វិវរណៈ 21:10-22

វិវរណៈ 21:10-22 គខប

ទេវតា​នោះ​បាន​លើក​វិញ្ញាណ​ខ្ញុំ​ឡើង​ទៅ​លើ​ភ្នំ​មួយ​យ៉ាង​ធំ​ខ្ពស់ រួច​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​ក្រុង​ដ៏វិសុទ្ធ ជា​ក្រុង​យេរូ‌សាឡឹម​ដែល​ចុះ​ពី​ស្ថាន​បរម‌សុខ* គឺ​ចុះ​មក​ពី​ព្រះ‌ជា‌ម្ចាស់។ ក្រុង​នេះ​ប្រកប​ដោយ​សិរី‌រុងរឿង​របស់​ព្រះ‌ជា‌ម្ចាស់ ពន្លឺ​រស្មី​របស់​ក្រុង​ប្រៀប​បី​ដូច​ជា​ត្បូង​ដ៏​មាន​តម្លៃ​បំផុត គឺ​ដូច​ត្បូង​មណី‌ជោតិរស​ដែល​ភ្លឺ​ថ្លា​ដូច​កែវ‌ចរណៃ។ ក្រុង​នេះ​មាន​កំពែង​មួយ​យ៉ាង​ធំ​ខ្ពស់ ព្រម​ទាំង​មាន​ខ្លោង​ទ្វារ​ដប់‌ពីរ នៅ​លើ​ខ្លោង​ទ្វារ​មាន​ទេវតា​ដប់‌ពីរ​រូប និង​មាន​ចារឹក​ឈ្មោះ​កុល‌សម្ព័ន្ធ​ទាំង​ដប់‌ពីរ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ដែរ។ នៅ​ទិស​ខាង​កើត​មាន​ខ្លោង​ទ្វារ​បី ទិស​ខាង​ជើង​មាន​ខ្លោង​ទ្វារ​បី ទិស​ខាង​ត្បូង​មាន​ខ្លោង​ទ្វារ​បី និង​ទិស​ខាង​លិច​មាន​ខ្លោង​ទ្វារ​បី។ កំពែង​របស់​ក្រុង​មាន​គ្រឹះ​ដប់‌ពីរ ហើយ​នៅ​លើ​គ្រឹះ​ទាំង​នោះ​មាន​ចារឹក​ឈ្មោះ​សាវ័ក*​ទាំង​ដប់‌ពីរ​របស់​កូន​ចៀម។ ទេវតា​ដែល​និយាយ​មក​ខ្ញុំ​នោះ កាន់​ត្រែង​មាស​មួយ​ដើម ធ្វើ​ជា​រង្វាស់​សម្រាប់​វាស់​ក្រុង ខ្លោង​ទ្វារ​ក្រុង និង​កំពែង​ក្រុង។ ក្រុង​នេះ​មាន​រាង​បួន​ជ្រុង​ស្មើ គឺ​មាន​ទទឹង និង​បណ្ដោយ​ស្មើ​គ្នា។ ទេវតា​បាន​យក​ដើម​ត្រែង​នោះ​មក​វាស់​ក្រុង ឃើញ​មាន​ប្រវែង​ដប់‌ពីរ​ពាន់​ស្ដាដ​ ។ បណ្ដោយ ទទឹង និង​កម្ពស់ មាន​ប្រវែង​ស្មើៗ​គ្នា។ ទេវតា​បាន​វាស់​កំពែង​ដែរ ឃើញ​មាន​កម្ពស់​មួយ​រយ​សែ‌សិប​បួន​ហត្ថ​ តាម​រង្វាស់​មនុស្ស​លោក ដូច​រង្វាស់​ទេវតា​ដែរ។ កំពែង​ក្រុង​ធ្វើ​ពី​ត្បូង​មណី‌ជោតិរស ហើយ​ទីក្រុង​ធ្វើ​ពី​មាស​សុទ្ធ ដែល​ភ្លឺ​ថ្លា​ដូច​កែវ​សុទ្ធ។ គ្រឹះ​របស់​កំពែង​ក្រុង​មាន​តុប‌តែង​ទៅ​ដោយ​ត្បូង​ដ៏​មាន​តម្លៃ​គ្រប់​យ៉ាង គ្រឹះ​ទី​មួយ​ធ្វើ​ពី​ត្បូង​មណី‌ជោតិរស គ្រឹះ​ទី​ពីរ​ធ្វើ​ពី​ត្បូង​កណ្ដៀង គ្រឹះ​ទី​បី​ធ្វើ​ពី​ត្បូង​មោរ៉ា គ្រឹះ​ទី​បួន​ធ្វើ​ពី​កែវ‌មរកត គ្រឹះ​ទី​ប្រាំ​ធ្វើ​ពី​ត្បូង​ដៃ‌រគៀម គ្រឹះ​ទី‌ប្រាំ​មួយ​ធ្វើ​ពី​ត្បូង​ទទឹម គ្រឹះ​ទី​ប្រាំ‌ពីរ​ធ្វើ​ពី​ត្បូង​ប៊ុត‌លឿង គ្រឹះ​ទី​ប្រាំ‌បី​ធ្វើ​ពី​ត្បូង​បេរីល គ្រឹះ​ទី​ប្រាំ‌បួន​ធ្វើ​ពី​ត្បូង​ថៃលឿង គ្រឹះ​ទី​ដប់​ធ្វើ​ពី​ត្បូង​កែវ‌យក់ គ្រឹះ​ទី​ដប់‌មួយ​ធ្វើ​ពី​ត្បូង​និល‌រ័ត្ន គ្រឹះ​ទី​ដប់‌ពីរ​ធ្វើ​ពី​ត្បូង​ជម្ពូ‌រ័ត្ន។ ទ្វារ​ទាំង​ដប់‌ពីរ​ធ្វើ​ពី​កែវ‌មុក្ដា​ដប់‌ពីរ គឺ​ទ្វារ​នីមួយៗ​ធ្វើ​ពី​កែវ‌មុក្ដា​តែ​មួយ​ដុំ។ លាន​របស់​ក្រុង​ធ្វើ​ពី​មាស​សុទ្ធ ភ្លឺ​ថ្លា​ដូច​កែវ។ ខ្ញុំ​ពុំ​ឃើញ​មាន​ព្រះ‌វិហារ*​នៅ​ក្នុង​ទីក្រុង​ទេ ដ្បិត​ព្រះ‌ជា‌អម្ចាស់​ដ៏​មាន​ព្រះ‌ចេស្ដា​លើ​អ្វីៗ​ទាំង​អស់ ព្រម​ទាំង​កូន​ចៀម​នេះ​ហើយ ដែល​ជា​ព្រះ‌វិហារ​របស់​ក្រុង​នោះ។