បងប្អូនអើយ ខ្ញុំប៉ងប្រាថ្នាអស់ពីចិត្ត ចង់តែឲ្យសាសន៍អ៊ីស្រាអែលបានទទួលការសង្គ្រោះ ហើយខ្ញុំក៏ទូលអង្វរព្រះជាម្ចាស់ឲ្យពួកគេដែរ។ ខ្ញុំហ៊ានធ្វើជាសាក្សីថា ពួកគេមានចិត្តខ្នះខ្នែងបម្រើព្រះជាម្ចាស់ខ្លាំងណាស់ តែគេបម្រើទាំងល្ងិតល្ងង់ ។ ដោយពួកគេពុំស្គាល់របៀបដែលព្រះជាម្ចាស់ប្រោសមនុស្សលោកឲ្យសុចរិត ពួកគេខំប្រឹងធ្វើឲ្យខ្លួនសុចរិត ដោយខ្លួនគេផ្ទាល់ គឺពុំព្រមទទួលរបៀបដែលព្រះជាម្ចាស់ប្រោសមនុស្សឲ្យសុចរិតនេះទេ។ ក្រឹត្យវិន័យនាំមនុស្សឆ្ពោះទៅកាន់ព្រះគ្រិស្ត ដើម្បីឲ្យអស់អ្នកដែលជឿបានសុចរិត។ លោកម៉ូសេបានសរសេរទុកអំពីសេចក្ដីសុចរិតដែលមកពីក្រឹត្យវិន័យ*ថា: «អ្នកណាប្រតិបត្តិតាមអ្វីៗដែលមានចែងទុកក្នុងក្រឹត្យវិន័យ អ្នកនោះនឹងមានជីវិតដោយសារអំពើទាំងនោះ» ។ ចំពោះសេចក្ដីសុចរិតដែលមកពីជំនឿវិញ មានចែងថា «អ្នកមិនត្រូវសួរក្នុងចិត្តថា តើអ្នកណានឹងឡើងទៅស្ថានបរមសុខ?» គឺថា ដើម្បីនឹងនាំព្រះគ្រិស្តចុះមក «តើអ្នកណានឹងចុះទៅស្ថានក្រោម?» គឺថា ដើម្បីនាំព្រះគ្រិស្តឡើងពីចំណោមមនុស្សស្លាប់មក តែក្នុងគម្ពីរមានចែងដូចម្ដេច? គឺមានចែងថា «ព្រះបន្ទូលស្ថិតនៅក្បែរអ្នក នៅក្នុងមាត់អ្នក និងនៅក្នុងចិត្តអ្នកដែរ» ។ ព្រះបន្ទូលនេះជាព្រះបន្ទូលស្ដីអំពីជំនឿដែលយើងប្រកាស។ ប្រសិនបើមាត់អ្នកប្រកាសថា ព្រះយេស៊ូពិតជាព្រះអម្ចាស់ ហើយបើចិត្តអ្នកជឿថា ព្រះជាម្ចាស់ពិតជាបានប្រោសព្រះយេស៊ូឲ្យមានព្រះជន្មរស់ឡើងវិញមែន នោះអ្នកនឹងទទួលការសង្គ្រោះជាមិនខាន ដ្បិតបើចិត្តយើងជឿ យើងនឹងបានសុចរិត ហើយបើមាត់យើងប្រកាសជំនឿនោះយើងនឹងទទួលការសង្គ្រោះ ដូចមានថ្លែងទុកក្នុងគម្ពីរថា «អ្នកណាជឿលើព្រះអង្គ អ្នកនោះមុខជាមិនខកចិត្តឡើយ» ។ ដូច្នេះ សាសន៍យូដា និងសាសន៍ក្រិក មិនប្លែកពីគ្នាត្រង់ណាទេ គេទាំងអស់គ្នាមានព្រះអម្ចាស់តែមួយ ដែលមានព្រះហឫទ័យទូលាយដល់អស់អ្នកអង្វររកព្រះអង្គ ដ្បិត «អ្នកណាអង្វររកព្រះនាមព្រះអម្ចាស់ អ្នកនោះនឹងទទួលការសង្គ្រោះ» ។ ប៉ុន្តែ ឲ្យគេអង្វររកព្រះអង្គដូចម្ដេចកើត បើគេមិនជឿ? ឲ្យគេជឿលើព្រះអង្គដូចម្ដេចកើត បើគេមិនដែលឮព្រះអង្គមានព្រះបន្ទូល? ឲ្យគេឮដូចម្ដេចកើត បើគ្មាននរណាប្រកាស? ឲ្យមានអ្នកប្រកាសដូចម្ដេចកើត បើគ្មាននរណាចាត់ឲ្យទៅប្រកាសផងនោះ? ដូចមានចែងទុកថា: «មើល៍ អ្នកដែលធ្វើដំណើរនាំដំណឹងដ៏ល្អៗមក ប្រសើររុងរឿងណាស់ហ្ន៎!» ។ ប៉ុន្តែ មិនមែនមនុស្សគ្រប់គ្នាទេដែលព្រមស្ដាប់តាមដំណឹងល្អ ដូចព្យាការី*អេសាយបានថ្លែងទុកមកថា: «បពិត្រព្រះអម្ចាស់ តើនរណាជឿសេចក្ដីដែលយើងនិយាយឲ្យស្ដាប់?» ។ ដូច្នេះ ជំនឿកើតមកពីសេចក្ដីដែលយើងបានស្ដាប់ រីឯសេចក្ដីដែលយើងបានស្ដាប់នោះកើតមកពីព្រះបន្ទូលរបស់ព្រះគ្រិស្ត ។ ប៉ុន្តែ ខ្ញុំសូមសួរថា តើពួកគេមិនដែលបានឮទេឬ? ទេ ពួកគេប្រាកដជាបានឮហើយ! «សំឡេងរបស់គេបានឮខ្ចរខ្ចាយពាសពេញ លើផែនដីទាំងមូល ហើយពាក្យសម្ដីរបស់គេបានឮខ្ចរខ្ចាយ រហូតដល់ស្រុកដាច់ស្រយាលនៃពិភពលោក» ។ ខ្ញុំសូមសួរទៀតថា តើសាសន៍អ៊ីស្រាអែលមិនបានយល់ទេឬ? លោកម៉ូសេបានថ្លែងមុនគេថា: «យើងនឹងធ្វើឲ្យអ្នករាល់គ្នាច្រណែន នឹងពួកអ្នកដែលមិនមែនជាប្រជាជាតិមួយ ដ៏ពិតប្រាកដ យើងនឹងធ្វើឲ្យអ្នករាល់គ្នាមានកំហឹង នឹងជាតិសាសន៍មួយដ៏ល្ងីល្ងើ» ។ រីឯព្យាការីអេសាយ លោកហ៊ាននិយាយលើសពីនេះទៅទៀតថា: «អស់អ្នកដែលមិនស្វែងរកយើង គេបានរកយើងឃើញ ហើយអស់អ្នកដែលមិនសុំអ្វីពីយើង យើងបានបង្ហាញខ្លួនឲ្យគេឃើញច្បាស់» ។ ចំពោះជនជាតិអ៊ីស្រាអែលវិញ លោកបានថ្លែងថា: «មួយថ្ងៃវាល់ល្ងាច យើងបានលូកដៃទៅរក ប្រជារាស្ត្រដែលមិនស្ដាប់បង្គាប់ ហើយចេះតែប្រកែកជំទាស់» ។
អាន រ៉ូម 10
ស្ដាប់នូវ រ៉ូម 10
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: រ៉ូម 10:1-21
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ