទ្វារក្រុងបានឆ្លើយថា៖ «យើងទាំងអស់គ្នាជាសាក្សីហើយ! សូមព្រះអម្ចាស់ប្រោសប្រទានឲ្យស្ត្រីដែលចូលក្នុងគ្រួសារលោក បានដូចជាលោកស្រីរ៉ាជែល និងលោកស្រីលេអា ដែលបានបង្កើតជនជាតិអ៊ីស្រាអែលដែរ! សូមឲ្យលោកមានសម្បត្តិស្ដុកស្ដម្ភនៅភូមិអេប្រាតា និងមានកេរ្តិ៍ឈ្មោះល្បីនៅភូមិបេថ្លេហិម។ 12 សូមព្រះអម្ចាស់ប្រទានឲ្យលោក និងនាងមានកូនចៅច្រើន ដើម្បីឲ្យគ្រួសារលោកបានដូចគ្រួសាររបស់លោកពេរេស ជាកូនរបស់លោកយូដា និងនាងតាម៉ារដែរ!»។
លោកបូអូស និងពូជពង្សរបស់លោក
13លោកបូអូសក៏យកនាងរស់មកធ្វើជាភរិយា ហើយក្រោយមក ព្រះអម្ចាស់បានប្រោសប្រទានឲ្យនាងមានផ្ទៃពោះ សម្រាលបានកូនប្រុសមួយ។ 14ពួកស្ត្រីនៅភូមិបេថ្លេហិមពោលទៅកាន់នាងណាអូមីថា៖ «សូមអរព្រះគុណព្រះអម្ចាស់ ដ្បិតព្រះអង្គបានប្រោសប្រទានឲ្យអ្នកមានចៅប្រុសមួយសម្រាប់ថែរក្សាអ្នក!។ សូមឲ្យចៅរបស់អ្នកមានឈ្មោះល្បីល្បាញ ក្នុងស្រុកអ៊ីស្រាអែល 15ចៅនេះនឹងធ្វើឲ្យជីវិតអ្នកមានសុភមង្គលឡើងវិញ ហើយជួយថែរក្សាអ្នកនៅពេលចាស់ជរាផង ដ្បិតក្មេងនេះបានកើតពីកូនប្រសាដែលស្រឡាញ់អ្នក។ នាងនេះប្រសើរជាងកូនប្រុសប្រាំពីរនាក់ទៅទៀត»។
16នាងណាអូមីក៏យកចៅមកបី ហើយចិញ្ចឹមបីបាច់តរៀងទៅ។ 17ពួកស្ត្រីដែលនៅជិតខាងនាំគ្នាពោលថា៖ «នាងណាអូមីមានកូនប្រុសមួយ!»។ ពួកគេហៅកូននោះថា «អូបេដ»។ លោកអូបេដនេះហើយដែលត្រូវជាឪពុកលោកអ៊ីសាយ ហើយលោកអ៊ីសាយជាបិតារបស់ព្រះបាទដាវីឌ។
18នេះជាពូជពង្សលោកពេរេស: លោកពេរេសបង្កើតលោកហេតស្រុន 19លោកហេតស្រុនបង្កើតលោករ៉ាម លោករ៉ាមបង្កើតលោកអមីណាដាប់ 20លោកអមីណាដាប់បង្កើតលោកណាសូន លោកណាសូនបង្កើតលោកសាលម៉ូន 21លោកសាលម៉ូនបង្កើតលោកបូអូស លោកបូអូសបង្កើតលោកអូបេដ 22លោកអូបេដបង្កើតលោកអ៊ីសាយ ហើយលោកអ៊ីសាយបង្កើតព្រះបាទដាវីឌ។
ទើបបានជ្រើសរើសហើយ៖
នាងរស់ 4: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.