រ៉ូម 4:1-12

រ៉ូម 4:1-12 គខប

ដូច្នេះ តើ​យើង​គិត​ដូច​ម្ដេច​ចំពោះ​លោក​អប្រាហាំ ដែល​ជា​បុព្វបុរស*​របស់​យើង​ផ្នែក​ខាង​សាច់​ឈាម​ តើ​លោក​បាន​ទទួល​អ្វី​ខ្លះ? ប្រសិន​បើ​លោក​អប្រាហាំ​បាន​សុចរិត ដោយ‌សារ​ការ​ប្រព្រឹត្ត​អំពើ​ល្អ​នោះ លោក​អាច​នឹង​អួត‌អាង​ខ្លួន​បាន​មែន។ ប៉ុន្តែ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជា‌ម្ចាស់ លោក​ពុំ​អាច​អួត‌អាង​ទេ ដ្បិត​ក្នុង​គម្ពីរ​មាន​ចែង​ថា «លោក​អប្រាហាំ​ជឿ​លើ​ព្រះ‌ជា‌ម្ចាស់ ហើយ​ព្រះអង្គ​ប្រោស​លោក​ឲ្យ​សុចរិត ដោយ​យល់​ដល់​ជំនឿ​នេះ» ។ ធម្មតា អ្នក​ណា​ធ្វើ​ការ​អ្វី​មួយ គេ​ពុំ​ចាត់​ទុក​ប្រាក់​ឈ្នួល​របស់​គេ​ថា​ជា​អំណោយ​ទេ គឺ​ចាត់​ទុក​ជា​ប្រាក់​ដែល​ខ្លួន​ត្រូវ​តែ​បាន។ ចំពោះ​អ្នក​ដែល​ពុំ​បាន​ប្រព្រឹត្ត​តាម​វិន័យ តែ​មាន​ជំនឿ​លើ​ព្រះ‌ជា‌ម្ចាស់​ដែល​ប្រោស​មនុស្ស​មិន​គោរព​ប្រណិ‌ប័តន៍​ព្រះអង្គ​ឲ្យ​សុចរិត ព្រះអង្គ​នឹង​ប្រោស​អ្នក​នោះ​ឲ្យ​សុចរិត ដោយ​យល់​ដល់​ជំនឿ​របស់​គេ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌បាទ​ដាវីឌ​ថ្លែង​អំពី​សុភមង្គល*​របស់​អ្នក​ដែល​ព្រះ‌ជា‌ម្ចាស់​ប្រោស​ឲ្យ​សុចរិត ដោយ​មិន​គិត​ដល់​ការ​ប្រព្រឹត្ត​អំពើ​ល្អ​ថា: «អស់​អ្នក​ដែល​ព្រះ‌ជា‌ម្ចាស់​អត់‌ទោស និង​លុប​បំបាត់​អំពើ​បាប​ចោល ពិត​ជា​មាន​សុភមង្គល​ហើយ! បុរស​ណា​ដែល​ព្រះ‌ជា‌ម្ចាស់​មិន​គិត‌គូរ ពី​បាប​របស់​ខ្លួន​ទេ បុរស​នោះ​ពិត​ជា​មាន​សុភមង្គល​ហើយ!» ​ ។ តើ​មាន​តែ​សាសន៍​យូដា​ទេ​ឬ ដែល​អាច​ទទួល​សុភមង្គល​នេះ ឬ​មួយ​សាសន៍​ដទៃ​ក៏​អាច​ទទួល​បាន​ដែរ? យើង​ទើប​នឹង​និយាយ​ថា «ព្រះអង្គ​ប្រោស​លោក​អប្រាហាំ​ឲ្យ​សុចរិត ដោយ​យល់​ដល់​ជំនឿ​របស់​លោក» ។ តើ​ព្រះ‌ជា‌ម្ចាស់​ប្រោស​លោក​អប្រាហាំ​ឲ្យ​សុចរិត​នៅ​ពេល​ណា? ក្រោយ​ពេល​លោក​ទទួល​ពិធី​កាត់​ស្បែក* ឬ​ក៏​មុន​នោះ? គឺ​នៅ​មុន​ពេល​លោក​ទទួល​ពិធី​កាត់​ស្បែក មិន​មែន​ក្រោយ​ពេល​កាត់​ស្បែក​ហើយ​នោះ​ទេ!។ លោក​ទទួល​ពិធី​កាត់​ស្បែក​តាម​ក្រោយ ទុក​ជា​សញ្ញា​បញ្ជាក់​ថា លោក​បាន​សុចរិត​ដោយ‌សារ​ជំនឿ​ដែល​លោក​មាន​កាល​ពី​មិន​ទាន់​កាត់​ស្បែក​នៅ​ឡើយ។ ដូច្នេះ លោក​បាន​ទៅ​ជា​ឪពុក​របស់​មនុស្ស​ទាំង​អស់ ដែល​មិន​បាន​ទទួល​ពិធី​កាត់​ស្បែក តែ​មាន​ជំនឿ ហើយ​ព្រះ‌ជា‌ម្ចាស់​ប្រោស​គេ​ឲ្យ​សុចរិត។ លោក​ក៏​ជា​ឪពុក​របស់​សាសន៍​យូដា​ដែល​កាត់​ស្បែក​ដែរ ជា​អ្នក​ដែល​មិន​ត្រឹម​តែ​បាន​ទទួល​ពិធី​កាត់​ស្បែក​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​បាន​យក​តម្រាប់​តាម​ជំនឿ​របស់​លោក​អប្រាហាំ​ជា​ឪពុក​របស់​យើង នៅ​គ្រា​ដែល​លោក​មិន​ទាន់​ទទួល​ពិធី​កាត់​ស្បែក​នៅ​ឡើយ​នោះ​ផង។