រ៉ូម 15:1-21

រ៉ូម 15:1-21 គខប

ចំពោះ​យើង​ដែល​មាន​ជំនឿ​មាំ‌មួន យើង​មាន​ភារ‌កិច្ច​ជួយ​អ្នក​ដែល​មាន​ជំនឿ​ទន់​ខ្សោយ គឺ​មិន​ត្រូវ​ធ្វើ​អ្វី​តាម​តែ​ខ្លួន​ឯង​ពេញ​ចិត្ត​នោះ​ឡើយ។ យើង​ម្នាក់ៗ​តោង​តែ​ខំ​ធ្វើ​ឲ្យ​អ្នក​ដទៃ​ពេញ​ចិត្ត ដើម្បី​ជា​ប្រយោជន៍​ល្អ​ដល់​គេ និង​ជួយ​គេ​ឲ្យ​ចម្រើន​ឡើង​ ដ្បិត​ព្រះ‌គ្រិស្ត​ពុំ​បាន​ស្វែង​រក​អ្វី ដែល​ធ្វើ​ឲ្យ​គាប់​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ​ផ្ទាល់​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ មាន​ចែង​ទុក​មក​ថា «ពាក្យ​ត្មះ‌តិះ‌ដៀល​របស់​អស់​អ្នក​ដែល​តិះ‌ដៀល​ព្រះអង្គ បាន​ធ្លាក់​មក​លើ​ទូលបង្គំ» ​ ។ អ្វីៗ​ដែល​មាន​ចែង​ទុក​ពី​មុន​មក គឺ​ចែង​ទុក​សម្រាប់​អប់រំ​យើង។ ដោយ​គម្ពីរ​ជួយ​សម្រាល​ទុក្ខ​យើង និង​ឲ្យ​យើង​ចេះ​ស៊ូ‌ទ្រាំ យើង​មាន​សេចក្ដី​សង្ឃឹម។ សូម​ព្រះ‌ជា‌ម្ចាស់​ដែល​ជួយ​សម្រាល​ទុក្ខ និង​ជួយ​ឲ្យ​ចេះ​ស៊ូ​ទ្រាំ ប្រោស​ប្រទាន​ឲ្យ​បងប្អូន​រួម​គ្នា មាន​ចិត្ត​គំនិត​តែ​មួយ ស្រប​តាម​ព្រះគ្រិស្ត‌យេស៊ូ ដើម្បី​ឲ្យ​បងប្អូន​មាន​ចិត្ត​ថ្លើម​តែ​មួយ មាន​សំឡេង​តែ​មួយ លើក​តម្កើង​សិរី‌រុងរឿង​ព្រះ‌ជា‌ម្ចាស់ ជា​ព្រះ‌បិតា​របស់​ព្រះ‌យេស៊ូ‌គ្រិស្ត ជា​អម្ចាស់​នៃ​យើង។ ដូច្នេះ ត្រូវ​ទទួល​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​រាក់‌ទាក់ ឲ្យ​ដូច​ព្រះ‌គ្រិស្ត​ទទួល​បងប្អូន​ដែរ ដើម្បី​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជា‌ម្ចាស់។ ខ្ញុំ​សូម​ជម្រាប​បងប្អូន​ថា ព្រះ‌គ្រិស្ត​បាន​មក​ធ្វើ​ជា​អ្នក​បម្រើ​របស់​សាសន៍​ដែល​កាត់​ស្បែក* ដើម្បី​សម្រេច​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌ជា‌ម្ចាស់​បាន​សន្យា​ចំពោះ​បុព្វបុរស* និង​សម្តែង​ព្រះ‌ហឫទ័យ​សច្ចៈ​របស់​ព្រះអង្គ។ រីឯ​សាសន៍​ដទៃ​វិញ គេ​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជា‌ម្ចាស់ ដោយ​ព្រះអង្គ​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​ដល់​គេ ដូច​មាន​ចែង​ទុក​មក​ថា: «ហេតុ​នេះ​ហើយ​បាន​ជា​ទូលបង្គំ​ប្រកាស​ទទួល ស្គាល់​ព្រះអង្គ​ក្នុង​ចំណោម​ជាតិ​សាសន៍​នានា ហើយ​ទូលបង្គំ​នឹង​ច្រៀង​លើក​តម្កើង ព្រះ‌កិត្តិនាម​របស់​ព្រះអង្គ» ​ ។ មាន​ចែង​ទៀត​ថា: «ជាតិ​សាសន៍​ទាំង‌ឡាយ​អើយ ចូរ​មាន​អំណរ ជា​មួយ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​ទៅ!» ​ ។ ហើយ​មាន​ចែង​ទៀត​ថា: «ជាតិ​សាសន៍​ទាំង‌ឡាយ​អើយ ចូរ​កោត​សរសើរ​ព្រះ‌អម្ចាស់ ត្រូវ​ឲ្យ​ប្រជា‌រាស្ត្រ​ផង​ទាំង​ពួង ច្រៀង​សរសើរ​ព្រះអង្គ» ។ ព្យាការី​អេសាយ​ក៏​មាន​ប្រសាសន៍​ថា: «ពូជ​របស់​លោក​អ៊ីសាយ​នឹង​មក​ដល់ ព្រះអង្គ​នឹង​ក្រោក​ឡើង ដើម្បី​ដឹក​នាំ​ជាតិ​សាសន៍​នានា ហើយ​ជាតិ​សាសន៍​ទាំង​នោះ នឹង​សង្ឃឹម​លើ​ព្រះអង្គ» ​ ។ សូម​ព្រះ‌ជា‌ម្ចាស់​ជា​ប្រភព​នៃ​សេចក្ដី​សង្ឃឹម ប្រោស​បងប្អូន​ដែល​មាន​ជំនឿ ឲ្យ​បាន​ពោរ‌ពេញ​ដោយ​អំណរ និង​សេចក្ដី​សុខ‌សាន្ត​គ្រប់​ប្រការ ដើម្បី​ឲ្យ​បងប្អូន​មាន​សង្ឃឹម​យ៉ាង​បរិបូណ៌​ហូរ‌ហៀរ ដោយ​ឫទ្ធា‌នុភាព​របស់​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ។ បងប្អូន​អើយ ខ្ញុំ​ជឿ​ជាក់​ថា បងប្អូន​មាន​ចិត្ត​សប្បុរស​ណាស់ ហើយ​ក៏​មាន​ចំណេះ​ជ្រៅ​ជ្រះ និង​មាន​សមត្ថ‌ភាព​អាច​ទូន្មាន​គ្នា​ទៅ​វិញ​ទៅ​មក​ថែម​ទៀត​ផង។ ប៉ុន្តែ នៅ​ត្រង់​ចំណុច​ខ្លះ ខ្ញុំ​សរសេរ​មក​រំឭក​ដាស់​តឿន​បងប្អូន​យ៉ាង​ធ្ងន់ៗ​បន្ដិច ដោយ​សំអាង​លើ​មុខងារ​ ដែល​ព្រះ‌ជា‌ម្ចាស់​ប្រោស​ប្រទាន​មក​ខ្ញុំ ឲ្យ​បម្រើ​ព្រះគ្រិស្ត‌យេស៊ូ​សម្រាប់​សាសន៍​ដទៃ។ ខ្ញុំ​ប្រកាស​ដំណឹង‌ល្អ​របស់​ព្រះ‌ជា‌ម្ចាស់ ជា​មុខងារ​មួយ​ដ៏​ពិសិដ្ឋ ដើម្បី​នាំ​សាសន៍​ដទៃ​មក​ថ្វាយ​ខ្លួន​ទុក​ជា​តង្វាយ ដែល​គាប់​ព្រះ‌ហឫទ័យ​ព្រះអង្គ និង​ជា​តង្វាយ​ដែល​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ​ប្រោស​ឲ្យ​វិសុទ្ធ។ ដោយ​ហេតុ​នេះ ខ្ញុំ​បាន​ខ្ពស់​មុខ​ដោយ​រួម​ជា​មួយ​ព្រះគ្រិស្ត‌យេស៊ូ ចំពោះ​កិច្ចការ​ដែល​ខ្ញុំ​ធ្វើ​ថ្វាយ​ព្រះ‌ជា‌ម្ចាស់​ ដ្បិត​ខ្ញុំ​មិន​ហ៊ាន​លើក​យក​អ្វី​ផ្សេង​មក​និយាយ ក្រៅ​ពី​ការ​ដែល​ព្រះ‌គ្រិស្ត​ធ្វើ​តាម​រយៈ​ខ្ញុំ ទោះ​បី​តាម​ពាក្យ​សម្ដី​ក្តី ឬ​តាម​កិច្ចការ​ក្តី ដើម្បី​នាំ​សាសន៍​ដទៃ​ឲ្យ​មក​ស្ដាប់​បង្គាប់​ព្រះ‌ជា‌ម្ចាស់​នោះ​ឡើយ។ ព្រះអង្គ​សម្តែង​ឫទ្ធា‌នុភាព​នៃ​ទី​សម្គាល់ និង​ឫទ្ធិ‌បាដិ‌ហារិយ៍ ព្រះអង្គ​សម្តែង​ឫទ្ធា‌នុភាព​របស់​ព្រះ‌វិញ្ញាណ។ ដូច្នេះ ខ្ញុំ​បាន​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ​របស់​ព្រះ‌គ្រិស្ត​សព្វ​គ្រប់ នៅ​គ្រប់​ទី​កន្លែង ចាប់​តាំង​ពី​ក្រុង​យេរូ‌សាឡឹម រហូត​ទៅ​ដល់​តំបន់​អ៊ីលី‌រីកុន​ ។ ប៉ុន្តែ ខ្ញុំ​បាន​តាំង​ចិត្ត​ប្រកាស​ដំណឹង‌ល្អ​តែ​នៅ​កន្លែង​ណា​ដែល​គេ​មិន​ទាន់​ឮ​ព្រះ‌នាម​ព្រះ‌គ្រិស្ត​នៅ​ឡើយ ដើម្បី​ចៀស‌វាង​សង់​ពី​លើ​គ្រឹះ​ដែល​អ្នក​ផ្សេង​បាន​ចាក់​រួច​មក​ហើយ គឺ​ឲ្យ​បាន​ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​មក​ថា: «អស់​អ្នក​ដែល​មិន​ទាន់​បាន​ទទួល​ដំណឹង អំពី​ព្រះអង្គ មុខ​ជា​ឃើញ ហើយ​អស់​អ្នក​ដែល​មិន​ទាន់​បាន​ឮ មុខ​ជា​បាន​យល់» ។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ