វិវរណៈ 21:10-22
វិវរណៈ 21:10-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ទេវតាក៏នាំយកវិញ្ញាណខ្ញុំ ទៅលើភ្នំធំមួយ ហើយខ្ពស់ រួចបង្ហាញឲ្យខ្ញុំឃើញទីក្រុងបរិសុទ្ធ ជាក្រុងយេរូសាឡិមដែលកំពុងតែចុះពីស្ថានសួគ៌ មកពីព្រះ ទាំងមានសិរីល្អរបស់ព្រះ ហើយពន្លឺរស្មីរបស់ក្រុងនោះ ដូចជាត្បូងដ៏មានតម្លៃបំផុត គឺដូចជាត្បូងពេជ្រ ហើយថ្លាដូចកែវចរណៃ។ ក្រុងនោះមានកំផែងធំខ្ពស់ មានទ្វារដប់ពីរ នៅលើទ្វារទាំងនោះមានទេវតាដប់ពីរ ហើយមានឆ្លាក់ឈ្មោះកុលសម្ព័ន្ធទាំងដប់ពីររបស់កូនចៅអ៊ីស្រាអែលដែរ។ នៅទិសខាងកើតមានទ្វារបី ទិសខាងជើងមានទ្វារបី ទិសខាងត្បូងមានទ្វារបី ហើយទិសខាងលិចមានទ្វារបី។ កំផែងក្រុងមានគ្រឹះដប់ពីរ ហើយនៅលើគ្រឹះនោះ មានឈ្មោះសាវកទាំងដប់ពីររបស់កូនចៀម។ ទេវតាដែលនិយាយមកខ្ញុំនោះ មានកាន់ដំបងមាសមួយជារង្វាស់ សម្រាប់វាស់ទីក្រុង ទ្វារក្រុង និងកំផែងក្រុង។ ទីក្រុងនោះមានរាងបួនជ្រុង បណ្តោយ និងទទឹងស្មើគ្នា ទេវតានោះបានយកដំបងរបស់លោកវាស់ទីក្រុង ឃើញមានប្រវែងដប់ពីរពាន់ស្តាដ គឺបណ្តោយ ទទឹង និងកម្ពស់ មានប្រវែងស្មើគ្នាទាំងអស់។ ទេវតាក៏បានវាស់កំផែងក្រុង ឃើញមានប្រវែងមួយរយសែសិបបួនហត្ថ តាមរង្វាស់មនុស្ស ដែលទេវតាប្រើ។ កំផែងក្រុងសង់ពីត្បូងពេជ្រ ហើយទីក្រុងសង់ពីមាសសុទ្ធ ភ្លឺថ្លាដូចជាកែវ។ គ្រឹះកំផែងក្រុងតុបតែងដោយត្បូងដ៏មានតម្លៃគ្រប់យ៉ាង ទីមួយជាត្បូងពេជ្រ ទីពីរត្បូងកណ្តៀង ទីបីត្បូងមោរ៉ា ទីបួនត្បូងមរកត ទីប្រាំត្បូងសាមស៊ី ទីប្រាំមួយត្បូងពិទាយ ទីប្រាំពីរត្បូងប៊ុតលឿង ទីប្រាំបីត្បូងបេរីល ទីប្រាំបួនត្បូងទោប៉ាត់ ទីដប់ត្បូងយក់ ទីដប់មួយត្បូងនិល ទីដប់ពីរត្បូងត្របែក។ ទ្វារក្រុងទាំងដប់ពីរ ជាកែវមុក្តាដប់ពីរ គឺទ្វារនីមួយៗធ្វើពីកែវមុក្តាមួយដុំ ហើយផ្លូវរបស់ក្រុងនោះ ជាមាសសុទ្ធ ថ្លាដូចកែវ។ ខ្ញុំមិនឃើញមានព្រះវិហារនៅក្នុងក្រុងនោះទេ ដ្បិតព្រះអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាបំផុត និងកូនចៀម ជាព្រះវិហាររបស់ក្រុងនោះ។
វិវរណៈ 21:10-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ទេវតានោះបានលើកវិញ្ញាណខ្ញុំឡើងទៅលើភ្នំមួយយ៉ាងធំខ្ពស់ រួចបង្ហាញឲ្យខ្ញុំឃើញក្រុងដ៏វិសុទ្ធ ជាក្រុងយេរូសាឡឹមដែលចុះពីស្ថានបរមសុខ* គឺចុះមកពីព្រះជាម្ចាស់។ ក្រុងនេះប្រកបដោយសិរីរុងរឿងរបស់ព្រះជាម្ចាស់ ពន្លឺរស្មីរបស់ក្រុងប្រៀបបីដូចជាត្បូងដ៏មានតម្លៃបំផុត គឺដូចត្បូងមណីជោតិរសដែលភ្លឺថ្លាដូចកែវចរណៃ។ ក្រុងនេះមានកំពែងមួយយ៉ាងធំខ្ពស់ ព្រមទាំងមានខ្លោងទ្វារដប់ពីរ នៅលើខ្លោងទ្វារមានទេវតាដប់ពីររូប និងមានចារឹកឈ្មោះកុលសម្ព័ន្ធទាំងដប់ពីររបស់ជនជាតិអ៊ីស្រាអែលដែរ។ នៅទិសខាងកើតមានខ្លោងទ្វារបី ទិសខាងជើងមានខ្លោងទ្វារបី ទិសខាងត្បូងមានខ្លោងទ្វារបី និងទិសខាងលិចមានខ្លោងទ្វារបី។ កំពែងរបស់ក្រុងមានគ្រឹះដប់ពីរ ហើយនៅលើគ្រឹះទាំងនោះមានចារឹកឈ្មោះសាវ័ក*ទាំងដប់ពីររបស់កូនចៀម។ ទេវតាដែលនិយាយមកខ្ញុំនោះ កាន់ត្រែងមាសមួយដើម ធ្វើជារង្វាស់សម្រាប់វាស់ក្រុង ខ្លោងទ្វារក្រុង និងកំពែងក្រុង។ ក្រុងនេះមានរាងបួនជ្រុងស្មើ គឺមានទទឹង និងបណ្ដោយស្មើគ្នា។ ទេវតាបានយកដើមត្រែងនោះមកវាស់ក្រុង ឃើញមានប្រវែងដប់ពីរពាន់ស្ដាដ ។ បណ្ដោយ ទទឹង និងកម្ពស់ មានប្រវែងស្មើៗគ្នា។ ទេវតាបានវាស់កំពែងដែរ ឃើញមានកម្ពស់មួយរយសែសិបបួនហត្ថ តាមរង្វាស់មនុស្សលោក ដូចរង្វាស់ទេវតាដែរ។ កំពែងក្រុងធ្វើពីត្បូងមណីជោតិរស ហើយទីក្រុងធ្វើពីមាសសុទ្ធ ដែលភ្លឺថ្លាដូចកែវសុទ្ធ។ គ្រឹះរបស់កំពែងក្រុងមានតុបតែងទៅដោយត្បូងដ៏មានតម្លៃគ្រប់យ៉ាង គ្រឹះទីមួយធ្វើពីត្បូងមណីជោតិរស គ្រឹះទីពីរធ្វើពីត្បូងកណ្ដៀង គ្រឹះទីបីធ្វើពីត្បូងមោរ៉ា គ្រឹះទីបួនធ្វើពីកែវមរកត គ្រឹះទីប្រាំធ្វើពីត្បូងដៃរគៀម គ្រឹះទីប្រាំមួយធ្វើពីត្បូងទទឹម គ្រឹះទីប្រាំពីរធ្វើពីត្បូងប៊ុតលឿង គ្រឹះទីប្រាំបីធ្វើពីត្បូងបេរីល គ្រឹះទីប្រាំបួនធ្វើពីត្បូងថៃលឿង គ្រឹះទីដប់ធ្វើពីត្បូងកែវយក់ គ្រឹះទីដប់មួយធ្វើពីត្បូងនិលរ័ត្ន គ្រឹះទីដប់ពីរធ្វើពីត្បូងជម្ពូរ័ត្ន។ ទ្វារទាំងដប់ពីរធ្វើពីកែវមុក្ដាដប់ពីរ គឺទ្វារនីមួយៗធ្វើពីកែវមុក្ដាតែមួយដុំ។ លានរបស់ក្រុងធ្វើពីមាសសុទ្ធ ភ្លឺថ្លាដូចកែវ។ ខ្ញុំពុំឃើញមានព្រះវិហារ*នៅក្នុងទីក្រុងទេ ដ្បិតព្រះជាអម្ចាស់ដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់ ព្រមទាំងកូនចៀមនេះហើយ ដែលជាព្រះវិហាររបស់ក្រុងនោះ។
វិវរណៈ 21:10-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះទេវតាក៏នាំយកវិញ្ញាណខ្ញុំ ទៅលើភ្នំធំហើយខ្ពស់ បង្ហាញឲ្យខ្ញុំឃើញទីក្រុងបរិសុទ្ធ គឺជាក្រុងយេរូសាឡិម ដែលកំពុងតែចុះពីស្ថានសួគ៌ មកអំពីព្រះ ទាំងមានសិរីល្អនៃព្រះ ហើយពន្លឺរស្មីរបស់ទីក្រុងនោះ ក៏ដូចជាត្បូងមានដំឡៃថ្លៃវិសេស គឺដូចជាត្បូងមណីជោតិ ហើយថ្លាដូចជាកែវចរណៃ ក្រុងនោះមានកំផែងធំ ហើយខ្ពស់ មានទ្វារ១២ ឯត្រង់ទ្វារទាំងនោះមានទេវតា១២ ហើយមានឈ្មោះឆ្លាក់ទុក ដែលជាឈ្មោះរបស់ពូជអំបូរជនជាតិអ៊ីស្រាអែលទាំង១២ នៅទិសខាងកើតមានទ្វារ៣ ខាងជើងមានទ្វារ៣ ខាងត្បូងមានទ្វារ៣ ហើយខាងលិចមានទ្វារ៣ដែរ កំផែងនៃទីក្រុងក៏មានជើង១២ ដែលមានឆ្លាក់ឈ្មោះជាឈ្មោះពួកសាវករបស់កូនចៀមទាំង១២នាក់។ ឯទេវតា ដែលនិយាយមកខ្ញុំ នោះក៏មានកាន់រង្វាស់មាស ដើម្បីនឹងវាស់ទីក្រុង នឹងទ្វារ ហើយកំផែងក្រុងដែរ ទីក្រុងនោះមានរាង៤ជ្រុង បណ្តោយនឹងទទឹងស្មើគ្នា ទេវតាក៏យករង្វាស់ទៅវាស់ទីក្រុង ឃើញមាន១២ពាន់ស្តាដ ឯបណ្តោយ ទទឹង ហើយកំពស់ក៏ស្មើគ្នាទាំងអស់ ក៏វាស់កំផែងឃើញ១៤៤ហត្ថ តាមរង្វាស់មនុស្សជាតិដែលទេវតាប្រើ កំផែងនោះបានធ្វើពីត្បូងមណីជោតិ ហើយទីក្រុងក៏ធ្វើពីមាសសុទ្ធ ដូចជាកែវថ្លាល្អ ជើងកំផែងបានតាក់តែង ដោយត្បូងមានដំឡៃគ្រប់យ៉ាង ជើងទី១មានត្បូងមណីជោតិ ទី២មានត្បូងកណ្តៀង ទី៣មានត្បូងមោរ៉ា ទី៤មានត្បូងមរកត ទី៥មានត្បូងសាមស៊ី ទី៦មានត្បូងពិទាយ ទី៧មានត្បូងប៊ុតលឿង ទី៨មានត្បូងបេរីល ទី៩មានត្បូងទោប៉ាត់ ទី១០មានត្បូងយក់ ទី១១មានត្បូងនិល ទី១២មានត្បូងត្របែក ទ្វារទាំង១២ជាកែវមុក្តា១២ គឺទ្វារ១ធ្វើពីកែវមុក្តា១ ហើយផ្លូវក្រុងក៏ធ្វើពីមាសសុទ្ធ ថ្លាដូចជាកែវ។ ខ្ញុំមិនឃើញមានព្រះវិហារណា នៅក្នុងក្រុងនោះទេ ដ្បិតព្រះអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាបំផុត ព្រមទាំងកូនចៀមដែរ ទ្រង់ជាព្រះវិហារនៃទីក្រុងនោះ