រ៉ូម 1:1-17

រ៉ូម 1:1-17 គខប

ខ្ញុំ ប៉ូល ជា​អ្នក​បម្រើ​ ​របស់​ព្រះគ្រិស្ត‌យេស៊ូ ព្រះ‌ជា‌ម្ចាស់*​បាន​ត្រាស់​ហៅ​ខ្ញុំ​ឲ្យ​ធ្វើ​ជា​សាវ័ក* និង​ជ្រើស​រើស​ខ្ញុំ​ឲ្យ​ប្រកាស​ដំណឹង‌ល្អ​របស់​ព្រះអង្គ។ ដំណឹង‌ល្អ​នេះ ព្រះ‌ជា‌ម្ចាស់​បាន​សន្យា​ទុក​ជា​មុន​ក្នុង​ព្រះ‌គម្ពីរ តាម​រយៈ​ពួក​ព្យាការី*​របស់​ព្រះអង្គ ស្ដី​អំពី​ព្រះ‌បុត្រា​របស់​ព្រះអង្គ។ បើ​គិត​តាម​មនុស្ស ព្រះ‌បុត្រា​ប្រសូត​មក​ក្នុង​ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ តែ​បើ​គិត​តាម​ព្រះ‌វិញ្ញាណ ដែល​ផ្ដល់​ឲ្យ​មនុស្ស​បាន​វិសុទ្ធ*​វិញ​ ព្រះ‌ជា‌ម្ចាស់​បាន​តែង‌តាំង​ព្រះអង្គ ជា​ព្រះ‌បុត្រា​ប្រកប​ដោយ​ឫទ្ធា‌នុភាព ដោយ​ប្រោស​ព្រះអង្គ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ។ តាម​រយៈ​ព្រះ‌បុត្រា គឺ​ព្រះ‌អម្ចាស់​យេស៊ូ​គ្រិស្ត យើង​ខ្ញុំ​បាន​ទទួល​ព្រះ‌គុណ និង​មុខងារ​ជា​សាវ័ក ដើម្បី​នាំ​ជាតិ​សាសន៍​ទាំង​អស់​ប្រតិបត្តិ​តាម​ជំនឿ សម្រាប់​លើក​តម្កើង​ព្រះ‌នាម​ព្រះអង្គ។ បងប្អូន​ដែល​ព្រះ‌យេស៊ូ​គ្រិស្ត​បាន​ត្រាស់​ហៅ ក៏​នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​នោះ​ដែរ។ សូម​ជម្រាប​មក​បងប្អូន​ទាំង​អស់​នៅ​ក្រុង​រ៉ូម ជា​អ្នក​ដែល​ព្រះ‌ជា‌ម្ចាស់​ស្រឡាញ់ និង​ត្រាស់​ហៅ​ឲ្យ​ធ្វើ​ជា​ប្រជា‌ជន​ដ៏វិសុទ្ធ។ សូម​ព្រះ‌ជា‌ម្ចាស់​ជា​ព្រះ‌បិតា​របស់​យើង និង​ព្រះ‌យេស៊ូ​គ្រិស្ត​ជា‌អម្ចាស់ ប្រទាន​ព្រះ‌គុណ និង​សេចក្ដី​សុខ‌សាន្ត​ដល់​បងប្អូន!។ ជា​បឋម ខ្ញុំ​សូម​អរ​ព្រះ‌គុណ​ព្រះ‌ជា‌ម្ចាស់​របស់​ខ្ញុំ តាម​រយៈ​ព្រះ‌យេស៊ូ‌គ្រិស្ត* ព្រោះ​តែ​បងប្អូន​ទាំង​អស់​គ្នា ដ្បិត​គេ​តំណាល​អំពី​ជំនឿ​របស់​បងប្អូន​ក្នុង​សកល​លោក​ទាំង​មូល។ ព្រះ‌ជា‌ម្ចាស់​ដែល​ខ្ញុំ​គោរព​បម្រើ​យ៉ាង​ស្មោះ​ដោយ​ប្រកាស​ដំណឹង‌ល្អ*​អំពី​ព្រះ‌បុត្រា​របស់​ព្រះអង្គ ព្រះអង្គ​ធ្វើ​ជា​សាក្សី​ស្រាប់​ហើយ​ថា ខ្ញុំ​តែងតែ​នឹក​គិត​ដល់​បងប្អូន​ជានិច្ច គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន* សូម​ព្រះអង្គ​ប្រទាន​ឲ្យ​ខ្ញុំ​មាន​ឱកាស​មក​សួរ​សុខ​ទុក្ខ​បងប្អូន បើ​ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ។ ខ្ញុំ​មាន​បំណង​ចង់​ជួប​មុខ​បងប្អូន​យ៉ាង​ខ្លាំង ដើម្បី​ចែក​ព្រះ‌អំណោយ​ទាន​ណា​មួយ​របស់​ព្រះ‌វិញ្ញាណ​ជូន​បងប្អូន ឲ្យ​បងប្អូន​បាន​មាំ‌មួន​ឡើង គឺ​ថា ពេល​យើង​នៅ​ជា​មួយ​គ្នា យើង​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ជំនឿ​ដែល​យើង​មាន​រួម​គ្នា ទាំង​បងប្អូន​ទាំង​ខ្ញុំ។ បងប្អូន​អើយ ខ្ញុំ​ចង់​ឲ្យ​បងប្អូន​បាន​ជ្រាប​យ៉ាង​ច្បាស់​ថា ខ្ញុំ​មាន​គម្រោង‌ការ​ចង់​មក​ជួប​បងប្អូន​ច្រើន​លើក​ច្រើន​សា​ហើយ ដើម្បី​ទទួល​ផល​ខ្លះ​ក្នុង​ចំណោម​បងប្អូន ដូច​ខ្ញុំ​ធ្លាប់​បាន​ទទួល​ក្នុង​ចំណោម​សាសន៍​ឯ​ទៀតៗ​ដែរ ក៏​ប៉ុន្តែ មក​ទល់​ពេល​នេះ ខ្ញុំ​ចេះ​តែ​ខក​ខាន​មិន​បាន​មក។ ខ្ញុំ​ត្រូវ​តែ​បំពេញ​កិច្ចការ​ក្នុង​ចំណោម​សាសន៍​ក្រិក​ និង​ក្នុង​ចំណោម​សាសន៍​ដទៃ​ទៀត ក្នុង​ចំណោម​អ្នក​ប្រាជ្ញ និង​ក្នុង​ចំណោម​អ្នក​ល្ងង់។ ដូច្នេះ ខ្ញុំ​ក៏​មាន​បំណង​នាំ​ដំណឹង‌ល្អ​មក​ជូន​បងប្អូន​នៅ​ក្រុង​រ៉ូម​នេះ​ដែរ ដ្បិត​ខ្ញុំ​មិន​ខ្មាស​នឹង​ប្រកាស​ដំណឹង‌ល្អ​ទេ ព្រោះ​ដំណឹង‌ល្អ​នេះ​ជា​ឫទ្ធា‌នុភាព​របស់​ព្រះ‌ជា‌ម្ចាស់ សម្រាប់​សង្គ្រោះ​អស់​អ្នក​ដែល​ជឿ គឺ​មុន​ដំបូង​សាសន៍​យូដា បន្ទាប់​មក សាសន៍​ក្រិក។ ដំណឹង‌ល្អ​នេះ​សម្តែង​ឲ្យ​ដឹង​ថា ព្រះ‌ជា‌ម្ចាស់​ប្រោស​ប្រទាន​ឲ្យ​មនុស្ស​បាន​សុចរិត ដោយ‌សារ​ជំនឿ និង​ឲ្យ​គេ​កាន់​តាម​ជំនឿ​ ដូច​មាន​ចែង​ទុក​មក​ថា: «មនុស្ស​សុចរិត​មាន​ជីវិត​រស់ ដោយ‌សារ​ជំនឿ» ​ ។