រ៉ូម 15:14-21

រ៉ូម 15:14-21 គខប

បងប្អូន​អើយ ខ្ញុំ​ជឿ​ជាក់​ថា បងប្អូន​មាន​ចិត្ត​សប្បុរស​ណាស់ ហើយ​ក៏​មាន​ចំណេះ​ជ្រៅ​ជ្រះ និង​មាន​សមត្ថ‌ភាព​អាច​ទូន្មាន​គ្នា​ទៅ​វិញ​ទៅ​មក​ថែម​ទៀត​ផង។ ប៉ុន្តែ នៅ​ត្រង់​ចំណុច​ខ្លះ ខ្ញុំ​សរសេរ​មក​រំឭក​ដាស់​តឿន​បងប្អូន​យ៉ាង​ធ្ងន់ៗ​បន្ដិច ដោយ​សំអាង​លើ​មុខងារ​ ដែល​ព្រះ‌ជា‌ម្ចាស់​ប្រោស​ប្រទាន​មក​ខ្ញុំ ឲ្យ​បម្រើ​ព្រះគ្រិស្ត‌យេស៊ូ​សម្រាប់​សាសន៍​ដទៃ។ ខ្ញុំ​ប្រកាស​ដំណឹង‌ល្អ​របស់​ព្រះ‌ជា‌ម្ចាស់ ជា​មុខងារ​មួយ​ដ៏​ពិសិដ្ឋ ដើម្បី​នាំ​សាសន៍​ដទៃ​មក​ថ្វាយ​ខ្លួន​ទុក​ជា​តង្វាយ ដែល​គាប់​ព្រះ‌ហឫទ័យ​ព្រះអង្គ និង​ជា​តង្វាយ​ដែល​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ​ប្រោស​ឲ្យ​វិសុទ្ធ។ ដោយ​ហេតុ​នេះ ខ្ញុំ​បាន​ខ្ពស់​មុខ​ដោយ​រួម​ជា​មួយ​ព្រះគ្រិស្ត‌យេស៊ូ ចំពោះ​កិច្ចការ​ដែល​ខ្ញុំ​ធ្វើ​ថ្វាយ​ព្រះ‌ជា‌ម្ចាស់​ ដ្បិត​ខ្ញុំ​មិន​ហ៊ាន​លើក​យក​អ្វី​ផ្សេង​មក​និយាយ ក្រៅ​ពី​ការ​ដែល​ព្រះ‌គ្រិស្ត​ធ្វើ​តាម​រយៈ​ខ្ញុំ ទោះ​បី​តាម​ពាក្យ​សម្ដី​ក្តី ឬ​តាម​កិច្ចការ​ក្តី ដើម្បី​នាំ​សាសន៍​ដទៃ​ឲ្យ​មក​ស្ដាប់​បង្គាប់​ព្រះ‌ជា‌ម្ចាស់​នោះ​ឡើយ។ ព្រះអង្គ​សម្តែង​ឫទ្ធា‌នុភាព​នៃ​ទី​សម្គាល់ និង​ឫទ្ធិ‌បាដិ‌ហារិយ៍ ព្រះអង្គ​សម្តែង​ឫទ្ធា‌នុភាព​របស់​ព្រះ‌វិញ្ញាណ។ ដូច្នេះ ខ្ញុំ​បាន​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ​របស់​ព្រះ‌គ្រិស្ត​សព្វ​គ្រប់ នៅ​គ្រប់​ទី​កន្លែង ចាប់​តាំង​ពី​ក្រុង​យេរូ‌សាឡឹម រហូត​ទៅ​ដល់​តំបន់​អ៊ីលី‌រីកុន​ ។ ប៉ុន្តែ ខ្ញុំ​បាន​តាំង​ចិត្ត​ប្រកាស​ដំណឹង‌ល្អ​តែ​នៅ​កន្លែង​ណា​ដែល​គេ​មិន​ទាន់​ឮ​ព្រះ‌នាម​ព្រះ‌គ្រិស្ត​នៅ​ឡើយ ដើម្បី​ចៀស‌វាង​សង់​ពី​លើ​គ្រឹះ​ដែល​អ្នក​ផ្សេង​បាន​ចាក់​រួច​មក​ហើយ គឺ​ឲ្យ​បាន​ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​មក​ថា: «អស់​អ្នក​ដែល​មិន​ទាន់​បាន​ទទួល​ដំណឹង អំពី​ព្រះអង្គ មុខ​ជា​ឃើញ ហើយ​អស់​អ្នក​ដែល​មិន​ទាន់​បាន​ឮ មុខ​ជា​បាន​យល់» ។