រ៉ូម 4:1-12

រ៉ូម 4:1-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដូច្នេះ តើ​យើង​ត្រូវ​និយាយ​ដូច​ម្តេច​អំពី​លោក​អ័ប្រា‌ហាំ ជា​បុព្វបុរស​របស់​យើង​ខាង​សាច់​ឈាម? តើ​លោក​បាន​អ្វី​ខ្លះ? ដ្បិត​បើ​លោក​អ័ប្រា‌ហាំ​បាន​រាប់​ជា​សុចរិត ដោយ​សារ​ការ​ប្រព្រឹត្តិ នោះ​លោក​មាន​ហេតុ​នឹង​អួត​អាង​បាន តែ​មិន​មែន​ចំពោះ​ព្រះ​ទេ។ តើ​គម្ពីរ​ចែង​ដូច​ម្តេច? គម្ពីរ​ចែង​ថា «លោក​អ័ប្រា‌ហាំ​បាន​ជឿ​ព្រះ ហើយ​ជំនឿ​នោះ​បាន​រាប់​ជា​សុចរិត​ដល់​លោក» ។ ចំពោះ​អ្នក​ដែល​ធ្វើ​ការ ប្រាក់​ឈ្នួល​មិន​រាប់​ជា​អំណោយ​ទេ គឺ​ជា​ប្រាក់​ដែល​ខ្លួន​ត្រូវ​បាន។ ចំពោះ​អ្នក​ដែល​មិន​ធ្វើ​ការ តែ​ជឿ​ដល់​ព្រះ ដែល​រាប់​មនុស្ស​ទមិឡ​ល្មើស​ជា​សុចរិត នោះ​ព្រះ‌អង្គ​រាប់​អ្នក​នោះ​ជា​សុចរិត ដោយ​សារ​ជំនឿ​របស់​គេ។ សូម្បី​ព្រះបាទ​ដាវីឌ​ក៏​ថ្លែង​អំពី​ព្រះ​ពរ​របស់​ពួក​អ្នក​ដែល​ព្រះ​រាប់​ជា​សុចរិត ដោយ​មិន​គិត​ពី​ការ​ប្រព្រឹត្តិ​ថា៖ «មាន​ពរ​ហើយ អ្នក​ណា​ដែល​ព្រះ​បាន​អត់​ទោស ហើយ​គ្រប​បាំង​សេចក្ដី​ទទឹង​ច្បាប់​របស់​ខ្លួន មាន​ពរ​ហើយ អ្នក​ណា​ដែល​ព្រះ‌អម្ចាស់​មិន​រាប់​ជា​មាន​បាប» ។ ដូច្នេះ តើ​ព្រះ​ពរ​នេះ ចំពោះ​តែ​ពួក​អ្នក​កាត់​ស្បែក ឬ​ពួក​អ្នក​មិន​កាត់​ស្បែក​ដែរ? ដ្បិត​យើង​និយាយ​ថា ព្រះ​បាន​រាប់​លោក​អ័ប្រា‌ហាំ​ជា​សុចរិត ដោយ​សារ​ជំនឿ​របស់​លោក។ ដូច្នេះ តើ​សេចក្ដី​សុចរិត​នេះ​កើត​ឡើង​នៅ​ពេល​ណា? តើ​មុន ឬ​ក្រោយ​ពេល​លោក​ទទួល​ការ​កាត់​ស្បែក? មិន​មែន​ក្រោយ​ពេល​លោក​ទទួល​ការ​កាត់​ស្បែក​ហើយ​នោះ​ទេ គឺ​មុន​ពេល​លោក​ទទួល​ការ​កាត់​ស្បែក​ទេ​តើ! ហើយ​លោក​បាន​ទទួល​ទី​សម្គាល់​នៃ​ការ​កាត់​ស្បែក​នេះ ទុក​ជា​ត្រា​នៃ​សេចក្តី​សុចរិត ដែល​លោក​មាន​ដោយ​សារ​ជំនឿ កាល​ពី​លោក​មិន​ទាន់​កាត់​ស្បែក​នៅ​ឡើយ ដើម្បី​ឲ្យ​លោក​បាន​ធ្វើ​ជា​ឪពុក​ដល់​មនុស្ស​ទាំង​អស់​ដែល​ជឿ ដោយ​មិន​បាន​កាត់​ស្បែក ដើម្បី​ឲ្យ​ព្រះ​រាប់​អ្នក​ទាំង​នោះ​ជា​សុចរិត ហើយ​បាន​តាំង​លោក​ឲ្យ​ធ្វើ​ជា​ឪពុក​របស់​ពួក​អ្នក​កាត់​ស្បែក ដែល​មិន​ត្រឹម​តែ​បាន​កាត់​ស្បែក​ប៉ុណ្ណោះ គឺ​ថែម​ទាំង​ដើរ​តាម​គំរូ​នៃ​ជំនឿ​របស់​លោក​អ័ប្រា‌ហាំ ជា​បុព្វបុរស​របស់​យើង​មាន កាល​លោក​មិន​ទាន់​កាត់​ស្បែក​នៅ​ឡើយ។

ចែក​រំលែក
អាន រ៉ូម 4

រ៉ូម 4:1-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ដូច្នេះ តើ​យើង​គិត​ដូច​ម្ដេច​ចំពោះ​លោក​អប្រាហាំ ដែល​ជា​បុព្វបុរស*​របស់​យើង​ផ្នែក​ខាង​សាច់​ឈាម​ តើ​លោក​បាន​ទទួល​អ្វី​ខ្លះ? ប្រសិន​បើ​លោក​អប្រាហាំ​បាន​សុចរិត ដោយ‌សារ​ការ​ប្រព្រឹត្ត​អំពើ​ល្អ​នោះ លោក​អាច​នឹង​អួត‌អាង​ខ្លួន​បាន​មែន។ ប៉ុន្តែ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជា‌ម្ចាស់ លោក​ពុំ​អាច​អួត‌អាង​ទេ ដ្បិត​ក្នុង​គម្ពីរ​មាន​ចែង​ថា «លោក​អប្រាហាំ​ជឿ​លើ​ព្រះ‌ជា‌ម្ចាស់ ហើយ​ព្រះអង្គ​ប្រោស​លោក​ឲ្យ​សុចរិត ដោយ​យល់​ដល់​ជំនឿ​នេះ» ។ ធម្មតា អ្នក​ណា​ធ្វើ​ការ​អ្វី​មួយ គេ​ពុំ​ចាត់​ទុក​ប្រាក់​ឈ្នួល​របស់​គេ​ថា​ជា​អំណោយ​ទេ គឺ​ចាត់​ទុក​ជា​ប្រាក់​ដែល​ខ្លួន​ត្រូវ​តែ​បាន។ ចំពោះ​អ្នក​ដែល​ពុំ​បាន​ប្រព្រឹត្ត​តាម​វិន័យ តែ​មាន​ជំនឿ​លើ​ព្រះ‌ជា‌ម្ចាស់​ដែល​ប្រោស​មនុស្ស​មិន​គោរព​ប្រណិ‌ប័តន៍​ព្រះអង្គ​ឲ្យ​សុចរិត ព្រះអង្គ​នឹង​ប្រោស​អ្នក​នោះ​ឲ្យ​សុចរិត ដោយ​យល់​ដល់​ជំនឿ​របស់​គេ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌បាទ​ដាវីឌ​ថ្លែង​អំពី​សុភមង្គល*​របស់​អ្នក​ដែល​ព្រះ‌ជា‌ម្ចាស់​ប្រោស​ឲ្យ​សុចរិត ដោយ​មិន​គិត​ដល់​ការ​ប្រព្រឹត្ត​អំពើ​ល្អ​ថា: «អស់​អ្នក​ដែល​ព្រះ‌ជា‌ម្ចាស់​អត់‌ទោស និង​លុប​បំបាត់​អំពើ​បាប​ចោល ពិត​ជា​មាន​សុភមង្គល​ហើយ! បុរស​ណា​ដែល​ព្រះ‌ជា‌ម្ចាស់​មិន​គិត‌គូរ ពី​បាប​របស់​ខ្លួន​ទេ បុរស​នោះ​ពិត​ជា​មាន​សុភមង្គល​ហើយ!» ​ ។ តើ​មាន​តែ​សាសន៍​យូដា​ទេ​ឬ ដែល​អាច​ទទួល​សុភមង្គល​នេះ ឬ​មួយ​សាសន៍​ដទៃ​ក៏​អាច​ទទួល​បាន​ដែរ? យើង​ទើប​នឹង​និយាយ​ថា «ព្រះអង្គ​ប្រោស​លោក​អប្រាហាំ​ឲ្យ​សុចរិត ដោយ​យល់​ដល់​ជំនឿ​របស់​លោក» ។ តើ​ព្រះ‌ជា‌ម្ចាស់​ប្រោស​លោក​អប្រាហាំ​ឲ្យ​សុចរិត​នៅ​ពេល​ណា? ក្រោយ​ពេល​លោក​ទទួល​ពិធី​កាត់​ស្បែក* ឬ​ក៏​មុន​នោះ? គឺ​នៅ​មុន​ពេល​លោក​ទទួល​ពិធី​កាត់​ស្បែក មិន​មែន​ក្រោយ​ពេល​កាត់​ស្បែក​ហើយ​នោះ​ទេ!។ លោក​ទទួល​ពិធី​កាត់​ស្បែក​តាម​ក្រោយ ទុក​ជា​សញ្ញា​បញ្ជាក់​ថា លោក​បាន​សុចរិត​ដោយ‌សារ​ជំនឿ​ដែល​លោក​មាន​កាល​ពី​មិន​ទាន់​កាត់​ស្បែក​នៅ​ឡើយ។ ដូច្នេះ លោក​បាន​ទៅ​ជា​ឪពុក​របស់​មនុស្ស​ទាំង​អស់ ដែល​មិន​បាន​ទទួល​ពិធី​កាត់​ស្បែក តែ​មាន​ជំនឿ ហើយ​ព្រះ‌ជា‌ម្ចាស់​ប្រោស​គេ​ឲ្យ​សុចរិត។ លោក​ក៏​ជា​ឪពុក​របស់​សាសន៍​យូដា​ដែល​កាត់​ស្បែក​ដែរ ជា​អ្នក​ដែល​មិន​ត្រឹម​តែ​បាន​ទទួល​ពិធី​កាត់​ស្បែក​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​បាន​យក​តម្រាប់​តាម​ជំនឿ​របស់​លោក​អប្រាហាំ​ជា​ឪពុក​របស់​យើង នៅ​គ្រា​ដែល​លោក​មិន​ទាន់​ទទួល​ពិធី​កាត់​ស្បែក​នៅ​ឡើយ​នោះ​ផង។

ចែក​រំលែក
អាន រ៉ូម 4

រ៉ូម 4:1-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

បើ​ដូច្នេះ យើង​នឹង​ថា លោក​អ័ប្រា‌ហាំ ជា​ឰយុកោ​យើង បាន​អ្វី​ខ្លះ ខាង​ឯ​សាច់​ឈាម ដ្បិត​បើ​សិន​ណា​ជា​លោក​អ័ប្រា‌ហាំ​បាន​រាប់​ជា​សុចរិត ដោយ​ការ​ដែល​លោក​ប្រព្រឹត្ត នោះ​លោក​មាន​កន្លែង​នឹង​អួត​ខ្លួន​ហើយ តែ​មិន​មែន​ចំពោះ​ព្រះ​ទេ តើ​គម្ពីរ​ថា​ដូច​ម្តេច គម្ពីរ​ថា «អ័ប្រា‌ហាំ​បាន​ជឿ​ដល់​ព្រះ ហើយ​សេចក្ដី​ជំនឿ​នោះ បាន​រាប់​ជា​សេចក្ដី​សុចរិត​ដល់​លោក» រីឯ​អ្នក​ណា​ដែល​ធ្វើ​ការ នោះ​រង្វាន់​មិន​រាប់​ជា​គុណ​របស់​ចៅហ្វាយ​ទេ គឺ​ទុក​ជា​ថ្លៃ​ឈ្នួល​វិញ​ទេ​តើ តែ​ចំណែក​អ្នក​ដែល​មិន​ធ្វើ​ការ​សោះ គឺ​គ្រាន់​តែ​ជឿ​ដល់​ព្រះ‌អង្គ ដែល​ទ្រង់​ប្រោស​ឲ្យ​មនុស្ស​ទមិល​ល្មើស​បាន​សុចរិត នោះ​សេចក្ដី​ជំនឿ​របស់​អ្នក​នោះ បាន​រាប់​ទុក​ជា​សេចក្ដី​សុចរិត​វិញ ដូច​ជា​ហ្លួង​ដាវីឌ​បាន​សំដែង​ពី​សណ្ឋាន​ដ៏​មាន​ពរ​នៃ​មនុស្ស ដែល​ព្រះ‌ទ្រង់​រាប់​ជា​សុចរិត​ក្រៅ​ពី​ការ​ប្រព្រឹត្ត​ថា «មាន​ពរ​ហើយ អ្នក​ណា​ដែល​ការ​ទទឹង​ច្បាប់​របស់​ខ្លួន​បាន​អត់​ទោស​ឲ្យ នឹង​បាប​ខ្លួន​បាន​គ្រប​បាំង មាន​ពរ​ហើយ មនុស្ស​ណា​ដែល​ព្រះ‌អម្ចាស់​មិន​រាប់​ជា​មាន​បាប​ឡើយ»។ ដូច្នេះ តើ​បាន​ពរ​នោះ ចំពោះ​តែ​ពួក​កាត់​ស្បែក​តែ​ប៉ុណ្ណោះ ឬ​ពួក​មិន​កាត់​ស្បែក​ក៏​បាន​ដែរ ដ្បិត​យើង​ថា​សេចក្ដី​ជំនឿ​បាន​រាប់​ទុក​ជា​សេចក្ដី​សុចរិត ដល់​លោក​អ័ប្រា‌ហាំ ចុះ​សេចក្ដី​នោះ​បាន​រាប់​ដូច​ម្តេច តើ​ពី​កាល​លោក​បាន​កាត់​ស្បែក​រួច​ហើយ ឬ​នៅ​ឡើយ មិន​មែន​ពី​កាល​លោក​បាន​កាត់​ស្បែក​ហើយ​នោះ​ទេ គឺ​ក្នុង​កាល​ដែល​មិន​ទាន់​កាត់​ស្បែក​នៅ​ឡើយ​វិញ ហើយ​លោក​បាន​ទទួល​ពិធី​កាត់​ស្បែក​នេះ ទុក​ជា​ទី​សំគាល់ ជា​ត្រា​នៃ​សេចក្ដី​សុចរិត ដែល​មក​ដោយ​សេចក្ដី​ជំនឿ​នោះ​ឯង គឺ​ជា​សេចក្ដី​ជំនឿ ដែល​លោក​មាន ពី​កាល​មិន​ទាន់​កាត់​ស្បែក​នៅ​ឡើយ ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​ឪពុក ដល់​អស់​អ្នក​ដែល​ជឿ ឥត​កាត់​ស្បែក​ផង ប្រយោជន៍​ឲ្យ​បាន​រាប់​សេចក្ដី​សុចរិត​នេះ​ដល់​អ្នក​ទាំង​នោះ ហើយ​ឲ្យ​បាន​ធ្វើ​ជា​ឪពុក ដល់​ពួក​ដែល​មិន​គ្រាន់​តែ​កាត់​ស្បែក​ប៉ុណ្ណោះ គឺ​ដែល​ដើរ​តាម‌ដាន​នៃ​សេចក្ដី​ជំនឿ​របស់​លោក​អ័ប្រា‌ហាំ ជា​ឰយុកោ​យើង​ផង ជា​សេចក្ដី​ជំនឿ​ដែល​លោក​មាន ពី​កាល​មិន​ទាន់​កាត់​ស្បែក​នៅ​ឡើយ។

ចែក​រំលែក
អាន រ៉ូម 4