បើដូច្នេះ យើងដែលជាសាសន៍យូដា តើយើងប្រសើរជាងគេឬ? ទេ យើងមិនប្រសើរជាងគេទាល់តែសោះ! ដ្បិតយើងបានបញ្ជាក់រួចមកហើយថា មនុស្សទាំងអស់ ទោះបីសាសន៍យូដាក្ដី សាសន៍ក្រិកក្ដី សុទ្ធតែមានបាបសោយរាជ្យពីលើទាំងអស់គ្នា ដូចមានចែងទុកមកថា៖ «គ្មានមនុស្សណាសុចរិតឡើយ សូម្បីតែម្នាក់ក៏គ្មានផង គ្មាននរណាម្នាក់ដឹងខុសត្រូវ គ្មាននរណាម្នាក់ស្វែងរកព្រះជាម្ចាស់។ មនុស្សគ្រប់ៗរូបបានវង្វេង ចេញឆ្ងាយពីព្រះជាម្ចាស់ ហើយវិនាសបាត់បង់ជាមួយគ្នា គ្មាននរណាប្រព្រឹត្តអំពើសប្បុរសសោះឡើយ សូម្បីតែម្នាក់ក៏គ្មានផង» ។ «បំពង់ករបស់គេប្រៀបបាននឹងផ្នូរខ្មោច នៅបើកចំហ អណ្ដាតរបស់គេគ្រលាស់តែពាក្យ បោកបញ្ឆោត មាត់របស់គេមានបង្កប់នូវពិសពស់វែក» ។ «មាត់របស់គេពោរពេញទៅដោយពាក្យ អពមង្គល និងពាក្យជូរចត់» ។ «ជើងរបស់គេចាំតែឈានទៅបង្ហូរឈាម គេទៅកន្លែងណា កន្លែងនោះខ្ទេចខ្ទីអន្តរាយអស់។ គេមិនស្គាល់ផ្លូវទៅកាន់សន្តិភាពទេ» ។ «គេរស់ដោយមិនកោតខ្លាចព្រះជាម្ចាស់ សោះឡើយ» ។ យើងដឹងថា គ្រប់សេចក្ដីដែលមានចែងទុកក្នុងក្រឹត្យវិន័យ* សុទ្ធតែចែងទុកសម្រាប់អស់អ្នកដែលចំណុះក្រឹត្យវិន័យ ដើម្បីកុំឲ្យមនុស្សណាម្នាក់រកពាក្យដោះសាបាន ហើយឲ្យពិភពលោកទាំងមូលទទួលទោស នៅចំពោះព្រះភ័ក្ត្ររបស់ព្រះជាម្ចាស់។ ដូច្នេះ គ្មានមនុស្សណាបានសុចរិតនៅចំពោះព្រះភ័ក្ត្រព្រះអង្គ ដោយការប្រព្រឹត្តតាមក្រឹត្យវិន័យទេ ព្រោះគម្ពីរវិន័យគ្រាន់តែនាំឲ្យគេស្គាល់អំពើបាបប៉ុណ្ណោះ។ ឥឡូវនេះ ព្រះជាម្ចាស់សម្តែងឲ្យយើងដឹងអំពីរបៀបព្រះអង្គប្រោសមនុស្សឲ្យសុចរិត គឺព្រះអង្គមិនគិតពីក្រឹត្យវិន័យ*ទេ ដូចគម្ពីរវិន័យ និងគម្ពីរព្យាការី* បានបញ្ជាក់ទុកស្រាប់។ ព្រះជាម្ចាស់ប្រោសអ្នកដែលមានជំនឿលើព្រះយេស៊ូគ្រិស្តឲ្យសុចរិត គឺព្រះអង្គធ្វើដូច្នេះចំពោះអស់អ្នកដែលជឿ។ មនុស្សទាំងអស់មិនខុសគ្នាត្រង់ណាឡើយ គ្រប់ៗគ្នាសុទ្ធតែបានប្រព្រឹត្តអំពើបាប ហើយគ្មានសិរីរុងរឿង របស់ព្រះជាម្ចាស់នៅជាមួយ តែដោយសារព្រះគុណ និងដោយសារការប្រោសលោះដែលស្ថិតនៅក្នុងអង្គព្រះគ្រិស្តយេស៊ូ ព្រះអម្ចាស់ប្រោសគេឲ្យសុចរិត ដោយឥតគិតថ្លៃ ។ ព្រះជាម្ចាស់បានតម្រូវឲ្យព្រះយេស៊ូធ្វើជាយញ្ញបូជា សម្រាប់លោះអស់អ្នកដែលមានជំនឿ ឲ្យរួចពីបាប ដោយសារព្រះលោហិតរបស់ព្រះអង្គ។ ធ្វើដូច្នេះ ព្រះអង្គបង្ហាញរបៀបដែលព្រះអង្គប្រោសមនុស្សឲ្យសុចរិត គឺពីដើម ព្រះអង្គពុំបានដាក់ទោសមនុស្សលោកដែលប្រព្រឹត្តអំពើបាប ក្នុងគ្រាដែលព្រះអង្គមានព្រះហឫទ័យអត់ធ្មត់ដល់គេនោះទេ។ ឥឡូវនេះ ព្រះអង្គសព្វព្រះហឫទ័យបង្ហាញអំពីរបៀបដែលព្រះអង្គប្រោសមនុស្សឲ្យសុចរិត ដើម្បីសម្តែងថាព្រះអង្គសុចរិត ហើយព្រះអង្គប្រោសអ្នកដែលជឿលើព្រះយេស៊ូឲ្យសុចរិតផងដែរ។
អាន រ៉ូម 3
ស្ដាប់នូវ រ៉ូម 3
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: រ៉ូម 3:9-26
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ