ព្រះជាម្ចាស់សម្តែងព្រះពិរោធ ពីស្ថានបរមសុខ*មក ប្រឆាំងនឹងការមិនគោរពប្រណិប័តន៍ព្រះអង្គ ប្រឆាំងនឹងអំពើទុច្ចរិតគ្រប់យ៉ាងដែលមនុស្សលោកប្រព្រឹត្ត ទាំងយកអំពើទុច្ចរិតនោះខ្ទប់សេចក្ដីពិតមិនឲ្យលេចចេញមក ដ្បិតអ្វីៗដែលមនុស្សលោកអាចស្គាល់ពីព្រះជាម្ចាស់ នោះមានជាក់ច្បាស់ក្នុងចំណោមពួកគេហើយ ព្រោះព្រះអង្គបានសម្តែងឲ្យគេឃើញ។ លក្ខណៈដ៏ប្រសើរបំផុតរបស់ព្រះអង្គ ដែលមនុស្សមើលពុំឃើញ គឺឫទ្ធានុភាពដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចក្តី ឬឋានៈរបស់ព្រះអង្គជាព្រះជាម្ចាស់ក្តី ព្រះអង្គបានសម្តែងឲ្យគេឃើញ តាំងពីកំណើតពិភពលោកមកម៉្លេះ នៅពេលណាដែលគេរិះគិតអំពីស្នាព្រះហស្ដរបស់ព្រះអង្គ។ ដូច្នេះ គេពុំអាចដោះសាខ្លួនបានឡើយ ដ្បិតគេបានស្គាល់ព្រះជាម្ចាស់ តែពុំបានលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ឲ្យសមនឹងឋានៈរបស់ព្រះជាម្ចាស់ទេ ហើយគេក៏ពុំបានអរព្រះគុណព្រះអង្គទៀតផង។ ផ្ទុយទៅវិញ គេបានវង្វេងទៅតាមការរិះគិតរបស់ខ្លួន ហើយចិត្តល្ងីល្ងើរបស់គេក៏បែរទៅជាងងឹតសូន្យសុងដែរ។ គេអួតអាងថាខ្លួនមានប្រាជ្ញា តែបែរជាលេលាទៅវិញ។ គេមិនបានលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ដែលគង់នៅអស់កល្បជានិច្ចទេ គឺបែរជាយករូបសំណាកដូចជារូបតំណាងមនុស្សដែលតែងតែស្លាប់ យករូបតំណាងសត្វស្លាប សត្វជើងបួន និងសត្វលូនវារ មកគោរពថ្វាយបង្គំជំនួសវិញ។ ហេតុនេះហើយបានជាព្រះជាម្ចាស់បណ្ដោយឲ្យពួកគេប្រព្រឹត្តអំពើសៅហ្មង តាមទំនើងចិត្តលោភលន់របស់គេ រហូតដល់ទៅបន្ថោករូបកាយរបស់ខ្លួនឯងផ្ទាល់ទៀតផង។ ពួកគេនិយមព្រះក្លែងក្លាយជាជាងព្រះដ៏ពិតប្រាកដ ហើយនាំគ្នាថ្វាយបង្គំ និងគោរពបម្រើអ្វីៗដែលព្រះជាម្ចាស់បង្កើត មកជំនួសគោរពបម្រើព្រះដែលបានបង្កើតអ្វីៗទាំងអស់នោះវិញ។ សូមលើកតម្កើងព្រះអង្គអស់កល្បជានិច្ច! អាម៉ែន!។
អាន រ៉ូម 1
ស្ដាប់នូវ រ៉ូម 1
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: រ៉ូម 1:18-25
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ