រ៉ូម 11:1-10

រ៉ូម 11:1-10 គខប

ដូច្នេះ ខ្ញុំ​សូម​សួរ​ថា តើ​ព្រះ‌ជា‌ម្ចាស់​បាន​បោះ​បង់​ចោល​ប្រជា‌រាស្ដ្រ​របស់​ព្រះអង្គ​ហើយ​ឬ? ទេ ព្រះអង្គ​មិន​បោះ​បង់​ចោល​គេ​ទេ! ដ្បិត​ខ្លួន​ខ្ញុំ​ផ្ទាល់​ក៏​ជា​ជាតិ​អ៊ីស្រា‌អែល​ដែរ ខ្ញុំ​ជា​ពូជ‌ពង្ស​របស់​លោក​អប្រាហាំ កើត​ក្នុង​កុល‌សម្ព័ន្ធ*​បេន‌យ៉ាមីន។ ព្រះ‌ជា‌ម្ចាស់​ពុំ​បាន​បោះ​បង់​ប្រជា‌រាស្ដ្រ​របស់​ព្រះអង្គ ជា​ប្រជា‌រាស្ដ្រ​ដែល​ព្រះអង្គ​ជ្រើស​រើស​ទុក​ជា​មុន​នោះ​ឡើយ។ តើ​បងប្អូន​មិន​ជ្រាប​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ ស្ដី​អំពី​ព្យាការី*​អេលីយ៉ា​ទូល​ព្រះ‌ជា‌ម្ចាស់​ទាស់​នឹង​សាសន៍​អ៊ីស្រា‌អែល​ទេ​ឬ? គឺ​លោក​ទូល​ថា: «បពិត្រ​ព្រះ‌អម្ចាស់ ពួក​គេ​បាន​នាំ​គ្នា​សម្លាប់​ព្យាការី​ទាំង‌ឡាយ​របស់​ព្រះអង្គ និង​រំលំ​អាសនៈ​របស់​ព្រះអង្គ។ មាន​តែ​ទូល‌បង្គំ​ម្នាក់​គត់​ដែល​បាន​រួច​ខ្លួន តែ​ពួក​គេ​រក​ផ្ដាច់​ជីវិត​ទូល‌បង្គំ​ទៀត!»។ តើ​ព្រះ‌ជា‌ម្ចាស់​តប​ទៅ​លោក​វិញ​ដូច​ម្ដេច? គឺ​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា: «យើង​បាន​បម្រុង​ទុក​មនុស្ស​ប្រាំ‌ពីរ​ពាន់​នាក់ អ្នក​ទាំង​នេះ​ពុំ​បាន​លុត​ជង្គង់​ថ្វាយ‌បង្គំ​ព្រះ​បាល​ឡើយ» ។ រីឯ​បច្ចុប្បន្ន‌កាល​នេះ​ក៏​ដូច្នោះ​ដែរ គឺ​មាន​នៅ​សល់​មនុស្ស​មួយ​ចំនួន​ដែល​ព្រះ‌ជា‌ម្ចាស់​បាន​ជ្រើស​រើស ដោយ​សារ​ព្រះ‌គុណ​របស់​ព្រះអង្គ។ ប្រសិន​បើ​ព្រះអង្គ​ជ្រើស​រើស​គេ​ដោយ​សារ​ព្រះ‌គុណ​ដូច្នេះ បាន​សេចក្ដី​ថា មិន​មែន​មក​ពី​គេ​ប្រព្រឹត្ត​តាម​វិន័យ​ឡើយ។ បើ​មក​ពី​គេ​ប្រព្រឹត្ត​តាម​វិន័យ ព្រះ‌គុណ​លែង​មាន​លក្ខណៈ​ជា​ព្រះ‌គុណ​ទៀត​ហើយ​ ។ ដូច្នេះ តើ​យើង​ត្រូវ​គិត​ដូច​ម្ដេច? អ្វីៗ​ដែល​សាសន៍​អ៊ីស្រា‌អែល​ខំ​ស្វែង​រក​នោះ គេ​មិន​បាន​ទទួល​ទេ។ មាន​តែ​អ្នក​ដែល​ព្រះ‌ជា‌ម្ចាស់​ជ្រើស​រើស​ប៉ុណ្ណោះ ទើប​បាន​ទទួល រីឯ​អ្នក​ឯ​ទៀត ព្រះអង្គ​ធ្វើ​ឲ្យ​គេ​មាន​ចិត្ត​រឹង‌រូស​វិញ ដូច​មាន​ចែង​ទុក​មក​ថា: «ព្រះ‌ជា‌ម្ចាស់​ទ្រង់​ធ្វើ​ឲ្យ​គេ​មាន​វិញ្ញាណ ស្ពឹក‌ស្រពន់ ឲ្យ​ភ្នែក​គេ​មើល​ពុំ​ឃើញ និង​ឲ្យ​ត្រចៀក​គេ​ស្ដាប់​ពុំ​ឮ រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ» ​ ។ ព្រះ‌បាទ​ដាវីឌ​ក៏​មាន​រាជ‌ឱង្ការ​ថា: «សូម​ឲ្យ​តុ​ របស់​ពួក​គេ ក្លាយ​ទៅ​ជា​អន្ទាក់ ឬ​ជា​មង ដែល​នាំ​ឲ្យ​គេ​រវាត​ចិត្ត​បាត់​ជំនឿ និង​ឲ្យ​គេ​មាន​ទោស!។ សូម​ឲ្យ​ភ្នែក​របស់​គេ​ទៅ​ជា​ងងឹត មើល​លែង​ឃើញ ហើយ​សូម​ធ្វើ​ឲ្យ​គេ​កោង​ខ្នង រហូត​ត​ទៅ» ​ ។