«ចូរសរសេរទៅកាន់ទេវតា*របស់ក្រុមជំនុំនៅក្រុងសើដេសដូចតទៅនេះ៖ ព្រះអង្គដែលមានព្រះវិញ្ញាណទាំងប្រាំពីររបស់ព្រះជាម្ចាស់ និងមានផ្កាយទាំងប្រាំពីរ ទ្រង់មានព្រះបន្ទូលថា: “យើងស្គាល់កិច្ចការដែលអ្នកប្រព្រឹត្តនោះហើយ អ្នកមានឈ្មោះល្បីថារស់ តែតាមពិត អ្នកស្លាប់ទេតើ!។ ចូរភ្ញាក់ស្មារតី! ចូរពង្រឹងអ្វីៗ ដែលនៅសល់ ហើយហៀបនឹងស្លាប់នោះឲ្យមាំមួនឡើង ដ្បិតយើងឃើញថា អំពើដែលអ្នកបានប្រព្រឹត្តមិនគ្រប់លក្ខណៈនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់របស់យើងទេ។ ដូច្នេះ ចូរនឹកគិតអំពីរបៀបដែលអ្នកបានទទួល និងបានឮព្រះបន្ទូល ហើយប្រតិបត្តិតាម រួចកែប្រែចិត្តគំនិតទៅ។ ប្រសិនបើអ្នកមិនភ្ញាក់ស្មារតីទេ យើងនឹងមកដូចចោរចូលលួច គឺអ្នកពុំដឹងថា យើងនឹងមកដល់ថ្មើរណាឡើយ។ ក៏ប៉ុន្តែ នៅក្រុងសើដេសនេះ មានអ្នកខ្លះក្នុងចំណោមអ្នកពុំបានធ្វើឲ្យសម្លៀកបំពាក់ខ្លួនប្រឡាក់ទេ គឺគេនឹងដើរជាមួយយើង ដោយមានសម្លៀកបំពាក់ពណ៌ស ព្រោះគេសមនឹងស្លៀកពាក់បែបនេះ។ ហេតុនេះ អ្នកណាមានជ័យជម្នះ អ្នកនោះនឹងមានសម្លៀកបំពាក់ពណ៌ស យើងនឹងមិនលុបឈ្មោះគេចេញពីក្រាំងជីវិតឡើយ ហើយយើងនឹងទទួលស្គាល់ឈ្មោះអ្នកនោះ នៅចំពោះព្រះភ័ក្ត្រព្រះបិតារបស់យើង និងនៅចំពោះមុខពួកទេវតារបស់ព្រះអង្គ។ ចូរផ្ទៀងត្រចៀកស្ដាប់សេចក្ដី ដែលព្រះវិញ្ញាណមានព្រះបន្ទូលមកកាន់ក្រុមជំនុំទាំងនេះឲ្យមែនទែន!”»។ «ចូរសរសេរទៅកាន់ទេវតារបស់ក្រុមជំនុំ*នៅក្រុងភីឡាដិលភាដូចតទៅនេះ៖ ព្រះដ៏វិសុទ្ធ ព្រះដ៏ពិតប្រាកដ ព្រះអង្គដែលកាន់កូនសោរបស់ស្ដេចដាវីឌ បើព្រះអង្គបើក គ្មាននរណាបិទបាន បើព្រះអង្គបិទ គ្មាននរណាបើកបាន ទ្រង់មានព្រះបន្ទូលថា: “យើងស្គាល់កិច្ចការដែលអ្នកប្រព្រឹត្តនោះហើយ មើល៍! យើងបានបើកទ្វារចំហនៅមុខអ្នកហើយ គ្មាននរណាអាចបិទទេ។ អ្នកមានអំណាចតិចមែន តែអ្នកបានប្រតិបត្តិតាមពាក្យយើង ហើយមិនបានបដិសេធថា មិនស្គាល់ឈ្មោះយើងផង។ យើងនឹងប្រគល់អ្នកខ្លះពីសាលាប្រជុំរបស់មារ*សាតាំងមកឲ្យអ្នក។ ពួកគេថាខ្លួនជាសាសន៍យូដា តាមពិត គេមិនមែនជាសាសន៍យូដាទេ គឺគេនិយាយកុហក។ យើងនឹងឲ្យអ្នកទាំងនោះមកក្រាបនៅទៀបជើងអ្នក ព្រមទាំងទទួលស្គាល់ថា យើងពិតជាបានស្រឡាញ់អ្នកមែន។ ដោយអ្នកបានព្យាយាមប្រតិបត្តិតាមពាក្យយើង យើងក៏រក្សាអ្នកឲ្យរួចផុតពីគ្រាលំបាកដែលនឹងកើតមានក្នុងពិភពលោកទាំងមូល ដើម្បីល្បងលមើលមនុស្សនៅលើផែនដីដែរ។ យើងនឹងមកដល់ក្នុងពេលឆាប់ៗ អ្វីៗដែលអ្នកមាន ចូរកាន់ឲ្យជាប់ ដើម្បីកុំឲ្យនរណាដណ្ដើមយកមកុដរបស់អ្នកបាន។ អ្នកណាមានជ័យជម្នះ យើងតាំងអ្នកនោះឲ្យធ្វើជាសសរមួយ នៅក្នុងព្រះវិហារ*នៃព្រះរបស់យើង ហើយគេនឹងមិនចាកចេញពីព្រះវិហារនេះទៀតឡើយ។ យើងនឹងចារឹកព្រះនាមនៃព្រះរបស់យើង និងឈ្មោះក្រុងនៃព្រះរបស់យើងលើអ្នកនោះ គឺក្រុងយេរូសាឡឹមថ្មីដែលចុះពីស្ថានបរមសុខ ចុះមកពីព្រះរបស់យើង។ យើងក៏នឹងចារឹកនាមថ្មីរបស់យើងលើអ្នកនោះដែរ។ ចូរផ្ទៀងត្រចៀកស្ដាប់សេចក្ដី ដែលព្រះវិញ្ញាណមានព្រះបន្ទូលមកកាន់ក្រុមជំនុំទាំងនេះឲ្យមែនទែន!”»។ «ចូរសរសេរទៅកាន់ទេវតារបស់ក្រុមជំនុំ*នៅក្រុងឡៅឌីសេ ដូចតទៅនេះ៖ ព្រះអាម៉ែន ជាបន្ទាល់ដ៏ស្មោះត្រង់ និងពិតប្រាកដ ហើយជាដើមកំណើតនៃអ្វីៗទាំងអស់ ដែលព្រះជាម្ចាស់បានបង្កើតមក ទ្រង់មានព្រះបន្ទូលថា: “យើងស្គាល់កិច្ចការដែលអ្នកប្រព្រឹត្តនោះហើយ គឺអ្នកត្រជាក់ក៏មិនត្រជាក់ ក្ដៅក៏មិនក្ដៅ។ ប្រសិនបើអ្នកពិតជាត្រជាក់ ឬពិតជាក្ដៅនោះប្រសើរជាង! ដោយអ្នកនៅឧណ្ហៗ ត្រជាក់ក៏មិនត្រជាក់ ក្ដៅក៏មិនក្ដៅដូច្នេះ យើងនឹងខ្ជាក់អ្នកចោលជាមិនខាន ព្រោះអ្នកពោលថា “ខ្ញុំជាអ្នកមាន ខ្ញុំមានស្ដុកស្ដម្ភហើយ ខ្ញុំមិនត្រូវការអ្វីទេ” អ្នកពុំដឹងថា ខ្លួនកំពុងតែវេទនារហេមរហាម ក្រតោកយ៉ាក ខ្វាក់ភ្នែក គ្មានសម្លៀកបំពាក់បិទបាំងកាយនោះឡើយ។ យើងសុំទូន្មានអ្នកឲ្យមករកទិញមាសពីយើង ជាមាសដែលសម្រាំងនៅក្នុងភ្លើង ដើម្បីឲ្យបានទៅជាអ្នកមាន ហើយទិញសម្លៀកបំពាក់ពណ៌សមកស្លៀកពាក់បិទបាំងកេរខ្មាសរបស់អ្នក កុំឲ្យនៅខ្លួនទទេដូច្នេះ។ ចូរមករកទិញថ្នាំដាក់ភ្នែកពីយើងផងដែរ ដើម្បីឲ្យអ្នកមើលឃើញច្បាស់។ យើងស្ដីបន្ទោស និងប្រដែប្រដៅអស់អ្នកដែលយើងស្រឡាញ់។ ដូច្នេះ ចូរមានចិត្តក្លាហាន ហើយកែប្រែចិត្តគំនិតឡើង!។ មើល៍ យើងឈរនៅមាត់ទ្វារ ទាំងគោះទ្វារទៀតផង ប្រសិនបើមានអ្នកណាម្នាក់ឮសំឡេងយើង ហើយបើកទ្វារឲ្យយើងនឹងចូលទៅក្នុងផ្ទះអ្នកនោះ យើងនឹងបរិភោគរួមជាមួយអ្នកនោះ ហើយអ្នកនោះក៏នឹងបរិភោគរួមជាមួយយើងដែរ។ អ្នកណាមានជ័យជម្នះ យើងនឹងឲ្យអង្គុយនៅលើបល្ល័ង្ករួមជាមួយយើង ដូចយើងមានជ័យជម្នះ ហើយអង្គុយនៅលើបល្ល័ង្ករួមជាមួយព្រះបិតារបស់យើងដែរ។ ចូរផ្ទៀងត្រចៀកស្ដាប់សេចក្ដី ដែលព្រះវិញ្ញាណមានព្រះបន្ទូលមកកាន់ក្រុមជំនុំទាំងនេះឲ្យមែនទែន!”»។
អាន វិវរណៈ 3
ស្ដាប់នូវ វិវរណៈ 3
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: វិវរណៈ 3:1-22
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ