ទំនុកតម្កើង 90:1-17

ទំនុកតម្កើង 90:1-17 គខប

ឱ​ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​ធ្លាប់​ធ្វើ​ជា​ជម្រក​របស់​យើង​ខ្ញុំ ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ។ មុន​ពេល​ភ្នំ​នានា​កកើត​ឡើង ហើយ​មុន​ពេល​ព្រះអង្គ​បង្កើត​ផែនដី និង​ពិភព​លោក​មក​នោះ ព្រះអង្គ​ជា​ព្រះ‌ជាម្ចាស់​តាំង​ពី​អស់‌កល្ប​រៀង​មក។ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​មនុស្ស​លោក វិល​ត្រឡប់​ទៅ​ជា​ធូលី​ដី​វិញ គឺ​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា «ពូជ‌ពង្ស​របស់​អដាំ​អើយ ចូរ​វិល​ទៅ​វិញ​ទៅ!» ចំពោះ​ព្រះអង្គ រយៈ​ពេល​មួយ​ពាន់​ឆ្នាំ ប្រៀប​បាន​ដូច​ថ្ងៃ​ម្សិល‌មិញ​ដែល​កន្លង​ផុត​ទៅ ឬ​ដូច​មួយ​យាម​ក្នុង​ពេល​យប់។ ព្រះអង្គ​បាន​ដក​ជីវិត​ចេញ​ពី​មនុស្ស​លោក គឺ​ជីវិត​របស់​គេ​ប្រៀប​បាន នឹង​ការ​លង់‌លក់​មួយ​ស្របក់​ប៉ុណ្ណោះ។ ជីវិត​របស់​គេ​ប្រៀប​បី​ដូច​ជា​ស្មៅ នៅ​ពេល​ព្រឹក វា​ដុះ​ចេញ​មក ហើយ​លូត​លាស់​ឡើង នៅ​ពេល​ល្ងាច វា​ស្រពោន ហើយ​ក្រៀម​ស្ងួត​អស់​ទៅ។ យើង​ខ្ញុំ​ត្រូវ​វិនាស ដោយ‌សារ​ព្រះ‌ពិរោធ​របស់​ព្រះអង្គ ហើយ​យើង​ខ្ញុំ​ញ័រ‌រន្ធត់ ដោយ‌សារ​ព្រះអង្គ​ខ្ញាល់​យ៉ាង​ខ្លាំង។ ព្រះអង្គ​យក​កំហុស​របស់​យើង​ខ្ញុំ មក​លាត​ត្រដាង​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ ហើយ​ពន្លឺ​របស់​ព្រះអង្គ ចាំង​ឲ្យ​ឃើញ​អំពើ​ទាំង​ប៉ុន្មាន ដែល​យើង​ខ្ញុំ​ប្រព្រឹត្ត​ដោយ​លាក់​កំបាំង។ ដោយ‌សារ​ព្រះអង្គ​ដាក់​ទោស​យើង​ខ្ញុំ ជីវិត​របស់​យើង​ខ្ញុំ​កាន់​តែ​ដុន‌ដាប​ទៅៗ ហើយ​អាយុ​ជីវិត​ត្រូវ​ចប់​ដូច​មួយ​ដង្ហើម។ អាយុ​ជីវិត​របស់​យើង​ខ្ញុំ​បាន​ត្រឹម​តែ​ចិត‌សិប​ឆ្នាំ ប៉ុណ្ណោះ អ្នក​មាំ‌មួន​ជាង​គេ​រស់​បាន​ប៉ែត‌សិប​ឆ្នាំ ប៉ុន្តែ ក្នុង​រយៈ​ពេល​ដែល​យើង​ខ្ញុំ​រស់​នោះ យើង​ខ្ញុំ​តែងតែ​ខ្វល់​ខ្វាយ និង​មាន​ទុក្ខ​លំបាក​ជា​ច្រើន អាយុ​ជីវិត​យើង​ខ្ញុំ​ឈាន​ទៅ​មុខ​យ៉ាង​លឿន បោះ‌ពួយ​ទៅ​រក​សេចក្ដី​ស្លាប់។ តើ​នរណា​អាច​ស្គាល់​កម្លាំង នៃ​ព្រះ‌ពិរោធ​របស់​ព្រះអង្គ​បាន? តើ​នរណា​អាច​ស្គាល់​ព្រះ‌ពិរោធ​នេះ ដើម្បី​គោរព​កោត​ខ្លាច ព្រះអង្គ​យ៉ាង​ត្រឹម​ត្រូវ​បាន? សូម​ណែ‌នាំ​យើង​ខ្ញុំ​ឲ្យ​ដឹង​ច្បាស់​ថា អាយុ​ជីវិត​យើង​ខ្ញុំ​កំណត់​ត្រឹម​ណា ដើម្បី​ឲ្យ​ចិត្ត​យើង​ខ្ញុំ​ចេះ​រិះគិត ប្រកប​ដោយ​ប្រាជ្ញា។ ព្រះ‌អម្ចាស់​អើយ សូម​យាង​មក​វិញ តើ​ព្រះអង្គ​នៅ​បង្អង់​ដល់​កាល​ណា​ទៀត សូម​អាណិត​មេត្តា​យើង​ខ្ញុំ ដែល​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ​ផង! សូម​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា ដ៏​លើស‌លុប​ចំពោះ​យើង​ខ្ញុំ​តាំង​ពី​ព្រលឹម នោះ​យើង​ខ្ញុំ​នឹង​មាន​អំណរ​សប្បាយ​រីក‌រាយ អស់​មួយ​ជីវិត។ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​កើត​ទុក្ខ អស់​រយៈ​ពេល​យ៉ាង​យូរ ហើយ​យើង​ខ្ញុំ​វេទនា​ជា​ច្រើន​ឆ្នាំ​យ៉ាង​ណា សូម​ប្រោស​ប្រទាន​ឲ្យ​យើង​ខ្ញុំ មាន​អំណរ​សប្បាយ​យ៉ាង​នោះ​ដែរ។ សូម​សម្តែង​ឲ្យ​យើង​ខ្ញុំ​បាន​ឃើញ ស្នា​ព្រះ‌ហស្ដ​របស់​ព្រះអង្គ ហើយ​សម្តែង​ឲ្យ​កូន​ចៅ​យើង​ខ្ញុំ បាន​ឃើញ​ភាព​ថ្កុំ‌ថ្កើង​របស់​ព្រះអង្គ​ផង។ ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយ សូម​សម្តែង​សេចក្ដី​ស្រឡាញ់​ចំពោះ​យើង​ខ្ញុំ​ផង សូម​ជួយ​ឲ្យ​កិច្ចការ​ដែល​យើង​ខ្ញុំ​ធ្វើ​បាន​ខ្ជាប់ខ្ជួន ពិត​មែន​ហើយ សូម​ជួយ​ឲ្យ​កិច្ចការ​របស់​យើង​ខ្ញុំ បាន​ខ្ជាប់ខ្ជួន​រហូត​ត​ទៅ។