គេនាំគ្នាក្រាបថ្វាយបង្គំនាគ ព្រោះនាគបានប្រគល់អំណាចឲ្យសត្វនោះ ហើយគេក៏ក្រាបថ្វាយបង្គំសត្វនោះដែរ ទាំងពោលថា៖ «តើនរណាអាចប្រៀបផ្ទឹមនឹងសត្វនេះបាន? តើនរណាអាចច្បាំងតទល់នឹងសត្វនេះបាន?»។ សត្វនោះបានទទួលសិទ្ធិពោលពាក្យព្រហើនៗ ព្រមទាំងប្រមាថព្រះជាម្ចាស់ទៀតផង។ វាបានទទួលអំណាចបញ្ចេញសកម្មភាព ក្នុងអំឡុងពេលសែសិបពីរខែ។ វាបានហាមាត់ប្រមាថព្រះជាម្ចាស់ គឺវាប្រមាថព្រះនាមរបស់ព្រះអង្គ ប្រមាថព្រះពន្លា*របស់ព្រះអង្គ និងប្រមាថអស់អ្នកដែលរស់នៅក្នុងស្ថានបរមសុខ*។ វាបានទទួលសិទ្ធិធ្វើសឹកសង្គ្រាមជាមួយប្រជាជនដ៏វិសុទ្ធ* ព្រមទាំងមានជ័យជម្នះលើពួកគេទៀតផង ។ វាបានទទួលអំណាចត្រួតត្រាលើកុលសម្ព័ន្ធ*ទាំងអស់ ប្រជារាស្ត្រទាំងអស់ ភាសាទាំងអស់ និងជាតិសាសន៍ទាំងអស់ ហើយមនុស្សម្នានៅលើផែនដីនឹងនាំគ្នាក្រាបថ្វាយបង្គំវា។ អ្នកទាំងនោះគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតរបស់កូនចៀម ដែលគេបានសម្លាប់ ជាបញ្ជីដែលមានតាំងពីដើមកំណើតពិភពលោកនោះឡើយ។ ចូរផ្ទៀងត្រចៀកស្ដាប់ឲ្យមែនទែន!។ បើអ្នកណាត្រូវជាប់ជាឈ្លើយ អ្នកនោះមុខតែជាប់ជាឈ្លើយ អ្នកណាត្រូវស្លាប់នឹងមុខដាវ អ្នកនោះមុខតែស្លាប់នឹងមុខដាវមិនខាន។ ដូច្នេះ ប្រជាជនដ៏វិសុទ្ធ*ត្រូវមានចិត្តព្យាយាម និងមានជំនឿ។ បន្ទាប់មក ខ្ញុំឃើញសត្វតិរច្ឆានមួយទៀតផុសចេញពីដី មានស្នែងពីរដូចស្នែងកូនចៀម ហើយមានសំឡេងដូចនាគ។ សត្វនោះបានយកអំណាចទាំងអស់របស់សត្វទីមួយមកប្រើ នៅចំពោះមុខសត្វទីមួយទាំងនាំផែនដី និងមនុស្សដែលរស់នៅលើផែនដីឲ្យក្រាបថ្វាយបង្គំសត្វទីមួយ ដែលមានរបួសជិតស្លាប់ ហើយបានជាសះស្បើយវិញនោះផង។ សត្វនោះបានសម្តែងទីសម្គាល់ដ៏សម្បើមអស្ចារ្យ រហូតដល់ទៅធ្វើឲ្យមានភ្លើងធ្លាក់ចុះពីលើមេឃមកផែនដី ឲ្យមនុស្សលោកឃើញ។ វាបាននាំមនុស្សដែលរស់នៅលើផែនដីនេះឲ្យវង្វេង ដោយធ្វើទីសម្គាល់ផ្សេងៗនៅមុខសត្វទីមួយ តាមអំណាចដែលវាបានទទួល។ វាប្រាប់មនុស្សរស់នៅលើផែនដីឲ្យឆ្លាក់រូបសត្វ ដែលត្រូវរបួសនឹងមុខដាវ ហើយបានរួចជីវិតនោះ។ វាបានទទួលអំណាចធ្វើឲ្យរូបចម្លាក់សត្វនោះមានដង្ហើមឡើង ដើម្បីនិយាយស្ដីបាន និងប្រហារជីវិតអស់អ្នកដែលពុំព្រមក្រាបថ្វាយបង្គំរូបចម្លាក់សត្វនោះ វាបានបង្ខំមនុស្សទាំងអស់ ទាំងអ្នកតូច ទាំងអ្នកធំ ទាំងអ្នកមាន ទាំងអ្នកក្រ ទាំងអ្នកជា ទាំងអ្នកងារ ឲ្យទទួលសញ្ញាសម្គាល់មួយនៅលើដៃស្ដាំ ឬនៅលើថ្ងាស។ ប្រសិនបើគ្មានសញ្ញាសម្គាល់នេះ គ្មានឈ្មោះរបស់សត្វ ឬគ្មានលេខសម្គាល់ឈ្មោះរបស់សត្វនោះទេ គ្មាននរណាម្នាក់មានសិទ្ធិទិញ ឬលក់អ្វី សោះឡើយ។ ត្រង់ហ្នឹងហើយដែលត្រូវមានប្រាជ្ញារិះគិត!។ អ្នកណាឆ្លាត ចូរយកលេខសម្គាល់របស់សត្វនោះទៅគិតមើលទៅ ដ្បិតលេខនេះជាលេខរបស់មនុស្ស គឺប្រាំមួយរយហុកសិបប្រាំមួយ។
អាន វិវរណៈ 13
ស្ដាប់នូវ វិវរណៈ 13
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: វិវរណៈ 13:4-18
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ