ព្រោះក្នុងចំណោមបងប្អូន គ្មាននរណាម្នាក់រស់ ឬស្លាប់សម្រាប់ខ្លួនឯងឡើយ ដ្បិតបើយើងរស់ យើងរស់សម្រាប់ព្រះអម្ចាស់ ហើយបើយើងស្លាប់ ក៏ស្លាប់សម្រាប់ព្រះអម្ចាស់ដែរ។ ទោះបីយើងរស់ក្ដី ស្លាប់ក្ដី យើងថ្វាយខ្លួនទៅព្រះអម្ចាស់ជានិច្ច ដ្បិតព្រះគ្រិស្តបានសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញ ដើម្បីធ្វើជាព្រះអម្ចាស់ទាំងលើមនុស្សស្លាប់ទាំងលើមនុស្សរស់។ រីឯអ្នក ហេតុដូចម្ដេចបានជាអ្នកថ្កោលទោសបងប្អូនរបស់អ្នក? ហេតុដូចម្ដេចបានជាអ្នកមើលងាយបងប្អូនរបស់អ្នក? យើងទាំងអស់គ្នានឹងទៅឈរនៅមុខតុលាការរបស់ព្រះជាម្ចាស់ ដ្បិតមានចែងទុកមកថា: ព្រះអម្ចាស់មានព្រះបន្ទូលថា ពិតដូចយើងមានជីវិតរស់យ៉ាងណា មនុស្សទាំងអស់ពិតជាលុតជង្គង់ថ្វាយបង្គំយើង ហើយប្រកាសទទួលស្គាល់ព្រះជាម្ចាស់ យ៉ាងនោះដែរ ។ ដូច្នេះ យើងត្រូវរៀបរាប់ទូលព្រះជាម្ចាស់នូវអំពើដែលខ្លួនយើងម្នាក់ៗបានប្រព្រឹត្ត។ ហេតុនេះហើយបានជាយើងត្រូវតែឈប់ថ្កោលទោសគ្នាទៅវិញទៅមក តែត្រូវប្ដេជ្ញាចិត្តថា មិនត្រូវធ្វើអ្វីដែលនាំឲ្យបងប្អូនជំពប់ដួល ឬរវាតចិត្តបាត់ជំនឿនោះឡើយ។ ដោយខ្ញុំរួមជាមួយព្រះអម្ចាស់យេស៊ូ ខ្ញុំដឹង ហើយជឿជាក់ថា គ្មានអ្វីមួយមិនបរិសុទ្ធ*ឯកឯងនោះទេ គឺទាល់តែមាននរណាម្នាក់ចាត់ទុកថាមិនបរិសុទ្ធ ទើបក្លាយទៅជាមិនបរិសុទ្ធ ចំពោះអ្នកដែលថានោះ។ ប្រសិនបើអ្នកនាំឲ្យបងប្អូនអ្នកពិបាកចិត្តព្រោះតែរឿងអាហារ នោះបានសេចក្ដីថា អ្នកមិនប្រព្រឹត្តតាមសេចក្ដីស្រឡាញ់ទៀតទេ។ មិនត្រូវយកអាហារមកធ្វើឲ្យនរណាម្នាក់វិនាសបាត់បង់ឲ្យសោះ ព្រោះព្រះគ្រិស្តបានសោយទិវង្គតសម្រាប់គេហើយ។ អ្វីៗដែលអ្នករាល់គ្នាយល់ថាល្អ មិនត្រូវទុកឲ្យគេមានឱកាសនិយាយនិន្ទាឡើយ ដ្បិតព្រះរាជ្យ*របស់ព្រះជាម្ចាស់មិនមែនអាស្រ័យនៅលើការស៊ីផឹកនោះទេ គឺអាស្រ័យនៅលើសេចក្ដីសុចរិត សេចក្ដីសុខសាន្ត និងអំណរដែលមកពីព្រះវិញ្ញាណដ៏វិសុទ្ធ។ អ្នកណាបម្រើព្រះគ្រិស្តរបៀបនេះ អ្នកនោះនឹងបានគាប់ព្រះហឫទ័យព្រះជាម្ចាស់ ហើយមនុស្សផងទាំងពួងក៏គោរពរាប់អានគេដែរ។ ដូច្នេះ យើងត្រូវស្វែងរកអ្វីដែលនាំឲ្យមានសេចក្ដីសុខ និងឲ្យមានការអប់រំគ្នាទៅវិញទៅមក។
អាន រ៉ូម 14
ស្ដាប់នូវ រ៉ូម 14
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: រ៉ូម 14:7-19
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ