រ៉ូម 10:1-21

រ៉ូម 10:1-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បង‌ប្អូន​អើយ ខ្ញុំ​មាន​ចិត្ត​ប្រាថ្នា ហើយ​អធិស្ឋាន​ដល់​ព្រះ ឲ្យ​សាសន៍​អ៊ីស្រា‌អែល គឺ​ឲ្យ​គេ​បាន​សង្គ្រោះ។ ខ្ញុំ​អាច​ធ្វើ​បន្ទាល់​បាន​ថា គេ​មាន​សេចក្តី​ឧស្សាហ៍​ដល់​ព្រះ ប៉ុន្តែ មិន​មែន​ដោយ​ប្រាជ្ញា​ទេ។ ដ្បិត​ដោយ​មិន​យល់​សេចក្តី​សុចរិត​ដែល​មក​ពី​ព្រះ ហើយ​ខំ​ប្រឹង​តាំង​សេចក្តី​សុចរិត​ដោយ​ខ្លួន​ឯង នោះ​គេ​មិន​បាន​ចុះ​ចូល​តាម​សេចក្តី​សុចរិត​របស់​ព្រះ​ឡើយ។ ដ្បិត​ព្រះ‌គ្រីស្ទ​ជា​ចុង​បំផុត​នៃ​ក្រឹត្យ‌វិន័យ ដើម្បី​ឲ្យ​បាន​រាប់​ជា​សុចរិត ដល់​អស់​អ្នក​ដែល​ជឿ។ លោក​ម៉ូសេ​បាន​ចែង​ពី​សេចក្តី​សុចរិត ដែល​មក​ពី​ក្រឹត្យ‌វិន័យ​ថា «អ្នក​ដែល​ប្រព្រឹត្ត​តាម​សេចក្តី​ទាំង​នេះ អ្នក​នោះ​នឹង​រស់​នៅ​ដោយ​សារ​សេចក្ដី​ទាំង​នោះ​ឯង» ។ តែ​សេចក្តី​សុចរិត​ដែល​មក​ពី​ជំនឿ ចែង​ថា «កុំ​ឲ្យ​គិត​ក្នុង​ចិត្ត​ថា "តើ​អ្នក​ណា​នឹង​ឡើង​ទៅ​ស្ថាន‌សួគ៌"» (គឺ​ដើម្បី​នាំ​ព្រះ‌គ្រីស្ទ​ចុះ​មក) «ឬ "តើ​អ្នក​ណា​នឹង​ចុះ​ទៅ​ក្នុង​ជង្ហុក​ធំ"» (គឺ​ដើម្បី​នាំ​ព្រះ‌គ្រីស្ទ​ឡើង​ពី​ពួក​មនុស្ស​ស្លាប់) នោះ​ឡើយ។ ប៉ុន្ដែ តើ​បទ​គម្ពីរ​ចែង​ដូច​ម្តេច? គឺ​ចែង​ថា៖ «ព្រះ‌បន្ទូល​នៅ​ក្បែរ​អ្នក នៅ​ក្នុង​មាត់​អ្នក ហើយ​នៅ​ក្នុង​ចិត្ត​អ្នក​ផង» (នោះ​គឺ ព្រះ‌បន្ទូល​នៃ​ជំនឿ ដែល​យើង​ប្រកាស)។ ព្រោះ បើ​មាត់​អ្នក​ប្រកាស​ថា ព្រះ‌យេស៊ូវ​ជា​ព្រះ‌អម្ចាស់ ហើយ​ជឿ​ក្នុង​ចិត្ត​ថា ព្រះ​បាន​ប្រោស​ឲ្យ​ព្រះ‌អង្គ​មាន​ព្រះជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ នោះ​អ្នក​នឹង​បាន​សង្គ្រោះ។ ដ្បិត​យើង​បាន​សុចរិត​ដោយ​មាន​ចិត្ត​ជឿ ហើយ​បាន​សង្រ្គោះ​ដោយ​មាត់​ប្រកាស​ប្រាប់។ គម្ពីរ​ចែង​ថា៖ «អ្នក​ណា​ជឿ​ដល់​ព្រះ‌អង្គ អ្នក​នោះ​មិន​ត្រូវ​ខ្មាស​ឡើយ» ។ សាសន៍​យូដា និង​សាសន៍​ក្រិក​គ្មាន​អ្វី​ខុស​គ្នា​ឡើយ ព្រោះ​ព្រះ‌អម្ចាស់​ដដែល​ជា​ព្រះ‌អម្ចាស់​របស់​មនុស្ស​ទាំង​អស់ ហើយ​ទ្រង់​មាន​ព្រះ‌‌ហឫ‌ទ័យ​ទូលាយ ដល់​អស់​អ្នក​ដែល​អំពាវ‌នាវ​រក​ព្រះ‌អង្គ ដ្បិត «អស់​អ្នក​ដែល​អំពាវ‌នាវ​រក​ព្រះ‌នាម​ព្រះ‌អម្ចាស់ អ្នក‌នោះ​នឹង​បាន​សង្គ្រោះ »។ ប៉ុន្តែ ធ្វើ​ដូច​ម្ដេច​ឲ្យ​គេ​អំពាវ‌នាវ​រក​ព្រះ‌អង្គ​បាន បើ​គេ​មិន​ជឿ? ធ្វើ​ដូច​ម្ដេច​ឲ្យ​គេ​ជឿ​ដល់​ព្រះ‌អង្គ​បាន បើ​គេ​មិន​ដែល​ឮ? ហើយ​ធ្វើ​ដូច​ម្ដេច​ឲ្យ​គេ​ឮ​បាន បើ​គ្មាន​អ្នក​ណា​ប្រកាស? មួយ​ទៀត ធ្វើ​ដូច​ម្តេច​ឲ្យ​មាន​អ្នក​ប្រកាស​បាន បើ​គ្មាន​អ្នក​ណា​ចាត់​គេ​ឲ្យ​ទៅ? ដូច​មាន​សេចក្តី​ចែង​ទុក​មក​ថា៖ «ជើង​របស់​អស់​អ្នក​ដែល​នាំ​ដំណឹង​ល្អ [ពី​សេចក្តី​សុខ​សាន្ត ហើយ​នាំ​ដំណឹង​ដែល​បណ្ដាល​ឲ្យ​ចិត្ត​រីក‌រាយ ] នោះ​ល្អ​ណាស់​ហ្ន៎!» ។ ប៉ុន្តែ មិន​មែន​មនុស្ស​គ្រប់​គ្នា​បាន​ស្តាប់​តាម​ដំណឹង​ល្អ​ទេ ដ្បិត​លោក​អេសាយ​ថ្លែង​ថា «ឱ​ព្រះ‌អម្ចាស់​អើយ តើ​អ្នក​ណា​បាន​ជឿ​សេចក្តី​ដែល​យើង​និយាយ» ។ ដូច្នេះ ជំនឿ​កើត​ឡើង​ដោយ​សេចក្ដី​ដែល​បាន​ឮ ហើយ​សេចក្ដី​ដែល​បាន​ឮ​នោះ គឺ​ដោយ​សារ​ព្រះ‌បន្ទូល​របស់​ព្រះ‌គ្រីស្ទ ។ ប៉ុន្តែ ខ្ញុំ​សួរ​ថា តើ​គេ​មិន​បាន​ឮ​ទេ​ឬ? ប្រាកដ​មែន គេ​បាន​ឮ ដ្បិត «សំឡេង​របស់​គេ​បាន​ចេញ​ទៅ​ពាស​ពេញ​លើ​ផែន​ដី ហើយ​ពាក្យ​របស់​គេ​បាន​ឮ​រហូត​ដល់​ចុង​បំផុត​នៃ​ពិភព‌លោក» ។ ប៉ុន្តែ ខ្ញុំ​សួរ​ទៀត​ថា តើ​សាសន៍​អ៊ីស្រា‌អែល​មិន​បាន​យល់​ទេ​ឬ? លោក​ម៉ូសេ​ថ្លែង​មុន​គេ​ថា៖ «យើង​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ច្រណែន​នឹង​ពួក​អ្នក ដែល​មិន​មែន​ជា​សាសន៍​ណា​មួយ យើង​នឹង​ធ្វើ​ឲ្យ​អ្នក​ខឹង​នឹង​សាសន៍​មួយ​ដែល​ឥត​ប្រាជ្ញា» ។ លោក​អេសាយ​មាន​ចិត្ត​ក្លា‌ហាន ហើយ​ហ៊ាន​និយាយ​ទៀត​ថា៖ «ពួក​អ្នក​ដែល​មិន​បាន​ស្វែង​រក​យើង គេ​បាន​រក​យើង​ឃើញ ពួក​អ្នក​ដែល​មិន​សួរ​រក​យើង យើង​បាន​បង្ហាញ​ឲ្យ​គេ​ឃើញ» ។ ប៉ុន្ដែ ពី​ដំណើរ​សាសន៍​អ៊ីស្រា‌អែល​វិញ លោក​ថ្លែង​ថា៖ «យើង​បាន​លូក​ដៃ​វាល់​ព្រឹក​វាល់​ល្ងាច ទៅ​រក​ប្រជា​រាស្ត្រ​មួយ​ដែល​មិន​ស្តាប់​បង្គាប់ ហើយ​ចេះ​តែ​ជំទាស់» ។

ចែក​រំលែក
អាន រ៉ូម 10

រ៉ូម 10:1-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បងប្អូន​អើយ ខ្ញុំ​ប៉ង‌ប្រាថ្នា​អស់​ពី​ចិត្ត ចង់​តែ​ឲ្យ​សាសន៍​អ៊ីស្រា‌អែល​បាន​ទទួល​ការ​សង្គ្រោះ ហើយ​ខ្ញុំ​ក៏​ទូល‌អង្វរ​ព្រះ‌ជា‌ម្ចាស់​ឲ្យ​ពួក​គេ​ដែរ។ ខ្ញុំ​ហ៊ាន​ធ្វើ​ជា​សាក្សី​ថា ពួក​គេ​មាន​ចិត្ត​ខ្នះ‌ខ្នែង​បម្រើ​ព្រះ‌ជា‌ម្ចាស់​ខ្លាំង​ណាស់ តែ​គេ​បម្រើ​ទាំង​ល្ងិត​ល្ងង់​ ។ ដោយ​ពួក​គេ​ពុំ​ស្គាល់​របៀប​ដែល​ព្រះ‌ជា‌ម្ចាស់​ប្រោស​មនុស្ស​លោក​ឲ្យ​សុចរិត ពួក​គេ​ខំ​ប្រឹង​ធ្វើ​ឲ្យ​ខ្លួន​សុចរិត ដោយ​ខ្លួន​គេ​ផ្ទាល់ គឺ​ពុំ​ព្រម​ទទួល​របៀប​ដែល​ព្រះ‌ជា‌ម្ចាស់​ប្រោស​មនុស្ស​ឲ្យ​សុចរិត​នេះ​ទេ។ ក្រឹត្យ‌វិន័យ​នាំ​មនុស្ស​ឆ្ពោះ​ទៅ​កាន់​ព្រះ‌គ្រិស្ត​ ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ជឿ​បាន​សុចរិត។ លោក​ម៉ូសេ​បាន​សរសេរ​ទុក​អំពី​សេចក្ដី​សុចរិត​ដែល​មក​ពី​ក្រឹត្យ‌វិន័យ*​ថា: «អ្នក​ណា​ប្រតិបត្តិ​តាម​អ្វីៗ​ដែល​មាន​ចែង​ទុក​ក្នុង​ក្រឹត្យ‌វិន័យ អ្នក​នោះ​នឹង​មាន​ជីវិត​ដោយ‌សារ​អំពើ​ទាំង​នោះ» ​ ។ ចំពោះ​សេចក្ដី​សុចរិត​ដែល​មក​ពី​ជំនឿ​វិញ មាន​ចែង​ថា «អ្នក​មិន​ត្រូវ​សួរ​ក្នុង​ចិត្ត​ថា តើ​អ្នក​ណា​នឹង​ឡើង​ទៅ​ស្ថាន​បរម‌សុខ?» គឺ​ថា ដើម្បី​នឹង​នាំ​ព្រះ‌គ្រិស្ត​ចុះ​មក «តើ​អ្នក​ណា​នឹង​ចុះ​ទៅ​ស្ថាន​ក្រោម?» ​ គឺ​ថា ដើម្បី​នាំ​ព្រះ‌គ្រិស្ត​ឡើង​ពី​ចំណោម​មនុស្ស​ស្លាប់​មក តែ​ក្នុង​គម្ពីរ​មាន​ចែង​ដូច​ម្ដេច? គឺ​មាន​ចែង​ថា «ព្រះ‌បន្ទូល​ស្ថិត​នៅ​ក្បែរ​អ្នក នៅ​ក្នុង​មាត់​អ្នក និង​នៅ​ក្នុង​ចិត្ត​អ្នក​ដែរ» ​ ។ ព្រះ‌បន្ទូល​នេះ​ជា​ព្រះ‌បន្ទូល​ស្ដី​អំពី​ជំនឿ​ដែល​យើង​ប្រកាស។ ប្រសិន​បើ​មាត់​អ្នក​ប្រកាស​ថា ព្រះ‌យេស៊ូ​ពិត​ជា​ព្រះ‌អម្ចាស់ ហើយ​បើ​ចិត្ត​អ្នក​ជឿ​ថា ព្រះ‌ជា‌ម្ចាស់​ពិត​ជា​បាន​ប្រោស​ព្រះ‌យេស៊ូ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​មែន នោះ​អ្នក​នឹង​ទទួល​ការ​សង្គ្រោះ​ជា​មិន​ខាន ដ្បិត​បើ​ចិត្ត​យើង​ជឿ យើង​នឹង​បាន​សុចរិត ហើយ​បើ​មាត់​យើង​ប្រកាស​ជំនឿ​នោះ​យើង​នឹង​ទទួល​ការ​សង្គ្រោះ ដូច​មាន​ថ្លែង​ទុក​ក្នុង​គម្ពីរ​ថា «អ្នក​ណា​ជឿ​លើ​ព្រះអង្គ អ្នក​នោះ​មុខ​ជា​មិន​ខក​ចិត្ត​ឡើយ» ។ ដូច្នេះ សាសន៍​យូដា និង​សាសន៍​ក្រិក មិន​ប្លែក​ពី​គ្នា​ត្រង់​ណា​ទេ គេ​ទាំង​អស់​គ្នា​មាន​ព្រះ‌អម្ចាស់​តែ​មួយ ដែល​មាន​ព្រះ‌ហឫទ័យ​ទូលាយ​ដល់​អស់​អ្នក​អង្វរ​រក​ព្រះអង្គ ដ្បិត «អ្នក​ណា​អង្វរ​រក​ព្រះ‌នាម​ព្រះ‌អម្ចាស់ អ្នក​នោះ​នឹង​ទទួល​ការ​សង្គ្រោះ» ​ ។ ប៉ុន្តែ ឲ្យ​គេ​អង្វរ​រក​ព្រះអង្គ​ដូច​ម្ដេច​កើត បើ​គេ​មិន​ជឿ? ឲ្យ​គេ​ជឿ​លើ​ព្រះអង្គ​ដូច​ម្ដេច​កើត បើ​គេ​មិន​ដែល​ឮ​ព្រះអង្គ​មាន​ព្រះ‌បន្ទូល? ឲ្យ​គេ​ឮ​ដូច​ម្ដេច​កើត បើ​គ្មាន​នរណា​ប្រកាស? ឲ្យ​មាន​អ្នក​ប្រកាស​ដូច​ម្ដេច​កើត បើ​គ្មាន​នរណា​ចាត់​ឲ្យ​ទៅ​ប្រកាស​ផង​នោះ? ដូច​មាន​ចែង​ទុក​ថា: «មើល៍ អ្នក​ដែល​ធ្វើ​ដំណើរ​នាំ​ដំណឹង​ដ៏​ល្អៗ​មក ប្រសើរ​រុងរឿង​ណាស់​ហ្ន៎!» ​ ។ ប៉ុន្តែ មិន​មែន​មនុស្ស​គ្រប់​គ្នា​ទេ​ដែល​ព្រម​ស្ដាប់​តាម​ដំណឹង‌ល្អ ដូច​ព្យាការី*​អេសាយ​បាន​ថ្លែង​ទុក​មក​ថា: «បពិត្រ​ព្រះ‌អម្ចាស់ តើ​នរណា​ជឿ​សេចក្ដី​ដែល​យើង​និយាយ​ឲ្យ​ស្ដាប់?» ​ ។ ដូច្នេះ ជំនឿ​កើត​មក​ពី​សេចក្ដី​ដែល​យើង​បាន​ស្ដាប់ រីឯ​សេចក្ដី​ដែល​យើង​បាន​ស្ដាប់​នោះ​កើត​មក​ពី​ព្រះ‌បន្ទូល​របស់​ព្រះ‌គ្រិស្ត​ ។ ប៉ុន្តែ ខ្ញុំ​សូម​សួរ​ថា តើ​ពួក​គេ​មិន​ដែល​បាន​ឮ​ទេ​ឬ? ទេ ពួក​គេ​ប្រាកដ​ជា​បាន​ឮ​ហើយ! «សំឡេង​របស់​គេ​បាន​ឮ​ខ្ចរ‌ខ្ចាយ​ពាស‌ពេញ លើ​ផែនដី​ទាំង​មូល ហើយ​ពាក្យ​សម្ដី​របស់​គេ​បាន​ឮ​ខ្ចរ​ខ្ចាយ រហូត​ដល់​ស្រុក​ដាច់​ស្រយាល​នៃ​ពិភព​លោក» ។ ខ្ញុំ​សូម​សួរ​ទៀត​ថា តើ​សាសន៍​អ៊ីស្រា‌អែល​មិន​បាន​យល់​ទេ​ឬ? លោក​ម៉ូសេ​បាន​ថ្លែង​មុន​គេ​ថា: «យើង​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ច្រណែន នឹង​ពួក​អ្នក​ដែល​មិន​មែន​ជា​ប្រជា‌ជាតិ​មួយ ដ៏​ពិត​ប្រាកដ យើង​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​មាន​កំហឹង នឹង​ជាតិ​សាសន៍​មួយ​ដ៏​ល្ងី‌ល្ងើ» ​ ។ រីឯ​ព្យាការី​អេសាយ លោក​ហ៊ាន​និយាយ​លើស​ពី​នេះ​ទៅ​ទៀត​ថា: «អស់​អ្នក​ដែល​មិន​ស្វែង​រក​យើង គេ​បាន​រក​យើង​ឃើញ ហើយ​អស់​អ្នក​ដែល​មិន​សុំ​អ្វី​ពី​យើង យើង​បាន​បង្ហាញ​ខ្លួន​ឲ្យ​គេ​ឃើញ​ច្បាស់» ។ ចំពោះ​ជន‌ជាតិ​អ៊ីស្រា‌អែល​វិញ លោក​បាន​ថ្លែង​ថា: «មួយ​ថ្ងៃ​វាល់​ល្ងាច យើង​បាន​លូក​ដៃ​ទៅ​រក ប្រជា‌រាស្ត្រ​ដែល​មិន​ស្ដាប់​បង្គាប់ ហើយ​ចេះ​តែ​ប្រកែក​ជំទាស់» ។

ចែក​រំលែក
អាន រ៉ូម 10

រ៉ូម 10:1-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

បង​ប្អូន​អើយ បំណង​ចិត្ត​ខ្ញុំ នឹង​សេចក្ដី​ដែល​ខ្ញុំ​អង្វរ​ដល់​ព្រះ ឲ្យ​សាសន៍​អ៊ីស្រាអែល នោះ​គឺ​ឲ្យ​គេ​បាន​សង្គ្រោះ ដ្បិត​ខ្ញុំ​ធ្វើ​បន្ទាល់​ពី​គេ​ថា គេ​មាន​សេចក្ដី​ឧស្សាហ៍​ដល់​ព្រះ ប៉ុន្តែ មិន​មែន​ដោយ​ប្រាជ្ញា​ទេ ពី​ព្រោះ​គេ​មិន​បាន​ចុះ​ចូល តាម​សេចក្ដី​សុចរិត​នៃ​ព្រះ ដោយ​គេ​រក​តាំង​សេចក្ដី​សុចរិត​របស់​ខ្លួន​គេ ឥត​ស្គាល់​សេចក្ដី​សុចរិត​របស់​ទ្រង់​ឡើយ ដ្បិត​ព្រះ‌គ្រីស្ទ​ជា​ចុង​បំផុត​នៃ​ក្រិត្យ‌វិន័យ សំរាប់​ជា​សេចក្ដី​សុចរិត​ដល់​អស់​អ្នក​ណា​ដែល​ជឿ។ លោក​ម៉ូសេ​បាន​ចែង​ពី​សេចក្ដី​សុចរិត ដែល​មក​ដោយ‌សារ​ក្រិត្យ‌វិន័យ​ថា «មនុស្ស​ណា​ដែល​បាន​ប្រព្រឹត្ត​តាម​សេចក្ដី​ទាំង​នោះ នឹង​រស់​នៅ​ដោយ‌សារ​ការ​ខ្លួន​ប្រព្រឹត្ត​នោះ​ឯង» តែ​សេចក្ដី​សុចរិត​ដែល​មក​ដោយ​សេចក្ដី​ជំនឿ នោះ​ថា​ដូច្នេះ​វិញ គឺ​កុំ​ឲ្យ​គិត​ក្នុង​ចិត្ត​ថា «តើ​អ្នក​ណា​នឹង​ឡើង​ទៅ​ឯ​ស្ថាន‌សួគ៌» គឺ​ដើម្បី​នឹង​នាំ​ព្រះ‌គ្រីស្ទ​ចុះ​មក ឬ «តើ​អ្នក​ណា​នឹង​ចុះ​ទៅ​ក្នុង​ជង្ហុក​ធំ» គឺ​ដើម្បី​នឹង​នាំ​ព្រះ‌គ្រីស្ទ​ពី​ពួក​ស្លាប់​ឡើង​មក​នោះ​ឡើយ តែ​សេចក្ដី​សុចរិត​នោះ តើ​ថា​ដូច​ម្តេច នោះ​ថា «ព្រះ‌បន្ទូល​នៅ​ជិត​ឯង ក៏​នៅ​ក្នុង​មាត់ ហើយ​ក្នុង​ចិត្ត​ឯង​ផង» នោះ​គឺ​ជា​ព្រះ‌បន្ទូល​នៃ​សេចក្ដី​ជំនឿ ដែល​យើង​ខ្ញុំ​កំពុង​តែ​ប្រកាស​ប្រាប់​ថា បើ​មាត់​អ្នក​នឹង​ទទួល​ថ្លែង​ប្រាប់​ពី​ព្រះ‌អម្ចាស់​យេស៊ូវ ហើយ​អ្នក​ជឿ​ក្នុង​ចិត្ត​ថា ព្រះ​បាន​ប្រោស​ឲ្យ​ទ្រង់​រស់​ពី​ស្លាប់​ឡើង​វិញ នោះ​អ្នក​នឹង​បាន​សង្គ្រោះ​ពិត ដ្បិត​យើង​បាន​សុចរិត ដោយ​មាន​ចិត្ត​ជឿ ហើយ​ក៏​បាន​សង្គ្រោះ ដោយ​មាត់​ទទួល​ថ្លែង​ប្រាប់ ពី​ព្រោះ​គម្ពីរ​ថា «អស់​អ្នក​ណា​ដែល​ជឿ​ដល់​ទ្រង់ នោះ​នឹង​គ្មាន​ហេតុ​នាំ​ឲ្យ​ខ្មាស​ឡើយ» ហើយ​សាសន៍​យូដា នឹង​សាសន៍​ក្រេក​មិន​ខុស​អំពី​គ្នា​ឡើយ ដ្បិត​ព្រះ‌អម្ចាស់​ដដែល​នៃ​គ្រប់​គ្នា ទ្រង់​មាន​ជា​បរិបូរ សំរាប់​អស់​អ្នក​ណា​ដែល​អំពាវ‌នាវ​រក​ទ្រង់ ហើយ​គ្រប់​គ្នា គឺ​អស់​អ្នក​ណា​ដែល​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌អម្ចាស់ នោះ​នឹង​បាន​សង្គ្រោះ ដូច្នេះ បើ​គេ​មិន​ជឿ ធ្វើ​ដូច​ម្តេច​ឲ្យ​គេ​អំពាវ‌នាវ​ដល់​ព្រះ​បាន ហើយ​បើ​គេ​មិន​បាន​ឮ​និយាយ នោះ​ធ្វើ​ដូច​ម្តេច​ឲ្យ​គេ​ជឿ​ដល់​ព្រះ​បាន ហើយ​ធ្វើ​ដូច​ម្តេច​ឲ្យ​គេ​ឮ​និយាយ​បាន បើ​គ្មាន​អ្នក​ណា​ប្រាប់​សោះ មួយ​ទៀត ធ្វើ​ដូច​ម្តេច​ឲ្យ​មាន​អ្នក​ណា​ប្រាប់​បាន លើក​តែ​មាន​អ្នក​ណា​ចាត់​ឲ្យ​គេ​ទៅ ដូច​ជា​មាន​សេចក្ដី​ចែង​ទុក​មក​ថា «ជើង​នៃ​ពួក​អ្នក​ដែល​ប្រកាស​ប្រាប់​ដំណឹង​ល្អ ពី​សេចក្ដី​សុខ‌សាន្ត ហើយ​ថ្លែង​ប្រាប់​ពី​សេចក្ដី​ដែល​បណ្តាល​ឲ្យ​រីក‌រាយ​ចិត្ត នោះ​ល្អ​ប្រពៃ​យ៉ាង​ណា​ហ្ន៎»។ ប៉ុន្តែ គេ​មិន​បាន​ស្តាប់​តាម​ដំណឹង​ល្អ​ទាំង​អស់​គ្នា​ទេ ដ្បិត​លោក​អេសាយ​មាន​ប្រសាសន៍​ថា «ឱ​ព្រះ‌អម្ចាស់​អើយ តើ​មាន​អ្នក​ណា​ខ្លះ បាន​ជឿ​សេចក្ដី ដែល​យើង​ខ្ញុំ​ប្រាប់» ដូច្នេះ សេចក្ដី​ជំនឿ​កើត​ឡើង​ដោយ​ឮ ហើយ​ដែល​ឮ​នោះ គឺ​ដោយ‌សារ​ព្រះ‌បន្ទូល​នៃ​ព្រះ តែ​ខ្ញុំ​សួរ​ថា តើ​គេ​មិន​បាន​ឮ​ទេ​ឬ​អី បាន​ឮ​មែន «សំឡេង​នោះ​បាន​ចេញ​ទៅ​ដល់​គ្រប់​លើ​ផែនដី ហើយ​ពាក្យ​នោះ​បាន​ឮ​ទៅ​ដល់​ចុង​លោកីយ​បំផុត» ប៉ុន្តែ ខ្ញុំ​សួរ​ទៀត​ថា តើ​សាសន៍​អ៊ីស្រាអែល​មិន​បាន​ដឹង​ទេ​ឬ​អី លោក​ម៉ូសេ​មាន​ប្រសាសន៍​ជា​មុន​ថា «អញ​នឹង​បណ្តាល​ឲ្យ​ឯង​រាល់​គ្នា​មាន​ចិត្ត​ច្រណែន ដោយ‌សារ​ពួក​មនុស្ស ដែល​មិន​មែន​ជា​សាសន៍​ណា​ទេ ហើយ​នាំ​ឲ្យ​ឯង​ខឹង ដោយ‌សារ​សាសន៍​១​ដែល​ឥត​ប្រាជ្ញា» លោក​អេសាយ​ក៏​មាន​ចិត្ត​ក្លាហាន​ណាស់ នឹង​មាន​ប្រសាសន៍​ថា «ពួក​អ្នក​ដែល​មិន​ស្វែង​រក​អញ នោះ​បាន​ឃើញ​អញ​ហើយ អញ​បាន​សំដែង​មក​ច្បាស់​ឲ្យ​ពួក​អ្នក ដែល​មិន​សួរ​រក​អញ​បាន​ឃើញ» ក៏​មាន​ប្រសាសន៍​ពី​ដំណើរ​សាសន៍​អ៊ីស្រាអែល​ថា «អញ​បាន​លូក​ដៃ​អញ​វាល់​ព្រឹក​វាល់​ល្ងាច ទៅ​ឯ​សាសន៍​១​ដែល​មិន​ស្តាប់​បង្គាប់ ហើយ​ចេះ​តែ​និយាយ​ទាស់​ទទឹង»។

ចែក​រំលែក
អាន រ៉ូម 10